Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៥កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលចួបនិងពិភាក្សាការងារជាមួយឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជារបស់ឯកឧត្ដមឯកអគ្គរាជទូតជប៉ុន និងបានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ ទៅធ្វើទស្សនកិច្ច និងស្វែងយល់បន្ថែមពីការអភិវឌ្ឍរបស់ប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២០នេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមអំពីការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដោយជប៉ុនជាមិត្តប្រកបដោយភាពចាស់ទុំរបស់កម្ពុជា ហើយបើទោះជាកម្ពុជាមានទំនាក់ទំនងល្អជាមួយសាធារណរដ្ឋប្រជាមានិតចិន ក៏ជប៉ុននៅតែបន្តពង្រឹងនិងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយកម្ពុជាក្នុងរូបភាពជាមិត្តដ៏ល្អម្នាក់។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា សមិទ្ធផលរបស់ជប៉ុនដែលប្រជាជនកម្ពុជារូបណាក៏បានមិនអាចបំភ្លេចបាននោះគឺ ស្ពានជ្រោយចង្វារដែលជប៉ុនបានជួយកសាងនៅឆ្នាំ១៩៦៦ ជំនួយសាងសង់មជ្ឈមណ្ឌលគាំពារមាតានិងទារកក្នុងឆ្នាំ១៩៩៥ និងការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានដ៏ធំក្នុងឆ្នាំ២០១៥គឺ ស្ពានត្សឺបាស្សា (ហៅស្ពានអ្នកលឿង) ជាដើម។
ក្នុងជំនួបជាលើកទីមួយនារសៀលនេះ ឯកឧត្ដម មីសាហ៊ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតនៃប្រទេសជប៉ុន បានពិភាក្សានិងស្វែងយល់បន្ថែមអំពីបេសកកម្ម និងសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចបាននាពេលកន្លងមក និងទស្សនវិស័យរបស់ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនេះ ក្នុងការពង្រឹងការសិក្សាស្រាវជ្រាវលើវិស័យសំខាន់ៗ កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងការសិក្សាស្រាវជ្រាវស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ននានានៅកម្ពុជាក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ ឯកឧត្ដមឯកអគ្គរាជទូត បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី បេសកកម្ម និងសមិទ្ធផលរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្ដមឯកអគ្គរាជទូតក៏បានថ្លែងអំណរគុណដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលកន្លងមកបានផ្ដល់ការបណ្ដុះបណ្ដាលភាសាខ្មែរជូនដល់មន្ត្រីស្ថានទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជាផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សានិងផ្លាស់ប្ដូរយោបល់គ្នា ភាគីទាំងពីរបានឯកភាពគ្នាទៅលើ៣ចំណុចគឺ៖
១. កិច្ចសហប្រតិបត្តិការលើការសិក្សាស្រាវជ្រាវទូទៅ
២. ការផ្ដល់កិច្ចសហការគ្នាលើវិស័យកសិកម្ម
៣. ការពិនិត្យមើលលើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងការបណ្ដុះបណ្ដាល៕
RAC Media | លឹម សុវណ្ណរិទ្ធ
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅពេលសម្លឹងទៅអតីតកាលជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរតែងមានមោទនភាពចំពោះជាតិខ្លួនដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយនៅអាស៊ីអាគ្នេយ៍ មានទឹកដីធំ...
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, រាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើឬចល័តចេញជាបន្ទាន់...
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជាបានសម្រេចប្រគល់គោរមងារកិត្តយស នូវ«សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកវប្បធម៌និងវិចិត្រសិល្បៈ» ជូនដល់ឯកឧត្តមបណ្ឌិត ស៊ឹម សារ៉ាក់ ដើម្បីជាការតបស្នងចំពោះកិច្ចខិ...
ឯកឧត្ដម សូ មុយឃៀង ដែលអ្នកសិក្សាទាំងឡាយតែងបានស្គាល់ក្នុងវិស័យអប់រំ ជាពិសេសមុខវិជ្ជាអក្សរសាស្ត្រ តាមរយៈអត្ថបទស្រាវជ្រាវនិងសៀវភៅសិក្សាជាច្រើន ទទួលបានគោរមងារកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជា នូវ«សញ្ញាបត្រកិ...