ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 10857
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

«ប្រជុំដើម្បីពិនិត្យគោលការណ៍ក្នុងការសរសេរអក្សរខ្មែរ ជាអក្សរឡាតាំង....»

កាលពីរសៀល ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យគោលការណ៍ក្នុងការសរសេរអក្សរខ្មែរ ជាអក្សរឡាតាំងដូច...

2019-11-14 09:36:29   ថ្ងៃព្រហស្បតិ៍, 14 វិច្ឆិកា 2019 ម៉ោង 04:36 PM
កិច្ចប្រជុំត្រួតពិនិត្យការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារឥន្ទ្រទេវី, ខួប ២០ឆ្នាំ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងពិធីចែកសញ្ញាបត្រកិត្តិយស និងសញ្ញាបត្រវិទ្យាសាស្រ្ត

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម យូ ស៊ិនឡុង បានដឹកនាំសហការីមកត្រួតពិនិត្យការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអ...

2019-11-11 05:41:19   ថ្ងៃចន្ទ, 11 វិច្ឆិកា 2019 ម៉ោង 12:41 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញជាអធិបតីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនស្ម័គ្រចិត្តនៅកម្ពុជា ឆ្នាំសិក្សា ២០១៩-២០២០»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើក «វគ្គបណ្តុះបណ្តាលគ្រ...

2019-11-11 05:29:20   ថ្ងៃចន្ទ, 11 វិច្ឆិកា 2019 ម៉ោង 12:29 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំសហការី និងប្រជាពលរដ្ឋពិសាអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងមូលដ្ឋានឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ»

(តាកែវ)៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ  អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកត្រាំកក់ និងជាប្រធានក្រុមការងារចុះជួយឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានដឹកនា...

2019-11-09 09:06:54   ថ្ងៃសៅរ៍, 09 វិច្ឆិកា 2019 ម៉ោង 04:06 PM
«គណិតវិទ្យាគឺជាមុខវិជ្ជាវិទ្យាសាស្ត្រមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើការរស់នៅរបស់មនុស្ស និងតម្រូវការចាំបាច់ផ្សេងៗ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «គណិតវិទ្យាគឺជាមុខវិជ្ជាវិទ្យាសាស្ត្រមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើការរស់នៅរបស់មនុស្ស និងតម្រូវការចាំបាច់ផ្សេងៗ»។ នេះគឺជាប្រសាសន៍កត់សម្គាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ...

2019-11-06 07:31:47   ថ្ងៃពុធ, 06 វិច្ឆិកា 2019 ម៉ោង 02:31 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អនុញ្ញាតឱ្យប្រតិភូចិនចូលជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជានៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...

2019-11-05 14:20:41   ថ្ងៃអង្គារ, 05 វិច្ឆិកា 2019 ម៉ោង 09:20 PM

សេចក្តីប្រកាស