ដោយ៖ លឹម សុវណ្ណរិទ្ធ
ប្រឈមមុខនឹងសត្រូវឈ្លានពាន ការបង្រួបបង្រួមស្មារតីជាតិនិយម និងជំរុញសាមគ្គីភាពផ្ទៃក្នុងពិតជាសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាប្រើកម្លាំងរួមរបស់ជាតិប្រយុទ្ធប្រឆាំងនឹងបរទេស ប៉ុន្តែហេតុផលដែលងាយស្រួលយល់នេះ ហាក់ដូចជារឿងដែលពិបាកក្នុងការជ្រួតជ្រាបណាស់សម្រាប់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនតូចនៅក្រៅប្រទេស។ ក្រៅតែពីទង្វើហុចដងដាវឱ្យសត្រូវ តាមរយៈការប្រតិដ្ឋមូលហេតុនៃការបង្កភាពតានតឹងនៅតាមព្រំដែនរបស់ថៃ ដោយចោទប្រកាន់លើមេដឹកនាំជាតិសាសន៍ខ្លួន និងការបង្វែរការពិតពីមហិច្ឆតាឈ្លានពាននិងរក្សាអំណាចរបស់ពួកអ្នកនយោបាយនិងយោធាថៃថាជាជម្លោះរវាងគ្រួសារសម្ដេចតេជោនិងគ្រួសារថាក់ស៊ីននោះ ចុងក្រោយនេះ អតីតមេបក្សប្រឆាំងនៅក្រៅប្រទេស ថែមទាំងបានព្យាយាមបំបាក់ទឹកចិត្តស្នេហាជាតិរបស់កងទ័ព និងប្រមាថមាក់ងាយសមត្ថភាពកងទ័ពជាតិ និងមើលរំលងទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈវោហារសាស្ត្រដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្លួនថែមទៀតផង។
នៅក្នុងសារវីដេអូរបស់ខ្លួន អតីតមេដឹកនាំបក្សប្រឆាំងចាស់វស្សា ដែលគ្មានឱកាស បានឡើងកាន់អំណាចសូម្បីតែម្ដងនេះ ហាក់បានយកគំនុំបុគ្គលនិងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាអាទិភាពសំខាន់ជាងអាយុជីវិតជាតិ ប្រជាជន និងកងទ័ពខ្មែរគ្រប់រូប ដែលត្រូវរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ពថៃ ខណៈដែលកងទ័ពខ្មែរបានបូជាសាច់ស្រស់ឈាមស្រស់ លះបង់អាយុជីវិតនិងសេចក្ដីសុខផ្ទាល់ខ្លួនដើម្បីតែការពារអធិបតេយ្យភាព បូរណភាពដែនដី និងកេរដំណែលដូនតាខ្មែរ។ កងកម្លាំងកម្ពុជាដែលបន្តឈរជើងការពារព្រំដែនតាមទីតាំងនៅឯសមរភូមិជួរមុខ ពិតជាមានការលះបង់ដ៏ធំធេងចំពោះជាតិ និងប្រជាជន ដោយត្រូវបង្ខំចិត្តរស់នៅឃ្លាតចាកឆ្ងាយប្រពន្ធកូននិងគ្រួសារគឺដោយសារតែមនសិកាស្នេហាជាតិ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារជាតិមាតុភូមិដ៏កម្សត់របស់យើងទាំងអស់គ្នា។ ប្រជាជនកម្ពុជារាប់ម៉ឺនសែននាក់ ត្រូវរងគ្រោះបាត់បង់ផ្ទះសម្បែង ប្ដីព្រាត់ឆ្ងាយប្រពន្ធកូន ប្រពន្ធឬកូនត្រូវបានបាត់បង់ប្ដីឬឪពុក និងត្រូវរត់ភៀសខ្លួន រស់នៅយ៉ាងលំបាកលំបិន ដោយសារតែសង្គ្រាមឈ្លានពានប្រកបដោយភាពឃោរឃៅ អមនុស្សធម៌ និងតាមរបៀបចោរព្រៃរបស់កងទ័ពសត្រូវជិតខាង។ ផ្ទះសម្បែង មន្ទីរពេទ្យ សាលារៀន និងវត្តអារាម ត្រូវបាត់បង់ និងរងខូចខាតយ៉ាងដំណំដោយសារតែគ្រាប់កាំភ្លើង និងគ្រាប់បែករបស់ចោរថៃឈ្លានពាន ក្នុងពេលដែលសង្គ្រាមរយៈពេល៥ថ្ងៃនេះ បានប្រល័យអាយុជីវិតជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើនដោយមិនរើសមុខ។
ជាការពិតណាស់ កុំថាឡើយប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលមានឈាមជ័រជាជាតិខ្មែរ សូម្បីតែជនបរទេសដែលជាអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងភាគីអញ្ជើញពីអង្គទូតនិងអនុព័ន្ធយោធាក្នុងនិងក្រៅប្រទេស ក៏បានសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរជាពន់ពេកចំពោះប្រជាជនកម្ពុជា ដែលជាជនរងគ្រោះនៃអំពើឈ្លានពាន របស់កងទ័ពថៃផងដែរ។ ទោះជាយ៉ាងណា អតីតមេបក្សប្រឆាំងនិងបក្ខពួករបស់ខ្លួន មិនត្រឹមតែមិនបានបង្ហាញសមានចិត្តចែករំលែកទុក្ខជាមួយជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះនិងយុទ្ធជនខ្មែរដែលបានពលី និងស្រែកសួររកយុត្តិធម៌ទៅកាន់បណ្ដាមេដឹកនាំ ភាគីបរទេសជាមិត្តនានាប៉ុណ្ណោះទេ តែពួកគេបែរជាបានប្រើប្រាស់សារនយោបាយដែលមានលក្ខណៈលើកសរសើរកងទ័ពរបស់គូសត្រូវ ហើយធ្វើការមាក់ងាយបន្តុះបង្អាប់និងបំបាក់ទឹកចិត្តកងទ័ពនៃជាតិសាសន៍របស់ខ្លួនទៅវិញ។
ការបន្តប្រកាន់ជំហរនយោបាយ “មានអញអត់ឯង មានឯងអត់អញ” របស់ក្រុមប្រឆាំងជ្រុលនិយមនៅឯបរទេស ពិតជាបានឈានដល់កម្រិតធ្ងន់ធ្ងរបំផុតមិនអាចលើកលែងបានឡើយ ព្រោះបើទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ គេក៏គួរតែគិតគូរពិចារណាឱ្យបានវែងឆ្ងាយ ចេះថ្លឹងថ្លែងស្ថានការណ៍និងកាលៈទេសៈឱ្យបានច្បាស់លាស់ ចៀសវាងផ្ដោតសំខាន់តែលើគោលដៅមហិច្ឆតានយោបាយរបស់ខ្លួន ហើយប្រព្រឹត្តទង្វើដែលយកប្រជាជាតិខ្លួនឯងជាសត្រូវយ៉ាងដូច្នេះ។ ដូនតាខ្មែរបានផ្ដល់កំណើត និងបន្សល់កេរមរតកសម្រាប់យើងជាកូនខ្មែរជំនាន់ក្រោយ ដើម្បីឱ្យបន្តពូជពង្សវង្សត្រកូលជាខ្មែរ រួបរួមគ្នាការពារ និងថែរក្សាទឹកដីនិងកេរដំណែលដែលបន្តមានអត្ថិភាពមកដល់បច្ចុប្បន្ន ពុំមែនចង់មើលឃើញការហែកហួរ យកជាតិសាសន៍ខ្មែរគ្នាឯងជាសត្រូវ ហើយលើកទឹកចិត្តដល់បរទេសឈ្លានពានដូចនេះឡើយ។ សកម្មភាពបង្កការប្រទូស្តរាយនឹងជាតិសាសន៍ឯងនេះ ពិតជារឿងមិនគួរគប្បីទាល់តែសោះនឹងព្រលឹងដូនតា ខណៈដែលអ្នកទាំងនោះ មិនត្រឹមតែមិនបានខ្វល់ខ្វាយនឹងទង្វើរបស់សត្រូវឈ្លានពាន ដែលបានបាញ់កម្ទេចនិងបង្កការខូចខាតនៃប្រាសាទ ជាកេរដំណែលដូនតាប៉ុណ្ណោះទេ តែបែរជាថែមទាំងបានលើកសរសើរថាទ័ពសត្រូវមានជំនាញ បាញ់ត្រង់ និងបានល្អខ្លាំង នៅក្នុងពេលដែលទាហានថៃឈ្លានពាន បានកំណត់គោលដៅលើជនស៊ីវិល និងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈមិនមែនយោធាទៅវិញ។ តើនេះឬជាទង្វើដែលពួកគេតែងតែអះអាង និងស្រែកក្ដែងៗថាខ្លួនស្នេហាជាតិមាតុភូមិ និងចង់ចូលរួមអភិវឌ្ឍនិងកសាងប្រទេសជាតិរបស់ខ្លួន?
តាមរយៈទង្វើទាំងអស់ខាងលើនេះ លោក សម រង្ស៊ី និងបក្ខពួក ហាក់ដូចជាមិនត្រឹមតែមិនយល់ប៉ុណ្ណោះទេ ប៉ុន្តែទំនងជាថែមទាំងមិនអាចស្វែងយល់ ឬសូម្បីចាប់អារម្មណ៍អំពី ស្មារតីលះបង់ មនសិកាស្នេហាជាតិ និងការបូជាសាច់ស្រស់ឈាមស្រស់របស់វីរៈកងទ័ពកម្ពុជា នៅក្នុងសង្គ្រាមប្រឆាំងការឈ្លានពានទឹកដីពីសំណាក់បរទេសជិតខាងនោះឡើយ ព្រោះខ្លួនលោកផ្ទាល់ ពុំធ្លាប់បានចាត់ទុកថា កម្ពុជាគឺជាមាតុភូមិកំណើតរបស់ខ្លួនឡើយ គឺគ្រាន់តែគិតពិចារណាដោយភាពអាត្មានិយមថា ខ្លួនអាចមានវាសនាគ្រប់គ្រងនិងចាត់ចែងប្រទេសជាតិជាតិមួយនេះឬអត់តែប៉ុណ្ណោះ។ លោក សម រង្ស៊ី និងបក្ខពួករបស់ខ្លួន មិនត្រឹមតែមិនបានបង្ហាញសមានចិត្តចំពោះការបាត់បង់អាយុជីវិត ថែមទាំងមិនបានចាត់ទុកប្រជាជាតិខ្មែរជាផ្ទះរបស់ខ្លួនឡើយ ហើយថែមទាំងចូលដៃជាមួយបរទេស ចោទប្រកាន់ទាំងល្ងីល្ងើចំពោះជាតិសាសន៍ខ្លួនថែមទៀតផងថា កងទ័ពខ្មែរមិនមានជំនាញ បាញ់មិនត្រង់ ហើយបែរបាញ់ចំទីតាំងស៊ីវិលថៃ ដែលនេះគឺជាទង្វើទុរយសនឹងជាតិសាសន៍ខ្លួនដោយមិនចេះខ្មាស់អៀន និងជាការបង្កើតលេសសម្រាប់ភាគីគូសត្រូវ ដើម្បីចោទប្រកាន់មកលើកម្ពុជាទៅវិញ។ ឬមួយនេះគឺជាសារនយោបាយដើម្បីជាថ្នូរអង្វរលន់តួដល់រដ្ឋាភិបាលថៃឱ្យអនុញ្ញាតក្រុមខ្លួនប្រើប្រាស់ទឹកដីថៃ បន្តនយោបាយប្រឆាំងផលប្រយោជន៍ជាតិសាសន៍ឯងបន្តទៀតនៅក្នុងពេលខាងមុខ? បើវាគឺជាការពិតមែននោះ ក្រុមអ្នកនយោបាយប្រឆាំងជ្រុលនិយមនៅបរទេស ពិតជាកំពុងយកគម្រូតាមគ្រួសារស្ដេចត្រាញ់ត្រកូលអភ័យវង្ស ដែលឱនក្បាលគោរពសត្រូវឈ្លានពាន ហើយធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែបំផ្លាញមាតុភូមិរបស់ខ្លួនយ៉ាងពិតប្រាកដមែន។
ដើម្បីលុបបំបាត់មនោគមវិជ្ជានយោបាយទុច្ចរឹត ដែលតែងតែយកប្រជាជាតិខ្លួនជាសត្រូវ និងដុតបំផ្លាញជាតិមាតុភូមិ តើគួរតែដល់ពេលដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេស ប្រឆាំងជាតិសាសន៍ខ្លួនឥតឈប់ឈរនេះហើយឬយ៉ាងណា?
*** រាល់ទស្សនៈដែលបានលើកឡើងខាងលើជាការយល់ឃើញរបស់ស្មេរ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ