ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ»
7
1830

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» ដែលមានការសម្របសម្រួលពីឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញជាវាគ្មិនកិត្តិយសពីសំណាក់៖

១. លោកសាស្ត្រាចារ្យ ដោ ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើបទបង្ហាញអំពីប្រធានបទ «ការវិភាគសុវត្ថិភាពជីវភាពរស់នៅក្នុងអាងទន្លេឆ្លងដែន៖ ក្របខ័ណ្ឌចិញ្ចឹមជីវិតនៅតាមដងទន្លេសាប»

២. លោកសាស្ត្រាចារ្យបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធិ អ្នកស្រាវជ្រាវ និងជាប្រធានអង្គការវើលហ្វីស (World's Fish) ប្រចាំប្រទេសកម្ពុជា ធ្វើបទបង្ហាញអំពីប្រធានបទ «អភិបាលកិច្ចទឹកនិងសុវត្ថិភាពទឹកនៅកម្ពុជា»

៣. លោកសាស្ត្រាចារ្យបណ្ឌិត ម៉ូយ៉ុង ហាន ប្រធានវិទ្យាស្ថានសំណង់និងវិស្វកម្ម បរិស្ថាន នៃសាកលវិទ្យាល័យជាតិសេអ៊ូល សាធារណរដ្ឋកូរ៉េ ធ្វើបទ​បង្ហាញអំពីប្រធានបទ «របៀបធ្វើឱ្យទីក្រុងទំនើប និងធន់នឹងអាកាសធាតុ តាមរយៈការគ្រប់គ្រងទឹកភ្លៀង»

សិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» មានការចូលរួមពីសំណាក់មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបចំនួន ៨៧នាក់។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានាព្រឹកនេះ ក៏ទទួលបានការអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាបិទដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

សេចក្តីប្រកាស