Royal Academy of Cambodia
ដោយ៖ លឹម សុវណ្ណរិទ្ធ
វិវាទព្រំដែនកម្ពុជា-ថៃ ដែលបានឆាបឆេះអស់រយៈពេល១ខែកន្លងទៅ ចាប់តាំងពីព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ ដែលវាយប្រហារទាំងកម្រោលមកលើកងទ័ពកម្ពុជា ក្នុងដែនអធិបតេយ្យភាពកម្ពុជា កាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានដុតបញ្ឆេះស្ថានការណ៍នៅតាមព្រំដែនកាន់តែតានតឹងខ្លាំងឡើងៗ រហូតរាលដាលដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ការបិទច្រកព្រំដែន និងឈានដល់ការប្រឈមនឹងការផ្ទុះសង្គ្រាមរវាងកងទ័ពនៃប្រទេសទាំងពីរ។ កម្ពុជាដែលជាប្រទេសប្រកាន់ជំហរសន្តិភាពនិយម និងការដោះស្រាយបញ្ហាដោយសន្តិវិធី ត្រូវប្រឈមមុខនឹងសកម្មភាពដ៏គឃ្លើនពីថៃជាប្រទេសជិតខាងខ្លួន ដែលសម្អាងទៅលើទំហំសេដ្ឋកិច្ច និងអំណាចយោធារបស់ខ្លួន ព្យាយាមរំលោភបំពានចង់បានទឹកដីប្រទេសជិតខាង ដោយមិនខ្វល់ខ្វាយនឹងច្បាប់អន្តរជាតិសោះឡើយ។ កាយវិការរបស់ប្រទេសថៃនេះ មិនមែនកើតឡើងជាលើកទីមួយនោះទេ ពោលគឺចាប់តាមពីដើមកំណើតនៃរដ្ឋសៀម ក្នុងសតវត្សរ៍ទី១៣ (ក្នុងឆ្នាំ១២៣៨ នៅសុខោទ័យ ដែលជាអតីតទឹកដីអាណាចក្រខ្មែរ) មកម្ល៉េះ ដោយជនជាតិនេះបានអនុវត្តនយោបាយវាតទីទឹកដីលើរដ្ឋជុំវិញខ្លួនជារៀងដរាបរហូតមក។
ទោះបីជាពិភពលោកសម័យទំនើប បណ្ដារដ្ឋស៊ីវិល័យទាំងអស់ បានផ្ដល់តម្លៃជាសំខាន់ដល់ការគោរពច្បាប់អន្តរជាតិ និងការកំណត់ព្រំដែនរដ្ឋដោយយោងតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាអន្តរជាតិក្ដី ក៏ជាតិសាសន៍ថៃដែលបានប្ដូរឈ្មោះពីសៀមក្នុងសតវត្សរ៍ទី២០ នៅតែមានផ្នត់គំនិតចាស់គំរឹល ដែលចង់វាតទីទឹកដីដោយប្រើប្រាស់កម្លាំងទ័ពរំលោភបំពានលើប្រទេសជិតខាងដដែលដែរ។ ក្រៅតែពីការព្យាយាមរំលោភបំពានទឹកដីប្រទេសជិតខាង អ្នកនយោបាយនិងកងទ័ពថៃ តែងតែបានព្យាយាមប្រើប្រាស់បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ពិសេសជាមួយនឹងកម្ពុជា ដើម្បីបញ្ឆេះចរន្តជាតិនិយមជ្រុល និងទាក់ទាញការគាំទ្រពីប្រជាជនថៃ ដើម្បីជាឈ្នាន់នៅក្នុងការឈោងក្រសោបអំណាច ឬរក្សាអំណាចជាដើម។ គេដឹងច្បាស់ណាស់ថា នយោបាយផ្ទៃក្នុងរបស់ថៃ មានការបែកបាក់គ្នាជារៀងដរាប ដោយជាទូទៅ នៅក្នុងសង្គមនយោបាយថៃមានចំនួន៣ក្រុមសំខាន់គឺ រដ្ឋាភិបាលស៊ីវិលដែលកើតចេញពីការបោះឆ្នោត ក្រុមឧត្ដមសេនីយ៍យោធា និងក្រុមរាជវាំងដែលប្រើប្រាស់អំណាចមហាក្សត្រ ហេតុនេះហើយ ទំនាស់ផលប្រយោជន៍និងអំណាចរវាងក្រុមទាំង៣ តែងតែកើតមានឡើងឥតឈប់ឈរ។ ព្រឹត្តិការណ៍ចូលឈ្លានពាននិងវាយប្រហារលើកងទ័ពកម្ពុជានៅតំបន់មុំបី ដែលបណ្ដាលឱ្យទាហានកម្ពុជាម្នាក់បាត់បង់ជីវិត គឺជាសេនារីយ៉ូនយោបាយមួយរបស់ថៃ ដើម្បីរុញច្រានសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យផ្ទុះឡើងជាវិបត្តិព្រំដែននិងការប្រឈមមុខគ្នារវាងកងទ័ពប្រទេសទាំងពីរ ដើម្បីដុតបញ្ឆេះកំហឹងជាតិនិយមថៃ ក្នុងគោលបំណងទទួលបានប្រជាប្រិយភាពនិងការគាំទ្រពីប្រជាជនថៃ។
ការវាយតម្លៃនិងគ្រប់គ្រងស្ថានការណ៍
ដោយមើលឃើញពីចេតនាទុច្ចរឹតខាងលើរបស់ភាគីថៃ និងដោយបន្តប្រកាន់ជំហរសន្តិភាពនិយមនិងការដោះស្រាយបញ្ហាដោយសន្តិវិធីដែលជាគោលការណ៍សាកល ថ្នាក់ដឹកនាំកម្ពុជាមិនបានប្រើប្រាស់មធ្យោបាយយោធា ដើម្បីឆ្លើយតបទៅកាន់ភាគីថៃនោះទេ តែមេដឹកនាំកម្ពុជាបានប្រកាសថ្កោលទោសទៅលើការវាយឆ្មក់ឈ្លានពានរបស់ថៃ ហើយក្រសួងការបរទេសកម្ពុជាបានសម្ដែងការតវ៉ាខាងការទូត និងទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់និងដោយហ្មត់ចត់ចំពោះបញ្ហានេះ ដោយត្រូវនាំយកបុគ្គលដែលបាញ់ប្រហារមកលើកងទ័ពកម្ពុជាទៅផ្តន្ទាទោសតាមច្បាប់។ បន្ថែមពីនេះ មួយថ្ងៃបន្ទាប់ពីមានការឈ្លានពាននិងបាញ់ប្រហារ ជំនួបរវាងមេទ័ពជើងគោកនៃប្រទេសទាំងពីរក៏ត្រូវបានរៀបចំឡើងដើម្បីរក្សាស្ថានការណ៍ព្រំដែនឱ្យមានការស្ងប់ស្ងាត់ និងបញ្ចៀសឱ្យបានសភាពការណ៍កាន់តែធ្ងន់ធ្ងរទៅតាមសេនារីយ៉ូដែលភាគីថៃចង់បាននោះឡើយ។
យន្តការតុលាការអន្តរជាតិ
ក្រៅតែពីការតវ៉ាការទូត និងការសម្របសម្រួលយោធា ដើម្បីធានាបាននូវដំណោះស្រាយដោយសន្តិភាព បញ្ចៀសនូវការប៉ះទង្គិចរវាងកងទ័ពប្រទេសទាំងពីរ និងបញ្ចប់ការឈ្លានពានខាងលើរបស់ថៃ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកសំណុំរឿងតំបន់មុំ៣ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយបានប្រកាសបបួលថៃទៅជាមួយ។ លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា ទោះបីជាថៃបដិសេធ ក៏កម្ពុជានៅតែលើកសំណុំរឿងនេះទៅកាន់តុលាការ ដើម្បីសម្រេចសេចក្ដី ឈានទៅបញ្ចប់មហិច្ឆតាឈ្លានពានរបស់ភាគីថៃផងដែរ។ ត្រង់ចំណុចនេះ បានបង្ហាញអំពីសិល្បៈនៃការដោះស្រាយបញ្ហាប្រកបដោយភាពម៉ឺងម៉ាត់ ប្រាកដនិយម និងប្រកបដោយចក្ខុវិស័យ ព្រោះការលើកយកសំណុំរឿងខាងលើ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយទាត់ចោលការចរចាទាំងឡាយណាលើករណីតំបន់ទាំងនេះ រាជរដ្ឋាភិបាលបានប្រមើលឃើញថាការចរចាទ្វេភាគីជាមួយថៃ មិនអាចរារាំងនូវចេតនាទុច្ចរឹតរបស់ថៃដែលតែងតែចិញ្ចឹមចិត្តលេបយកទឹកដីកម្ពុជានោះទេ ដោយព្រឹត្តិការណ៍ថ្ងៃទី២៨ ខែឧសភា បង្ហាញយ៉ាងច្បាស់ថា ថៃមិនបានគោរពអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ឡើយ។ ហេតុនេះ ការប្រើប្រាស់យន្តការតុលាការយុត្តិធម៌ ទើបជាការបញ្ចប់វិវាទនិងបង្ការការឈ្លានពានពីភាគីថៃមកលើតំបន់ខាងលើនេះ ព្រោះនៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិកាត់សេចក្ដីជាស្ថាពរ ទោះបីជាថៃចាញ់ក៏ដោយក្ដី ក៏រដ្ឋាភិបាលថៃ អាចមានហេតុផលបកស្រាយប្រាប់ទៅប្រជាពលរដ្ឋខ្លួនបានផងដែរ។ មានន័យថា សភាពការណ៍ព្រំដែននៅតំបន់កំពុងតានតឹង នឹងលែងជាប្រធានបទក្ដៅដែលក្រុមឱកាសនិយមថៃលើកយកមកដុតបញ្ឆេះកំហឹងជាតិនិយមបានទៀតហើយ។ បន្ថែមពីនេះ ជំហរខាងលើរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានសបញ្ជាក់ពីការបន្តផ្ដល់តម្លៃលើច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់កម្ពុជាដែលជាប្រជាជាតិថ្លៃថ្នូរ (យល់ដឹង និងគោរពច្បាប់អន្តរជាតិ) និងមានបេះដូងសន្តិភាពនិយមផងដែរ។
ការវាយតម្លៃស្ថានការណ៍ និងត្រៀមលក្ខណៈទុកជាមុន
ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមសម្របសម្រួលជាមួយយោធាថៃ ដើម្បីរក្សាស្ថានភាពដើមនៅតាមព្រំដែន និងជ្រើសយកយន្តការតុលាការអន្តរជាតិដើម្បីដោះស្រាយបញ្ចប់វិវាទ ចៀសវាងការប៉ះទង្គិចខាងយោធាក្នុងរូបភាពណាមួយនាពេលខាងមុខក្ដី ប៉ុន្តែដោយបានមើលឃើញពីមហិច្ឆតាធ្វើសង្គ្រាមបំពានទឹកដីពីភាគីយោធាថៃ រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមលក្ខណៈរួចជាស្រេច នៅក្នុងធានាឱ្យបាននូវសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន (តាមរយៈការជម្លៀសប្រជាជននិងរៀបចំទីតាំងសុវត្ថិភាពសម្រាប់ជនភៀសខ្លួន) ការត្រៀមលក្ខណៈទទួលពលរដ្ឋខ្មែរដែលវិលត្រឡប់ពីថៃចូលមកមាតុភូមិវិញ ការសម្របសម្រួលផ្ដល់ការងារជូនពលករចំណាកស្រុកដើម្បីសម្រួលបន្ទុកនិងឆ្លើយតបនឹងតម្រូវការការងារក្នុងស្រុក ការសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបន្ធូរបន្ថយលក្ខខណ្ឌសងប្រាក់បំណុលរបស់ពលករចំណាកស្រុក និងការដោះស្រាយមធ្យោបាយធ្វើដំណើរសម្រាប់ពលករនិងពលរដ្ឋ ដែលនឹងវិលចូលប្រទេសហើយបន្តដំណើរទៅកាន់ស្រុកកំណើតជាដើម។ នេះជាការវាយតម្លៃបានវែងឆ្ងាយ និងត្រៀមលក្ខណៈសម្បត្តិគ្រប់ជ្រុងជ្រោយក្នុងការបង្ការទុកជាមុនរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់លើអាយុជីវិត សុខសុវត្ថិភាព ផលប៉ះពាល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលនឹងត្រូវប្រឈមមុខ ខណៈដែលស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកាន់តែតានតឹងខ្លាំងឡើងជាបន្តបន្ទាប់ ដែលអាចមានការផ្ទុះអាវុធបង្កហេតុពីសំណាក់ភាគីថៃគ្រប់ពេលវេលា។
ការឆ្លើយតបរហ័ស និងជាក់លាក់
ឆ្លើយតបទៅនឹងទង្វើវិទ្ធង្សនាសេដ្ឋកិច្ចកម្ពុជាពីសំណាក់ភាគីថៃ ដែលមានដូចជា ការបិទព្រំដែនជាឯកតោភាគី ការគម្រាមកាត់ផ្ដាច់អគ្គិសនីនិងអ៊ីនធឺណិត ការគម្រាមបញ្ឈប់ការនាំចូលប្រេងចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរយ៉ាងមោះមុត និងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារកិត្តិយសប្រជាជាតិ និងបញ្ចៀសមិនឱ្យភាគីថៃប្រើប្រាស់វិស័យពាណិជ្ជកម្មជាចំណាប់ខ្មាំងគម្រាមកំហែង និងដាក់សម្ពាធ ដើម្បីឱ្យកម្ពុជាចុះញមឬបន្ទន់ឥរិយាបថនៅចំពោះមុខការបំពានដែនអធិបតេយ្យភាពជាតិខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ដែលមានដូចជា ការកាត់ផ្ដាច់ការតភ្ជាប់អគ្គិសនី និងអ៊ីនធឺណិតពីប្រទេសថៃ ហាមឃាត់ការចាក់ផ្សាយភាពយន្តថៃនៅតាមស្ថានីយ៍ទូរទស្សន៍ ការសម្រេចបិទច្រកព្រំដែនទាំងស្រុង ការដោះស្រាយបញ្ហាផលិតផលកសិកម្មខ្មែរនៅតាមព្រំដែនជិតប្រទេសថៃដែលកន្លងមកត្រូវនាំចេញទៅថៃ ការប្រកាសបិទការនាំចូលប្រេងឥន្ធនៈពីថៃ ការហាមឃាត់នាំចូលទំនិញផ្សេងៗពីថៃ និងការបដិសេធយន្តការពិភាក្សាទ្វេភាគីគ្រប់កម្រិត ដរាបណាភាគីថៃនៅតែបន្តបិទច្រកព្រំដែនជាដើម។ ត្រង់ចំណុចនេះ យើងមើលឃើញថា ទាំងរដ្ឋាភិបាលនិងក្រុមយោធាថៃ មិនត្រឹមតែមិនអាចវាយតម្លៃស្ថានភាពសេដ្ឋកិច្ចនិងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជាបានគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ប៉ុន្តែថៃថែមទាំងមានភាពខ្សោយខាងយុទ្ធសាស្ត្រនយោបាយ នៅក្នុងការប្រឈមមុខនឹងកម្ពុជាថែមទៀតផង។ ថៃហាក់បានលង់លក់ក្នុងសុបិននាអតីតកាលដ៏យូរលង់ ដែលយល់ថាកម្ពុជាពឹងផ្អែកទាំងស្រុងលើពាណិជ្ជកម្មតាមព្រំដែនជាមួយថៃ និងការដោះដូរផលិតផលផ្សេងៗ ពិសេសការនាំចូលប្រេងពីប្រទេសថៃ។ កង្វះសមត្ថភាពវាយតម្លៃស្ថានការណ៍ និងភាពខ្សោយនៅក្នុងយុទ្ធសាស្ត្រនយោបាយនេះ បានបន្តផ្ដល់ភាពអាម៉ាសជាខ្លាំងបន្ថែមទៀតដល់ថៃ បន្ទាប់ពីភាពអាម៉ាសដែលខ្លួនបានចោទថាកម្ពុជាឈ្លានពាន ប៉ុន្តែមិនហ៊ានទៅតតាំងនៅតុលាការយុត្តិធម៌អន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ការបិទច្រកព្រំដែនជាឯកតោភាគី បានបង្កនូវផលវិបាកធ្ងន់ធ្ងរសម្រាប់អ្នកជំនួញថៃ និងពលរដ្ឋថៃនៅតាមព្រំដែន ដែលរស់នៅពឹងផ្អែកនិងទទួលផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ពីពាណិជ្ជកម្មទ្វេភាគីនេះ ហើយទាំងរដ្ឋាភិបាលនិងក្រុមយោធាថៃ ត្រូវប្រឈមមុខនឹងការខឹងសម្បារពីសំណាក់អ្នកជំនាញ កសិករ និងផលិតករថៃថែមទៀតផង។ ដោយសារតែការបង្កភាពតានតឹងនៅតាមបណ្ដោយព្រំដែនជាមួយនឹងកម្ពុជានេះ ថៃនឹងអាចខាតបង់ពីកិច្ចពាណិជ្ជកម្មក្នុងរង្វង់ប្រមាណ១៦លានដុល្លារក្នុង១ថ្ងៃ ឬ៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិកក្នុង១ឆ្នាំ ដែលតួលេខនេះនៅមិនទាន់របស់បញ្ចូលនូវចំណូលបានមកពីភ្ញៀវទេសចរ និងអ្នកជំងឺពីកម្ពុជានៅឡើយនោះទេ។
ទិដ្ឋភាពការទូត
ជោគជ័យមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ នៅក្នុងទិដ្ឋភាពការទូត ពោលរាជរដ្ឋាភិបាលកម្ពុជាដែលឈរនៅលើគោលការណ៍សន្តិភាពនិយម (ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី) និងការគោរពច្បាប់អន្តរជាតិ ដែលជាគោលការណ៍គ្រឹះនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញអាស៊ាន កម្ពុជាទទួលបានការគាំទ្រយ៉ាងចំហរពីសំណាក់បណ្ដាប្រទេសទាំងឡាយ រាប់ទាំងមហាអំណាចពិភពលោក និងមហាអំណាចតំបន់។ ជាមួយគ្នានេះ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់សាធារណរដ្ឋបារាំង និងនៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំងនាពេលថ្មីៗកន្លងទៅនេះ បារាំងបានបង្ហាញជំហរគាំទ្រកម្ពុជាទាំងនៅផ្នែកស្មារតី និងការផ្ដល់ឯកសារនានាពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ព្រោះបារាំងគឺជាអ្នកតំណាងកម្ពុជា (ក្នុងសម័យអាណានិគម) ចុះហត្ថលេខាលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងផែនទីព្រំដែនរវាងប្រទេសកម្ពុជានិងថៃ។ ហេតុនេះ បារាំងពិតជាមានភាពចាំបាច់នៅក្នុងការធានាឱ្យមានការគោរពនិងអនុវត្តឱ្យខាងតែបាននូវលិខិតបទដ្ឋានមានតម្លៃជាច្បាប់អន្តរជាតិនេះ ហើយមានតែបារាំងទេដែលបានដឹងប្រាកដ និងអាចបកស្រាយបានច្បាស់លាស់ជាងគេនូវខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ នៅក្នុងទិដ្ឋភាពការទូតនេះដែរ កាលពីថ្ងៃទី១៧ មិថុនា រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបប្រជុំជាមួយបណ្តាអង្គទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន២៧ប្រទេស ដើម្បីធ្វើការពន្យល់ អំពីការវិវត្តថ្មី នៃស្ថានការណ៍ ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនេះគឺជាការបើកសមរភូមិការទូតមួយបន្ថែមទៀតរបស់កម្ពុជា ប្រឈមនឹងការបំភ្លៃហេតុការណ៍ និងបង្វែងសាច់រឿងពីសំណាក់រដ្ឋាភិបាលនិងអ្នកសារព័ត៌មាននៃប្រទេសថៃ ពាក់ព័ន្ធនឹងសំណុំរឿងវិវាទព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីលើនេះ ស្របពេលដែលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កំពុងតែតានតឹង ក្នុងរយៈពេលចុងក្រោយនេះ គេឃើញមានវត្តមាននៃមន្ត្រីជាន់ខ្ពស់ក៏ដូចជាថ្នាក់ដឹកនាំបណ្ដាប្រទេសមួយចំនួន បានអញ្ជើញនិងគ្រោងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ ដែលក្នុងនោះរួមមាន ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីសិង្ហបុរី រដ្ឋមន្រ្តីការពារជាតិអាម៉េរិក មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកជាដើម។ ចំណុចទាំងនេះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសកម្ពុជានៅក្នុងភូមិសាស្ត្រនយោបាយតំបន់ ក៏ដូចជាអំណាចការទូតរបស់ប្រទេសកម្ពុជាផងដែរ ដែលបានទាក់ទាញចំណាប់អារម្មណ៍បណ្ដាប្រទេសនានា ឱ្យយកចិត្តទុកដាក់ចំពោះសំណុំរឿងព្រំដែនកម្ពុជា-ថៃ។
ការពង្រឹងសាមគ្គីភាព និងបង្រួបបង្រួមស្មារតីជាតិនិយម
ប្រឈមមុខនឹងសកម្មភាពឈ្លានពានដ៏គឃ្លើន និងការបង្កហេតុជាច្រើន ធ្វើឡើងដោយយោធាថៃ និងដើម្បីបំផុសស្មារតីជាតិនិយមនិងបង្ហាញពីសាមគ្គីភាពជាតិខ្មែរ ថ្នាក់ដឹកនាំកម្ពុជាបានប្រកាសអំពាវនាវឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ និងវិស័យឯកជនទាំងអស់នៅកម្ពុជា ចូលរួមចលនាឧបត្ថម្ភគាំទ្រដល់កងទ័ពកម្ពុជាដែលឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលសកម្មភាពនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្រួបបង្រួមស្មារតីជាតិនិយម និងបង្ហាញពីមនសិកាជាតិរួមគ្នាជាធ្លុងមួយរបស់ប្រជាជាតិខ្មែរ។ ជាលទ្ធផល មហាជនគ្រប់ស្រទាប់វណ្ណៈបានចូលរួមយ៉ាងផុសផុលទៅតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំកម្ពុជា ដែលការណ៍នេះបានបង្ហាញពីស្មារតីជាតិនិយម និងឆន្ទៈសាមគ្គីជាតិយ៉ាងមុតមាំ ព្រមទាំងឆ្លុះបញ្ចាំងពីមនសិកានិងឯកភាពជាតិរួមតែមួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលជឿជាក់ទៅលើមេដឹកនាំរបស់ខ្លួន ដែលខុសគ្នាទាំងស្រុងពីទិដ្ឋភាពនៅក្នុងសង្គមថៃនាពេលបច្ចុប្បន្ន។ ការរួបរួមគ្នាជាធ្លុងមួយ ពិតជាមានគុណតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះនៅពេលដែលមេដឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានសាមគ្គីភាព ឯកភាពជាតិ និងឆន្ទៈរួមគ្នាតែមួយ គោលបំណងដែលគេប្រាថ្នារួមគ្នា ពិតជាងាយស្រួលនឹងសម្រេចជោគជ័យទៅបាន ដូចពាក្យមួយឃ្លាដែលលើកឡើងថា “ប្រជាជនជាខឿនការពារជាតិដ៏រឹងមាំ” និងសុភាសិតខ្មែរមួយឃ្លាចារថា “ចង្កឹះមួយបាច់ កាច់មិនបាក់”។
វត្តមាននៃនយោបាយគ្រោះថ្នាក់ចំពោះជាតិ
ទោះបីជាទង្វើឈ្លានពានរបស់ថៃ បានជំរុញឱ្យខ្មែរគ្រប់និន្នាការនិងគ្រប់ស្រទាប់វណ្ណៈរួបរួមសាមគ្គីភាពនិងមានស្មារតីជាតិនិយមជាធ្លុងតែមួយក្ដី ក៏មជ្ឈដ្ឋាននយោបាយប្រឆាំងមួយចំនួន ពិសេសអតីតប្រធានគណបក្សប្រឆាំងដែលនៅក្រៅប្រទេស ហាក់ដូចជាមិនបានសាទរចំពោះការបំផុសស្មារតីជាតិនិយម និងការឯកភាពគ្នាជាធ្លុងមួយរបស់ខ្មែរនៅចំពោះមុខការឈ្លានពានពីសំណាក់ប្រទេសជិតខាងឡើយ។ លើសពីនេះ សកម្មជន និងអ្នកនយោបាយប្រឆាំងមួយចំនួន មិនតែមិនបានគាំទ្រ លើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តដល់កងទ័ពនៅសមរភូមិមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានថតវីដេអូ និងបង្កើតមាតិកា ក៏ដូចជាព័ត៌មានក្លែងក្លាយ ដើម្បីបំបាក់ទឹកចិត្តកងទ័ព និងបំផ្លាញសាមគ្គីភាពនិងស្មារតីចូលរួមជាធ្លុងមួយរវាងប្រជាពលរដ្ឋ រដ្ឋាភិបាល និងកងទ័ពទៅវិញ។
ជាដរាបរហូតមក អ្នកនយោបាយប្រឆាំង ពិសេសអតីតប្រធានគណបក្សប្រឆាំង តែងតែព្យាយាមចោទប្រកាន់ បន្ទុចបង្អាក់ និងដាក់បន្ទុកទៅលើរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច នៅគ្រប់បញ្ហា គ្រប់ទិដ្ឋភាពនិងកាលៈទេសៈទាំងអស់ ដោយធ្វើយ៉ាងណា ញុះញង់ឬបំភ័ន្តមតិប្រជាជនឱ្យខឹងស្អប់ ឬលែងមានទំនុកចិត្តលើរដ្ឋាភិបាល ដើម្បីប្រយោជន៍នយោបាយផ្ទាល់របស់ខ្លួននិងក្រុម។ ជាការពិតណាស់ អ្នកនយោបាយច្រើនតែប្រើប្រាស់ឧបាយនិងវោហារសាស្ត្រវាយប្រហារ ឬចោទប្រកាន់ទៅគូភាគី ដើម្បីខ្លួនយកប្រៀបឬទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ ប៉ុន្តែនៅករណីប្រទេសជាតិកំពុងជួបប្រទះនឹងសត្រូវខាងក្រៅ គេមិនគួរយកផលប្រយោជន៍នយោបាយសួនតួមកដឹកមុខ ហើយប្រតិដ្ឋរឿងវាយប្រហារគូភាគី ដោយមិនគិតអំពីគ្រោះថ្នាក់របស់ជាតិនៅចំពោះមុខដូច្នេះឡើយ។ តើគេអាចចាត់ទុកថានេះគឺជាទង្វើក្បត់ជាតិដែរឬយ៉ាងណា? ឬមួយក៏អ្នកនយោបាយប្រឆាំងទាំងនោះពិតជាបំភ្លេចចោលឧត្ដមប្រយោជន៍ជាតិ ហើយនៅតែបន្តប្រកាន់ជំហរមានះថា ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច គឺជាផ្នូរកប់ជីវិតនយោបាយរបស់អ្នកនយោបាយប្រឆាំង?
អ្នកនយោបាយដែលបាត់បង់មនសិកាជាតិ និងគ្មានស្មារតីជាតិនិយម ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែប្រយោជន៍នយោបាយសួនតួ គឺជាអ្នកនយោបាយដែលគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជាតិមួយ ហើយប្រជាពលរដ្ឋពិតជាពុំត្រូវការនយោបាយអត្តឃាតជាតិសាសន៍ឯងដូច្នេះឡើយ។ នៅចំពោះមុខការឈ្លានពានរបស់បរទេស អ្នកនយោបាយទាំងអស់ គួរតែប្រកាន់ជំហរជាតិនិយម សាមគ្គីភាព និងការរួបរួមគ្នាជាធ្លុងតែមួយ ហើយរួមចំណែកទៅតាមលទ្ធភាពនិងនៅគ្រប់ទិដ្ឋភាព ប្រឆាំងនឹងការរំលោភបំពានពីបរទេស។ បទពិសោធន៍ប្រវត្តិសាស្ត្រខ្មែរ និងប្រវត្តិសាស្ត្រសាកលលោក បានបង្រៀនយើងយ៉ាងច្បាស់ថា មានតែការរួបរួមនិងសាមគ្គីជាតិជាធ្លុងមួយទេ ទើបយើងអាចយកឈ្នះសត្រូវពីខាងក្រៅបាន តួយ៉ាងដូចជា ការបង្រួបបង្រួមជាតិរបស់ព្រះបាទជ័យវរ្ម័នទី២ នៅក្នុងបុព្វហេតុរំដោះប្រទេសចេញពីការត្រួតត្រារបស់បរទេស និងការរួបរួមគ្នារវាងកងទ័ពជាតិនិយមនិងកងទ័ពកុម្មុយនីស្តចិន ប្រឆាំងនឹងកងទ័ពជប៉ុននៅក្នុងសង្គ្រាមលោកលើកទីមួយជាដើម សុទ្ធសឹងតែបាននាំមកនូវជោគជ័យសម្រាប់ប្រជាជាតិ និងមនុស្សជំនាន់ក្រោយ ហើយទាំងនេះជាមេរៀនដ៏សំខាន់ដែលអ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវរៀនសូត្រ និងយកគម្រូអនុវត្តតាម៕
By Dr. Kin Phea, Director General of the International Relations Institute of Cambodia, Royal Academy of Cambodia May 13, 2025, marks the 69th anniversary of diplomatic relations between Cambodia and...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្...
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានភាពសង្គម បានអំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី ខណៈដែល...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិកនៅកម្ពុជា មិនថាជាការវិនិយោគផលិតសម្រាប់លក់នៅទីផ្សារក្នុងស្រុក ឬសម្រាប់ការនាំចេញនោ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភាឆ្នាំ ២០២៥ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយអ្នកស្រី Sirinapa RAN...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក...