Royal Academy of Cambodia
(បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា)
សេចក្តីផ្តើម
ជំនឿតូតឹម គឺជាជំនឿលើសត្វ និងជំនឿលើដើមឈើ តែក្នុងអត្ថបទនេះខ្ញុំលើកយកតែជំនឿលើសត្វមកបង្ហាញតែប៉ុណ្ណោះ។ ការគោរពសត្វពុំមានន័យថា គោរពសត្វក្នុង ឋានៈជាសត្វនោះទេ តែជានិម្មិតរូបក្នុងក្របខណ្ឌទស្សនៈនិងជំនឿ។
គេចែកសត្វជា៖ សត្វអច្ឆរិយ ដែលមានប្រវត្តិក្នុងទេវកថាឬគម្ពីរសាសនា សត្វដែលអ្នកស្រុកបានផ្សាំងឬចិញ្ចឹមសម្រាប់យកសាច់បរិភោគ និងសត្វព្រៃ។ សត្វទាំង៣ប្រភេទនេះ ត្រូវបានគេគូរជាគំនូរឬឆ្លាក់សម្រាប់តុបតែង លំអ និងជានិម្មិតរូបគោរពសក្ការៈ។ វត្តមានគំនូរ និងចម្លាក់សត្វ សរបញ្ជាក់ថា ខ្មែរបុរាណផ្សារភ្ជាប់ខ្លួនជាមួយបរិស្ថានដែលស្ថិតនៅជុំវិញខ្លួន ដែលជានិមិត្តរូបនៃថាមពលធម្មជាតិ និងជាឫសកែវនៃជីវិត។ បរិស្ថាន មនុស្ស សត្វ រុក្ខជាតិ មានអន្តរទំនាក់ទំនងគ្នា និងទ្រទ្រង់ស្ថេរភាព បរិស្ថាន។ ទន្ទឹមនឹងនេះដែរ រូបសត្វទាំងអស់នោះក៏ឆ្លុះបញ្ចាំងឱ្យយើងឃើញនូវជំនឿសាសនា របស់ជនជាតិខ្មែរនាសម័យបុរាណដែរ។ ខ្មែរមានជំនឿលើសត្វ ជាដើមសន្តតិវង្ស ជាព្រះអាទិទេព ជាអវតារបស់អាទិទេព ជាអ្នកនាំសាររវាងមនុស្សនិងអាទិទេព ជាយាន្តជំនិះរបស់ព្រះអាទិទេព ជាភាវៈមានអំណាចស័ក្តសិទ្ធិដែលគួរឬត្រូវគោរពបូជា ជាភាវៈនាំមកនូវប្រផ្នូលល្អឬអាក្រក់…។ សត្វទាំងនោះមានជាអាទិ ៖ នាគ ក្រពើ អណ្តើក ត្រី គោ ក្របី តោ ខ្លា ដំរី គ្រុឌ ហង្ស លលកខ្មោច ខ្លែងស្រាក។ល។
ក្នុងទស្សនៈខ្មែរយើងចាត់ទុក ត្រី កង្កែប ហ៊ីង គីង្គក់ នាគ …ជាសត្វតំណាង ភ្លៀង និង ទឹក។ ចាបឬបក្សី តំណាង ខ្យល់ ឬ អាកាស។ សត្វជើងបួនដូចជា គោ ក្របី តំណាង ដី។ ដូច្នេះ ក្នុង ទស្សនៈខ្មែរ សត្វ តំណាងនូវឥទ្ធិពលនៃធម្មជាតិ ដែលជាប្រភពនៃជីវិត និងទ្រទ្រង់ជីវិត។ ក្នុងជំនឿតូតឹមនេះទៀតសោត គឺគេជឿលើសត្វទាំងមូល ឬគ្រាន់តែជាភាគណាមួយនៅលើខ្លួនសត្វ ដូចជា ស្នែង ភ្លុក ចង្កូម ខ្នាយ ចែ ឬសម្រែកយំ ឬលក្ខណៈភិនភេទរបស់សត្វ ជាដើម។
ក្នុងព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា ក៏មានជំនឿទាក់ទងនឹងសត្វដូចគ្នានឹងគំនិតខ្មែរដើម ហេតុនេះ នៅពេលសាសនាទាំងពីរនាំចូលពីឥណ្ឌាមកដល់កម្ពុជា មានលំនាំនៃជំនឿប្រហាក់ប្រហែលគ្នា ខ្មែរក៏ទទួលយកមកស្លបញ្ចូលគ្នាទៅជាគំនិតទស្សនវិជ្ជាខ្មែរ ហើយមានអត្ថិភាពតាំងពីបុរាណកាលរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងព្រហ្មញ្ញសាសនា គេចាត់ទុកសត្វ ជាអវតារបស់អាទិទេព ជាយាន្តជំនិះរបស់អាទិទេព។ ក្នុងពុទ្ធសាសនា ក៏បានផ្សារភ្ជាប់ប្រវត្តិព្រះពុទ្ធទាំង៥អង្គ មានរូបតំណាងព្រះពុទ្ធអង្គនីមួយៗក្រោមរូបភាពជាសត្វ ជាអវតា និងជាយានជំនិះរបស់ព្រះពុទ្ធផងដែរ។
ចូលអានសេចក្ដីលម្អិតអត្ថបទស្រាវជ្រាវ «ទស្សនៈ និងជំនឿតូតឹមនិយមរបស់ជនជាតិខ្មែរ (ទស្សនៈ និងជំនឿលើសត្វ)» តាមរយៈ៖ https://www.rac.gov.kh/researchs-categories/1/researchs?page=6
(បណ្ឌិត ក្តាន់ ធុល វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា)
នៅក្នុងជីវភាពប្រចាំថ្ងៃ ជំនឿ គឺជាអាហារស្មារតីរបស់មនុស្ស ដែលគេត្រូវបរិភោគជារៀងរាល់ថ្ងៃ។ អាហារខ្លះមានរសជាតិពុលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពដែលពេលខ្លះវាអាចបង្កឱ្យគ្រោះថ្នាក់ដល់ជីវិតក៏មាន។ ឯអាហារខ្លះទៀតមានរស់ជាតិឆ្ងាញ់ ដែលអាចជួយទ្រទ្រង់សុខភាពជីវិត។ ជំនឿ ក៏ដូច្នេះដែរ។ ជំនឿខ្លះអាចដឹកនាំអ្នកជឿទៅរកគ្រោះថ្នាក់ ដោយសារតែជំនឿ នោះខ្វះសច្ចភាព គ្មានមូលដ្ឋានហេតុផលច្បាស់លាស់ ហើយអ្នកជឿចេះតែជឿទៅតាមឥន្រ្ទិយរបស់ខ្លួន តាមការឮ ឬការ មើលឃើញជាដើម។ ចំណែកឯជំនឿ ខ្លះ ទៀតអាចដឹកនាំអ្នកជឿទៅរកវិបុលភាពនៃជីវិត ដោយសារតែជំនឿនោះមានសច្ចភាព និងមានមូលដ្ឋាន ហេតុផល ច្បាស់លាស់ ហើយអ្នកជឿប្រើប្រាស់ វិចារណញ្ញាណជាមូលដ្ឋាន។ សព្វថ្ងៃ អ្នក ជឿគ្មានហេតុផលមួយចំនួនធំ បាននិង កំពុងរងគ្រោះថ្នាក់ ដោយការចាញ់បោក អស់ទ្រព្យធន អស់កេរ្តិ៍ឈ្មោះ បែកបាក់គ្រួសារ អស់ជីវិតជាដើម។ ដើម្បីទទួល យកជំនឿពីគេ និងប្រើប្រាស់ជំនឿរបស់ខ្លួនឱ្យមានប្រយោជន៍គេ ត្រូវមានពុទ្ធិ ជាពិសេសវិចារណពុទ្ធិ ដើម្បីស្គាល់ច្បាស់លាស់ពី ជំនឿ, ប្រភេទជំនឿ, ប្រភព ជំនឿ, ជំនឿខុស, ជំនឿត្រូវ, វិធីស្វែងរកជំនឿត្រូវ, ហើយនិងសារៈប្រយោជន៍នៃជំនឿត្រូវ។
ចូលអានសេចក្ដីលម្អិតនៃអត្តបទស្រាវជ្រាវ៖ «អំពីជំនឿខ្មែរ» ភាគទី១ តាមរយ៖ https://www.rac.gov.kh/researchs-categories/1/researchs?page=6
(គូរដោយ៖ ចាន់ សម្ផស្ស និស្សិតសិក្សាមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិតសភាកម្ពុជា)
កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ ជាការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយក៏ជាថ្ងៃចុងក្រោយសម្រាប់លោក Keisuke Honda ធ្វើជាអ្នកចាត់ការទូទៅបាល់ទាត់ជម្រើសជាតិ នៅកម្ពុជាផងដែរ។ ជាសក្ខីភាព លោក Keisuke Honda បានក្លាយជាអ្នកចាត់ការទូទៅបាល់ទាត់ជម្រើសជាតិកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ដោយបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាឆ្លងកាត់ការប្រកួតជាច្រើន និងទទួលបានជោគជ័យលើគូប្រកួតអន្តរជាតិជាច្រើន គួរឱ្យស្ងប់ស្ងែងនិងមោទកភាព។ ការលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាដ៏មានតម្លៃរបស់លោក ពិតជាបានធ្វើឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានការអភិវឌ្ឍ និងរីកចម្រើនជាខ្លាំង។ លោក Keisuke Honda ក៏បានរួមចំណែកជាច្រើនក្នុងរុញច្រានវិស័យបាល់ទាត់នៅកម្ពុជា ឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិ និងស្មើមុខស្មើមាត់ជាមួយនឹងមិត្តបរទេស។
ដោយមើលឃើញភស្តុតាងតាមរយៈការលះបង់ និងសមិទ្ធផលរបស់ លោកKeisuke Honda សម្រាប់បាល់ទាត់កម្ពុជានេះហើយ ទើបប្រជាជនកម្ពុជាពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រោះចំពោះលោក និងជាពិសេសដើម្បីចូលរួមថ្លែងអំណរគុណដល់លោក Keisuke Honda លោក ព្រហ្ម ពុធ វិសាល ដែលកំពុងសិក្សាស្រាវជ្រាវលើមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ចេញស្នាដៃតាមរយៈគំនូរខ្វៀកមួយផ្ទាំងជូនទៅកាន់លោក Keisuke Honda។ គួររំលឹកផងដែរថា លោក Keisuke Honda កើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៨៦ នៅប្រទេសជប៉ុន។ លោកជាអតីតកីឡាករអាជីពដែលសមត្ថភាពលេងបានច្រើនតួនាទីនៅលើសមរភូមិវាលស្មៅបៃតង ដូចជាខ្សែប្រយុទ្ធកណ្តាល ខ្សែប្រយុទ្ធស្លាបស្តាំ និងជាកីឡាករសំខាន់ចម្បងសម្រាប់ក្រុមទាំងមូល។ ជាបទពិសោធន៍ ក្រៅពីជាកីឡាករជម្រើសជាតិជប៉ុន លោក Keisuke Honda ធ្លាប់លេងនៅក្លឹបបាល់ទាត់ដ៏ល្បីរបស់ប្រទេសអ៊ីតាលី គឺក្លឹបបាល់ទាត់អេស៊ីមីឡាន (AC Milan) ក្នុងកំឡុងពេលឆ្នាំ២០១៤ និង២០១៥។ ប្រសិនជាយើងក្រឡេកមើលសមិទ្ធផលរបស់លោកវិញ លោក Keisuke Honda ធ្លាប់ធ្វើជាប្រធានក្រុមជម្រើសជាតិបាល់ទាត់ជប៉ុន ដឹកនាំក្រុមចូលក្នុងការប្រកួតកំឡុងឆ្នាំ២០០៨ដល់២០១៨។ ជាងនេះទៅទៅ លោកក៏បានជួយក្រុមជម្រើសជាតិបាល់ទាត់ជប៉ុនប្រកួតក្នុងពានបាល់ទាត់ពិភពលោកក្នុងឆ្នាំ២០១៤ ២០១០ និង២០១៨។ ជាពិសេស លោក Keisuke Honda ក៏បានជួយឱ្យក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនឈ្នះពានបាល់ទាត់ប្រចាំទ្វីបអាស៊ីនៅក្នុងឆ្នាំ២០១១ផងដែរ។
(គូរដោយ៖ ព្រហ្ម ពុធ វិសាល និស្សិតសិក្សាមុខជំនាញវិចិត្រកម្មនៅរាជបណ្ឌិតសភាកម្ពុជា)
នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Dato' Wan Mohamad bin Dato’s Sheikh Abdul Aziz ប្រធានស្តីទីក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន KEFAHAMAN ISLAM MALAYSIA (IKIM)។
ក្នុងជំនួបនេះ តំណាងស្ថាប័នទាំងពីរ បានជជែកពិភាក្សាស្តីពីលទ្ធភាពនៃកិច្ចប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ការចុះអនុស្សរណៈនៃការយោគយល់គ្នាក្នុងពេលខាងមុខ និងការសិក្សាស្រាវជ្រាវរួមគ្នាស្តីពីសុខដុមនីយកម្មនៃសាសនានៅកម្ពុជា នាពេលខាងមុខនេះ។
វិនិយោគគឺជាវេចនសព្ទ ជាមួយពាក្យការបណ្ដាក់ទុន។ វិនិយោគជាការបណ្ដាក់ទុនធ្វើអាជីវកម្មក្នុងការបង្កើតរោងចក្រ សហគ្រាស កសិដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬ សេវាអ្វីមួយដើម្បីបានទទួលប្រាក់ចំណេញ។ ម្យ៉ាងទៀត វិនិយោគ ក៏ជាការប្រើប្រាស់ដើមទុន ដើម្បីបង្កើតផលិតផលឬដើម្បីកែលម្អទិន្នផលនៃសហគ្រាសណាមួយ។ ដូច្នេះវិនិយោគគឺជាការបណ្ដាក់ទុន រយៈពេលយូរនៅក្នុងប្រទេសឬក្រៅប្រទេស នៅក្នុងសហគ្រាសឧស្សាហកម្ម កសិកម្ម ការដឹកជញ្ជូនពាណិជ្ជកម្ម និង មែកធាងសេដ្ឋកិច្ចនានាផ្សេងៗទៀត ក្នុងបំណងដើម្បីបង្កើតជាប្រាក់ ចំណេញ។ ដើម្បីធ្វើវិនិយោគ យើងត្រូវមានគម្រោងវិនិយោគ ដូចម្ដេចដែលហៅថាគម្រោងវិនិយោគ? គម្រោងវិនិយោគ សំដៅដល់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈគ្រប់គ្រាន់ និង គម្រោងវិនិយោគដែលទទួលបានត្រឹមតែការធានាលើការវិនិយោគ។
គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) សំដៅដល់គម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ អនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត។ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គា្រន់បម្រើឱ្យការនាំចេញ សំដៅដល់ (គ.ល.គ.) ដែលបានលក់ ឬ បានផ្ទេរសមាមាត្រណាមួយនៃផលិតផលរបស់ខ្លួនទៅឱ្យអ្នកទិញឬអ្នកទទួលនៅក្រៅព្រះរាជា ណាចក្រកម្ពុជា។ គម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គា្រន់ដែលជាប្រភេទឧស្សាហកម្មគាំទ្រ សំដៅដល់ (គ.ល.គ.) ដែលផលិតផលរបស់ខ្លួនក្នុងសមាមាត្រណាមួយត្រូវផ្គត់ផ្គង់ដល់ឧស្សាហកម្ម នាំចេញ។ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គា្រន់បម្រើទីផ្សារក្នុងស្រុក សំដៅដល់ (គ.ល.គ.) ដែលមិនបម្រើឱ្យការនាំចេញ។ គម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គា្រន់ (គ.ព.គ.ល.គ.) សំដៅដល់ការពង្រីកនៃ គ.ល.គ. ដែលធ្វើឡើងតាមរូបភាពណាមួយ មានជាអាទិ៍ ការពង្រីកផលិតកម្មដែលមានស្រាប់ ការពង្រីកតាមរយៈការធ្វើពិពិធកម្មមុខសញ្ញាផលិតកម្ម ដែលស្ថិតក្នុងសែស្រឡាយផលិតផលជាមួយគ្នា ការពង្រីកតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបថ្មីដែលលើកកម្ពស់ផលិត ភាព ឬ ការពារបរិស្ថាន ការពង្រីកហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេវាទូរគមនាគមន៍មូលដ្ឋាន ឬ ការពង្រីកក្រោមរូបភាពផ្សេងទៀត ដែលនឹងត្រូវកំណត់ដោយអនុក្រឹត្យ តាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
សូមចូលអានខ្លឹមសារបន្ថែម និងមានអត្ថបទច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
https://rac.gov.kh/researchs-categories/1/researchs?page=6
យោងតាមការសិក្សារបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានឱ្យដឹងថា ផ្កាក្រមួនគឺជាផ្កាធ្វើពីក្រមួន។ ពោលបែបនេះគឺពោលតាមអ្នកស្រុករស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ផ្កាក្រមួនធ្វើឡើងសម្រាប់ប្រើក្នុងពិធី «ឆ្លងចេត្រ» ដែលអ្នកស្រុកឃុំខ្វាវ រៀបចំធ្វើដើម្បីឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី។
ផ្កាក្រមួនធ្វើពីក្រមួនឃ្មុំ ប៉ុន្តែបែរជាមានរូបរាងដូចព្រះវិហារទៅវិញ។ ក្រមួនគេសិតរាងដូចក្បឿងសម្រាប់ប្រក់ដំបូល រីឯគ្រឿងឆ្អឹងផ្កាក្រមួនធ្វើពីឬស្សីនិងដើមគ។
បន្ទាប់ពីធ្វើផ្កាក្រមួនរួច គេហែដាក់លើសង្ឃឹក ទៅកាន់ព្រះវិហារដែលជាទីរៀបចំកិច្ចពិធី «ឆ្លងចេត្រ»។
មរតកវប្បធម៌អរូបីសំដៅដល់ប្រពៃណីទំនៀមទម្លាប់របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ ការទទួលស្គាល់និងប្រតិបត្តិចំពោះមរតកវប្បធម៌អរូបីរបស់អ្នកស្រុកភូមិ ឬមនុស្សក្រុម និងមួយគ្រួសារ តែងតែអនុលោមទៅតាមបរិបទសង្គមនិងបរិស្ថានជុំវិញ ដោយសារតែពួកគេបានទទួលនិងចេះដឹងពីមរតកវប្បធម៌អរូបីនេះតៗគ្នាពីជីដូនជីតាជាច្រើនជំនាន់មក។ ដូចនេះហើយ ការទទួលស្គាល់និងប្រកាន់យកមកប្រតិបត្តិទាំងឡាយបង្ហាញឱ្យឃើញថាជាអត្តសញ្ញាណ និងជាកេរដំណែលដូនតាបន្តមកសម្រាប់ពួកគាត់។ មរកតវប្បធម៌អរូបីមានការទទួលស្គាល់និងប្រតិបត្តិស្ទើគ្រប់កន្លែងនៃប្រទេសកម្ពុជា ជាពិសេសសម្រាប់ប្រជាជននៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ស្រុកកំពង់លែង ស្ថិតក្នុងខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិតនៅជាប់ដងទន្លេសាប គឺជាទឹកដីបុរាណចំណាស់មួយ ដែលមានសហគមន៍មនុស្សរស់នៅតាំងពីយូរយាមកហើយ។ មាន បុរាណវត្ថុជាច្រើន រាប់តាំងពីបុរាណវត្ថុដែលមានកាលបរិច្ឆេទតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ជាពិសេសកុលាលភាជន៍មានទម្រង់ផ្សេងៗគ្នាជាច្រើន ជាភស្ដុតាង។ អត្ថបទលោក Lajonquière ដែលជាអ្នកស្រាវជ្រាវជនជាតិបារាំង មកស្រាវជ្រាវនៅស្រុកកំពង់លែងតាំងពីឆ្នាំ១៩០១ ក៏បាននិយាយអំពីស្ថានីយសំរោងសែននេះដែរ ។ ដែលនេះវាបានបញ្ជាក់ថាមនុស្សមកតាំងទីលំនៅក្នុងសម័យបុរេប្រវត្តិសាស្ត្រ ប្រកបមុខរបរចិញ្ចឹមជីវិតដោយការធ្វើនេសាទ ដោយផ្អែកលើភស្ដុតាងដែលគេរកឃើញវត្ថុបុរាណ ដូចជា ផ្លែសន្ទូច ឧបករណ៍ស្មិតសំរឹទ្ធនិងស្រទាប់គំនរលាសយ៉ាងក្រាស់។ ភស្តុតាងបុរាណវត្ថុនៅសម័យបន្ទាប់ពីបុរេប្រវត្តិសាស្ត្រ គឺសម័យមុនអង្គរត្រូវបានរកឃើញ និងសិក្សាកត់ត្រាទុកដោយលោក Aymonier (Aymonier, Etienne. (1900). Le Cambodge: Le Royaume Actuel, Tome I, P: 358-363) និង លោកLajonquière (Lajonquière, Lunet D. (1902). Inventaire Descriftif des Monuments du Cambodge, Tome I, P: 193-202.)។ ភស្តុតាងសំខាន់ៗមានដូចជាប្រាសាទសក្ល (ប្រាសាទប្រុស), ប្រាសាទព្រះស្រី, ប្រាសាទតូច, ប្រាសាទថ្នមប្ដី, ប្រាសាទពណ្ណរាយ និងក្រុមប្រាសាទភ្នំទេពី ព្រមទាំងទួលប្រាសាទនិងគ្រឹះប្រាសាទជាច្រើនទៀត ក្នុងស្រុកកំពង់លែង ។តាមរយៈតឹកតាងខាងលើ ទឹកដីស្រុកកំពង់លែងមានសហគមន៍មនុស្សរស់នៅបន្ដរហូតតាំងពីសម័យបុរេប្រវត្តិ សម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ និងមកដល់ បច្ចុប្បន្ន។ សហគមន៍មនុស្សមួយដែលរស់នៅក្នុងទីដ្ឋានបុរាណបែបនេះរមែងបន្សល់ស្លាកស្នាមនិងទិដ្ឋភាពដែលបង្ហាញពីការគោរព ទទួលស្គាល់ និងប្រតិបត្តិចំពោះមរតកបុរាណទាំងនោះ។ ជាក់ស្ដែង ប្រជាសហគមន៍ រស់នៅក្នុងឃុំច្រណូកនៃស្រុកកំពង់លែងនៅបន្តធ្វើពិធីបុណ្យថ្វាយភ្នំពណ្ណរាយ នៅរៀងរាល់ថ្ងៃទី១៥កើត ខែផល្គុន នៅលើភ្នំពណ្ណរាយដែលមានសំណង់ប្រាសាទពណ្ណរាយនៅលើនោះ ។ កិច្ចពិធីនេះមានលំនាំនិងរបៀបស្រដៀងគ្នាដែរចំពោះការបន់ស្រន់នៅប្រាសាទអង្គរវត្តរបស់អ្នកស្រុកតំបន់អង្គរ ឬអ្នកមកពីទីឆ្ងាយៗ ដែលតែងតែធ្វើពុំដែលដាច់ ។ មានពិធីមួយប្រភេទទៀតដែលប្រតិបត្តិនៅតំបន់អង្គរដែរគឺ «ពិធីសុំទឹកភ្លៀង» ដែលធ្វើនៅប្រាសាទបុរាណដែរ គឺប្រាសាទមេបុណ្យខាងកើត និង ប្រាសាទនាគព័ន្ធ ។
ក្រៅពីកិច្ចពិធីបុណ្យ នៅមានរឿងព្រេងនិទានទាក់ទងនឹងភ្នំ ដូចជារឿងពុទ្ធិសែននាងកង្រី ដែលជារឿងល្បីល្បាញជាច្រើនជំនាន់មកហើយក្នុងប្រទេសកម្ពុជា។ ដោយសារមានរឿងព្រេងនិទានបែបនេះ ទើបមានឈ្មោះភ្នំមួយក្នុងស្រុកកំពង់លែង ឈ្មោះថា «ភ្នំកង្រី»។
នៅមានប្រវត្តិភូមិដ្ឋាន អូរ ភ្នំ ព្រមទាំងចំណេះជំនាញផ្សេងៗទៀតដែលបន្តនៅមានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
អត្ថបទខ្លីមួយនេះជាអត្ថបទសម្រង់ ពត៌មាននិងសិក្សាស្រាវជ្រាវដែលបានមកពីការចុះសិក្សាអង្កេតផ្ទាល់ និងសម្ភាសអ្នកពាក់ព័ន្ធរួមមានចាស់ទុំ ព្រឹទ្ធាចារ្យ ឆ្មាំយាមប្រាសាទ និងអាជ្ញាធរមូលដ្ឋាននៅតាមភូមិនិងឃុំគោលដៅនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ អត្ថបទនេះបង្ហាញអំពីរឿងព្រេងនិទានទាក់ទងនឹងភ្នំ ទីកន្លែងនិងភូមិសាស្ត្រ ប្រវត្តិភូមិ ពិធីបុណ្យផ្សេងៗ ចំណេះដឹងផ្សេងៗដែលបង្ហាញអំពីលក្ខណៈអត្តសញ្ញាណនៃមរតកវប្បធម៌អរូបីដែលបានបន្តរហូតមកដល់បច្ចុប្បន្នរបស់អ្នកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា។
សូមចូលអាន និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=6
ឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅ ប្រទេសកម្ពុជា អមជាមួយនឹងការ អញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ តបតាមការអញ្ជើញរបស់ សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន អំឡុងពេលដែល សម្តេចនាយករដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សន កិច្ចផ្លូវការ ជាប្រវត្តិសាស្ត្រ ក្នុងប្រទេសឡាវ កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត/ក្រុង មួយ ចំនួនទៀត គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលកម្ពុជា ទន្ទឹងរងចាំអស់រយៈពេល៦៤ឆ្នាំ។ ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនេះ មានប្រទេសចូលរួមចំនួន១១ប្រទេស ដែលមានប្រតិភូកីឡាសរុប ១២,៤០៤នាក់។ ដោយឡែក អត្តពលិកវិញទាំងសរុបជាង៨ពាន់នាក់ នឹងត្រូវប្រកួតលើ៣៦ប្រភេទកីឡា និងមានវិញ្ញាសាសរុប៥៨៤វិញ្ញាសា។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ កម្ពុជាមិនលក់សិទ្ធិផ្សព្វផ្សាយ និងលក់សំបុត្រចូល ទស្សនារាល់ការប្រកួតកីឡាតាមវិញ្ញាសារ បូករួមទាំងការបើក ព្រឹត្តិការណ៍ស៊ីហ្គេមអ្វីឡើយ។ ចំណែក ប្រតិភូកីឡាទាំងអស់មិនតម្រូវឱ្យបង់ថ្លៃស្នាក់នៅ និងការហូបចុក ម្នាក់៥០ដុល្លារក្នុងមួយថ្ងៃឡើយ។
គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមអះអាងថា កម្ពុជាមិនទទួលយកកម្រៃ ឬថ្លៃសេវា របស់ប្រតិភូកីឡានោះទេ។ ការធ្វើបែបនេះ ដើម្បីផ្តល់ឱកាសឱ្យពិភពលោកស្គាល់កម្ពុជា។ ការមិនយក តម្លៃសេវានេះ គឺដើម្បីផ្តល់ភាពកក់ក្តៅ និងភាពជោគជ័យទាំងអស់គ្នា ហើយការសម្រេចនេះក៏ជារឿង ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នោះដែរ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលទទួលបានការចូលរួមពីសំណាក់ ប្រធានាធិបតីឡាវ នេះ បានបញ្ជាក់ឱ្យឃើញពី ស្មារតីនៃការជួយជ្រោមជ្រែងនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជា ប្រទេស ជិតខាង ភូមិផងរបងជាមួយគ្នា មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ធ្លាប់ជួយឧបត្ថម្ភ គាំទ្រ គ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ។ “អំឡុងពេលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេម ប្រមុខដឹកនាំកម្ពុជាបានអញ្ជើញទៅចូលរួមក្នុងពិធីបើក ពេលនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រមុខដឹកនាំ ប្រទេសឡាវមកចូលរួមបើកវិញម្តង”។
សូមរំលឹកផងដែរថា ឆ្នាំ២០២៣នេះ កម្ពុជា-ឡាវ បានភ្ជាប់ទំនាក់ទំនងការទូតផ្លួវការបាន ៦៧ឆ្នាំ កន្លងទៅហើយ។ ប៉ុន្តែទោះបីឆ្នាំ១៩៥៦ ជាឆ្នាំចាប់ផ្តើមបង្កើតទំនាក់ទំនងការទូតជាផ្លូវការ ជាមួយគ្នាជា ការពិតមែន ប៉ុន្តែ ជាការជាក់ស្តែង ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរត្រូវបានបង្កើតឡើងរាប់ពាន់ឆ្នាំ មុន នេះមកហើយ។ ប្រទេសកម្ពុជានិងឡាវ ជាប្រទេសជិតខាង មានទំនាក់ទំនងមិត្តភាពសាមគ្គីភាព ជាប្រពៃណី ធ្លាប់ឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ពីបុរាណកាលជាយូរលង់មកហើយ ហើយថ្នាក់ដឹកនាំទាំង ពីរប្រទេស ជាច្រើនជំនាន់បានបង្កើតមិត្តភាពដ៏ជ្រាលជ្រៅបំផុត។ ប្រទេសទាំងពីរ មានការផ្លាស់ប្ដូរ ជាប្រក្រតី នូវការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជារដ្ឋមន្រ្តី និងគណៈប្រតិភូ ស្ថាប័ននានា ដើម្បីធ្វើឱ្យប្រសើរ និងស៊ីជម្រៅថែមទៀតនូវការយោគយល់ ជឿជាក់ និងទុកចិត្ត គ្នាទៅវិញទៅមក ជាពិសេសប្រទេសទាំងពីរ បានធ្វើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កា ក្នុងវិស័យនានា ដូចជា វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន វិស័យអប់រំ វប្បធម៌ ថាមពល សុខភិបាល ទេសចរណ៍ និងវិស័យនានាជាច្រើនទៀត។ ឆ្នាំ២០២៣នេះ ប្រទេសតាំងពីរ កម្ពុជា-ឡាវ បានចុះហត្ថលេខាលើផែនការសកម្មភាពសម្រាប់ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង យូរអង្វែង សម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨” និងចុះហត្ថលេខាលើសន្ធិសញ្ញា កំណត់ព្រំដែន រវាងកម្ពុជា-ឡាវ ផងដែរ។ កម្ពុជាបានសហការបោះបង្គោលព្រំដែនជាមួយប្រទេសឡាវ បានចំនួន ៨៦% ក្នុងនោះភាគីទាំងពីរក៏បានបោះបង្គោលព្រំដែនចំនួន ១២១បង្គោល ហើយនៅពេលនេះក៏បានឯកភាពគ្នាក្នុងការពង្រីកបង្គោលឱ្យកាន់តែធំរឹងមាំ ដោយបោះបន្ថែមទៀតនៅក្នុងចន្លោះបង្គោលទាំង ១២១ នេះ ឱ្យបានកាន់តែច្រើន ខណៈចំណុចដែលនៅសល់ ១៤% ទៀត ភាគីទាំងពីរនឹងដោះស្រាយឱ្យបានកាន់តែឆាប់។
កម្ពុជា-ឡាវ ជំរុញឱ្យមានការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនដើម្បីជំរុញ កំណើនទេសចរ ទៅវិញទៅមក ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ ប្រទេសកម្ពុជាប្រើប្រាស់ ផ្លូវល្បឿន លឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឱ្យទេសចរកម្ពុជាអាចកំសាន្តតាម រថភ្លើងល្បឿនលឿន របស់ឡាវ ពីទីក្រុងវៀងចន្ទន៍ ទៅតំបន់ទាក់ទាញផ្សេងៗទៀតរបស់ឡាវ។ នេះជាការរៀបចំឡើង ក្នុង គោលបំណងតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរ ដោយមានការបើកជើងហោះហើរ បន្ថែមមកកាន់កម្ពុជា។ រដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរ ក៏បានពិនិត្យឃើញដូចគ្នានូវ សក្តានុពល នៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករ សម្រាប់ទាក់ទាញភ្ញៀវទេសចរ រវាង ប្រទេសទាំងពីរ និងតំបន់។ ចំណែកផ្លូវរថភ្លើងល្បឿនលឿន គួនមិញ(ប្រទេសចិន)-វៀងចន្ទន៍ (ប្រទេសឡាវ) ជាក្តីសង្ឃឹមនៃលំហូរទេសចរចិនមកប្រទេសទាំងពីរ កម្ពុជា-ឡាវ នាថ្ងៃអនាគត។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទីក្រុងវៀងច័ន្ទន៍ ថ្ងៃទី ១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម សនស ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចតេជោ និងឯកឧត្តម សនសៃ ស៊ីផាន់ដន បានជួប ពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពី ស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅអនាគតដើម្បី បន្តពង្រឹងចំណង មិត្តភាពជាប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរលើវិស័យជាច្រើន រួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវ អាកាស ទេសចរណ៍ ថាមពល និងការអប់រំ។
ចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ឡាវ មានសន្ទុះជាវិជ្ជមានកើនឡើងពី ១៦០លាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ទៅ ២១០លាន ដុល្លារអាមេរិក នៅឆ្នាំ២០២២។ ប្រទេសទាំងពីរ ពន្លឿន ការចរចាលើ កិច្ចព្រមព្រៀងស្ដីពីការចៀសវាង ការយកពន្ធត្រួតគ្នា និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើន សម្រាប់ការផ្លាស់ប្ដូរ ពាណិជ្ជកម្ម វិនិយោគ និងដើម្បីជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មទ្វេភាគី វិនិយោគ និងសកម្មភាពសេដ្ឋកិច្ច នានា រវាងប្រទេសទាំងពីរ។
សម្រាប់វិស័យទេសចរណ៍ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ប្រទេសទាំងពីរ នឹងបើកឡើងវិញនូវជើងហោះហើរ ត្រង់ពីហ្លួងប្រាបាង-ប៉ាកសេ-សៀមរាប ដោយ ក្រុមហ៊ុនអាកាសចរណ៍ឡាវ និងជំរុញឱ្យមានការបើកជើងហោះហើរត្រង់ពីភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ឡើងវិញ ខណៈដែលប្រទេសទាំងពីរវ បានបើកប្រទេសទាំងស្រុងវិញ។
ចំពោះវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា រវាងអាជ្ញាធរនៅតាម តំបន់ព្រំដែន។ សម្តេចតេជោ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តធ្វើលំហាត់ រួមសង្គ្រោះគ្រោះ មហន្តរាយតាមបណ្តាខេត្តជាប់ព្រំដែន។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋាភិបាលឡាវ ដែលបានគាំទ្រយ៉ាងសកម្ម ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២ និងបាន បញ្ជាក់សាជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះការធ្វើជាប្រធាន អាស៊ានរបស់ឡាវ ឆ្នាំ២០២៤។ ប្រទេសទេសទាំងពីរ ក៏បានឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកក្នុង វេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ។
ដូច្នេះ ក្នុងដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិនតីឡាវ មកកម្ពុជា និងអញ្ជើញចូលរួមពិធីបើក ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេល នេះ បានបញ្ជាក់ឱ្យឃើញពី ស្មារតីនៃការជួយជ្រោមជ្រែងនិងគាំទ្រគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេស ជិតខាង ភូមិផងរបងជាមួយគ្នា មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ធ្លាប់ឧបត្ថម្ភគាំ ទ្រគ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ ក្នុងវេទិកាតំបន់និងអន្តរជាតិ ជាពិសេសក្នុងក្របខណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិសំខាន់ៗផង និងដើម្បីពង្រឹងនិងពង្រីក ទំនាក់ទំនងទ្រេភាគីរវាងប្រទេស ទាំងពីរ ក្នុង “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង” ដើម្បីបន្តពង្រឹងចំណង មិត្តភាពជា ប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន រួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវ អាកាស ទេសចរណ៍ ថាមពល និងការអប់រំ ផង។
ភាពជោគជ័យរបស់កម្ពុជា ក្នុងបេសកកម្មរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ក៏ជាភាពជោគជ័យរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយទៅពាសពេញពិភពលោក នូវ កិត្តិនាម កិត្តិយស សក្តានុពលដែលកម្ពុជាមានលើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ តាមរយៈ រថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ ក៏ដូចជា រថភ្លើង ល្បឿនលឿនពីក្រុង គួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសទាំងពីរ កម្ពុជា-ឡាវ នាថ្ងៃអនាគត ដោយកត្តាតម្លៃសំបុត្រសមរម្យ និងមានសុវត្ថិភាពខ្ពស់៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ការបោះបង់ការសិក្សា តែងតែកើតមានឡើងនៅគ្រប់បណ្តាប្រទេសទាំងអស់នៅលើសាកលលោក មិនថានៅក្នុងប្រទេសអភិវឌ្ឍ ឬប្រទេសកំពុងអភិវឌ្ឍនោះឡើយ។ រដ្ឋាភិបាល របស់ប្រទេសនីមួយៗ បានយកចិត្តទុកដាក់លើបញ្ហានេះ ដោយបានដាក់ចេញជាគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និងការគាំទ្រផ្សេងៗ ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សា តាមលទ្ធភាពដែលអាចធ្វើបាន។ សកម្មភាពជាច្រើនត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្សានុ សិស្ស អាស្រ័យទៅតាមស្ថានភាពជាក់ស្ដែងដែលជាមូលហេតុនៅពីក្រោយការបោះបង់ រួមមានស្ថានភាពផ្ទាល់ខ្លួនរបស់សិស្សបរិយាកាស សង្គម ការគាំទ្រពីអាជ្ញាធរ ភាពក្រីក្រ យេនឌ័រ លទ្ធផលនៃការសិក្សាធ្លាក់ចុះ ។
ការបោះបង់ចោលការសិក្សាបានក្លាយជាបញ្ហាអាទិភាពជាអន្តរជាតិ ដែលបានទទួលការយកចិត្តទុកដាក់នៅក្នុងគ្រប់បណ្តប្រទេសទាំងអស់លើសាកលលោក ទាំងប្រទេស អភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។ បណ្តាប្រទេសទាំងអស់ បានប្ដេជ្ញាចិត្តដើម្បីធ្វើយ៉ាង ណាឱ្យការអប់រំទទួលបានជោគជ័យមានន័យថាធ្វើយ៉ាងណាឱ្យអត្រាបោះបង់ការសិក្សានៅទាបបំផុត និងអត្រាឆ្លងភូមិសិក្សា ព្រមទាំងបញ្ចប់ភូមិសិក្សាឱ្យមានកម្រិតខ្ពស់បំផុត ទៅតាមលទ្ធភាព និងធនធានដែលខ្លួនមាន។
ម្យ៉ាងទៀត ដើម្បីធ្វើឱ្យប្រជាពលរដ្ឋមានជីវភាព កាន់តែប្រសើរ ហើយនិងធ្វើយ៉ាងណាឱ្យប្រទេសរបស់ខ្លួនមានកម្លាំងគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងខាងផ្នែកសេដ្ឋកិច្ច និងវិស័យ ផ្សេងៗទៀតជាមួយប្រទេសដទៃ។
កម្ពុជា ជាប្រទេសមួយដែលទាមទារយ៉ាងណាសម្រេចឱ្យបាននូវគោលនយោបាយអប់រំរបស់ខ្លួនក្នុងការកាត់បន្ថយអត្រានៃការបោះបង់ការសិក្សារបស់សិស្សានុសិស្ស។ ទាក់ទងនឹងចំណុចនេះ ក្រសួងអបរំ យុវជន និងកីឡា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិស័យអប់រំ ២០១៤-២០១៨ និងរៀបចំជា យុទ្ធសាស្ត្រសម្រាប់កាត់បន្ថយអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិឲ្យថយចុះពីជាង ២០% មកត្រឹម៣% ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយផ្តល់ធាតុចូលមានគណនេយ្យភាព និងគាំទ្របច្ចេកទេសដល់សាលារៀនស្របតាមស្តង់ដារ ។
សូមចូលអាន និងមានអត្ថបទច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=6
ដើម្បីអបអរទទួលអំណរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្នុងស្មារតីសាមគ្គី គ្រួសាររាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាច្រើនរូបទៀត។
កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចំនួន៣អង្គ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ព្រមទាំងដើម្បីត្រៀម ទទួលស្វាគមន៍ ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ដែលព្រះអង្គនឹងយាងចុះមកនៅថ្ងៃសុក្រ ៩រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ នាទី រសៀលខាងមុខនេះ។
នៅក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះសង្ឃ គ្រប់អង្គជាកិច្ចបំពេញកុសល និងបួង សួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ មានសុខភាពល្អ មានស្នាមញញឹម សូមកើត មានចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជាគ្រប់ៗរូប។
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM