ដោយ៖ លឹម សុវណ្ណរិទ្ធ

          សង្គ្រាមព្រំដែនរវាងកម្ពុជានិងថៃ បានផ្ទុះឡើងសារជាថ្មី ដោយសារភាគីថៃបាន​សម្រេច​ចិត្ត​ជា​ឯក​តោ​ភាគី​ចង់បិទខ្ទប់ប្រាសាទតាមាន់ធំរបស់កម្ពុជា មិនឱ្យភ្ញៀវទេសចរ​ចូល​ទស្សនា និងបាន​បើក​ការវាយប្រហារដោយកម្រោលមកលើកងទ័ពកម្ពុជា ដែល​កំពុង​ឈរ​ជើងនៅតំបន់​ប្រាសាទ​តាមាន់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលជាការ​រំលោភ​​បំពានយ៉ាង​ធ្ងន់​ធ្ងរ​លើ​ដែនអធិបតេយ្យភាពកម្ពុជា ជាហេតុធ្វើឱ្យកងទ័ពកម្ពុជា ត្រូវ​បង្ខំ​ចិត្ត​ប្រើប្រាស់​សិទ្ធិ​ការ​ពារខ្លួន និងការពារដែនអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន វាយ​បក​ប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃវិញ។ នេះគឺជាការ​រំលោភ​បំពានជាថ្មីម្ដង​ទៀត​របស់​កងទ័ពថៃ ដែលប្រមាថទៅលើច្បាប់អន្តរជាតិ បំពានគោលការណ៍ធម្មនុញ្ញសហ​ប្រជា​ជាតិ​និងអាស៊ាន និងជាការរំលោភលើ​អនុស្សរណៈ​យោគ​យល់គ្នា (MoU) ឆ្នាំ២០០០ ដែល​ភាគី​ទាំងពីរ កម្ពុជា-ថៃបានចុះហត្ថ​លេខាព្រម​ព្រៀង​គ្នា។

          គេអាចយល់ដឹងបានយ៉ាងច្បាស់ថា ហេតុផលដែលថៃឈានដល់ការប្រើ​ប្រាស់​យោធា​​ដើម្បី​ឈ្លាន​ពានវាយប្រហារលើប្រទេសកម្ពុជា គឺដើម្បីលុប​លាង​ភាព​អាម៉ាស់​របស់​ខ្លួន ៥​ចំណុច​គឺ ១. អសមត្ថភាពរបស់មេដឹកនាំថៃនៅចំពោះមុខ​វិបត្តិនយោបាយផ្ទៃក្នុង​ដែល​ទ័ល​ច្រក​និង​បែក​បាក់​សង្គម​ធ្ងន់​ធ្ងរ​ជា​ច្រើនក្រុម ២. ភាពអាម៉ាស់មិនហ៊ាន​តតាំង​ជាមួយ​​កម្ពុជា​នៅតុលាការ​យុត្តិធម៌​អន្តរ​ជាតិ នៅក្នុង​សំណុំ​រឿង​ព្រំដែនប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និង​តំបន់​មុំបី (ថៃអះអាងថាប្រាសាទនិងតំបន់ទាំងនេះ ជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួន តែបែរជាគ្មាន​សង្ឃឹមថានឹងប្រើប្រាស់​ផែនទី​ចោររបស់ខ្លួន​ដើម្បី​យក​ឈ្នះ​កម្ពុជាបាន) ៣. វិបត្តិសេដ្ឋកិច្ចនិងការស្ដីបន្ទោសពីសំណាក់​អ្នករកស៊ី​និង​ប្រជាជន​ថៃ ចំពោះបញ្ហាបង្កឡើងដោយការបិទព្រំដែនជាឯកតោភាគីរបស់មេទ័ពថៃ ៤.ការ​អួត​អាង​អំពី​សមត្ថភាពយោធារបស់ថៃប្រឈមនឹងកម្ពុជា ប៉ុន្តែគ្រាន់តែទាហានខ្លួនមាន​បំណង​​រំលោភ​អធិបតេយ្យភាពកម្ពុជា ដើរខុសតម្រុយចាស់ ក៏ត្រូវជាន់មីន (ដែល​បន្សល់​សម័យ​ពី​សង្គ្រាម​ស៊ីវិលនៅកម្ពុជានាអតីតកាល) ពិការនិងរង​របួស​ជា​បន្ត​បន្ទាប់ ៥. ភាព​អាម៉ាស់​ដោយ​សារ​តែ​ការមិនអើពើរបស់ភាគី​ទូតបរទេស​ ចំពោះការ​ចោទ​ប្រកាន់​របស់​ខ្លួន​មក​​លើ​កម្ពុជា​ថា បង្កប់​មីន​ថ្មីនៅតាមព្រំដែន ដោយ​សារ​តែគេ​បាន​ដឹង​ពី​ពុត​ត្បុត​របស់​ថៃ។ ដោយ​សារ​តែ​ហេតុ​ផលខាងលើនេះ ភាគីថៃបានយកលេសថា យុវជនខ្មែរទៅ​ទស្សនា​ប្រាសាទ​​តាមាន់​ធំ​ច្រើន​លើស​លុប (ខណៈប្រជាជនថៃដែលទៅទស្សនាមានចំនួនតិចតួច ព្រោះ​ដឹងថា​ប្រាសាទ​នេះ​ជាកម្មសិទ្ធិរបស់កម្ពុជា) ថៃបានសម្រេច​​ជាឯកតោ​ភាគី​បិទ​ប្រាសាទ​តាមាន់ធំ និងបើកការ​វាយ​ប្រហារមកលើកងកម្លាំងកម្ពុជា ដែលស្ថិត​ក្នុង​បរិវេណ​តំបន់​ប្រាសាទនេះ ដែលជាការរំលោភ​លើ​បន្ទាត់ក្រហមរបស់រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លង​មកតែងតែបានរក្សា​ភាព​អត់​ធ្មត់ជា​អតិបរមា​ចំពោះ​ទង្វើដ៏គឃ្លើនរបស់ថៃ-សៀម និង​ព្យាយាមប្រើប្រាស់យន្តការច្បាប់អន្តរជាតិ យន្តការការទូត និងការ​ចរចា​ដើម្បី​បញ្ចៀស​ការ​ប្រឈមខាងអាវុធ​ជាមួយ​ប្រទេស​ជិត​ខាង។ ទោះជាយ៉ាងណា ការ​ការពារ​ដែន​អធិប​តេយ្យ​ភាព គឺជាគោលការណ៍ដ៏ចម្បង​និង​កាតព្វ​កិច្ចដ៏ចាំបាច់​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ដែល​​ត្រូវ​បានកំណត់នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា ហើយ​ប្រឈមនឹង​ទង្វើ​ឈ្លាន​ពានជាក់ស្ដែងម្ដងហើយម្ដងទៀត​ពី​ភាគី​ថៃ ពិសេសការចាប់​ផ្ដើម​បាញ់ប្រហារ​មុន​ពី​កង​ទ័ពឈ្លានពានថៃ កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពីឆ្លើយតប​ដោយ​យោធាទៅវិញនោះទេ។

          ទោះជាស្ថានការណ៍ពិតជាក់ស្ដែងគឺយ៉ាងនេះក្ដី ក៏ទាំងរដ្ឋាភិបាលនិងកងទ័ពថៃ ដែល​សម្រេច​ចិត្ត​ប្រើ​ប្រាស់​កម្លាំងបាយដើម្បីឈ្លានពានកម្ពុជាថ្មី បែរជាមិនហ៊ាន​ទទួល​ខុស​ត្រូវ ដោយខ្លួនហ៊ានធ្វើ​តែមិន​ហ៊ាន​ទទួល​ទៅវិញ និងថែមទាំងបានប្រតិដ្ឋរឿងហេតុ បំភ្លៃ​ព័ត៌​មាន បំភ័ន្តសាធារណៈមតិ​និង​សហគមន៍​អន្តរ​ជាតិ តាមទំនៀមទម្លាប់របស់ជនជាតិថៃ ដោយ​ក្រឡាស់រឿងចោទ​ប្រកាន់​មក​លើ​កម្ពុជា​ដែល​ជាអ្នករងគ្រោះ ថាជាអ្នកចាប់ផ្ដើម​ការ​វាយ​ប្រហារទៅវិញ។ ទោះជាយ៉ាងនេះក្ដី បណ្ដា​ប្រទេស​នានា​លើពិភពលោកដែលបានតាម​ដាន​ស្ថានការណ៍វិវត្ត នេះវិវាទព្រំដែនកម្ពុជា-ថៃ ពិតជា​អាច​ស្វែង​យល់បានថា នរណា​ជា​ចោរ ហើយនរណាជាជនរងគ្រោះ។ ជាក់ស្ដែង ករណី​ទាហាន​ថៃ​បាន​ដើរខុស​តម្រាយ​ផ្លូវ​ចាស់​ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា (ដើម្បីចៀសវាងការប៉ះទង្គិចតាមព្រំដែន) ហើយ​រំលោភ​ចូល​​មក​ក្នុង​ដែនអធិបតេយ្យភាពកម្ពុជា និងបានជាន់មីន (បន្សល់ពីសម័យសង្គ្រាម​ស៊ីវិលនៅ​កម្ពុជា) រដ្ឋាភិបាលថៃបានអញ្ជើញអនុព័ន្ធយោធា ចំនួន៤៧ប្រទេសឱ្យចូលរួម​ស្ដាប់​បទ​បង្ហាញ​និងការបកស្រាយរបស់ខ្លួន តែភាគីចូលរួមមានតែ ១៧ប្រទេស ព្រោះគេ​បាន​ដឹង​អំពី​ចរិត​ពុតត្បុតរបស់ថៃ ហើយមិនត្រឹមតែប៉ុណ្ណោះអនុព័ន្ធយោធាដែលចូលរួម ថែមទាំងមិនបាន​បង្ហាញ​ការចាប់អារម្មណ៍ មិនបានផ្ទៀងផ្ទាត់ រឹតតែមិនបាន​សួរ​សំណួរ​ថែម​ទៅទៀត។ បណ្ដា​ភាគីទូតនិងប្រទេសជាដៃគូនានារបស់ថៃពិតជាអាចជ្រួត​ជ្រាបយ៉ាង​ច្បាស់​​អំពី​ចេតនា​ទុច្ចរឹតរបស់ថៃមកលើកម្ពុជា តាមរយៈការសង្កេតលើការវិវត្តនៃព្រឹត្តិការណ៍ ជំហរជាបន្តបន្ទាប់​របស់​​គូភាគី​ទាំង​ពីរ និងហេតុផលសច្ចភាព (ប្រទេសតូចគ្មានហេតុផល​ទៅ​ឈ្លាន​​ពាន​ប្រទេសធំមុន) ប៉ុន្តែ​នៅក្នុង​ហេតុ​ផលការទូត និងការរក្សាទំនាក់ទំនងល្អ​ជាមួយ​ភាគីទាំងពីរ គេពិបាក​នឹង​ចេញ​មុខ​​ថ្កោល​ទោសថៃដែលជាអ្នកបង្កហេតុ ឬគាំទ្រ​ប្រទេស​កម្ពុជាដែលជាជនរងគ្រោះណាស់។ ទោះជាយ៉ាង​ណាក៏​ដោយ ហេតុការណ៍​ឈ្លាន​ពាន​ជាថ្មី និងការប្រតិដ្ឋស្ថានការណ៍របស់ភាគីថៃ បានបង្ហាញ​ឱ្យគេ​ឃើញ​បន្ថែមទៀតអំពី ចរិតលក្ខណៈកំសាករបស់អ្នកនយោបាយ និងទាហានស្រេកឃ្លាន​អំណាចរបស់ថៃ ដែល​មិន​ហ៊ានទទួលស្គាល់នូវសកម្មភាពជាចោរព្រៃរបស់ខ្លួន និងគេច​វេស​ពី​ការទទួលខុសត្រូវ ដូចគ្នានឹងករណី ដែលទាហានវ័យចំណាស់របស់ថៃមួយរូបបាន​វាយ​មក​លើកងទ័ពកម្ពុជា ហើយរត់ប្រាសអាយុយ៉ាងលឿន ប៉ុន្តែត្រូវបានប្រជាជនថៃមួយ​ចំនួន​លើក​តម្កើងថាជា វីរៈបុរស និងករណីដែលថៃអះអាងថាប្រាសាទនិងតំបន់ស្ថិតក្នុងវិវាទជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែមិនហ៊ានឡើងទៅតុលាការយុត្តិធម៌អន្តរជាតិទៅវិញ។

          សកម្មភាពឈ្លានពានជាថ្មីនៅក្នុងខែកក្កដា ឆ្នាំ២០២៥ មកលើប្រទេសកម្ពុជា បានស​បញ្ជាក់បន្ថែមទៀត អំពីចរិតលក្ខណៈនៃជាតិសាសន៍ថៃ-សៀម ដែលក្នុងប្រវត្តិសាស្ត្រធ្លាប់​ជា​ចោរ​ឈ្លាន​ពាន​វាត​ទីទឹកដីលើប្រទេសជិតខាង ដោយមិនស្គាល់នូវអ្វីជាច្បាប់អន្តរជាតិ និង​អ្វីជា​គោល​ការណ៍​រស់នៅប្រកបដោយសន្តិសហវិជ្ជមាន នៅ​ក្នុង​ពិភព​លោក​នា​សម័យ​ទំនើប។ ពោល​គឺ​ថៃ​សម្អាងលើសព្វាវុធនិងកម្លាំងយោធាដែលខ្លួនមាន បង្កើត​ផែន​ទី​ចោរ គូស​វាស​យកទឹកដីប្រទេសជិតខាងដែល​ខ្លួនត្រូវ​ដណ្ដើម​យកមកកាន់កាប់ ដូចគ្នាទៅនឹង​ទង្វើ​របស់​ហ៊ីត្លែ​នៅ​ក្នុងសម័យសង្គ្រាម​លោក​លើក​ទី​ពីរ​ដូច្នោះដែរ។ ហេតុនេះហើយ ទើប​បានថៃដែលជាភាគីឈ្លានពាន បានទាត់ចោលនូវសំណើរបស់ សហរដ្ឋអាម៉េរិក ចិន ម៉ាឡេស៊ី កូរ៉េ និងវៀតណាម អំពីការចរចាបញ្ចប់ជម្លោះជាមួយកម្ពុជា ទង្វើឈ្លាន​ពាន​ដ៏​គឃ្លើននេះ ក៏ជាការ​ឆ្លុះ​បញ្ចាំងឥរិយាបថនៃ​ប្រជាជាតិ​ដែល​និយមប្រើច្បាប់ព្រៃ ប្រមាថ​ច្បាប់​អន្តរជាតិ និងគោល​ការណ៍ដោះស្រាយ​បញ្ហាដោយ​សន្តិវិធី ដែលមានចែងទាំងនៅ​ក្នុង​ធម្មនុញ្ញសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដែល​ទាម​ទារ​ឱ្យសហគមន៍អន្តរជាតិ និង​មហា​អំណាចដែលមានទំនួលខុសត្រូវចំពោះសន្តិភាព និង​សន្តិសុខពិភពលោក ចាត់​វិធានការ​ចំពោះ​ប្រទេសថៃជាភាគីឈ្លានពាន និងអន្តរាគមន៍​ទប់ស្កាត់​ការ​បង្ហូរ​ឈាមរវាង​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ។ ទោះបីជាយ៉ាងណា ក្រោយការដាក់​សំណើ​របស់​រាជ​រដ្ឋាភិបាល ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ថាប័នដែលធានាសន្តិភាព និង​សន្តិសុខ​ពិភព​លោកមួយនេះ បានចេញសេចក្ដីសម្រេច ៣ចំណុចគឺ ១-អំពាវ​នាវ​ឱ្យ​ប្រកាន់​យក​ការ​អត់ធ្មត់ជាអតិបរមា ២-បញ្ឈប់ហិង្សាប្រដាប់អាវុធ និង៣-ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ សហគមន៍អន្តរជាតិពិតជាបានមើលឃើញយ៉ាងប្រត្សក្រថា ចំណុចទាំង៣នេះ​សុទ្ធសឹង​តែ​ជា​ជំហរដែលកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន​ជារៀងរហូតមកហើយ តែគឺភាគីថៃទៅវិញទេ ដែលបានបំពានឥតឈប់ឈរ រហូត​ប្រើ​ប្រាស់កម្លាំងយោធាវាយប្រហារលើ​អធិបតេយ្យ​ភាព​កម្ពុជា​ជាថ្មីទៀត ដែលជាការបង្ខំឱ្យ​កម្ពុជាអស់ការអត់ធ្មត់ និងត្រូវតែចាត់វិធានការ​ឆ្លើយ​តប​ដោយ​ម៉ឺង​ម៉ាត់ ដើម្បីការពារដែន​អធិបតេយ្យភាព និងបូរណភាពទឹកដី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ស្របតាមច្បាប់និងគោលការណ៍អន្តរជាតិ។ ត្រង់ចំណុចនេះ សហគមន៍អន្តរជាតិ គួរ​តែពិនិត្យលទ្ធភាពចាត់វិធានការអន្តរាគមន៍ឱ្យកាន់តែជាក់ស្ដែង និងកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញថែរក្សា និងការពារសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងបង្ហាញ​តួនាទី​កាន់តែប្រសើរបន្ថែម​ទៀតរបស់មហាអំណាចពិភពលោក ពិសេសក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការសហប្រជាជាតិ ដែលជាស្ថាប័នមានសមត្ថកិច្ចកំពូលនិងតែមួយគត់របស់ពិភពលោក។

          ជារួម អ្វីដែលបាន​លើកឡើងទាំងអស់ខាងលើនេះបានសបញ្ជាក់យ៉ាងប្រាកដថា ប្រទេសថៃបច្ចុប្បន្ន ក្រៅតែពីមាន​មហិច្ឆតាឈ្លានពានកាន់កាប់ទឹកដីប្រទេសជិតខាងបន្ត​ពីអតីតកាលរហូតមក ប្រទេស​នេះថែមទាំងមានក្បាល​ម៉ាស៊ីន​ដឹកនាំដែលគ្មាន​យុទ្ធ​សាស្ត្រ​ជាក់លាក់នៅក្នុងការដឹកនាំ ព្រួយបារម្ភតែការបាត់បង់អំណាចរបស់ខ្លួន ចាប់អ្វីក៏ខុស ធ្វើអ្វី​ក៏​មិនកើត បង្កើតបញ្ហាព្រំដែនជាមួយប្រទេសនៅជុំវិញខ្លួន ពិសេស​បង្កវិវាទ​ព្រំដែន​ជាមួយ​កម្ពុជាដើម្បីលុបលាងភាពអាម៉ាស់ និងបញ្ឆេះចរន្តជាតិនិយម ក្នុងគោលដៅបង្វែរ​ស្ថាន​ការណ៍​និងប្រមូលការគាំទ្រ​ពីប្រជាជនរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេច​ចិត្ត​ឈ្លានពានដើម្បីតែអំណាច និងលុបលាង​ភាពអាម៉ាស់ទាំង៥ចំណុច​របស់អ្នក​នយោបាយ​​និង​ក្រុម​មេ​ទ័ពថៃទាំងនេះ គ្រាន់តែជាការ​បង្ហាញបន្ថែមទៀត​ដល់សហគមន៍​អន្តរ​ជាតិ​នូវរូបភាព “ប្រទេសស៊ីវិល័យ តែមានចរិតប្រើច្បាប់ព្រៃ” ដូចដែលថៃធ្លាប់​ប្រទេស​មហា​អំណាចហៅថា “ប្រទេសអសីលធម៌ចំពោះច្បាប់អន្តរជាតិ” នៅក្នុង​ពេល​អតីត​កាល​តែប៉ុណ្ណោះ៕