ព័ត៌មាន

ករណីព្រំដែនកម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីភាពដឹកនាំប្រាកដនិយមប្រកបដោយចក្ខុវិស័យ និងបានបង្ហាញថា នរណាជាអ្នកនយោបាយជាតិនិយម ហើយនរណាជាអ្នកនយោបាយស្រេកឃ្លានតែអំណាច

2025-06-28 11:02:46 ថ្ងៃសៅរ៍, 28 មិថុនា 2025 ម៉ោង 06:02 PM
អ្នកមើល 363
post_detail1

ដោយ៖ លឹម សុវណ្ណរិទ្ធ

វិវាទព្រំដែនកម្ពុជា-ថៃ ដែលបានឆាបឆេះអស់រយៈពេល១ខែកន្លងទៅ ចាប់តាំង​ពី​ព្រឹត្តិការណ៍​ឈ្លាន​ពានរបស់កងទ័ពថៃ ដែលវាយប្រហារទាំងកម្រោលមកលើកងទ័ពកម្ពុជា ក្នុង​ដែន​អធិបតេយ្យភាពកម្ពុជា ​កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បាន​ដុតបញ្ឆេះ​ស្ថាន​ការណ៍​នៅ​តាមព្រំដែនកាន់តែតានតឹងខ្លាំងឡើងៗ រហូតរាលដាល​ដល់​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ការបិទច្រកព្រំដែន និងឈានដល់ការ​ប្រឈមនឹង​ការផ្ទុះ​សង្គ្រាម​រវាងកង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ។ កម្ពុជា​ដែលជាប្រទេសប្រកាន់ជំហរសន្តិភាពនិយម និងការដោះ​ស្រាយ​​បញ្ហា​ដោយ​សន្តិវិធី ត្រូវ​ប្រឈមមុខនឹងសកម្មភាពដ៏គឃ្លើនពីថៃជា​ប្រទេសជិត​ខាង​ខ្លួន ដែល​សម្អាងទៅលើ​ទំហំ​សេដ្ឋកិច្ច និងអំណាចយោធារបស់ខ្លួន ព្យាយាមរំលោភ​បំពាន​ចង់បាន​ទឹក​ដីប្រទេសជិតខាង ដោយមិនខ្វល់ខ្វាយនឹងច្បាប់អន្តរជាតិសោះឡើយ។ កាយ​វិការ​របស់​ប្រទេសថៃនេះ មិនមែនកើតឡើងជាលើកទីមួយនោះទេ ពោលគឺចាប់តាមពី​ដើម​កំណើតនៃ​រដ្ឋសៀម ក្នុងសតវត្សរ៍ទី១៣ (ក្នុងឆ្នាំ១២៣៨ នៅសុខោទ័យ ដែលជាអតីត​ទឹក​ដី​អាណា​ចក្រ​ខ្មែរ) មកម្ល៉េះ ដោយជនជាតិនេះបានអនុវត្ត​នយោបាយ​វាតទីទឹកដីលើរដ្ឋជុំវិញ​ខ្លួនជា​រៀង​ដរាប​រហូតមក។

ទោះបីជាពិភពលោកសម័យទំនើប បណ្ដារដ្ឋស៊ីវិល័យទាំងអស់ បានផ្ដល់​តម្លៃ​ជា​សំខាន់ដល់​ការគោរពច្បាប់អន្តរជាតិ និងការកំណត់ព្រំដែនរដ្ឋដោយយោងតាមច្បាប់និង​លិខិតបទ​ដ្ឋាន​គតិយុត្តិជាអន្តរជាតិក្ដី ក៏ជាតិសាសន៍ថៃដែលបានប្ដូរ​ឈ្មោះពីសៀម​ក្នុង​សតវត្សរ៍ទី២០ នៅតែ​មាន​ផ្នត់គំនិតចាស់គំរឹល ដែលចង់វាតទីទឹកដី​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​​រំលោភ​បំពានលើប្រទេសជិតខាងដដែលដែរ។ ក្រៅតែពីការព្យាយាមរំលោភ​បំពាន​ទឹក​ដី​ប្រទេសជិតខាង អ្នកនយោបាយនិងកងទ័ពថៃ តែងតែបានព្យាយាមប្រើប្រាស់បញ្ហា​ព្រំដែនជាមួយប្រទេសជិតខាង ពិសេសជាមួយនឹង​កម្ពុជា ដើម្បីបញ្ឆេះចរន្តជាតិនិយមជ្រុល និងទាក់ទាញការគាំទ្រពីប្រជាជនថៃ ដើម្បីជា​ឈ្នាន់នៅក្នុងការឈោងក្រសោបអំណាច ឬរក្សាអំណាចជាដើម។ គេដឹងច្បាស់ណាស់ថា នយោបាយផ្ទៃក្នុងរបស់ថៃ មានការ​បែក​បាក់​​គ្នា​ជា​រៀងដរាប ដោយជាទូទៅ នៅក្នុងសង្គម​នយោបាយ​ថៃ​មានចំនួន៣ក្រុមសំខាន់គឺ រដ្ឋាភិបាល​ស៊ីវិលដែលកើតចេញពីការបោះឆ្នោត ក្រុមឧត្ដមសេនីយ៍យោធា និងក្រុមរាជ​វាំង​ដែល​ប្រើប្រាស់អំណាចមហាក្សត្រ ហេតុ​នេះ​ហើយ ទំនាស់ផលប្រយោជន៍​និងអំណាច​រវាង​ក្រុម​ទាំង៣ តែងតែកើតមានឡើងឥតឈប់​ឈរ។ ព្រឹត្តិការណ៍ចូលឈ្លានពាននិង​វាយ​ប្រហារ​លើកងទ័ពកម្ពុជានៅតំបន់មុំបី ដែល​បណ្ដាលឱ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត គឺជាសេនារីយ៉ូនយោបាយមួយរបស់ថៃ ដើម្បី​រុញច្រានសភាពការណ៍នៅតាម​ព្រំដែន​កម្ពុជា-ថៃ ឱ្យផ្ទុះឡើងជាវិបត្តិព្រំដែននិងការប្រឈម​មុខគ្នារវាងកងទ័ពប្រទេសទាំងពីរ ដើម្បី​ដុតបញ្ឆេះកំហឹងជាតិនិយមថៃ ក្នុងគោល​បំណង​ទទួល​បាន​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​ពីប្រជាជនថៃ។

          ការវាយតម្លៃនិងគ្រប់គ្រងស្ថានការណ៍

ដោយមើលឃើញពីចេតនាទុច្ចរឹតខាងលើរបស់ភាគីថៃ និងដោយបន្តប្រកាន់​ជំហរ​សន្តិភាព​និយមនិងការដោះស្រាយ​បញ្ហាដោយសន្តិវិធីដែលជាគោលការណ៍សាកល ថ្នាក់​ដឹក​នាំ​កម្ពុជាមិនបានប្រើប្រាស់មធ្យោបាយយោធា ដើម្បីឆ្លើយតបទៅកាន់ភាគីថៃនោះទេ តែ​មេដឹកនាំកម្ពុជាបានប្រកាសថ្កោលទោសទៅលើការវាយឆ្មក់ឈ្លានពានរបស់ថៃ ហើយ​ក្រសួងការបរទេសកម្ពុជាបានសម្ដែងការតវ៉ាខាងការទូត និងទាមទារឱ្យ​មានការ​ស៊ើប​អង្កេត​ជា​បន្ទាន់និងដោយហ្មត់ចត់ចំពោះបញ្ហានេះ ដោយត្រូវនាំយកបុគ្គលដែលបាញ់ប្រហារ​មក​លើ​កងទ័ពកម្ពុជាទៅផ្តន្ទាទោសតាមច្បាប់។ បន្ថែមពីនេះ មួយថ្ងៃបន្ទាប់ពីមានការឈ្លាន​ពាននិងបាញ់ប្រហារ ជំនួបរវាងមេទ័ព​ជើង​គោកនៃ​ប្រទេស​ទាំង​ពីរក៏ត្រូវបានរៀបចំឡើង​ដើម្បីរក្សាស្ថានការណ៍ព្រំដែនឱ្យមានការស្ងប់ស្ងាត់ និងបញ្ចៀសឱ្យបានសភាពការណ៍កាន់​តែធ្ងន់ធ្ងរទៅតាមសេនារីយ៉ូដែលភាគីថៃចង់បាននោះឡើយ។

          យន្តការតុលាការអន្តរជាតិ

ក្រៅតែពីការតវ៉ាការទូត និង​ការសម្របសម្រួលយោធា ដើម្បីធានាបាននូវ​ដំណោះ​ស្រាយ​ដោយសន្តិភាព បញ្ចៀសនូវ​ការប៉ះទង្គិចរវាងកងទ័ពប្រទេសទាំងពីរ និងបញ្ចប់​ការ​ឈ្លាន​ពានខាងលើរបស់ថៃ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយក​សំណុំ​រឿង​តំបន់​មុំ​៣ ប្រាសាទតាមាន់តូច ប្រាសាទ​តាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការ​យុត្តិ​ធម៌​អន្តរជាតិ (ICJ) ដោយបានប្រកាស​បបួលថៃទៅជាមួយ។ លើសពីនេះ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជាបានអះអាងថា ទោះបីជាថៃ​បដិសេធ ក៏កម្ពុជានៅតែលើក​សំណុំរឿងនេះ​ទៅកាន់​តុលាការ ដើម្បីសម្រេចសេចក្ដី ឈាន​ទៅបញ្ចប់មហិច្ឆតាឈ្លានពានរបស់ភាគីថៃផងដែរ។ ត្រង់ចំណុចនេះ បានបង្ហាញអំពី​សិល្បៈ​នៃការដោះស្រាយបញ្ហាប្រកបដោយភាពម៉ឺងម៉ាត់ ប្រាកដនិយម និងប្រកបដោយ​ចក្ខុ​វិស័យ ព្រោះការលើកយកសំណុំរឿងខាងលើ ទៅ​កាន់​តុលាការ​​យុត្តិ​ធម៌​អន្តរជាតិ ដោយ​ទាត់​ចោលការចរចា​ទាំងឡាយណាលើករណីតំបន់​ទាំង​នេះ រាជរដ្ឋាភិបាល​បាន​ប្រមើល​ឃើញ​ថាការចរចាទ្វេភាគីជាមួយថៃ មិនអាចរារាំង​នូវ​ចេតនា​ទុច្ចរឹតរបស់ថៃ​ដែល​តែង​តែ​ចិញ្ចឹម​ចិត្តលេបយកទឹកដីកម្ពុជានោះទេ ដោយព្រឹត្តិការណ៍​ថ្ងៃទី២៨ ខែឧសភា បង្ហាញ​យ៉ាង​​ច្បាស់​ថា ថៃមិនបានគោរពអនុស្សរណៈ​យោគ​យល់​គ្នា​ឆ្នាំ២០០០ឡើយ។ ហេតុនេះ ការ​ប្រើ​ប្រាស់​យន្តការតុលាការយុត្តិធម៌ ទើបជាការបញ្ចប់​វិវាទនិង​បង្ការ​ការ​ឈ្លាន​ពាន​ពីភាគីថៃ​មកលើតំបន់ខាងលើនេះ ព្រោះនៅពេល​ដែល​តុលាការយុត្តិធម៌អន្តរជាតិ​កាត់​សេចក្ដីជាស្ថាពរ ទោះបីជាថៃចាញ់ក៏ដោយក្ដី ក៏​រដ្ឋាភិបាល​ថៃ អាចមានហេតុផល​បក​ស្រាយ​ប្រាប់ទៅប្រជាពលរដ្ឋខ្លួនបានផងដែរ។ មានន័យថា សភាពការណ៍ព្រំដែននៅតំបន់កំពុងតានតឹង នឹងលែងជាប្រធានបទក្ដៅដែលក្រុម​ឱកាស​និយមថៃលើកយកមកដុតបញ្ឆេះកំហឹងជាតិនិយមបានទៀតហើយ។ បន្ថែមពីនេះ ជំហរ​ខាងលើ​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា​ ក៏បានស​បញ្ជាក់ពីការ​បន្ត​ផ្ដល់​តម្លៃ​លើ​ច្បាប់អន្តរជាតិ និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធីរបស់​កម្ពុជាដែលជាប្រជាជាតិ​ថ្លៃថ្នូរ (យល់ដឹង និងគោរព​ច្បាប់​អន្តរ​ជាតិ) និងមានបេះដូង​សន្តិ​ភាព​និយមផងដែរ។

          ការវាយតម្លៃស្ថានការណ៍ និងត្រៀមលក្ខណៈទុកជាមុន

ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមសម្របសម្រួលជាមួយយោធាថៃ ដើម្បី​រក្សាស្ថានភាពដើមនៅតាម​ព្រំដែន និងជ្រើសយកយន្តការតុលាការអន្តរជាតិ​ដើម្បីដោះ​ស្រាយ​បញ្ចប់​វិវាទ ចៀសវាងការប៉ះទង្គិចខាងយោធាក្នុងរូបភាពណាមួយនាពេលខាងមុខក្ដី ប៉ុន្តែដោយបានមើលឃើញពីមហិច្ឆតាធ្វើសង្គ្រាមបំពានទឹកដីពីភាគីយោធាថៃ រាជ​រដ្ឋាភិបាល​កម្ពុជាក៏​បាន​ត្រៀមលក្ខណៈរួចជាស្រេច នៅក្នុងធានាឱ្យ​បាន​នូវ​សុខសុវត្ថិ​ភាព​របស់​ប្រជាពលរដ្ឋនៅតាមព្រំដែន (តាមរយៈការជម្លៀសប្រជាជន​និងរៀប​ចំ​ទីតាំង​សុវត្ថិ​ភាព​សម្រាប់ជនភៀសខ្លួន) ការត្រៀមលក្ខណៈទទួលពលរដ្ឋខ្មែរ​ដែល​វិល​ត្រឡប់ពីថៃចូល​មក​មាតុ​ភូមិវិញ ការសម្របសម្រួលផ្ដល់ការងារជូនពលករ​ចំណាក​ស្រុក​ដើម្បីសម្រួលបន្ទុក​និងឆ្លើយតបនឹងតម្រូវការការងារ​ក្នុងស្រុក ការសហការ​ជាមួយគ្រឹះស្ថាន​ហិរញ្ញវត្ថុដើម្បីបន្ធូរបន្ថយ​លក្ខខណ្ឌសងប្រាក់​បំណុល​របស់​ពលករចំណាកស្រុក និងការ​ដោះ​ស្រាយមធ្យោបាយ​ធ្វើដំណើរ​សម្រាប់ពលករ​និង​ពល​រដ្ឋ ដែលនឹងវិលចូលប្រទេសហើយ​បន្តដំណើរទៅកាន់​ស្រុក​កំណើត​ជាដើម។ នេះជាការ​វាយ​តម្លៃបានវែងឆ្ងាយ និង​ត្រៀម​លក្ខណៈ​សម្បត្តិគ្រប់ជ្រុង​ជ្រោយក្នុងការបង្ការទុកជាមុនរបស់រាជរដ្ឋាភិបាល ដែលបាន​យក​ចិត្ត​ទុកដាក់​លើ​អាយុ​ជីវិត សុខ​សុវត្ថិ​ភាព ផលប៉ះពាល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវប្រឈម​មុខ ខណៈ​ដែល​ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកាន់តែ​តាន​តឹង​ខ្លាំង​ឡើងជាបន្តបន្ទាប់ ដែល​អាចមានការផ្ទុះអាវុធបង្កហេតុពីសំណាក់ភាគីថៃគ្រប់ពេល​វេលា។

          ការឆ្លើយតបរហ័ស និងជាក់លាក់

ឆ្លើយតបទៅនឹងទង្វើវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជា​ពីសំណាក់​ភាគី​ថៃ ​ដែលមានដូចជា ការបិទព្រំដែនជាឯកតោភាគី ការគម្រាមកាត់ផ្ដាច់អគ្គិសនីនិងអ៊ីន​ធឺ​ណិត ការគម្រាម​បញ្ឈប់​ការនាំចូលប្រេងចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបាន​ប្រកាន់ជំហរ​យ៉ាង​មោះ​មុត និងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារកិត្តិយស​ប្រជាជាតិ និង​បញ្ចៀសមិនឱ្យភាគីថៃប្រើប្រាស់វិស័យពាណិជ្ជកម្មជាចំណាប់​ខ្មាំង​គម្រាម​កំហែង និងដាក់​សម្ពាធ ដើម្បីឱ្យ​កម្ពុជាចុះញមឬបន្ទន់ឥរិយាបថ​នៅ​ចំពោះមុខការ​​បំពាន​ដែនអធិបតេយ្យ​ភាពជាតិខ្លួន។ រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់វិធានការជាបន្ត​បន្ទាប់ដែល​មាន​ដូចជា ការ​កាត់​ផ្ដាច់ការតភ្ជាប់អគ្គិសនី និង​​អ៊ីនធឺណិតពីប្រទេសថៃ ហាម​ឃាត់​ការ​ចាក់​ផ្សាយ​ភាព​យន្តថៃនៅ​តាម​ស្ថានីយ៍​ទូរទស្សន៍ ការសម្រេចបិទច្រកព្រំដែន​ទាំង​ស្រុង ការដោះ​ស្រាយ​បញ្ហា​ផលិត​ផលកសិកម្មខ្មែរ​នៅតាម​ព្រំដែន​ជិតប្រទេសថៃដែល​កន្លង​មក​ត្រូវនាំ​ចេញ​ទៅ​ថៃ ការ​ប្រកាស​បិទការនាំចូលប្រេងឥន្ធនៈពីថៃ ការហាមឃាត់នាំ​ចូល​ទំនិញ​ផ្សេងៗ​ពី​ថៃ និង​ការ​បដិសេធយន្តការពិភាក្សាទ្វេភាគីគ្រប់កម្រិត ដរាបណាភាគីថៃនៅតែបន្តបិទ​ច្រក​ព្រំដែន​ជាដើម។ ត្រង់ចំណុចនេះ យើងមើលឃើញថា ទាំងរដ្ឋាភិបាលនិងក្រុម​យោធា​ថៃ មិន​ត្រឹម​តែមិនអាចវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​បានគ្រប់​ជ្រុង​ជ្រោយប៉ុណ្ណោះទេ ប៉ុន្តែថៃថែមទាំងមានភាពខ្សោយខាងយុទ្ធសាស្ត្រ​នយោបាយ នៅ​ក្នុង​ការប្រឈមមុខនឹងកម្ពុជាថែមទៀតផង។ ថៃហាក់បានលង់លក់ក្នុង​សុបិននាអតីតកាល​ដ៏យូរលង់ ដែលយល់ថាកម្ពុជាពឹងផ្អែកទាំងស្រុង​លើពាណិជ្ជកម្ម​តាម​ព្រំដែនជាមួយថៃ និង​ការដោះដូរផលិតផលផ្សេងៗ ពិសេសការនាំចូលប្រេងពី​ប្រទេសថៃ។ កង្វះសមត្ថភាពវាយ​តម្លៃ​ស្ថានការណ៍ និងភាពខ្សោយនៅក្នុងយុទ្ធសាស្ត្រនយោបាយនេះ បានបន្តផ្ដល់ភាព​អាម៉ាស​ជាខ្លាំងបន្ថែមទៀតដល់ថៃ បន្ទាប់ពីភាពអាម៉ាសដែលខ្លួន​បាន​ចោទថាកម្ពុជា​ឈ្លាន​ពាន ប៉ុន្តែមិនហ៊ានទៅតតាំងនៅតុលាការយុត្តិធម៌អន្តរជាតិ។ មិនត្រឹម​តែប៉ុណ្ណោះ ការបិទ​ច្រក​ព្រំដែនជាឯកតោភាគី បានបង្កនូវផលវិបាកធ្ងន់ធ្ងរសម្រាប់​អ្នក​ជំនួញថៃ និងពលរដ្ឋ​ថៃនៅតាមព្រំដែន ដែលរស់នៅពឹងផ្អែកនិងទទួលផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន​សន្ធឹក​សន្ធាប់​ពីពាណិជ្ជកម្ម​ទ្វេ​ភាគីនេះ ហើយទាំងរដ្ឋាភិបាលនិងក្រុមយោធាថៃ ត្រូវ​ប្រឈម​មុខ​នឹងការខឹងសម្បារ​ពី​សំណាក់អ្នកជំនាញ កសិករ និងផលិតករថៃថែមទៀត​ផង។ ដោយសារ​តែ​ការបង្កភាពតានតឹងនៅតាមបណ្ដោយព្រំដែនជាមួយនឹងកម្ពុជានេះ ថៃនឹង​អាច​ខាត​បង់​ពី​កិច្ចពាណិជ្ជកម្មក្នុងរង្វង់ប្រមាណ១៦លានដុល្លារក្នុង១ថ្ងៃ ឬ៥ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​ក្នុង១ឆ្នាំ ដែលតួលេខនេះនៅមិនទាន់របស់បញ្ចូលនូវ​ចំណូលបាន​មក​ពី​ភ្ញៀវ​ទេសចរ និងអ្នកជំងឺពីកម្ពុជានៅឡើយនោះទេ។

        ទិដ្ឋភាពការទូត

ជោគជ័យមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ នៅក្នុងទិដ្ឋភាពការទូត ពោលរាជរដ្ឋាភិបាលកម្ពុជាដែលឈរនៅលើគោលការណ៍សន្តិភាពនិយម (ជំហរ​ដោះ​ស្រាយ​បញ្ហាដោយ​សន្តិវិធី) និងការគោរពច្បាប់អន្តរជាតិ ដែលជាគោលការណ៍​គ្រឹះនៅ​ក្នុង​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញអាស៊ាន កម្ពុជាទទួលបានការគាំទ្រ​យ៉ាង​ចំហរពីសំណាក់បណ្ដាប្រទេសទាំងឡាយ រាប់ទាំងមហាអំណាចពិភពលោក និងមហា​អំណាចតំបន់។ ជាមួយគ្នានេះ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី​ទៅកាន់សាធារណរដ្ឋបារាំង និងនៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងនាពេលថ្មីៗ​កន្លង​ទៅនេះ បារាំងបាន​បង្ហាញជំហរគាំទ្រកម្ពុជាទាំងនៅផ្នែកស្មារតី និងការផ្ដល់ឯកសារនានា​ពាក់​ព័ន្ធនឹង​ព្រំដែន​កម្ពុជា-ថៃ ព្រោះបារាំងគឺជាអ្នកតំណាងកម្ពុជា (ក្នុងសម័យអាណានិគម) ចុះ​ហត្ថ​លេខា​លើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងផែនទីព្រំដែនរវាង​ប្រទេស​កម្ពុជា​និងថៃ។ ហេតុនេះ បារាំងពិតជាមានភាពចាំបាច់នៅក្នុងការធានាឱ្យមានការ​គោរពនិងអនុវត្តឱ្យខាងតែបាននូវលិខិតបទដ្ឋានមានតម្លៃជាច្បាប់អន្តរជាតិនេះ ហើយមាន​តែ​បារាំងទេដែលបានដឹងប្រាកដ និងអាចបកស្រាយបានច្បាស់លាស់ជាងគេនូវខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ។ នៅក្នុងទិដ្ឋភាពការទូតនេះដែរ កាលពីថ្ងៃទី១៧ មិថុនា រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា បានជួបប្រជុំជាមួយបណ្តាអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់ អំពីការវិវត្តថ្មី នៃស្ថានការណ៍ ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនេះគឺជាការបើកសមរភូមិការទូតមួយបន្ថែមទៀតរបស់កម្ពុជា ប្រឈមនឹងការបំភ្លៃ​ហេតុការណ៍ និងបង្វែងសាច់រឿងពីសំណាក់រដ្ឋាភិបាលនិងអ្នកសារព័ត៌មាននៃប្រទេសថៃ ពាក់ព័ន្ធនឹងសំណុំរឿងវិវាទព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីលើនេះ ស្របពេលដែលស្ថាន​ការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងតែតានតឹង ក្នុងរយៈពេលចុងក្រោយនេះ គេឃើញមាន​វត្ត​មាននៃមន្ត្រីជាន់ខ្ពស់ក៏ដូចជាថ្នាក់ដឹកនាំបណ្ដាប្រទេសមួយចំនួន បានអញ្ជើញនិងគ្រោង​អញ្ជើញ​បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ ដែលក្នុងនោះរួមមាន ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រីសិង្ហបុរី រដ្ឋមន្រ្តីការពារជាតិអាម៉េរិក មេបញ្ជាការ​កង​ស្វ័យ​ការ​ពារ​ជើង​គោកជប៉ុន និងឧបការីរងរដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​អាម៉េរិកជាដើម។ ចំណុចទាំងនេះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសកម្ពុជានៅ​ក្នុងភូមិសាស្ត្រនយោបាយតំបន់ ក៏ដូចជាអំណាចការទូតរបស់ប្រទេសកម្ពុជាផងដែរ ដែល​បានទាក់ទាញចំណាប់អារម្មណ៍បណ្ដាប្រទេសនានា ឱ្យយកចិត្តទុកដាក់ចំពោះសំណុំ​រឿង​ព្រំដែនកម្ពុជា-ថៃ។

          ការពង្រឹងសាមគ្គីភាព និងបង្រួបបង្រួមស្មារតីជាតិនិយម

ប្រឈមមុខនឹងសកម្មភាពឈ្លានពានដ៏គឃ្លើន និងការបង្កហេតុជាច្រើន ធ្វើឡើង​ដោយយោធាថៃ និងដើម្បីបំផុសស្មារតីជាតិនិយមនិងបង្ហាញពីសាមគ្គីភាពជាតិខ្មែរ ថ្នាក់​ដឹកនាំកម្ពុជាបានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជន​ទាំងអស់​នៅ​កម្ពុជា ចូលរួមចលនាឧបត្ថម្ភគាំទ្រដល់កងទ័ពកម្ពុជាដែលឈរជើងនៅតាម​បណ្ដោយព្រំដែន​កម្ពុជា-ថៃ ដែលសកម្មភាពនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្រួបបង្រួម​ស្មារតីជាតិនិយម និងបង្ហាញពីមនសិកាជាតិរួមគ្នាជាធ្លុងមួយរបស់ប្រជាជាតិខ្មែរ។ ជា​លទ្ធ​ផល មហាជនគ្រប់ស្រទាប់វណ្ណៈបានចូលរួមយ៉ាងផុសផុលទៅតាមការអំពាវនាវរបស់ថ្នាក់​ដឹកនាំកម្ពុជា ដែលការណ៍នេះ​បាន​បង្ហាញពីស្មារតីជាតិនិយម និងឆន្ទៈសាមគ្គីជាតិ​យ៉ាង​មុត​មាំ​ ព្រមទាំងឆ្លុះបញ្ចាំងពីមនសិកានិងឯកភាពជាតិរួមតែមួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជឿជាក់ទៅលើមេដឹកនាំ​របស់​ខ្លួន ដែលខុស​គ្នាទាំង​ស្រុង​ពី​ទិដ្ឋភាពនៅក្នុង​សង្គមថៃ​នា​ពេល​បច្ចុប្បន្ន។ ការរួបរួមគ្នា​ជាធ្លុងមួយ ពិតជាមានគុណតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះ​នៅ​ពេល​ដែលមេដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានសាមគ្គីភាព ឯកភាពជាតិ និង​ឆន្ទៈរួមគ្នាតែមួយ គោលបំណងដែលគេប្រាថ្នារួមគ្នា ពិតជាងាយស្រួលនឹងសម្រេចជោគ​ជ័យទៅបាន ដូចពាក្យមួយឃ្លាដែលលើកឡើងថា “ប្រជាជនជាខឿនការពារជាតិដ៏រឹងមាំ” និងសុភាសិតខ្មែរមួយឃ្លាចារថា “ចង្កឹះមួយបាច់ កាច់មិនបាក់”។

          វត្តមាននៃនយោបាយគ្រោះថ្នាក់ចំពោះជាតិ

ទោះបីជាទង្វើឈ្លានពានរបស់ថៃ បានជំរុញឱ្យខ្មែរគ្រប់និន្នាការនិងគ្រប់​ស្រទាប់​វណ្ណៈរួបរួមសាមគ្គីភាពនិងមានស្មារតីជាតិនិយមជាធ្លុងតែមួយក្ដី ក៏មជ្ឈដ្ឋាននយោបាយ​ប្រឆាំង​មួយចំនួន ពិសេសអតីតប្រធាន​គណបក្សប្រឆាំងដែលនៅក្រៅប្រទេស ហាក់ដូច​ជា​មិន​បានសាទរចំពោះការបំផុសស្មារតី​ជាតិនិយម និងការឯកភាពគ្នាជាធ្លុងមួយរបស់ខ្មែរនៅ​ចំពោះមុខការឈ្លានពានពីសំណាក់​ប្រទេសជិតខាងឡើយ។ លើសពីនេះ សកម្មជន​ និងអ្នកនយោបាយប្រឆាំងមួយចំនួន មិនតែមិនបានគាំទ្រ លើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្ត​ដល់កងទ័ពនៅសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានថតវីដេអូ និងបង្កើតមាតិកា ក៏​ដូច​ជាព័ត៌មានក្លែងក្លាយ ដើម្បីបំបាក់ទឹកចិត្តកងទ័ព និងបំផ្លាញសាមគ្គីភាពនិងស្មារតី​ចូល​រួម​ជាធ្លុង​មួយ​រវាង​ប្រជា​ពលរដ្ឋ រដ្ឋាភិបាល និងកងទ័ពទៅវិញ។

ជាដរាបរហូតមក អ្នក​នយោបាយប្រឆាំង ពិសេសអតីតប្រធានគណបក្ស​ប្រឆាំង​ តែង​តែ​ព្យាយាមចោទប្រកាន់ ​បន្ទុច​បង្អាក់ និងដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល និង​គណ​បក្ស​​កាន់​អំណាច នៅគ្រប់បញ្ហា គ្រប់ទិដ្ឋភាពនិងកាលៈទេសៈទាំងអស់ ដោយ​ធ្វើ​យ៉ាង​ណា ញុះញង់ឬបំភ័ន្តមតិប្រជាជនឱ្យខឹងស្អប់ ឬលែងមានទំនុកចិត្តលើ​រដ្ឋាភិបាល ដើម្បី​ប្រយោជន៍នយោបាយផ្ទាល់របស់ខ្លួននិងក្រុម។ ជាការពិតណាស់ អ្នកនយោបាយ​ច្រើនតែ​ប្រើ​ប្រាស់ឧបាយនិងវោហារសាស្ត្រវាយប្រហារ ឬចោទប្រកាន់​ទៅ​គូ​ភាគី ដើម្បីខ្លួន​យក​ប្រៀប​ឬទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ ប៉ុន្តែនៅករណី​ប្រទេស​ជាតិកំពុងជួប​ប្រទះ​នឹងសត្រូវខាងក្រៅ គេមិនគួរយកផលប្រយោជន៍​នយោបាយ​សួន​តួ​មក​ដឹក​មុខ ហើយ​ប្រតិដ្ឋរឿងវាយប្រហារគូភាគី ដោយមិនគិតអំពី​គ្រោះថ្នាក់របស់​ជាតិ​នៅចំពោះមុខ​ដូច្នេះ​ឡើយ។ តើ​គេ​អាចចាត់ទុកថានេះគឺជាទង្វើក្បត់​ជាតិដែរឬយ៉ាងណា? ឬមួយក៏អ្នក​នយោបាយ​ប្រឆាំង​ទាំង​នោះ​ពិតជា​បំភ្លេច​ចោលឧត្ដម​ប្រយោជន៍ជាតិ ហើយនៅតែបន្ត​ប្រកាន់​ជំហរមានះថា ប្រជាប្រិយ​ភាព​​របស់​គណបក្សកាន់អំណាច គឺជា​ផ្នូរ​កប់​ជីវិត​នយោបាយ​របស់អ្នកនយោបាយប្រឆាំង?

អ្នកនយោបាយដែលបាត់បង់មនសិកាជាតិ និងគ្មានស្មារតីជាតិនិយម ហ៊ានធ្វើអ្វីៗ​គ្រប់យ៉ាងដើម្បីតែប្រយោជន៍នយោបាយសួនតួ គឺជាអ្នកនយោបាយ​ដែលគ្រោះ​ថ្នាក់​បំផុត​សម្រាប់ប្រជាជាតិមួយ ហើយប្រជាពលរដ្ឋពិត​ជា​ពុំត្រូវការនយោបាយអត្តឃាត​ជាតិ​សាសន៍​ឯងដូច្នេះឡើយ។ នៅចំពោះមុខការឈ្លានពាន​របស់បរទេស អ្នកនយោបាយទាំង​អស់ គួរតែប្រកាន់ជំហរជាតិនិយម សាមគ្គីភាព និងការរួបរួមគ្នាជាធ្លុងតែមួយ ហើយ​រួម​ចំណែកទៅតាមលទ្ធភាពនិងនៅគ្រប់ទិដ្ឋភាព ប្រឆាំងនឹងការរំលោភបំពានពីបរទេស។ បទ​ពិសោធន៍ប្រវត្តិសាស្ត្រខ្មែរ និងប្រវត្តិសាស្ត្រសាកលលោក បានបង្រៀនយើងយ៉ាង​ច្បាស់ថា មានតែការរួបរួមនិងសាមគ្គីជាតិជាធ្លុងមួយទេ ទើបយើងអាចយកឈ្នះសត្រូវ​ពីខាង​ក្រៅ​បាន តួយ៉ាងដូចជា ការបង្រួបបង្រួមជាតិរបស់ព្រះបាទជ័យវរ្ម័នទី២ នៅក្នុងបុព្វ​ហេតុ​រំដោះ​ប្រទេស​ចេញពីការត្រួតត្រារបស់បរទេស និងការរួបរួម​គ្នារវាងកង​ទ័ព​ជាតិ​និយម​និងកង​ទ័ព​កុម្មុយ​នីស្តចិន ប្រឆាំងនឹងកងទ័ពជប៉ុននៅក្នុងសង្គ្រាមលោកលើកទីមួយជាដើម សុទ្ធសឹងតែបាននាំមក​នូវ​ជោគ​ជ័យសម្រាប់ប្រជាជាតិ និងមនុស្សជំនាន់ក្រោយ ហើយទាំងនេះ​ជាមេរៀន​ដ៏​សំខាន់​ដែល​អ្នក​នយោបាយ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរៀនសូត្រ និងយក​គម្រូអនុវត្តតាម៕

អត្ថបទទាក់ទង

តើកម្ពុជាគួរនាំចូលម្ហូបអាហារពីប្រទេសជិតខាងដែរឬទេ?

ដោយ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ​កម្ពុជា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែល​សម្បូរធនធានធម្មជាតិនិងសក្តានុពលកសិកម្ម កំពុងប្រឈមនឹងការសម្រេចចិត្តដ៏ស្មុគស្មាញមួយ ពោលគឺ ថាតើ កម្ព...

2025-05-20 08:27:23   ថ្ងៃអង្គារ, 20 ឧសភា 2025 ម៉ោង 03:27 PM
បណ្ឌិត យង់ ពៅ៖ ការរក្សាទុកអាកាសយានដ្ឋានចាស់សម្រាប់បម្រើប្រយោជន៍ សាធារណៈ ជារឿងគួរអបអរសាទរ ទាំងក្នុងតម្លៃជាប្រវត្តិសាស្ត្រ និងការបិទបញ្ចប់ការទាញភ្ជាប់អនាគតអាកាសយានដ្ឋានចាស់ទៅនឹងរឿងនយោបាយ

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតី​នាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ...

2025-05-20 08:16:32   ថ្ងៃអង្គារ, 20 ឧសភា 2025 ម៉ោង 03:16 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយឯកឧត្ដម ហ្សាក់ ប៉េឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉...

2025-05-19 09:47:29   ថ្ងៃចន្ទ, 19 ឧសភា 2025 ម៉ោង 04:47 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ពិភាក្សាការងារជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុកសុខភាពនិងបរិស្ថាននៃក្រសួងសុខាភិបាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារគម្រោងកសាងសាល...

2025-05-16 11:52:19   ថ្ងៃសុក្រ, 16 ឧសភា 2025 ម៉ោង 06:52 PM
៦៩ឆ្នាំនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី : ភាពធន់ ទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការជាក់ស្តែង

ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា           ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី៦៩ឆ្នាំនៃទំនាក់ទំន...

2025-05-13 11:20:57   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 06:20 PM
បណ្ឌិត យង់ ពៅ៖ សមាជជាលើកដំបូងនៃស្ថាប័ននីតិប្បញ្ញត្តិ នឹងរំលេចពីការជជែកគ្នាជាពហុមតិ ដើម្បីប្រមូលទស្សនៈរួមរបស់ជាតិដើម្បីអភិវឌ្ឍប្រទេស

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរៀបចំសមាជិករវាងរដ្ឋសភានិងព្រឹទ្ធសភានៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ លោកបណ្ឌិត យង់ ពៅ បានចែករំលែកទស្សនៈយល់ឃើញថា នេះគឺជាសមាជជាប្រវត្តិសាស្ត្រលើកទីមួយនៅក្...

2025-05-13 08:26:29   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 03:26 PM

សេចក្តីប្រកាស