ដោយ៖ លឹម សុវណ្ណរិទ្ធ

          ប្រឈមមុខនឹងសត្រូវឈ្លានពាន ការបង្រួបបង្រួមស្មារតីជាតិនិយម និងជំរុញ​សាមគ្គី​ភាព​​ផ្ទៃក្នុង​ពិត​ជាសំខាន់ណាស់ ដើម្បី​ធ្វើ​យ៉ាង​ណាប្រើកម្លាំងរួមរបស់ជាតិប្រយុទ្ធប្រឆាំង​នឹងបរទេស ប៉ុន្តែហេតុផលដែលងាយស្រួលយល់នេះ ហាក់ដូចជារឿងដែលពិបាកក្នុង​ការ​ជ្រួត​ជ្រាប​ណាស់​សម្រាប់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនតូចនៅក្រៅប្រទេស។ ក្រៅ​តែ​ពីទង្វើ​ហុច​ដង​ដាវ​​ឱ្យសត្រូវ តាមរយៈការប្រតិដ្ឋមូលហេតុ​នៃការបង្កភាពតានតឹង​នៅ​តាម​ព្រំដែន​របស់​ថៃ ដោយចោទប្រកាន់លើមេដឹកនាំជាតិសាសន៍ខ្លួន និងការបង្វែរការពិតពី​មហិច្ឆតាឈ្លានពាននិងរក្សាអំណាចរបស់​ពួក​អ្នក​នយោបាយនិងយោធាថៃថាជាជម្លោះរវាងគ្រួសារសម្ដេចតេជោនិងគ្រួសារថាក់ស៊ីន​នោះ ចុងក្រោយនេះ អតីតមេ​បក្ស​ប្រឆាំង​នៅក្រៅប្រទេស ថែមទាំងបានព្យាយាម​បំបាក់​ទឹក​ចិត្ត​ស្នេហាជាតិរបស់កងទ័ព និង​ប្រមាថ​មាក់ងាយសមត្ថភាពកងទ័ពជាតិ និងមើល​រំលង​ទុក្ខលំបាករបស់​ប្រជាពលរដ្ឋខ្មែរ តាម​រយៈវោហារសាស្ត្រ​ដ៏គួរ​ឱ្យ​ស្អប់​ខ្ពើម​របស់​ខ្លួន​ថែម​ទៀត​​ផង។

          នៅក្នុងសារវីដេអូរបស់ខ្លួន អតីតមេដឹកនាំបក្សប្រឆាំងចាស់វស្សា ដែល​គ្មាន​ឱកាស​ បានឡើងកាន់អំណាច​សូម្បីតែម្ដង​នេះ ហាក់បានយកគំនុំបុគ្គលនិងគោលដៅ​ផ្ដួល​​រំលំ​រាជ​រដ្ឋាភិបាលកម្ពុជា ជាអាទិភាព​សំខាន់​ជាង​អាយុ​ជីវិតជាតិ ប្រជាជន និងកងទ័ព​ខ្មែរ​គ្រប់​រូប ដែល​ត្រូវ​រងគ្រោះដោយសារការឈ្លានពាន​របស់កងទ័ពថៃ ខណៈដែលកងទ័ពខ្មែរបាន​បូជា​សាច់ស្រស់ឈាមស្រស់ លះបង់​អាយុ​ជីវិត​និងសេចក្ដីសុខផ្ទាល់ខ្លួនដើម្បីតែ​ការពារ​អធិប​តេយ្យភាព បូរណភាពដែនដី និងកេរដំណែល​ដូនតាខ្មែរ។ កងកម្លាំងកម្ពុជា​ដែល​បន្ត​ឈរ​ជើងការពារព្រំដែនតាមទីតាំងនៅឯសមរភូមិ​ជួរ​មុខ ពិតជាមានការលះបង់ដ៏​ធំធេង​ចំពោះ​ជាតិ និងប្រជាជន ដោយត្រូវបង្ខំចិត្ត​រស់នៅឃ្លាត​ចាក​ឆ្ងាយ​ប្រពន្ធ​កូន​និង​គ្រួសារ​គឺ​ដោយ​សារតែមនសិកាស្នេហាជាតិ និង​ស្មារតី​ទទួល​ខុសត្រូវខ្ពស់​ក្នុងការការ​ពារ​ជាតិ​មាតុ​ភូមិ​ដ៏​កម្សត់របស់យើងទាំងអស់គ្នា។ ប្រជាជនកម្ពុជារាប់ម៉ឺនសែននាក់ ត្រូវ​រង​គ្រោះ​បាត់​បង់​ផ្ទះសម្បែង ប្ដីព្រាត់ឆ្ងាយប្រពន្ធកូន ប្រពន្ធឬកូនត្រូវបានបាត់បង់ប្ដីឬឪពុក និង​ត្រូវ​រត់​ភៀស​ខ្លួន ​រស់​នៅយ៉ាងលំបាកលំបិន ដោយសារ​តែ​សង្គ្រាមឈ្លានពានប្រកបដោយ​ភាព​ឃោរ​ឃៅ អមនុស្ស​ធម៌ និងតាមរបៀបចោរព្រៃរបស់​កង​ទ័ព​សត្រូវជិតខាង។ ផ្ទះសម្បែង មន្ទីរ​ពេទ្យ សាលារៀន និងវត្តអារាម ត្រូវបាត់បង់ និងរងខូចខាត​យ៉ាងដំណំ​ដោយ​សារ​តែគ្រាប់កាំភ្លើង និង​គ្រាប់បែករបស់ចោរថៃឈ្លានពាន ក្នុងពេលដែលសង្គ្រាមរយៈពេល៥ថ្ងៃនេះ បាន​ប្រល័យអាយុ​ជីវិតជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើនដោយមិនរើសមុខ។

          ជាការពិតណាស់ កុំថាឡើយប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែល​មាន​ឈាម​ជ័រ​ជាជាតិខ្មែរ សូម្បីតែជនបរទេសដែលជាអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងភាគី​អញ្ជើញ​ពីអង្គទូតនិងអនុព័ន្ធយោធាក្នុងនិងក្រៅប្រទេស ក៏បានសម្ដែងនូវការសោកស្ដាយ និងអាណិតអាសូរជាពន់ពេកចំពោះប្រជាជនកម្ពុជា ដែលជាជនរងគ្រោះនៃអំពើឈ្លានពាន របស់កងទ័ពថៃផងដែរ។ ទោះជាយ៉ាងណា អតីតមេបក្សប្រឆាំងនិងបក្ខពួករបស់ខ្លួន មិន​ត្រឹម​តែមិនបានបង្ហាញសមានចិត្តចែករំលែកទុក្ខជាមួយជនរងគ្រោះ និងក្រុមគ្រួសារ​ជនរង​គ្រោះនិងយុទ្ធជនខ្មែរដែលបានពលី និងស្រែកសួររកយុត្តិធម៌ទៅកាន់បណ្ដាមេ​ដឹក​នាំ​ ភាគី​បរទេសជាមិត្តនានាប៉ុណ្ណោះទេ តែពួកគេបែរជា​បានប្រើប្រាស់សារនយោបាយ​ដែល​មាន​លក្ខណៈលើកសរសើរកងទ័ពរបស់គូសត្រូវ ហើយធ្វើការមាក់ងាយ​បន្តុះ​បង្អាប់​និង​បំបាក់​ទឹកចិត្តកងទ័ពនៃជាតិសាសន៍របស់ខ្លួនទៅវិញ។

          ការបន្តប្រកាន់ជំហរនយោបាយ “មានអញអត់ឯង មានឯងអត់អញ” របស់ក្រុម​ប្រឆាំងជ្រុលនិយមនៅឯបរទេស ពិតជាបានឈានដល់កម្រិតធ្ងន់ធ្ងរបំផុតមិនអាចលើក​លែងបានឡើយ ព្រោះបើទោះបីជាមាននិន្នាការនយោបាយខុសគ្នាក៏ដោយ គេក៏គួរតែគិត​គូរពិចារណាឱ្យបានវែងឆ្ងាយ ចេះថ្លឹងថ្លែងស្ថានការណ៍និងកាលៈទេសៈឱ្យបានច្បាស់លាស់ ​ចៀសវាងផ្ដោតសំខាន់តែលើគោលដៅមហិច្ឆតានយោបាយរបស់ខ្លួន ហើយប្រព្រឹត្ត​ទង្វើ​ដែល​យក​ប្រជាជាតិខ្លួនឯងជាសត្រូវយ៉ាងដូច្នេះ។ ដូនតាខ្មែរបានផ្ដល់កំណើត និងបន្សល់​កេរមរតកសម្រាប់យើងជាកូនខ្មែរជំនាន់ក្រោយ ដើម្បីឱ្យបន្តពូជពង្សវង្សត្រកូលជាខ្មែរ រួប​រួមគ្នាការពារ និងថែរក្សាទឹកដីនិងកេរដំណែលដែលបន្តមានអត្ថិភាពមកដល់បច្ចុប្បន្ន ពុំ​មែន​​ចង់មើលឃើញ​ការហែកហួរ យកជាតិសាសន៍ខ្មែរគ្នាឯងជាសត្រូវ ហើយលើកទឹក​ចិត្ត​ដល់​បរទេសឈ្លាន​ពានដូចនេះឡើយ។ សកម្មភាពបង្កការប្រទូស្តរាយនឹងជាតិ​សាសន៍​ឯង​នេះ ពិតជារឿង​មិន​គួរ​គប្បីទាល់តែសោះនឹងព្រលឹងដូនតា ខណៈដែលអ្នកទាំងនោះ មិនត្រឹ​មតែមិនបាន​ខ្វល់​ខ្វាយ​នឹងទង្វើរបស់សត្រូវឈ្លានពាន ដែលបានបាញ់កម្ទេចនិងបង្កការខូច​ខាត​នៃប្រាសាទ ជាកេរដំណែលដូនតាប៉ុណ្ណោះទេ តែបែរជាថែមទាំងបាន​លើកសរសើរ​ថា​ទ័ព​សត្រូវ​មាន​ជំនាញ បាញ់ត្រង់ និងបានល្អខ្លាំង នៅក្នុងពេលដែលទាហានថៃឈ្លានពាន បាន​កំណត់គោល​ដៅលើជនស៊ីវិល និងសំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈមិន​មែន​យោធា​ទៅវិញ។ តើ​នេះ​​ឬជាទង្វើដែលពួកគេតែងតែអះអាង និងស្រែកក្ដែងៗថា​ខ្លួន​ស្នេហា​ជាតិ​មាតុភូមិ និងចង់​ចូលរួមអភិវឌ្ឍនិងកសាងប្រទេសជាតិរបស់ខ្លួន?

          តាមរយៈទង្វើទាំងអស់ខាងលើនេះ លោក សម រង្ស៊ី និងបក្ខពួក ហាក់ដូច​ជា​មិន​ត្រឹម​តែ​មិនយល់ប៉ុណ្ណោះទេ ប៉ុន្តែទំនងជាថែមទាំងមិនអាចស្វែងយល់ ឬសូម្បីចាប់​អារម្មណ៍​អំពី​ ស្មារតីលះបង់ មនសិកាស្នេហាជាតិ និងការបូជាសាច់ស្រស់ឈាមស្រស់របស់​វីរៈ​កង​ទ័ព​កម្ពុជា នៅក្នុងសង្គ្រាមប្រឆាំងការឈ្លានពានទឹកដីពីសំណាក់បរទេសជិតខាងនោះឡើយ ព្រោះ​ខ្លួនលោកផ្ទាល់ ពុំធ្លាប់បានចាត់ទុកថា កម្ពុជាគឺជាមាតុភូមិកំណើតរបស់ខ្លួនឡើយ គឺគ្រាន់តែគិតពិចារណាដោយភាពអាត្មានិយមថា ខ្លួនអាចមានវាសនាគ្រប់គ្រងនិង​ចាត់​ចែង​ប្រទេសជាតិជាតិមួយនេះឬអត់តែប៉ុណ្ណោះ។ លោក សម រង្ស៊ី និងបក្ខពួករបស់ខ្លួន មិនត្រឹមតែមិនបានបង្ហាញសមានចិត្តចំពោះការបាត់បង់អាយុជីវិត ថែមទាំងមិន​បាន​ចាត់​ទុក​ប្រជាជាតិខ្មែរជាផ្ទះរបស់ខ្លួនឡើយ ហើយថែមទាំងចូលដៃជាមួយបរទេស ចោទប្រកាន់​ទាំង​ល្ងីល្ងើចំពោះជាតិសាសន៍ខ្លួនថែមទៀតផងថា កងទ័ពខ្មែរមិនមានជំនាញ បាញ់​មិន​ត្រង់ ហើយបែរបាញ់ចំទីតាំងស៊ីវិលថៃ ដែលនេះគឺជាទង្វើទុរយសនឹងជាតិសាសន៍ខ្លួន​ដោយមិនចេះខ្មាស់អៀន និងជាការ​បង្កើតលេសសម្រាប់​ភាគី​គូសត្រូវ ដើម្បីចោទ​ប្រកាន់​មក​លើ​កម្ពុជាទៅវិញ។ ឬមួយនេះគឺជាសារនយោបាយដើម្បីជាថ្នូរអង្វរលន់តួដល់រដ្ឋាភិបាល​ថៃ​ឱ្យអនុញ្ញាតក្រុមខ្លួនប្រើប្រាស់ទឹកដីថៃ បន្តនយោបាយប្រឆាំងផលប្រយោជន៍​ជាតិសាសន៍​ឯង​បន្ត​ទៀត​នៅ​ក្នុង​ពេល​ខាងមុខ? បើវាគឺជាការពិតមែននោះ ក្រុមអ្នកនយោបាយប្រឆាំង​ជ្រុល​និយម​នៅ​បរទេស ពិតជាកំពុងយកគម្រូតាមគ្រួសារស្ដេចត្រាញ់ត្រកូលអភ័យវង្ស ដែលឱនក្បាលគោរពសត្រូវឈ្លានពាន ហើយធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីតែបំផ្លាញមាតុភូមិ​របស់ខ្លួនយ៉ាងពិតប្រាកដមែន។

          ដើម្បីលុបបំបាត់មនោគមវិជ្ជានយោបាយទុច្ចរឹត ដែលតែងតែយកប្រជាជាតិ​ខ្លួន​ជា​សត្រូវ និង​ដុតបំផ្លាញជាតិមាតុភូមិ តើគួរតែដល់ពេលដែលរាជរដ្ឋាភិបាលកម្ពុជា​ត្រូវ​អនុវត្តច្បាប់​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​ដើម្បីដកសញ្ជាតិពី​អ្នកឃុបឃិតជាមួយបរទេស ប្រឆាំង​ជាតិ​សាសន៍​ខ្លួនឥតឈប់ឈរនេះហើយឬយ៉ាងណា?

 

*** រាល់ទស្សនៈដែលបានលើកឡើងខាងលើជាការយល់ឃើញរបស់ស្មេរ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ