ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ នៅក្នុងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ត្រូវជំរុញឱ្យប្រជាជននិងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ

2019-12-09 04:50:44 ថ្ងៃចន្ទ, 09 ធ្នូ 2019 ម៉ោង 11:50 AM
អ្នកមើល 9043
post_detail

សៀមរាប៖ ថ្លែងនៅក្នុងឱកាសបើក «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១» រៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នាខេត្តសៀមរាបកន្លងទៅនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជាអនុសាសន៍គន្លឹះថា «កម្ពុជា-ចិន ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គប្បីត្រូវជំរុញឱ្យប្រជាជននឹងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ទាំងរវាងរដ្ឋាភិបាល និងទាំងក្នុងស្រទាប់មហាជននៃប្រទេសទាំងពីរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា ទោះបីជាទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល បានឈានដល់កម្រិតកំពូលក្ដី ក៏ប៉ុន្តែរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅមានទិដ្ឋភាពជាច្រើនដែលមិនទាន់យល់ច្បាស់ពីគ្នានៅ ឡើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «នៅប្រទេសចិន កម្រចិននិយាយខ្មែរណាស់ តែនៅកម្ពុជា ខ្មែរច្រើនដែលនិយាយភាសាចិន និងថែមទាំងប្រារព្ធបុណ្យចូលឆ្នាំចិនទៀតផង ត្រង់នេះ អ្នកវិទ្យាសាស្ត្រប្រទេសទាំងពីរត្រូវធ្វើយ៉ាងណាឱ្យខ្មែរយល់ថា អ្វីទៅជាចូលឆ្នាំចិន ប៉ុន្តែមិនទាន់មានសៀវភៅណាសរសេរជាភាសាខ្មែរអំពីបុណ្យចូលឆ្នាំចិននោះឡើយ»។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំងពីរ គប្បីត្រូវតែធ្វើការសិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយអំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ នៅពេលណាដែលប្រជាជនយល់អំពីគ្នាស៊ីជម្រៅ វានឹងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ ហើយគេមិនត្រូវនិយាយតែអំពីទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ តែប្រជាជននិងប្រជាជនមិនយល់ពីគ្នានោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងវប្បធម៌កម្ពុជា-ចិនបន្ថែមថា ជនជាតិចិនដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជានៅក្នុងប្រវត្តិសាស្ត្រយូរយារមកហើយនោះ បានចាក់ចូលវប្បធម៌កម្ពុជាយ៉ាងជ្រៅ ដោយចិនបានកែប្រែវប្បធម៌របស់ប្រជាជនកម្ពុជា រាប់ទាំងការប្រើប្រាស់សម្ភារៈ និងការហូកចុក ដូចជា ខ្មែរបានប្ដូរពីការបរិភោគដោយដៃមកជាការប្រើចង្កឹះ ប្ដូរពីការនិយមបរិភោគនំបញ្ចុក មកបរិភោគគុយទាវ ប្ដូរពីការបរិភោគអន្សមទៅបរិភោគនំប៉ាវជាដើម គឺជាឧទាហរណ៍ជាក់ស្ដែង អំពីទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់កម្ពុជា-ចិន បន្ថែមថា នៅមានភារកិច្ចជាច្រើនទៀត ដែលអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរត្រូវធ្វើបន្ត ដូចជាការសិក្សាស្រាវជ្រាវអំពីទំនោរនៃការរស់នៅ វប្បធម៌ ស្ថានភាពសង្គម និងលិខិតបទដ្ឋានច្បាប់នានា រួចបកប្រែជាពីរភាសា ទាំងភាសាខ្មែរ និងភាសាចិន ទាំងអ្វីដែលមាននៅកម្ពុជា និងនៅក្នុងប្រទេសចិន ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន អាចស្វែងយល់ពីគ្នាឱ្យបានកាន់តែប្រសើរ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ សមាជជាលើកដំបូងនៃស្ថាប័ននីតិប្បញ្ញត្តិ នឹងរំលេចពីការជជែកគ្នាជាពហុមតិ ដើម្បីប្រមូលទស្សនៈរួមរបស់ជាតិដើម្បីអភិវឌ្ឍប្រទេស

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរៀបចំសមាជិករវាងរដ្ឋសភានិងព្រឹទ្ធសភានៅដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ លោកបណ្ឌិត យង់ ពៅ បានចែករំលែកទស្សនៈយល់ឃើញថា នេះគឺជាសមាជជាប្រវត្តិសាស្ត្រលើកទីមួយនៅក្...

2025-05-13 08:26:29   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 03:26 PM
69 Years of Cambodia-Russia Relations: Resilience, Mutual Trust and Pragmatic Cooperation

By Dr. Kin Phea, Director General of the International Relations Institute of Cambodia, Royal Academy of Cambodia May 13, 2025, marks the 69th anniversary of diplomatic relations between Cambodia and...

2025-05-13 06:06:59   ថ្ងៃអង្គារ, 13 ឧសភា 2025 ម៉ោង 01:06 PM
ជំនួបពិភាក្សាការងាររវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយប្រតិភូតំណាង២៥សាកលវិទ្យាល័យនៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្...

2025-05-12 07:44:20   ថ្ងៃចន្ទ, 12 ឧសភា 2025 ម៉ោង 02:44 PM
លោកបណ្ឌិត យង់ ពៅ អំពាវនាវឱ្យមានការដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានភាពសង្គម បានអំពាវនាវឱ្យសាធារណជន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីកាត់បន្ថយបញ្ហាកើនឡើងកម្ដៅផែនដី ខណៈដែល...

2025-05-11 00:12:15   ថ្ងៃអាទិត្យ, 11 ឧសភា 2025 ម៉ោង 07:12 AM
បណ្ឌិត យង់ ពៅ៖ បារីអេឡិចត្រូនិក គ្រឿងញៀន និងគ្រឿងស្រវឹង ជាបញ្ហាសង្គមដែលទាមទារការចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យមានការវិនិយោគផលិតបារីអេឡិចត្រូនិកនៅកម្ពុជា មិនថាជាការវិនិយោគផលិតសម្រាប់លក់នៅទីផ្សារក្នុងស្រុក ឬសម្រាប់ការនាំចេញនោ...

2025-05-08 10:28:30   ថ្ងៃព្រហស្បតិ៍, 08 ឧសភា 2025 ម៉ោង 05:28 PM
រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតថៃប្រចាំកម្ពុជាគ្រោងរៀបចំវេទិការួមគ្នាដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភា​ឆ្នាំ ២០២៥ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយអ្នកស្រី Sirinapa RAN...

2025-05-06 06:57:27   ថ្ងៃអង្គារ, 06 ឧសភា 2025 ម៉ោង 01:57 PM

សេចក្តីប្រកាស