Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជ បណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលខាងលើនេះ ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញដោយចាប់ផ្ដើមពីការចោទជាសំណួរថា «តើយើងនឹងត្រូវធ្វើអ្វីដើម្បីរយៈពេល៥ឆ្នាំក្រោយ យើងអាចក្លាយទៅជាអ្នកមានបាន? តើឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ តើនឹងមានអ្វីដែលអាចនាំយើងទៅរកចំណូលច្រើនបាន?»។ នេះជាសំណួរដែលឯកឧត្ដមបណ្ឌិតបានលើកឡើង ដើម្បី ទាញចំណាប់អារម្មណ៍អ្នកចូលរួមកិច្ចពិភាក្សាតុមូល ធ្វើការពិចារណាអំពីមុខជំនាញដែលខ្លួនត្រូវជ្រើសរើសដើម្បីភាពជោគជ័យនាពេលអនាគតខាងមុខ។
បន្ទាប់ពីចោទជាសំណួរទាំងពីរខាងលើនេះ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ជូនដល់អ្នកចូលរួមកិច្ចពិភាក្សាតុមូលនេះថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»។ ឯកឧត្ដមបណ្ឌិតបានបន្តថា នៅក្នុងករណីខ្លះ ជំនាញដែលអ្នកដទៃជាច្រើនចាត់ទុកថាជាការយល់ឃើញពុំសមហេតុផល និងពុំអាចបង្កលទ្ធភាពក្នុងការទាញយកប្រាក់ចំណូលនាពេលបច្ចុប្បន្នក្ដី ក៏ប៉ុន្តែវាពិតជាអាចនឹងជាប្រភពចំណូលខ្ពស់មួយក្នុងពេលអនាគតផងដែរដូចជា ការលក់ខ្យល់ ការប្រើប្រាស់បច្ចេកវិទ្យាសាមញ្ញៗ តែផ្ដល់លទ្ធផលខ្ពស់ក្នុងវិស័យកសិកម្ម ដែលវាពឹងអាស្រ័យទៅលើគំនិតច្នៃប្រឌិត ការខិតខំប្រឹងប្រែង និងនវានុវត្តន៍របស់បុគ្គលម្នាក់។ ថ្លែងមកដល់ចំណុចនេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា នៅថ្ងៃអនាគត សូម្បីតែអ្នកដាំចេកក៏អាចនឹងក្លាយទៅជាអ្នកមានដែរ ដោយឯកឧត្ដមបានបង្ហាញនូវជំនឿចិត្តថា «អនាគតកម្ពុជាអាចនឹងទទួលបានចំ ណូលពីការនាំចេញចេកទៅបរទេស ច្រើនជាងចំណូលដែលទទួលបានពីការនាំចេញអង្ករទៅទៀត»។
នាពេលអនាគតខាងមុខ យើងនឹងមើលឃើញនូវការផ្លាស់ប្ដូរជាច្រើនផ្សេងទៀតដែលយើងពុំធ្លាប់បានចួបពីមុនមក និងដែលជាចំណុចយើងត្រូវផ្ដោតការយកចិត្តទុកដាក់ និងសិក្សាស្រាវជ្រាវអំពីការវិវត្តថ្មីៗនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ នេះជាការបកស្រាយបន្ថែមរបស់ឯកឧត្ដមបណ្ឌិត ទៅលើគោលគំនិតរបស់ឯកឧត្ដមដែលថា «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ»៕
RAC Media| លឹម សុវណ្ណារិទ្ធ
ខេត្តព្រះវិហារ៖ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩ និស្សិតឆ្នាំទី៣ និងទី៤ ចំនួន១៧៤នាក់ រួមជាមួយនឹងសាស្ត្រាចារ្យ ចំនួន១០នាក់ នៃដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី បានចាប់អារម្មណ៍ទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្...
ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណ...
Pensonic Holdings Bhd គឺជាក្រុមហ៊ុនដែលផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុននេះមានគោលបំណងពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង ខេត្តសៀមរាប...
ភ្នំពេញ៖ នាវាចំនួន ២ គ្រឿងរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុនដែលមានឈ្មោះថា “សេតូយុគិ” និង“ស៊ីម៉ាយុគិ” ដឹកនាំដោយវរនាវីឯក យ៉ូស៊ីយូគី ណាកាហ្គាម៉ា មេបញ្ជាការកងពលធំហ្វឹកហ្វឺនលេខ១ នៃកងកម្លាំងស្វ័យការពារជើងទ...
ភ្នំពេញ៖ វត្តមានប្រជាជនចិននៅកម្ពុជា មានចាប់តាំងពីចុងសតវត្សរ៍ទី១៣ រហូតមកដល់បច្ចុប្បន្ន។ អន្ដោប្រវេសន៍ជនជាតិចិនដែលមកដល់កម្ពុជាដំបូងៗ ភាគច្រើនបំផុតជាបុរស ហើយពួកគេបានយកស្ត្រីខ្មែរធ្វើជា...