Royal Academy of Cambodia
ស្របពេលដែលទំនាស់ព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹងខ្លាំងឡើងៗដែលចុងក្រោយនេះវិវត្តដល់ការបិទព្រំដែន និងការនាំចេញនាំចូល ភាពមិនច្បាស់លាស់នៃការប្រឈមគ្នាតាមព្រំដែន ព្រមទាំងមានការរើសអើងជាបន្តបន្ទាប់ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៃប្រទេសថៃ មកលើពលរដ្ឋក៏ដូចជាពលករកម្ពុជា ដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញានៅតាមព្រំដែនកម្ពុជា-ថៃ ត្រៀមលក្ខណៈទុកជាមុនដើម្បីសម្របសម្រួលនិងទទួលយកពលករដែលធ្វើមាតុភូមិនិវត្តពីប្រទេសថៃ ការធ្វើដំណើរពីតំបន់ព្រំដែនទៅកាន់ស្រុកកំណើត ព្រមទាំងការផ្សព្វផ្សាយផ្ដល់ព័ត៌មាននិងការសម្របសម្រួលស្វែងរកឱកាសការងារនៅក្នុងស្រុកជាដើម។ ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ប្រកបដោយភាពទទួលខុសត្រូវ និងបានឆ្លុះបញ្ចាំងអំពីការគិតគូរអំពីសេចក្ដីថ្លៃថ្នូរ និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានគូសបញ្ជាក់ថា ដូចដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ក្នុងករណីដែលពលករកម្ពុជាបំពេញការងារនៅប្រទេសថៃទទួលរងការធ្វើទុក្ខបុកម្នេញ និងប្រមាថមាក់ងាយដោយសារតែបញ្ហាទំនាស់ព្រំដែននាពេលចុងក្រោយនេះ ពលរដ្ឋកម្ពុជាទាំងអស់អាចវិលត្រឡប់មកកាន់មាតុភូមិវិញ ទាំងក្នុងរូបភាពវិលត្រឡប់មករស់នៅមួយរយៈពេលខ្លី ឬស្វែងរកឱកាសការងារនៅក្នុងស្រុកជាច្រើន ដែលកំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ទៅតាមស្ថានការណ៍តម្រូវជាក់ស្ដែង ជាមួយនឹងការសម្របសម្រួលពីក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ។ លោកបណ្ឌិត បានលើកឡើងថា ពលករឬពលរដ្ឋខ្មែរដែលប្រឈមនឹងការរងការប្រមាថពីពលរដ្ឋឬថៅកែថៃមួយចំនួន ឬក្រុមអ្នកជាតិនិយមជ្រុលរបស់ថៃមួយចំនួនតូច គួរតែពិចារណាអំពីការវិលត្រឡប់មកប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រោះក្រសួងស្ថាប័ន អាជ្ញាមានសមត្ថកិច្ច និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃប្រទេសកម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេចហើយ នៅក្នុងការទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ចំពោះការចាកចេញរបស់ពលរដ្ឋខ្មែរពីប្រទេសថៃមកកាន់មាតុភូមិកំណើត រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ច្បាស់ជាបានថ្លឹងថ្លែងអំពីផលវិបាកជាវិជ្ជមាន និងអវិជ្ជមាន ព្រមទាំងបានត្រៀមលក្ខណៈទុកជាមុនជាមួយនឹងផែនការដែលមានលក្ខណៈបុរេសកម្ម ពិសេសការវាយតម្លៃទៅលើផលជះសេដ្ឋកិច្ចដែលនឹងកើតមានឡើងពីស្ថានការណ៍វិលត្រឡប់របស់ប្រជាពលករខ្មែរនៅប្រទេសថៃ មុននឹងប្រកាសនិងអំពាវនាវដល់អ្នកដែលជួបប្រទះបញ្ហាប្រឈមក្នុងប្រទេសថៃ អាចពិចារណានិងសម្រេចចិត្តវិលមករស់នៅ និងបំពេញការងារក្នុងប្រទេសកំណើតវិញបាន។ លោកបណ្ឌិត បានបន្ថែមទៀតថា ការប្រកាសដោយទំនុកចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្ហាញពីសមត្ថភាពនៅក្នុងការគ្រប់គ្រងស្ថានការណ៍ និងថាមភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ប្រឈមនឹងការដាក់សម្ពាធ គម្រាមកំហែង ឬការប្រមាថប្រជាពលរដ្ឋខ្មែរពីសំណាក់ប្រទេសជិតខាង ទាំងក្នុងទិដ្ឋភាពនយោបាយ យោធា សកម្មភាពអសីលធម៌ឬការរើសអើងជាតិសាសន៍ជ្រុលនិយមជាដើម។
បើតាមលោកបណ្ឌិត យង់ ពៅ ការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ គឺជាការថ្លឹងថ្លែងទាំងយុទ្ធសាស្ត្រជាមួយនឹងប្រទេសជិតខាង និងជាការគិតគូរយកចិត្តទុកដាក់ចំពោះសេចក្ដីថ្លៃថ្នូរ សុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរនៅឯបរទេសផង និងជាការគិតគូរគ្រប់ជ្រុងជ្រោយចំពោះផលលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលបំពេញការងារនៅក្រៅប្រទេសផង តាមរយៈដាក់ចេញនូវវិធានការគាំទ្រដល់ការវិលត្រឡប់ដោយសុវត្ថិភាពនៅតាមបណ្ដោយព្រំដែន ការរៀបចំមធ្យោបាយធ្វើដំណើរទៅកាន់ស្រុកកំណើត និងការកាត់បន្ថយផលលំបាកខាងហិរញ្ញវត្ថុរបស់ប្រជាពលករខ្មែរ ដែលមួយចំនួនបានជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុ តាមរយៈការសម្របសម្រួលជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្ធូរបន្ថយលក្ខខណ្ឌ និងរយៈពេលនៃការបង់សងជាដើម។ បន្ថែមពីលើនេះ ការប្រកាសផ្ដល់ឱកាសការងារនៅតាមតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសជាដើម គឺជាការផ្ដល់ជម្រើសបន្ថែមទៀត សម្រាប់ប្រជាពលករខ្មែរ នៅក្នុងការសម្រេចចិត្តវិលត្រឡប់ទៅបំពេញការងារនៅបរទេសនៅពេលស្ថានការណ៍ធូរស្រាលវិញ ឬជ្រើសរើសបំពេញការងារនៅក្នុងស្រុកដែលមានទាំងការគាំពារសង្គម និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀត ខណៈតម្រូវការកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា នៅពេលនេះ ប្រជាពលករចំណាកស្រុកទាំងអស់ មានជម្រើសកាន់តែប្រសើរឡើង ទាំងការចាប់យកមុខរបរថ្មីនៅក្នុងស្រុកដែលផ្ដល់នូវលក្ខខណ្ឌការងារជាច្រើន អត្ថប្រយោជន៍ដែលគាំទ្រដោយច្បាប់ការងារកម្ពុជា លក្ខខណ្ឌសុវត្ថិភាព និងការធ្វើដំណើរទៅមកកាន់តែប្រសើរ។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ពិតជាបានវាយតម្លៃគ្រប់ជ្រុងជ្រោយចំពោះការវិវត្តស្ថានការណ៍ជាក់ស្ដែង ទាំងនៅតាមបណ្ដោយព្រំដែន ទាំងនៅក្នុងប្រទេស និងតម្រូវការកម្លាំងពលកម្មនៅក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
ក្រោយចូលកាន់តំណែងជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់នៃជំនួយបរទេសរបស់សហរ...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការកែសម្រួលបន្ថែមលើសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបា...