ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច

2021-01-30 03:52:13 ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 10:52 AM
អ្នកមើល 10305
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច» នេះជាប្រសាសន៍លើកឡើងដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងអនុសាសន៍បិទបញ្ចប់កិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការស្រាវជ្រាវ» នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលដែលមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត លោកស្រីបណ្ឌិត និងលោកបណ្ឌិត ដែលសុទ្ធសឹងជាអ្នកជំនាញនិងមានបទពិសោធខ្ពស់ក្នុងកិច្ចការងារស្រាវជ្រាវ និងដែលបានបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាតុមូលនាថ្ងៃនេះថា ជាឱកាសដ៏ល្អមួយដែលរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញវាគ្មិនល្បីៗ និងមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីបង្ហាញអំពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវជូនដល់សាធារណជន ពិសេសអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងសិស្ស និងនិស្សិតដែលមានវត្តមានក្នុងកិច្ចពិភាក្សានេះ និងដែលបានតាមដានតាមការផ្សាយផ្ទាល់លើបណ្ដាញសង្គម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងគាំទ្រចំពោះមតិល្អៗជាច្រើន ដែលត្រូវបានលើកឡើងដោយវាគ្មិនទាំង៤រូបនៅក្នុងបទបង្ហាញ និងការឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូលនាព្រឹកនេះ ហើយព្រមទាំងបានចូលរួមជាអនុសាសន៍ផងដែរថា «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការសិក្សាស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច បើទោះបីជាក្នុងករណីដែលមានកំហុសឆ្គង តែវានឹងមិនក្លាយទៅជាការសោកស្ដាយនោះទេ»។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសរំឭកអំពីទស្សនវិជ្ជាសម្រាប់ការបំពេញភារកិច្ច ពិសេសកិច្ចការងារស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាគឺ «ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ» ដែលរាល់គម្រោងស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែមានលទ្ធផលនិងមានតម្លៃសម្រាប់ជាការអនុវត្ត ដោយពុំមែនជាការលើកគម្រោងដើម្បីយកថវិកាមកចាយវាយនោះទេ។

ថ្លែងគូសបញ្ជាក់ពីភាពចាំបាច់នៃការស្រាវជ្រាវនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏រំឭកជាថ្មីម្ដងទៀត អំពីតួនាទី និងកាតព្វកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមជាស្ថាប័នស្រាវជ្រាវ ដែលមានស្ថាប័នចំណុះ និងស្ថាប័នឧបសម្ព័ន្ធដែលបំពេញការងារលើវិស័យពាក់ព័ន្ធជាច្រើនក្នុងសង្គមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រូវបំពេញការងារដូចមន្ត្រីធ្វើការងារនៅស្ថាប័នរដ្ឋបាលដទៃផ្សេង ដែលត្រឹមតែមកចុះហត្ថលេខា និងបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ ហើយបើកប្រាក់បៀវត្សរ៍នោះទេ ប៉ុន្តែត្រូវតែយកលទ្ធផល សមិទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនតាមជំនាញនិងការទទួលខុសត្រូវរបស់ខ្លួន ដែលជាស្នាដៃស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្ត្រ មានមូលដ្ឋានទិន្នន័យត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងអាចយកទៅអនុវត្តបាន សម្រាប់ជាធាតុចូលផ្ដល់ជូនទៅកាន់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា។

បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដល់អនុសាសន៍បន្ថែម ទៅលើការអប់រំបណ្ដុះបណ្ដាលនៅកម្រិតឧត្ដមសិក្សាបច្ចុប្បន្នតាមសាកលវិទ្យាល័យនានាថា « រាល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សូមកុំអនុវត្តនូវវិធីសាស្ត្រប្រឡងបញ្ចប់ការសិក្សា ត្រូវឱ្យនិស្សិតសរសេរសារណាបញ្ចប់ការសិក្សា ដោយពុំត្រូវផ្ដោតតែទៅលើបរិមាណនិស្សិតដែលត្រូវបានបណ្ដុះបណ្ដាលនោះទេ ត្រូវតែធ្វើការលើកទឹកចិត្តដល់និស្សិតធ្វើការសិក្សាស្រាវជ្រាវ ដើម្បីពង្រីកនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ មានភាពសម្បូរបែប ដើម្បីវឌ្ឍនភាពនៃសង្គមជាតិរបស់យើង»៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ការចូលរួមរបស់ប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងក្បួនព្យុហយាត្រាដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាម បញ្ជាក់ពីកិច្ចសហប្រតិបត្តិការយោធា និងបានរំឭកពីការរួមចំណែកដ៏សំខាន់របស់កម្ពុជានៅក្នុងការបង្រួបបង្រួមជាតិវៀតណាម

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីវៀតណាមបានអញ្ជើញកងទ័រកម្ពុជាចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន ដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសា...

2025-04-29 09:19:36   ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 04:19 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំការប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៃរាជបណ្ឌិត្យសភាកម្ពុជាំ និងដាក់ទិសការងារនៅត្រីមាសបន្ទាប់

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅបន្ទប់ក្រវាន់ អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្...

2025-04-29 08:32:55   ថ្ងៃអង្គារ, 29 មេសា 2025 ម៉ោង 03:32 PM
រាជបណ្ឌិត្យសភាកម្ពុជាបើកទូលាយសម្រាប់ការចូលរួមរបស់បញ្ញវន្តនិងអ្នកសិក្សាស្រាវជ្រាវ ក្នុងសន្និសីទអន្តរជាតិលើកទី១៣ រវាងរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ​ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងវិទ្យាស្ថានបរិស្ថានកូរ៉េ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំណែនាំ និងផ្ដល់អនុសាសន៍ដល់បេក្ខជនដែលជាប់ការវាយតម្លៃជ្រើសរើសជាប់ជាស្ថាព...

2025-04-28 08:33:18   ថ្ងៃចន្ទ, 28 មេសា 2025 ម៉ោង 03:33 PM
បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព...

2025-04-23 08:01:43   ថ្ងៃពុធ, 23 មេសា 2025 ម៉ោង 03:01 PM
ពេលដែលដំរីជល់គ្នា ងាប់ស្រមោចសង្អារ

ដោយ : បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិកនិងចិន បានកើនឡើងហួសពីការប្រជ...

2025-04-23 00:23:32   ថ្ងៃពុធ, 23 មេសា 2025 ម៉ោង 07:23 AM
វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយនឹង...

2025-04-22 07:10:56   ថ្ងៃអង្គារ, 22 មេសា 2025 ម៉ោង 02:10 PM

សេចក្តីប្រកាស