ព័ត៌មាន

ឯកឧត្ដមបណ្ឌិត ហោ ប៉េង៖ ការជ្រើសរើសមុខជំនាញសិក្សាត្រូវពិចារណាទៅលើចរិតវិទ្យាសាស្ត្រ និងចរិតទីផ្សារ ដើម្បីក្លាយទៅជាធនធានប្រកបដោយថាមពលនិងសក្ដានុពល

2020-09-30 04:22:27 ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 11:22 AM
អ្នកមើល 8978
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើស​រើសមុខជំនាញសិក្សានៅឧត្ដមសិក្សានិងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ហោ ប៉េង សមាជិកបម្រុងនៃរាជ​បណ្ឌិត្យសភាកម្ពុជា បានផ្ដល់អនុសាសន៍ជូនដល់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូលយ៉ាងដូច្នេះថា «ការជ្រើសរើសមុខជំនាញសិក្សាត្រូវពិចារណាទៅលើចរិតវិទ្យាសាស្ត្រ និងចរិតទីផ្សារ ដើម្បីក្លាយទៅជាធនធានប្រកបដោយថាមពលនិងសក្ដានុពល»។

ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា ដើម្បីសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសជំនាញសិក្សានៅឧត្ដមសិក្សា គេត្រូវធ្វើការពិចារណាថា ជំនាញអ្វីដែលខ្លួនមានភាពខ្លាំងពូកែលើមុខវិជ្ជាឬជំនាញអ្វី កាលពីពេលដែលខ្លួនរៀននៅមធ្យមសិក្សាទុតិយភូមិ ហើយជំនាញអ្វីដែលត្រូវនឹងទេពកោសល្លនិងចំណេះដឹងដែលខ្លួនមាន។ ឯកឧត្ដមបណ្ឌិតបន្ត​ថា បន្ទាប់ពីស្វែងយល់និងពិនិត្យថាអាជីពណាមួយដែលខ្លួនប៉ងប្រាថ្នាហើយ គេត្រូវតែពិនិត្យមើលថាតើមានសាកល​វិទ្យាល័យណាមួយដែលត្រូវនឹងជំនាញដែលខ្លួនបានសម្រេចចិត្ត។ ចំណុចទាំងនេះ ត្រូវបានឯកឧត្ដមបណ្ឌិត​គូសបញ្ជាក់ថាជាការវិវត្តតាមបែបវិទ្យាសាស្ត្រ ឬដែលមានចរិតវិទ្យាសាស្ត្រ ហើយដែលចំណុចនឹងធ្វើឱ្យបុគ្គលនោះក្លាយខ្លួនទៅជាមនុស្សដ៏អស្ចារ្យនៅក្នុងសង្គម ដូចជាក្លាយខ្លួនទៅជាសហគ្រិនភាពដែលអាចជួយសង្គមបាន ជាអ្នកសេដ្ឋកិច្ចឆ្នើម អ្នករកស៊ីឆ្នើម ឬអ្នកវិទ្យាសាស្ត្រឆ្នើមជាដើម។

ចំណុចសំខាន់ទីពីរដែលឯកឧត្ដមបណ្ឌិតបានលើកឡើងគឺ ចរិតទីផ្សារ ដែលត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានបកស្រាយថា គេត្រូវពិនិត្យមើលទៅលើទីផ្សារថា តើមុខជំនាញណាដែលល្អនៅលើទីផ្សារ ហើយដែលមុខជំនាញនេះ គឺតែងតែទទួលអនុសាសន៍ពីឪពុកម្ដាយ បងប្អូនរបស់ខ្លួន ឬវាគ្មិនផ្សេងៗ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ផងដែរថា និស្សិត​របស់កម្ពុជាតែងតែរងឥទ្ធិពលសេដ្ឋកិច្ចពីឪពុកម្ដាយ ដោយឪពុកម្ដាយជាអ្នកចេញថ្លៃចំណាយលើការសិក្សារបស់ខ្លួន ហើយចង្អុលបង្ហាញថាឱ្យទៅរៀននៅទីនេះ ឬនៅទីនោះ ដែលពួកគេមើលដោយផ្ដោតលើទំហំសេដ្ឋកិច្ច ថារៀនចប់ធ្វើការបានលុយ បានមុខមាត់ខ្ពង់ខ្ពស់។

ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍ថា ការលើកឡើងខាងលើនេះ គឺជាជម្រើសមួយដែលយុវជន ត្រូវធ្វើការពិចារ ណា និងសម្រេចចិត្តដោយខ្លួនឯង ព្រោះប្រសិនបើគេធ្វើការសម្រេចចិត្តខុស នោះដំណើរឆ្ពោះទៅកាន់ភាពជោគជ័យរបស់គេ នឹងត្រូវផ្លាស់ប្ដូរទៅកាន់បរិបទមួយផ្សេងទៀត។ ជាអនុសាសន៍របស់ឯកឧត្ដមបណ្ឌិត ការសម្រេចចិត្តជ្រើស រើសមុខជំនាញដែលចេញពីទេពកោល្លរបស់បុគ្គល គឺជាការសម្រេចចិត្តចាប់យកជំនាញដែលមានមូលដ្ឋានគ្រឹះរឹងមាំជាង ហើយបន្ទាប់ពីបញ្ចប់ការសិក្សា តាមរយៈទេពកោសល្លរបស់ខ្លួន បុគ្គលនោះនឹងវិវត្តខ្លួនទៅជាបុគ្គលម្នាក់ដែលឆ្នើម អស្ចារ្យ និងរឹងមាំ។ ឯកឧត្ដមបណ្ឌិតបានបន្ថែមថា ការជ្រើសមុខជំនាញខុស យុវជនត្រូវផ្លាស់ប្ដូរចុះឡើង នឹងធ្វើឱ្យយុវជនខាតពេលវេលា ដែលទីបំផុតនឹងទៅវិលរកកន្លែងដើមវិញ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   ថ្ងៃចន្ទ, 30 វិច្ឆិកា 2020 ម៉ោង 10:28 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...

2020-11-29 09:43:24   ថ្ងៃអាទិត្យ, 29 វិច្ឆិកា 2020 ម៉ោង 04:43 PM
សមិទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់វិទ្យាស្ថានសិក្សាចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន បានអញ្ជើញធ្វើបទបង...

2020-11-27 04:17:19   ថ្ងៃសុក្រ, 27 វិច្ឆិកា 2020 ម៉ោង 11:17 AM
លទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និង...

2020-11-27 04:06:51   ថ្ងៃសុក្រ, 27 វិច្ឆិកា 2020 ម៉ោង 11:06 AM

សេចក្តីប្រកាស