ព័ត៌មាន

តើកត្តាសង្រ្គាមបដិវត្តន៍ឬភូមិសាស្ត្រនយោបាយ ដែលបង្កឱ្យមានភាពតានតឹងរវាងចិន និងតៃវ៉ាន់? ដោយ៖ លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

2020-10-16 10:00:27 ថ្ងៃសុក្រ, 16 តុលា 2020 ម៉ោង 05:00 PM
អ្នកមើល 10378
post_detail

ភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់ គឺជាបញ្ហាមួយដែលបានអូសបន្លាយតាំងតែពីជាង ៧០ឆ្នាំមុន។ វាគឺជាសង្គ្រាមបដិវត្តន៍រវាងបក្សកុម្មុយនិស្តចិនដែលដឹកនាំដោយលោក ម៉ៅ សេទុង និង សាធារណរដ្ឋចិន ដែលដឹកនាំដោយលោក ចាង កៃចៀក តាំងពីមុនឆ្នាំ១៩៤៩ គឺមុនការបរាជ័យរបស់ក្រុមដែលបានរត់គេចខ្លួនទៅបោះទីតាំងនៅកោះ តៃវ៉ាន់។

កោះតៃវ៉ាន់ គឺជាកោះមួយដែលស្ថិតនៅជិតបំផុតទៅនឹងដែនដីគោករបស់ចិន គ្រាន់តែខណ្ឌចែកដោយច្រកសមុទ្រ ដែលមានចម្ងាយត្រឹមតែប្រមាណជា ១៣០គីឡូម៉ែត្រពីគ្នាប៉ុណ្ណោះ។ តៃវ៉ាន់គឺជាកោះមួយ ដែលមានទីតាំងស្ថិតនៅ ភាគខាងត្បូងឆៀងខាងកើតនៃសាធារណរដ្ឋប្រជាមានិតចិន។ គិតត្រឹមឆ្នាំ២០២០ កោះមួយនេះមានប្រជាជនជាង ២៣ លាននាក់ និងមានរបបនយោបាយដឹកនាំប្រទេសច្បាស់លាស់ ហើយថែមទាំងប្រកាសថា ខ្លួនជាទឹកដីឯករាជ្យទៀតផង។

ទោះបីជាមកដល់បច្ចុប្បន្ននេះ តៃវ៉ាន់ត្រូវបានគណបក្សគូមីនតាំង ដែលជាគណបក្សកាន់អំណាច នៅកោះនេះអះ អាងថា វាជារដ្ឋស្របច្បាប់របស់ចិនទាំងមូលក៏ដោយ ក៏ដែនដីកោះដែលមានផ្ទៃក្រឡាត្រឹមតែជាង ៣៦ ពាន់គីឡូម៉ែតការ៉េនេះ គ្រាន់តែជាខេត្តមួយរបស់មហាយក្សចិនតែប៉ុណ្ណោះ នេះបើតាមរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋប្រជាមានិតចិន។

ជាទូទៅ គេសង្កេតឃើញថា ការផ្តាច់ទឹកដីទៅបង្កើតរដ្ឋឯករាជ្យ គឺតែងតែជាបញ្ហារសើបសម្រាប់គ្រប់ប្រទេសទាំងអស់ មិនថាចិនឬក៏ប្រទេសណាមួយផ្សេងទៀតនោះទេ។ ប៉ុន្តែ ក្នុងករណីតៃវ៉ាន់ជាដែនដីមួយ ដែលបានប្រកាសផ្តាច់ចេញ ពីចិនអស់រយៈពេលជាង ៧០ឆ្នាំមកហើយនោះ តែនៅមិនទាន់ទទួលបានឯកភាពពីចិននៅឡើយ ហើយក៏នឹងមិនអាចរបូតចេញពីដៃរបស់ចិនដែរ គឺដោយសារតែតៃវ៉ាន់មានសារៈសំខាន់បំផុត សម្រាប់ប្រទេសចិន ទាំងខាងចំណងប្រវត្តិសាស្រ្ត និងខាងផ្នែកភូមិសាស្រ្តនយោបាយបច្ចុប្បន្ន។

មួយរយៈកាលចុងក្រោយនេះ គេសង្កេតឃើញមានភាពតានតឹងជាងពេលមុនៗ បានកើនឡើងគួរឱ្យកត់សម្គាល់រវាង ចិននិងតៃវ៉ាន់ ដែលធ្វើឱ្យប្រទេសមួយចំនួននៅក្បែរខាង ក៏ដូចជានៅក្នុងតំបន់មានការព្រួយបារម្ភ ខ្លាចមានការរាល ដាលទៅជាការប្រឈមមុខដាក់គ្នាខាងយោធារវាងមហាអំណាចទាំងពីរ គឺប្រទេសចិនដែលជាអ្នកជំទាស់មិនឱ្យតៃវ៉ាន់ប្រកាសជារដ្ឋឯករាជ្យចេញពីខ្លួន និងសហរដ្ឋអាម៉េរិកដែលជាអ្នកនៅពីក្រោយខ្នងតៃវ៉ាន់តាំងពីយូរលង់ណាស់មកហើយ។

តើកត្តាសង្គ្រាមបដិវត្តន៍ដែលនៅមិនទាន់បានបញ្ចប់ឬកត្តាភូមិសាស្រ្តនយោបាយ ដែលជាមូលហេតុ នាំឱ្យប្រទេសចិននិងដែនដីតៃវ៉ាន់បន្ថែមកំដៅមិនចេះឈប់ឈរនេះ?

១. កត្តាសង្ក្រាមបដិវត្តន៍មិនទាន់បញ្ចប់

បើពិនិត្យមើលតាមបែបប្រវត្តិសាស្រ្ត តៃវ៉ាន់មិនត្រឹមតែធ្លាប់ជាដែនដីមួយរបស់ចិននោះទេ ក៏ប៉ុន្តែ រឹតតែសំខាន់ជាងនេះទៅទៀត តៃវ៉ាន់គឺជាអ្នកស្នងរបបសាធារណរដ្ឋចិនដែលធ្លាប់បានកាន់អំណាចនៅប្រទេសចិន ចាប់តាំងពីក្រោយបដិវត្តន៍ដើម្បីផ្តួលរំលំរបបរាជានិយមនៅឆ្នាំ១៩១១ ហើយក្រោយមក បានក្លាយជាគូសត្រូវដ៏ធំរបស់បក្សកុម្មុយនិស្ត ចិនដែលដឹកនាំដោយ លោក ម៉ៅ សេទុង នៅក្នុងអំឡុងសង្រ្គាមស៊ីវិល ឬសង្គ្រាមបដិវត្តន៍ ពីឆ្នាំ១៩២៧ ដល់ឆ្នាំ​១៩៤៩។

នៅឆ្នាំ១៩៤៩ បក្សកុម្មុយនិស្តចិនបានទទួលជោគជ័យលើកងទ័ពរបស់ ចាង កៃចៀក (Chiang Kai-Shek) និងបានឡើងកាន់អំណាចនៅប្រទេសចិន ចំណែករដ្ឋាភិបាលសាធារណរដ្ឋចិនរបស់ ចាង ខៃចៀក បានរត់គេចខ្លួនទៅបោះទីតាំង​នៅកោះតៃវ៉ាន់ ក៏ប៉ុន្តែ នៅតែបន្តប្រកាសតាំងខ្លួនថាជារដ្ឋាភិបាលស្របច្បាប់របស់ចិនដដែល។

ទោះបីជាបក្សកុម្មុយនិស្តចិន បានកាន់កាប់អំណាចក៏ពិតមែន ក៏ប៉ុន្តែសង្រ្គាមស៊ីវិលនៅតែមិនទាន់បញ្ចប់ ហើយនៅក្នុងឆាកអន្តរជាតិ ត្រូវមានចិនដល់ទៅពីរ គឺសាធារណរដ្ឋប្រជាមានិតចិន នៅចិនដីគោកដែលដឹកនាំដោយលោក ម៉ៅ សេទុង (Mao Tsé-Toung) និងសាធារណរដ្ឋចិននៅកោះតៃវ៉ាន់ ដែលដឹកនាំដោយ ចាង កៃចៀក ហើយភាគីទាំងពីរសុទ្ធតែប្រកាសខ្លួនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ចិនទាំងមូល។

បើទោះបីជាបក្សកុម្មុយនិស្តចិនបានជោគជ័យ និងកាន់អំណាចគ្រប់គ្រងដែនដីស្ទើរតែទាំងមូលហើយក៏ដោយ ក៏ប៉ុន្តែសាធារណរដ្ឋចិន នៅតែទទួលបានការទទួលស្គាល់តាមផ្លូវការទូតដោយបណ្តាប្រទេសភាគច្រើន ហើយជាងនេះទៅ​ទៀត អាសនៈរបស់ចិននៅឯអង្គការសហប្រជាជាតិ រួមទាំងអាសនៈជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខរបស់​ខ្លួនស្ថិតនៅក្រោមការកាន់កាប់របស់តៃវ៉ាន់ រហូតទាល់តែដល់ឆ្នាំ១៩៧១ ទើបអាសនៈទាំងនេះ ត្រូវបានប្រគល់​មកឱ្យសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយបក្សកុម្មុយនិស្តចិនវិញ។

ក្រោយការឡើងកាន់អំណាចរបស់បក្សកុម្មុយនិស្តចិននៅឆ្នាំ១៩៤៩ សហរដ្ឋអាម៉េរិកនៅតែបន្តទទួលស្គាល់សាធារណ​រដ្ឋចិនឬតៃវ៉ាន់ ថាជារដ្ឋាភិបាលស្របច្បាប់របស់ចិន រហូតទាល់តែដល់ឆ្នាំ១៩៧៩ ទើបផ្លាស់ប្តូរមកទទួលស្គាល់ចិនដីគោកវិញ ក៏ប៉ុន្តែនៅតែបន្តចេញមុខការពារតៃវ៉ាន់ និងបំពាក់អាវុធឱ្យតៃវ៉ាន់ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

គួររំលឹកឡើងវិញផងដែរថា នៅអំឡុងសង្គ្រាមលោកលើកទី២ លោក ចាង កៃចៀក ដែលជាមេដឹកនាំក្រុមសាធារណរដ្ឋចិនបានទទួលបានជំនួយពីអាម៉េរិក និងមានចំនួនកងទ័ពយ៉ាងច្រើន ប៉ុន្តែជាកងទ័ពដែលទន់ខ្សោយ​ ដោយសារមេទ័ពរបស់ក្រុមនោះ ត្រូវបានតែងតាំងនិងដំឡើងឋានៈតាមរយៈបក្ខពួកនិយម ដោយមិនខ្វល់ពីសមត្ថភាព នាំឱ្យកើតមានអំពើពុករលួយពាសពេញនៅក្នុងជួរកងទ័ព។ មេទ័ពភាគច្រើននាំគ្នាបំប៉ោងចំនួនកូនទាហាន ព្រមទាំងឆ្លៀត​កាត់របបទាហាន ដោយទុកឱ្យកូនទាហាន នៅតាមសមរភូមិខ្វះស្បៀង និងខ្វះគ្រឿងសព្វាវុធ។

ក្រោយសង្គ្រាមលោកលើកទី២ ទោះបីសហរដ្ឋអាម៉េរិក មិនពេញចិត្តនឹងការដឹកនាំរបស់ ចាង កៃចៀក ក៏ដោយ ក៏នៅតែបន្តផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់រដ្ឋបាលមួយនេះ ដើម្បីប្រឆាំងនឹងលោក ម៉ៅ សេទុង ដោយអាម៉េរិក​មិនចង់ឱ្យចិនធ្លាក់ក្រោមការគ្រប់គ្រប់របស់ ម៉ៅ សេទុង ដោយសារកាលនោះ លោក ម៉ៅ សេទុង ទទួលបានជំនួយពីសហភាពសូវៀត។

ដូច្នេះ ប្រសិនបើយើងពិនិត្យមើលតាមប្រវត្តិនៃសង្គ្រាមបដិវត្តន៍ សបញ្ជាក់ឱ្យឃើញថា ភាពតានតឹងរវាងភាគីទាំងពីរ គឺជាការបន្សល់មកពីសង្រ្គាមស៊ីវិលឬសង្ក្រាមបដិវត្តន៍តាំងពីជាង៧០ឆ្នាំមុន រវាងរបប សាធារណរដ្ឋប្រជាមានិតចិន និងរបបសាធារណរដ្ឋរបស់ដែនដីតៃវ៉ាន់ដែលមានសហរដ្ឋអាម៉េរិកជាខ្នងបង្អែក តាំងពីដើមរៀងមក ដែលនៅមិនទាន់​បានបញ្ចប់នៅឡើយ និងមិនទាន់អាចបង្រួបបង្រួមប្រទេសចិនទាំងមូលបានទេ។

២. កត្តាភូមិសាស្រ្តនយោបាយ

នាពេលបច្ចុប្បន្ននេះ ស្ថានភាពរវាងភាគីទាំងពីរបានប្រែប្រួលទៅជារបត់នយោបានថ្មីមួយទៀត ទៅវិញ ដោយសារតែដែនដីតៃវ៉ាន់បានពង្រីកខ្លួនឱ្យក្លាយទៅជាដែនដីមួយដែលមានសេដ្ឋកិច្ចរីកចម្រើនក្រោម ការជួយជ្រោមជ្រែងនិងគាំទ្រយ៉ាង​ពេញទំហឹងពីសហរដ្ឋអាម៉េរិក ដែលជាដៃគូប្រជែងខាងភូមិសាស្ត្រនយោបាយ និងគូជម្លោះពាណិជ្ជកម្មរបស់​ចិន​លើ​គ្រប់វិស័យ។

តើតៃវ៉ាន់ ផ្តល់ប្រយោជន៍អ្វីខ្លះដល់សហរដ្ឋអាម៉េរិក ទើបបានជាសហរដ្ឋអាម៉េរិកតែងតែគាំទ្រតៃវ៉ាន់?

នៅរយៈកាលចុងក្រោយនេះ គេសង្កេតឃើញភាពតានតឹងរវាងចិននិងដែនដីតៃវ៉ាន់ បានឡើងកំដៅយ៉ាងខ្លាំងគួរ​ឱ្យ​កត់សម្គាល់ ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភ ពីប្រទេសជិតខាង ក៏ដូចជា ប្រទេសមួយចំនួនក្នុងតំបន់ ដែលគិត​ថាអាចរាលដាលទៅជាការប្រឈមមុខដាក់គ្នាខាងយោធា រវាងប្រទេសចិនដែលមិនឯកភាពឱ្យតៃវ៉ាន់ប្រកាសឯក​រាជ្យ និងអាម៉េរិកដែលជាអ្នកគាំទ្រឱ្យតៃវ៉ាន់។

ដោយហេតុថា ប្រសិនបើចិនអនុញ្ញាតឱ្យដែនដីតៃវ៉ាន់ក្លាយជារដ្ឋឯករាជ្យពេញលេញ នឹងបង្កឱ្យទៅជាការគំរាមកំ​ហែងដ៏ធ្ងន់ធ្ងរមួយសម្រាប់សន្តិសុខជាតិរបស់ប្រទេសចិន ពីព្រោះថា តៃវ៉ាន់ជាសម្ព័ន្ធមិត្តចាស់របស់សហរដ្ឋអាម៉េ​រិក តៃវ៉ាន់អាចនឹងត្រូវក្លាយទៅជាទីតាំងសម្រាប់សហរដ្ឋអាម៉េរិកប្រើដើម្បីធ្វើជាមូលដ្ឋានទ័ព គម្រាមកំហែងប្រទេសចិន ហើយក៏នឹងអាចបង្កភាពងាយស្រួលក្នុងការលូកដៃរបស់អាម៉េរិកទៅក្នុងជម្លោះ ដែនទឹកនៅសមុ្រចិនខាងត្បូង។

៣. កត្តាជម្លោះនៅសមុទ្រចិនខាងត្បូង

បញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ជាបញ្ហាចម្រូងចម្រាសដែលមិនទាន់មានដំណោះស្រាយនៅ ឡើយ រវាងប្រទេស​ចិន និងប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប៊្រុយណេ ហើយក្នុងនោះ ដែនទឹករបស់ តៃវ៉ាន់ ក៏មានកោះមួយចំនួន​ស្ថិតនៅក្នុងដែនជម្លោះនៃសមុទ្រចិនខាងត្បូងផងដែរ។

សូមបញ្ជាក់ថា តៃវ៉ាន់ទាមទារអធិបតេយ្យភាពលើតំបន់ប្រជុំកោះទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយអះអាងថាខ្លួន មានយុត្តាធិការលើតំបន់ទឹកក្បែរនោះ រួមមាន ប្រជុំកោះ Spratlys (Nansha) ប្រជុំកោះ Paracel (Xisha) ប្រជុំកោះ Pratas (Dongsha) តំបន់ឆ្នេរ Macclesfield Bank (Zhongsha) និងកោះ Taiping ដែលត្រូវបានស្គាល់ថាជាប្រជុំកោះ Itu Aba និងឈ្មោះផ្សេងៗទៀត ដែលជាកោះធំជាងគេបង្អស់នៅក្នុងតំបន់ប្រជុំកោះ Spratlys។

ដូច្នេះ ប្រសិនបើ តៃវ៉ាន់ប្រកាសជារដ្ឋឯករាជ្យ នោះប្រទេសចិននឹងបន្ថែមភាគីជម្លោះថ្មីមួយទៀត ក្រៅពីវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ។

ហេតុផលចម្បងៗទាំងនេះហើយ ដែលធ្វើឱ្យប្រទេសចិនតែងតែការពារដាច់ខាតនូវនយោបាយ «ចិនតែមួយ» ដែលកំណត់ថា តៃវ៉ាន់ គឺជាដែនដីមួយរបស់ចិន ហើយតែងតែប្រកាន់ជំហរយ៉ាងមុតមាំប្រឆាំងដាច់ខាតមិនឱ្យតៃវ៉ាន់ប្រកាសឯករាជ្យ។ មកទល់ពេលេះ ក្រោមការដឹកនាំរបស់លោក ស៊ី ជីនពីង ចិនបានបង្ហាញនូវជំហរយ៉ាងតឹងរ៉ឹងជាងមុន ហើយ​បានប្រកាសជាសាធារណៈថា ចំពោះ តៃវ៉ាន់ ចិននឹងប្រើប្រាស់គ្រប់ជម្រើសទាំងអស់ ទោះបីជាត្រូវការប្រើកម្លាំងទ័ពក៏ដោយ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា


អត្ថបទទាក់ទង

សសរស្តម្ភនៅវត្តប្រាសាទព្រះធាតុ ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា, វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-01-12 08:01:08   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 03:01 PM
«ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ»

(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហ...

2021-01-03 06:43:08   ថ្ងៃអាទិត្យ, 03 មករា 2021 ម៉ោង 01:43 PM
តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»

នៅពេលដែលកម្ពុជា បានចាប់ផ្ដើមលើកយកបញ្ហាអណ្ដូងប្រេងកាតនៅក្នុងឈូងសមុទ្រខ្មែរ និងការវិនិយោគការខួងនិងចម្រាញ់ប្រេងកាត មានទស្សនៈយល់ឃើញជាច្រើន ពីសាធារណជន ថាតើកំណប់ប្រេងកាតរបស់កម្ពុជា ជាពរជ័យ ឬជាបណ្ដាសា? ...

2021-01-02 00:58:31   ថ្ងៃសៅរ៍, 02 មករា 2021 ម៉ោង 07:58 AM
ហេតុអ្វីដាក់សម្ពាធលើកម្ពុជា? ដោយ៖ បណ្ឌិត ស៊ឺន សម

«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហ...

2021-01-01 04:31:38   ថ្ងៃសុក្រ, 01 មករា 2021 ម៉ោង 11:31 AM
តើប្រទេសស៊ុយអែតសម្រេចចិត្តដកស្ថានទូតចេញពីកម្ពុជាព្រោះតែបញ្ហាសិទ្ធិមនុស្សឬ? ដោយ៖ បណ្ឌិត ស៊ឺន សម

ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេស​ស៊ុយអែត​ស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេស​កម្ពុជានៅចុងឆ...

2020-12-31 07:56:50   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:56 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយសមិទ្ធផលវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលវិទ្យាសាស្រ្តទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម...

2020-12-31 07:00:45   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:00 PM

សេចក្តីប្រកាស