Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ បណ្ឌិត្យសភាបីប្រទេស កម្ពុជា ឡាវ និងវៀតណាម (CLV) ប្រចាំឆ្នាំលើកទី៩ និងសិក្ខាសាលាកសាងសមត្ថភាពភាពប្រចាំឆ្នាំ ដោយនឹងមានវត្តមានការចូលរួមពីវាគ្មិនជំនាញ អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិមកពីបណ្ឌិត្យសភាសាធារណរដ្ឋកូរ៉េ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតឡាវជាច្រើនរូប។ សន្និសីទអន្តរជាតិប្រចាំឆ្នាំនេះនឹងប្រារព្ធឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា។
ប្រសាសន៍ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំ និងសិក្ខាសាលាកសាងសមត្ថភាព នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាដែលទទួលបានការឧទ្ទេសនាមទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត ដើម្បីសម្រេចការងារជូនរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.)ដែលជាស្ថាប័នសិក្សាស្រាវជ្រាវ និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ ជាពិសេសគឺប្រមូលធាតុចូលរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។
សូមជម្រាបជូនថា សន្និសីទអន្តរជាតិ CLV ប្រចាំឆ្នាំលើកទី៩ និងសិក្ខាសាលាកសាងសមត្ថភាពភាពប្រចាំឆ្នាំនេះ នឹងផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖
១. សន្និសីទប្រចាំឆ្នាំលើកទី១០ RAC(Royal Academy of Cambodia), Lao Academy of Social Science (LASS), Vietnam Academy of Social Sciences (VASS) នឹងផ្តោតលើប្រធានបទស្តីពីតួនាទីសហគ្រាសខ្នាតតូចនិងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម, និន្នាការបច្ចុប្បន្ននៃសហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម(Current Trends of SME in CLV), សហគ្រាសខ្នាតតូចនិងមធ្យមនិងការបង្កើតការងារ (SME and Job Generation) និងសហគ្រាសខ្នាតតូចនិងមធ្យមនិងការកាត់បន្ថយភាពក្រីក្រ (SME and Poverty Reduction)។
រីឯ សិក្ខាសាលាកសាងសមត្ថភាពប្រចាំឆ្នាំ RAC(Royal Academy of Cambodia), Lao Academy of Social Science (LASS), Vietnam Academy of Social Sciences (VASS) និង The Korea Environment Institute (KEI) នឹងផ្តោតប្រធានបទស្តីពីទីក្រុងឆ្លាតវៃនៅក្នុងតំបន់មេគង្គ(Smart Cities in the Mekong Region) រួមមាន ស្ថានភាពនិងផែនការសម្រាប់ទីក្រុងឆ្លាតវៃ (Status and Plans for Smart Cities), ចីរភាពបរិស្ថាននៅក្នុងទីក្រុងឆ្លាតវៃ(ដោយផ្តោតលើទឹក កាកសំណល់ និងថាមពល...) Sustainable Environment (focusing in water, waste and energy…) in a smart cityនិងភាពជាដៃគូនៃទីក្រុងឆ្លាតវៃនិងករណីសិក្សា (Smart City Partnership and Case Studies)៕
RAC Media| រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត ស្របតាមតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ដែលមានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានប្រសាសន៍លើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវការមន្ត្រីដែលមានសមត្ថភាពការងារសកម្ម ក្រមសីលធម៌ និងគោរពវិជ្ជាជីវៈការងារដែលនាំឱ្យនូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារខ្ពស់ជូនស្ថាប័ន និងសង្គមជាតិ។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ក្រើនរម្លឹកបន្ថែមថា មន្ត្រីទាំងអស់ត្រូវតែគោរពតួនាទីភារកិច្ច និងពេលវេលាបំពេញការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយប្រសិនបើមន្ត្រីទាំងអស់បានគោរពដោយមានស្មារតីទទួលខុសត្រូវចំពោះតួនាទីភារកិច្ចការងាររបស់ខ្លួនបានល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានការលើកទឹកចិត្ត និងកេរ្តិ៍ឈ្មោះពីស្ថាប័ន និងសង្គមជាតិទាំងមូល។
«បើយើងទាំងអស់មិនខិតខំប្រឹងប្រែងបំពេញការងារដែលលំបាកៗទាំងនេះទេ នោះគឺយើងនឹងបន្សល់ថ្មបាក់សម្រាប់មនុស្សជំនាន់ក្រោយជាក់ជាពុំខាន។ បើយើងទាំងអស់គ្នាបានបំពេញការងារមានប្រសិទ្ធខ្ពស់ យើងនឹងទទួលបានស្នាដៃការងារ និងបន្សល់កេរ្តិ៍ឈ្មោះល្អៗសម្រាប់ខ្លួនឯង ស្ថាប័ន និងសង្គមជាតិ។ យើងលើកទឹកចិត្តមន្ត្រីទាំងអស់ឱ្យចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីរាជបណ្ឌិត្យសភាកម្ពុជា និងសង្គមជាតិទាំងមូល»។ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីតាមវិទ្យាស្ថាន និងអង្គភាពឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជាក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២០ដែលត្រូវបានប្រារព្ធឡើងនៅក្នុងសាលប្រជុំ RAC 2-08 អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្រៅពីការណែនាំលើកចិត្តមន្ត្រីជាមួយនេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ក្រើនរម្លឹកផងដែរថា ប្រសិនបើមន្ត្រីទាំងឡាយណាពុំមានស្មារតីទទួលខុសត្រូវចំពោះការងារខ្លួន និងមិនគោរពពេលវេលាបម្រើការងារជូនស្ថាប័ននោះទេ ពួកគេត្រូវតែទទួលការពិន័យតាមវិធានការ គោលការណ៍វិន័យផ្ទៃក្នុង និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media | រឿន ភារុន
ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ជ័យលាភីគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នៅព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងខាងលើ ការប្រកួតប្រជែងគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំ បានជ្រើសរើសនិងវាយតម្លៃ ហើយបានរកឃើញម្ចាស់ជ័យលាភីឈ្មោះ សៀង ឆាយលី ដែលអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលនិមិត្តសញ្ញានេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM Summit) គឺជាកិច្ចប្រជុំអន្តររដ្ឋាភិបាលដែលបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៩៦ ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្ន កិច្ចប្រជុំនេះ មានដៃគូរដ្ឋាភិបាលចំនួន ៥៣ប្រទេស ដែលក្នុងនោះបណ្ដាប្រទេសអឺរ៉ុបមានចំនួន៣០ប្រទេស ប្រទេសចំនួន ២១ មកពីទ្វីបអាស៊ី និងអគ្គលេខាធិការអាស៊ាននិងសហភាពអឺរ៉ុប។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM Summit) ផ្ដោតសំខាន់ទៅលើនយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាអប់រំ ដែលជាសារប្រយោជន៍រួម នៅក្នុងកិច្ចជំរុញការផ្ដល់តម្លៃគ្នាទៅវិញទៅមក និងភាពជាដៃគូស្មើមុខមាត់គ្នា៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីរសៀលថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសា ខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួងបរិស្ថានបានចំនួន៧ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
កាលពីរសៀលថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យាដោយអនុម័តពាក្យបានចំនួន៤ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
កាលពីរសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួងបរិស្ថានបានចំនួន២ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) បានណែនាំនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទាំងអស់ត្រូវតែប្រកាន់ភ្ជាប់គោលការណ៍វិទ្យាសាស្រ្តជានិច្ច ដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន នៅក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ នាពេលនេះ។
ថ្លែងក្នុងឱកាសអញ្ជើញបើកបវេសនកាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី៨ វគ្គ១ និងថ្នាក់បណ្ឌិត ជំនាន់ទី៥ វគ្គ១ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសាលសន្និសីទ អគារឥន្រ្ទទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃ រ.ប.ស.ក. បានមានប្រសាសន៍លើកឡើងថា គោលការណ៍សិក្សាអប់រំតាមបែបវិទ្យាសាស្ត្រពិតជាមានសារសំខាន់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សឱ្យមានចំណេះជំនាញសមត្ថភាព និងគុណភាពពិតប្រាកដដែលជួយដល់ការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនរឹងមាំ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ប្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតថ្មីចំនួន៨៤អង្គ/នាក់ថា រាជបណ្ឌិត្យសភាកម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះជានិច្ច ដោយសារគោលការណ៍សិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះជួយឱ្យនិស្សិតមានចំណេះជំនាញពិតប្រាកដ ដើម្បីប្រកួតប្រជែងគុណភាពធនធានមនុស្សជាមួយបណ្តាប្រទេសអភិវឌ្ឍន៍នានា។ ឯកឧត្តមបណ្ឌិតបានពន្យល់បន្ថែមថា ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជាមានគុណភាពមិនខុសពីការបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នោះទេ ដូចនេះនិស្សិតទាំងអស់ត្រូវតែគោរពវិន័យ និងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវក្រេបយកចំណេះវិជ្ជាពីបណ្ឌិតសាស្រ្តាចារ្យជំនាញរៀងៗខ្លួន ស្របតាមគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជាឱ្យបានត្រឹមត្រូវ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា ប្រសិនបើនិស្សិតពុំគោរពតាមគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវខាងលើ ពួកគេនឹងពំុអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតដោយជោគជ័យនោះទេ។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
RAC Media | រឿន ភារុន
ភ្នំពេញ៖ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារប្រកាសជាផ្លូវការ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13) នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នេះ។
សម្ដេចតេជោបានគូសបញ្ជាក់ថា សម្ដេចបានឯកភាពនឹងសំណើរបស់ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការដែលបានស្នើសុំបង្កើតស្ថានទូតថ្មីចំនួន២បន្ថែមទៀត។
តាមប្រសាសន៍របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពង្រីកទំនាក់ទំនងឈានដល់កម្រិតការទូតជាផ្លូវការនេះ កម្ពុជាគ្រោងនឹងបង្កើតស្ថានទូតកម្ពុជានៅប្រទេសជាមិត្តចំនួនពីរគឺ ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសប្រេស៊ីល៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នស្រាវជ្រាវរុស្សុីនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ នាពេលខាងមុខ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងការងារសិក្សាស្រាវជ្រាវរវាងស្ថាប័នសិក្សាស្រាវជ្រាវប្រទេសទាំងពីរកម្ពុជា-រុស្សីឱ្យកាន់ប្រសើរឡើងថែមទៀត។
នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និង សហការី បានពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dmity Tsvetkov នៅស្ថានទូតសហព័ន្ធរុស្សុី។
ជាលទ្ធផលនៅក្នុងជំនួបពិភាក្សាការងារ ដើម្បីជាសក្ខីភាពនៃការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការស្រាវជ្រាវឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា-រុស្ស៊ី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dmity Tsvetkov បានឯកភាពលើកិច្ចសហប្រតិបត្តិការសំខាន់ៗដូចខាងក្រោម៖
-បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា
- ការចុះអនុស្សរណនៃការយោគយល់គ្នា និង
- ការធ្វើសន្និសីទអន្តរជាតិរួមគ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរុស្ស៊ី៕
RAC Media | រឿន ភារុន
ព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំកិច្ចប្រជុំ ប្រចាំ សប្តាហ៍របស់វិទ្យាស្ថាន ដើម្បីពិភាក្សានិងបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថាន ដើម្បីឱ្យកាន់តែមាន ប្រសិទ្ធភាពក្នុងការងារ និងដើម្បីឆ្លើយតបទៅនឹងការកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់វិទ្យាស្ថាន ដែលមាននាយកដ្ឋាន ជំនាញដែលជាសេនាធិការចំនួន៧៖
១- នាយកដ្ឋានកិច្ចការទូទៅ
២- នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ
៣- នាយកដ្ឋានច្បាប់អន្តរជាតិនិងការទូត
៤- នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ
៥- នាយកដ្ឋានសិក្សាអាស៊ីនិងអាហ្រ្វ៊ិក
៦- នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី
៧- នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី។
មន្ត្រីតាមនាយកដ្ឋានជំនាញនីមួយៗ មានភារកិច្ចតាមដាន ធ្វើរបាយការណ៍ និងវិភាគ រាល់ព្រឹត្តិការណ៍សំខាន់ៗដែលកើតមានទាក់ទងនឹងបញ្ហាទំនាក់ទងការបរទេស បញ្ហាសន្តិសុខ និងបញ្ហាពាណិជ្ជកម្ម របស់បណ្តាអង្គការឬប្រទេស ដែលស្ថិតនៅក្នុងនាយកដ្ឋានជំនាញរបស់ខ្លួន។ មន្ត្រីម្នាក់ៗត្រូវធ្វើរបាយការណ៍បច្ចុប្បន្នភាពព័ត៌មានប្រចាំថ្ងៃ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន មកកាន់ប្រធានវិទ្យាស្ថាននៅរៀងរាល់ម៉ោង ៤:០០ រសៀល និងផ្ញើចូលក្នុងតេឡេក្រាមផ្លូវការរបស់វិទ្យាស្ថានផង។
ទន្ទឹមនឹងនោះមន្ត្រីម្នាក់ៗត្រូវធ្វើរបាយការណ៍បូកសរុបព័ត៌មានប្រចាំសប្តាហ៍ រួចព្រីនចេញនិងមានចុះហត្ថលេខារបស់ខ្លួនផងដាក់ជូនប្រធានវិទ្យាស្ថានពិនិត្យ និងផ្តល់មតិណែនាំ នៅរៀងរាល់ថ្ងៃសុក្រនៃសប្តាហ៍ ហើយត្រូវសរសេរអត្ថបទបែបវិភាគចំនួនមួយអត្ថបទ (Commentary) ដែលមានកម្រាស់ចាប់ពី ២(ពីរ)ទំព័រឡើងទៅ ក្នុងមួយសប្តាហ៍។
ក្នុងករណីយល់ឃើញថា មានព័ត៌មានសំខាន់ បច្ចុប្បន្នភាព និងអាទិភាព ដែលត្រូវធ្វើឯកសារជំនួយស្មារតីជូនឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ពិនិត្យនិងផ្តល់មតិណែនាំ ប្រធានវិទ្យាស្ថាននឹងកោះប្រជុំបន្ទាន់ដើម្បីធ្វើកិច្ចការនេះ។
RAC Media
ប្រភព៖ អ៊ុច លាង
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM