ព័ត៌មាន

សារជូនពរឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

ឆ្លៀតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ដែលនឹងឈានចូលមកដល់ឆាប់ៗនេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញពីទឹកចិត្តគោរពនិងស្រឡាញ់ ជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ សម្រាប់ការខិតខំប្រឹងប្រែងកសាងនូវស្នាដៃ និងសមិទ្ធផលជាច្រើនផ្សេងទៀតដល់ស្ថាប័ន។

ក្រុមការងារយើង សូមលើកយកខ្លឹមសារនៃសារលិខិតជូនពរ របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត គិន ភា ដូចខាងក្រោម៖

«សូមគោរពជូនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់,

នាឱកាសដ៏ប្រសើរថ្លៃថ្លាប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងនាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ ខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរំភើបឥតឧបមា សូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ ចំពោះឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ឱ្យក្លាយជាស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រឈានមុខគេទាំងក្នុងក្របខណ្ឌជាតិ និងតំបន់ និងជាស្ថាប័នដែលផ្តល់ធាតុចូលដ៏សំខាន់ជូនរាជរដ្ឋាភិបាល។

ឆ្លៀតឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតចំពោះឯកឧត្តមបណ្ឌិត​សភា​ចារ្យ​ប្រធាន ដែលតែងតែបានយកអស់ឆន្ទៈ មនសិការ_បញ្ញាញាណ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ព្រមទាំងពុះពាររាល់ការលំបាកគ្រប់បែបយ៉ាងក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ជាពិសេសការស្រាវជ្រាវបញ្ហាព្រំដែនកម្ពុជា-វៀតណាម ក្នុងគោលបំណងរួមចំណែកកសាងឯកសារខ្សែបន្ទាត់ព្រំដែនមួយច្បាស់លាស់សម្រាប់កូនខ្មែរជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ សមិទ្ធផលដ៏លេចធ្លោរមួយទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ គឺផលិតផលទឹកដោះគោស្រស់ «តេជោសែនឫស្សីត្រឹប» នៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប។

ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុសក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន និងក្រុមគ្រួសារ សូមប្រកបទៅដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទនិងសហការី។»

ក្រៅពីនេះ នៅមានវិទ្យាស្ថាននិងស្ថាប័នចំណុះរាជបណ្ឌិត្យសភាកម្ពុជា ជាច្រើន បានចូលរួមបង្ហាញពីសន្តានចិត្តគោរពនិងស្រឡាញ់ដោយស្មោះចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច នាឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ឆ្នាំ២០២០ នេះដែរ។

 


2019-12-31 04:23:40   ថ្ងៃអង្គារ, 31 ធ្នូ 2019 ម៉ោង 11:23 AM
ប្រវត្តិទំនាក់ទំនងរវាង ព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ ដោយ៖ អ៊ុន បញ្ញា និស្សិតថា្នក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៧០ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមិនបានល្អប្រសើរឡើយ ដោយនៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបដឹកនាំរបស់ខ្មែរក្រហម។ ក្រោយមករបបដឹកនាំដោយខ្មែរ ក្រហមនេះ ត្រូវបានដួលរលំនៅឆ្នាំ១៩៧៩ ដែលអាចឱ្យប្រទេស​​កម្ពុជាក្រោកឈរសាជាថ្មីបាន និងខិតខំប្រឹងប្រែងដើម្បីឱ្យមានស្ថិរភាពក្នុងប្រទេសឡើងវិញ។ ស្របពេលជាមួយគ្នានេះដែរ ក្រៅពីការធ្វើឱ្យមានស្ថិរភាពក្នុងប្រទេស រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញជាមួយបណ្តាប្រទេសជិតខាងទាំងក្នុងតំបន់ និងនៅលើសកលលោក រួមបញ្ចូលទាំងទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិធំៗផងដែរ ដូចជាអង្គការសហប្រជាជាតិជាដើម។ល។ ការភ្ជាប់ទំនាក់ទំនងនេះក៏ឈានដល់ការចុះឯក​សារពិធីសារលើកិច្ចព្រមព្រៀងនានាជាមួយរដ្ឋាភិបាល បរទេស ជាពិសេសជាមួយរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN ផងដែរ។ ក្នុងពេលជាមួយគ្នានោះដែរ ទំនាក់ទំនងរវាងប្រទេស​ទាំងពីរ កម្ពុជា- កូរ៉េ ត្រូវបានបង្កើតឡើងវិញនៅក្នុងឆ្នាំ១៩៩៧ ដែលចាប់ពីពេលនោះមក ទំនាក់ទំនងទ្វេរភាគីនេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្រោយមក ក្រោមទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានបង្កើតស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ ១៩៩៨។ ចំណែកឯរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្កើតស្ថានទូតរបស់ខ្លួន ប្រចាំនៅសាធារណរដ្ឋកូរ៉េ ផងដែរនៅក្នុងឆ្នាំ២០០១។

ការប្រែក្លាយពីទំនាក់ទំនងការទូត ទៅជាចំណងការទូតក្រោយការបង្កើតឱ្យមានស្ថានទូត ប្រចាំនៅប្រទេសទាំងពីរនេះ បានជម្រុញឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងកាន់តែមាន លក្ខណៈស៊ីជម្រៅ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ រួមទាំងសមាជិកសំខាន់ៗនៃរដ្ឋបាល ទាំងពីរ បានធ្វើការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ និងក្នុងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមក។ ទន្ទឹមនោះ ផងដែរ នៅឆ្នាំ២០០០ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានចាត់តាំងលោក Lee Myung- Bak ឱ្យធ្វើជាទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៨។ ការធ្វើជាទីប្រឹក្សាពិសេសទទួលបន្ទុកផ្នែកសេដ្ឋកិច្ចរបស់លោក Ly Myung-Bak នេះ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េ មានការរីកចម្រើនកាន់តែស៊ីជម្រៅ និងរីកធំធាត់។ ហើយ ចំណងទំនាក់ទំនងនេះកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត និងបានជះពន្លឺដ៏ត្រចះត្រចង់សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេរភាគី រហូតមកដល់បច្ចុប្បន្ន គឺនៅពេលដែលលោក Ly Myung-Bak បានក្លាយទៅជាប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០០៨។ ប្រការនេះបានបង្កឱ្យមានទំនាក់ ទំនងកាន់តែល្អ និងបានប្រែក្លាយប្រទេសទាំងពីរឱ្យទៅជាដៃគូពិភាក្សាជិតស្និទ្ធ ទាំងកិច្ចសហប្រតិ- បត្តិការលើផ្នែកសង្គម ផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ច ដែលត្រូវបានមើលឃើញជាលក្ខណៈទ្វេរភាគី និងជាលក្ខណៈកញ្ចប់ ដែលស្ថិតនៅក្រោមក្របខណ្ឌ ASEAN ដូចជាក្នុងកិច្ចប្រជុំអាស៊ាន បូកបី (ASEAN + 3) កិច្ចប្រជុំវេទិកាតំបន់អាស៊ាន (ASEAN Regional Forum) កិច្ចប្រជុំអាស៊ាន-កូរ៉េ ។ល។

ប្រវត្តិទំនាក់ទំនង និងសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានាទាំងពេលកន្លងមក និងបច្ចុប្បន្ន បានធ្វើឱ្យចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងបន្តរហូតដល់បច្ចុប្បន្ន។

RAC Media

ដោយ៖ ឈ្មោះ អ៊ុន បញ្ញា និស្សិតថា្នក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ ជំនាន់ទី៧ វគ្គទី២​ នៃរាជបណ្ឌិត្យសភាកម្ពុជា(សេចក្តីដែលមានក្នុងអត្តបទនេះ មិនបានឆ្លុះបញ្ចាំងយោបល់របស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។ )
ទំនាក់ទំនង ៖ [email protected]


2019-12-30 03:41:32   ថ្ងៃចន្ទ, 30 ធ្នូ 2019 ម៉ោង 10:41 AM
«EBA និង ទំនាក់ទំនងកម្ពុជាអឺរ៉ុប» ដោយ៖ កាំង សុផា និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជ បណ្ឌិត្យសភាកម្ពុជា

បើយោងតាមប្រវត្តិសាស្រ្តយើងឃើញថាវត្តមានរបស់ពួកអឺរ៉ុបភាគច្រើនជាជនជាតិអេស្ប៉ាញនិងព័រទុយហ្គាល់បានមកដល់ប្រទេសអាស៊ីនៅពាក់កណ្តាលទី២នៃសតវត្សទី១៦ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅឆ្នាំ១៥៥០ មកម្ល៉េះ ក្នុងគោលបំណងធ្វើជំនួញ និងផ្សព្វផ្សាយសាសនា។ ជាមួយគ្នានេះយើងក៏កត់សម្គាល់ផងដែរថា ជនជាតិនេះក៏មានទំនាក់ទំនងយ៉ាងល្អជាមួយនឹងព្រះមហាក្សត្រខ្មែរនាកាលនោះ មិនតែប៉ុណ្ណោះគេក៏បានផ្សាភ្ជាប់សាច់ឈាមជាមួយនិងព្រះញាតិវង្សផងដែរ។

«ទំនាក់ទំនងរវាងសហភាព អឺរ៉ុប និងកម្ពុជា បានចាប់ផ្តើមឡើងក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៩០ គឺមានការរីក​ចម្រើនគួរឱ្យយកត់សម្គាល់បើគិតចាប់តាំងពីការបើកការិយាល័យ សហភាពអឺរ៉ុបនៅរាជានីភ្នំពេញ នាដើមទសវត្សរ៍ឆ្នាំ២០០០»។

សហគមន៍អឺរ៉ុបត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ និងបច្ចុប្បន្នមាន ២៨ ប្រទេសជាមាជិក មានប្រជាជនសរុបចំនួន ៥០៨ លាននាក់ មាន ២៤ ភាសាជាផ្លូវការ និងមានផ្ទៃដីសរុប ៤, ៤២២, ៧៧៣ គម២។

ប្រទេសកម្ពុជានិងសហគមន៍អឺរ៉ុបគឺមានទំនាក់ទំនងគ្នាយ៉ាងល្អ ដែលត្រូវបានរាប់ចាប់តាំងពីកម្ពុជាបានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅរកសន្តិភាព កាលពីឆ្នាំ១៩៩០។ ក្នុងនោះសហគមន៍អឺរ៉ុបបានគាំទ្រប្រទេសកម្ពុជាក្នុងការជួយសហប្រត្តិការស្ទើរគ្រប់ផ្នែក និងគ្រប់វិស័យ។ បើមិនមានសហគមន៍អឺរ៉ុបទេ នោះកម្ពុជាអាចនឹងត្រូវបានប្រឈមជាមួយនឹងបញ្ហានានាជាច្រើន នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពទន់ខ្សោយនៅឡើយ។

សហគមន៍អឺរ៉ុបគឺជាតំបន់ទីផ្សារធំលំដាប់ទី២លើពិភពលោក និង ក៏ជាកន្លែងដែលនាំចេញនាំចូលនូវផលិតផលធំលំដាប់ពិភពលោកផងដែរ។ សហគមន៍អឺរ៉ុបត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ក្នុងគោលបំណងបង្រួបបង្រួមអឺរ៉ុបឡើងវិញ ការការពារសន្តិភាព ក៏ដូចជាការពង្រឹងនិងពង្រីកវិស័យសេដ្ឋកិច្ចឱ្យកាន់តែមានភាពរឹងមាំទាំងនៅក្នុងតំបន់អឺរ៉ុបក៏ដូចជាក្នុងពិភពលោក។

ក្រោយពីអឺរ៉ុបបានពើបប្រទះនូវភាពរុងរឿង រីកចម្រើនសំបូរសប្បាយអស់រយៈពេលប្រមាណជា ៦០ឆ្នាំមកនេះ សហគមន៍អឺរ៉ុបក៏មិនបានភ្លេចដែរក្នុងការបង្កើនគោលនយោបាយផ្សេងៗក្នុងការជួយផ្គត់ផ្គង់ និងជ្រោមជ្រែងដល់បណ្តាប្រទេសដែលប្រាក់ចំណូលរបស់ប្រជាជននៅមានកម្រិតទាប ឬយើងអាចនិយាយបានថា ជួយដល់ប្រទេសដែលស្ថិតក្នុងស្ថានភាពក្រីក្រនៅឡើយ។ ការជួយរបស់សហគមន៍អឺរ៉ុបគឺត្រូវបានធ្វើឡើងក្នុងរូបភាពផ្សេងៗគ្នា ខ្លះក៏ត្រូវបានជំនួយឧបត្ថម្ភជាឧបករណ៍សម្ភារៈបរិក្ខារ ជាថវិកា និងជាពិសេសគឺការផ្តល់ជូននូវការអនុគ្រោះពន្ធគ្រប់យ៉ាង លើកលែងតែអាវុធដល់ប្រទេសដែលមិនទាន់អភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍ទាំងនោះដែលមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបាន។ ការអនុគ្រោះពន្ធលើប្រភេទទំនិញគ្រប់មុខលើកលែងតែអាវុធដែលគ្រប់គ្នាបានហៅកាត់ថា EBA នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០0១ មកម្ល៉េះ ដែលវាត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ធានាគារសហគមន៍អឺរ៉ុប តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១១ ក្នុងនោះកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសប្រមាណ៤៩ ប្រទេសក្នុងពិភពលោកដែលបានទទួលសិទ្ធិជាប្រទេសដែលបានទទួលការអនុគ្រោះពន្ធលើទំនិញគ្រប់មុខពីសហគមន៍អឺរ៉ុប។ សម្រាប់ប្រទេសដែលក្បែរខាងប្រទេសកម្ពុជានេះក៏មានប្រទេសមីយ៉ាន់ម៉ា និង បង់ក្លាដេសដែលបានទទួលសិទ្ធិដូចប្រទេសកម្ពុជា។

“សហភាពអឺរ៉ុប ខិតខំប្រឹងប្រែងដើម្បីបញ្ជ្រាបកង្វល់ទាក់ទិននិងសិទ្ធិមនុស្សទៅក្នុងគ្រប់គោលនយោបាយនិងកម្មវិធីរបស់ខ្លួនហើយមិនតែប៉ុណ្ណោះសហភាបអឺរ៉ុបក៏មានលិខិតតូបករណ៍គោលនយោបាយសិទ្ធិមនុស្សបន្ថែមសម្រាប់វិធានការជាក់លាក់ផងដែរ។ លិខិតតូបករណ៍អឺរ៉ុបដើម្បីលិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស (EIDHR)គឺជាការបង្ហាញឱ្យឃើញជាក់ស្តែងនូវការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រ និងលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ នៅក្នុងប្រទេសកម្ពុជា កម្មវិធីនេះត្រូវបានចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១០ និងមានគោលបំណងគាំទ្រគំនិតផ្តួចផ្តើមរបស់សង្គមស៊ីវិលដែលរួមចំណែកលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិមនុស្ស” ។

សម្រាប់លក្ខខណ្ឌនេះកម្ពុជាបានទទួលដឹងឮអស់រយៈកាលជាង១ទស្សវត្សរ៍ទៅហើយជាមួយនិងសហគមន៍អឺរ៉ុប។ ក្រោយមានសាលដីកាពីតុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ និង ក្រោយពេលមានការឃាត់ខ្លួនតាមផ្លូវតុលាការលើអ្នកនយោបាយបក្សប្រឆាំង និង អតីតប្រធានគណបក្សប្រឆាំង ចាប់តាំងពីឆ្នាំ២០១៧ មកនោះ យើងឃើញថាកម្ពុជាត្រូវបានប្រទេសជិតខាង និង មតិអនុ្តរជាតិបានធ្វើការវិភាគនិងឱ្យតម្លៃខុសៗគ្នា អាស្រ័យទៅលើលក្ខខណ្ឌនៃការយល់ឃើញខុសៗគ្នា។ សម្រាប់សហគមន៍អឺរ៉ុបមិនត្រឹមតែរិះគន់ដល់កម្ពុជានោះទេបែរថែមទាំងបានចាប់ផ្តើមអនុវត្តនីតិវិធីក្នុងការដកការអនុគ្រោះពន្ធនេះយកតែម្តង។ សំណួរសួរថា តើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបែបយ៉ាងម៉េចទើបជាតម្រូវការរបស់អឺរ៉ុប? ទន្ទឹមនិងអឺរ៉ុបមិនសប្បាយចិត្តជាមួយកម្ពុជារឿងប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស បែរជាអឺរ៉ុបចុះកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមក្នុងការនាំចូលទំនិញចូលទៅអឺរ៉ុបដោយបន្ថូរបន្ថយនិងមិនមានការបង់ពន្ធ ដែលមានតម្លៃប្រហាក់ប្រហែលនឹង EBA ទៅវិញ។

សំណួរសួរថា តើប្រទេសវៀតណាមមានប្រធិបតេយ្យ បែបអឺរ៉ុបត្រូវការឬយ៉ាងណា? តើកម្ពុជាមានឯករាជ្យ អធិបតេយ្យភាព និងនីតិរដ្ឋក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួនដែរឬទេ? បើទោះបីជាយ៉ាងណាក៏ដោយក្នុងស្ថានភាពជាក់ស្តែងនេះ ទាំងប្រជាជនកម្ពុជានិងបណ្តាប្រទេសនៅក្នុងពិភពលោកកំពុងតែទន្ទឹងរងចាំមើលសេចក្តីសម្រេចចិត្តរបស់កម្ពុជា ថាតើកម្ពុជាគួរតែសម្របខ្លួនតាមតម្រូវការរបស់អឺរ៉ុប ឬត្រូវតែអនុវត្តតាមការប្រកាសរបស់ប្រមុខរាជរាដ្ឋាភិបាលធ្លាប់តែលើកឡើងនាពេលកន្លងមក ថាកម្ពុជាមិនត្រូវយកអធិបតេយ្យភាពរបស់ខ្លួនទៅដូរជាមួយនិងរបស់អ្វីមួយដែលគេចង់បាននោះទេ។ រឿងដែលសំខាន់គឺស្ថិតនៅត្រង់ថា តើកម្ពុជានឹងត្រូវសាងប្រវត្តិសាស្រ្តថ្មីនេះដោយរៀបណា? តើការសម្របខ្លួនតាមសហគមន៍អឺរ៉ុប និងការមិនសម្របខ្លួនតាមសហគមន៍អឺរ៉ុប មួយណាចំណេញជាងសម្រាប់ប្រជាជនកម្ពុជា? ដើម្បីធានានិងអនុលោមឱ្យខានតែបានសម្រាប់កេរ្តិ៍ឈ្មោះល្អលើឆាកអន្តរជាតិនិងការចំណេញដល់ប្រជាជនកម្ពុជាផង រដ្ឋាភិបាលគួរបន្តអនុវត្តគោលនយោបាយឈ្នះឈ្នះកន្លងមកនៅថ្នាក់ជាតិ ឱ្យក្លាយទៅជាខ្នាតអន្តរជាតិ និងគួរបើកឱកាសឱ្យមានការចរចាមួយសម្រាប់ឆ្ពោះទៅរកការអភិវឌ្ឍន៍៍និងសាមគ្គីជាតិសម្រាប់ប្រជាជនទាំងមូលនិងកូនចៅជំនាន់ក្រោយ។

RAC Media

ដោយ៖ និស្សិត កាំង សុផា និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជ​បណ្ឌិត្យសភាកម្ពុជា (អត្តន័យដែលមានក្នុងអត្តបទស្រាវជ្រាវនេះ គឺជាគំនិតរបស់និស្សិត កាំង សុផា មិនបានឆ្លុះបញ្ចាំងការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ។)


2019-12-30 03:05:54   ថ្ងៃចន្ទ, 30 ធ្នូ 2019 ម៉ោង 10:05 AM
«ទំនាក់ទំនងកម្ពុជា-ចិន ក្រោមឥទ្ធិពលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ដោយ៖ ​គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា

ជាការពិតណាស់ទំនាក់ទំនងរវាងកម្ពុជា-ចិន បានកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ គ្រាន់តែជាផ្លូវការដែលមានគេនិយាយច្រើន គឺចាប់តាំងពីការស្រាវជ្រាវឃើញនូវកំណត់ត្រារបស់ ជីវ តាក្វាន់ ដែលជាបេសកជនពិសេសរបស់ចិន ដែលបានមកទស្សនកិច្ចនៅកម្ពុជាក្នុងនាមជាអ្នកការទូតរបស់ចិន នាសម័យនោះ។​

រហូតមកទល់បច្ចុប្បន្ននេះ មានរយៈពេលជាង២០០០ឆ្នាំទៅហើយ ទំនាក់ទំនងនេះនៅតែបន្ត ព្រមទាំងបានកសាងនូវប្រវត្តិរឿងរ៉ាវល្អជាប្រវត្តិសាស្រ្ត សម្រាប់កូនចៅអ្នកបន្តវេនជំនាន់ក្រោយៗ។ លើសពីនេះ វាកាន់មានតែភាពស្និទ្ធស្នាលដោយសារតែប្រមុខរដ្ឋទាំងពីរ បានប្រកាន់ខ្ជាប់នូវការ គោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗរៀងខ្លួន។ ម្ល៉ោះហើយរដ្ឋទាំងពីរនៅតែបន្តបាននូវទំនាក់ទំនងនេះ រហូតដល់គេឃើញថា មានភាពស្និទ្ធស្នាលជាមួយរដ្ឋមហាអំណាចមួយនេះខ្លាំងជាង រដ្ឋដែលជាមហាអំណាចពិភពលោកបណ្ដុំត្រសងជាមួយ។ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងស្និតស្នាលជាមួយគ្នាលើវិស័យសំខាន់ៗ ដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ កិច្ចការក្នុងតំបន់ និងអន្តរជាតិជាច្រើនទៀត ដែលបានផ្ដល់នូវសមិទ្ធផលគួរជាទីមោទនៈ។

ជំនួយឥតសំណង និងកម្ចីជាបន្តបន្ទាប់ ត្រូវបានផ្ដល់ជូនកម្ពុជា សម្រាប់ធ្វើការអភិវឌ្ឍស្ទើរគ្រប់វិស័យ។ នាពេលបច្ចុប្បន្ននេះ កម្ពុជាបានប្រែប្រួលនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាច្រើនគួរឱ្យកត់សម្គាល់ អាគារខ្ពស់ៗជាច្រើនរីកដុះដាល ផ្លូវថ្នល់ ស្ពាន ជាច្រើនត្រូវបានសាងសង់ជាបន្តបន្ទាប់ ។ល។

នៅក្នុងទំនាក់ទំនងនេះ ត្រូវបានគេកត់សម្គាល់ឃើញនូវ កិច្ចសហប្រតិបត្តិការថ្មីមួយរបស់ចិន ដែលកំពុងតែដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់មេគង្គ ក្រៅពី វិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ឬខ្សែក្រវាត់មួយផ្លូវមួយ វេទិកាអាស៊ីប៉ូអាវ នោះគឺកិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង។

បើគេក្រឡេកមើលកិច្ចសហប្រតិបតិ្តការនៅក្នុងតំបន់មេគង្គនាពេលបច្ចុប្បន្ននេះ មានច្រើនគួរសមដូចជា៖ មហាអនុតំបន់មេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-សាធារណរដ្ឋកូរ៉េ មេគង្គ-គង្គា(ឥណ្ឌា) គំនិតផ្ដួចផ្ដើមមេគង្គក្រោម (LMI) គណៈកម្មាធិការទន្លេមេគង្គកម្ពុជា (MRC) យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(ACMECS) និងមេគង្គ-ឡានឆាង (MLC) ដែលជាកូនពៅក្នុងកិច្ចសហប្រតិបត្តិការនេះ នាពេលបច្ចុប្បន្ន។

កិច្ចសហប្រតិបតិ្តការមេគង្គ-ឡានឆាង ឬជាភាសាអង់គ្លេស Mekong-Lancang Cooperation (MLC) ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយលោក លី ខឺឈាង នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី១៧ នៅខែវិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ដោយយោងតាមគំនិតផ្ដួចផ្ដើមរបស់ថៃ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១២។

កិច្ចសហប្រតិបត្តិការនេះ បានសម្ពោធជាផ្លូវការនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាង លើកដំបូង ដែលបានប្រារព្ធធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅឯទីក្រុងជីងហុង ប្រទេសចិន និងប្រកាសជាផ្លូវការនៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅទីក្រុងសាន់យ៉ា ប្រទេសចិន ក្នុងនោះមានប្រទេសជាសមាជិកចំនួនប្រាំមួយ ដូចជា៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដោយផ្ដោតលើសសរស្ដម្ភ៣ មាន៖ ១)បញ្ហានយោបាយនិងសន្តិសុខ ២)ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និង៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាង ប្រជាជន និងប្រជាជន និងមានវិស័យអាទិភាពគន្លឹះ៥ មាន៖ ១.ការតភ្ជាប់ ២.សមត្ថភាពផលិត ៣.កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែន ៤.ធនធានទឹក ៥.កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍កុងសង់ស៊ីស បើកចំហរ ការពិគ្រោះយោបល់ ការបញ្ចូលគ្នាជាសមភាព ការសម្របសម្រួលគ្នាទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែក ផលប្រយោជន៍រួម និងការគោរពរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។

គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម របស់បណ្ដាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពប្រជាជន កាត់បន្ថយគម្លាតអភិវឌ្ឍនៅក្នុងតំបន់ និងកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព។

កិច្ចសហប្រតិបត្តិការនេះបានកំណត់នូវកិច្ចប្រជុំសំខាន់ៗ ជាអាទិ៍រួមមាន៖ កិច្ចប្រជុំក្រុមការងាររួមការទូត និងកិច្ចប្រជុំក្រុមការងាររួមតាមវិស័យគន្លឹះនីមួយៗ កិច្ចប្រជុំឧត្ដមមន្រ្តី កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងកិច្ចប្រជុំកំពូល។ រាល់កិច្ចប្រជុំទាំងអស់ត្រូវបានធ្វើឡើងដោយមានប្រទេសចិនជាសហប្រធានអចិន្ត្រៃយ៍ ហើយប្រទេសសមាជិកមេគង្គជាសហប្រធានប្ដូរវេនទៅតាមលំដាប់តួរអក្សរ។

កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្ដល់នូវប្រទេសជាសមាជិកនូវគម្រោងអភិវឌ្ឍទៅដល់ប្រទេសទាំងអស់ដោយផ្ដល់នូវមូលនិធិតាមរយៈគម្រោងរយៈពេលខ្លី មធ្យម និងវែង។ ជាក់ស្ដែងក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី២ នៅខេត្តសៀមរាប កម្ពុជា បានអនុម័តនូវទឹកប្រាក់៣០០លានដុល្លារជាមូលនិធិពិសេសសម្រាប់រយៈពេលប្រាំឆ្នាំ ដល់ប្រទេសសមាជិក ដែលគម្រោងនីមួយៗអាចលើកទឹកប្រាក់មិនឱ្យលើសពី ៥សែនដុល្លារអាមេរិក។

ប្រទេសកម្ពុជា តាមរយៈមូលនិធិនេះ បានទទួលនូវគម្រោងសម្រាប់អនុវត្តចំនួន៣៥គម្រោងរួចទៅហើយ សម្រាប់ការអនុម័ត២ឆ្នាំដំបូង ដែលមានទំហំទឹកប្រាក់ប្រមាណជា១៤លានដុល្លារអាមេរិក ហើយនឹងរង់ចាំសម្រាប់ការអនុម័តជាបន្តបន្ទាប់ទៀតនាកិច្ចប្រជុំខាងមុខ។

បើតាមការវិភាគលើឥទ្ធិពលនៃកិច្ចសហប្រតិបត្តិការនេះ គឺជាឱកាសពិសេសមួយសម្រាប់កម្ពុជាផងដែរ ដោយហេតុថា នេះជាកិច្ចសហប្រតិបត្តិការថ្មីមួយ ស្របពេលដែលសេដ្ឋកិច្ចប្រទេសចិនកំពុងរីកលូតលាស់ជាលំដាប់ ធ្វើឱ្យចិនចាយលុយច្រើន ដែលអាចនិយាយបានថាជាឱកាសពិសេសមួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទាញយកផលប្រយោជន៍ឱ្យបានច្រើនតាមតែអាចធ្វើបាន ម្យ៉ាងវិញទៀតស្របពេលដែលសហរដ្ឋអាមេរិក និងចិន កំពុងមានភាពល្អក់កករនឹងលើផលប្រយោជន៍សេដ្ឋកិច្ច ធ្វើឱ្យមហាអំណាចចិនពង្រឹងដៃគូឱ្យបានច្រើនជាពិសេសជាមួយប្រទេសនៅជិតៗខ្លួន ដើម្បីទប់ទល់នឹងអាមេរិក ដែលកំពុងសម្លឹងមករកខាងអាស៊ីប៉ាស៊ីហ្វិក ដែលខ្លួនធ្លាប់ទុកចោលជាច្រើនឆ្នាំ។

ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក៏មានចំណុចខ្វះខាតដែលត្រូវធ្វើការអភិវឌ្ឍបន្ថែមផងដែរ ដោយនៅក្នុងនោះប្រទេសជាសមាជិកមួយចំនួន មានការយល់ដឹងរបស់ក្រុមការងារទាក់ទងនឹងវិស័យគន្លឹះនៅមានកម្រិត។ យន្តការនៃកិច្ចសហប្រតិបត្តិការហាក់នៅមានភាពស្រពេចស្រពិល ស្របពេលដែលមានតែខាងភាគីចិន ដែលបានស្គាល់នូវកិច្ចសហប្រតិបត្តិការថ្មីនេះបានច្រើន ផ្ទុយទៅវិញប្រទេសសមាជិកក្នុងតំបន់មានការយល់ដឹងតិចតួច។

ជារួម កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាក្ដីសង្ឃឹមថ្មី សម្រាប់ប្រទេសនៅក្នុងតំបន់មេគង្គ ដោយយោងលើគោលការណ៍កុងសង់ស៊ុស នោះរាល់ការសម្រេចទៅលើកិច្ចការអ្វីមួយ ត្រូវតែមានការឯកភាពរបស់ប្រទេសសមាជិកទាំងអស់។ ជាធម្មតា ក្នុងកិច្ចសហប្រតិបត្តិការមួយតែងតែមានអ្នកចំណេញតិច ឬច្រើនជារឿងធម្មតា ដោយមិនអាចចោទទៅលើអ្នកផ្ដួចផ្ដើម ឬហៅថាអ្នកបោះមេ ហើយជារឿងសាមញ្ញទៀត គឺថា មេមិននៅក្រោមពង ដូចពាក្យចាស់លោកធ្លាប់ពោលកន្លងមក។ ដូច្នេះ កម្ពុជា ត្រូវត្រៀមខ្លួនឱ្យរួចរាល់ក្នុងការពង្រឹងសមត្ថភាព ភាពឆ្លាតវៀងវៃ ភាពរហ័សរហួន ពូកែ និងបង្កើនភាពដឹកនាំឱ្យកាន់តែប្រសើរ ដើម្បីស្រូបយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះឱ្យបានច្រើន៕

RAC Media

ដោយ៖និស្សិត គួយ តុលាភក្ដី និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា(អត្តន័យដែលមានក្នុងអត្តបទនេះ គឺជាគំនិតរបស់និស្សិត គួយ តុលាភក្ដី មិនបានឆ្លុះបញ្ចាំងការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ) ។




2019-12-27 18:17:16   ថ្ងៃសុក្រ, 27 ធ្នូ 2019 ម៉ោង 01:17 AM
«គុណសម្បត្តិ និងគុណវិបត្តិនៃការវិនិយោគចិននៅកម្ពុជា» ដោយ៖ បាន សំអេង

ជាការពិតណាស់ ប្រទេសជាតិមួយដើម្បីអាចទាក់ទាញវិនិយោគទុនបរទេសមកវិនិយោគក្នុងប្រទេសរបស់ខ្លួនបាន លុះត្រាតែប្រទេសេជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ សន្តិសុខសណ្តាប់ធ្នាប់ល្អដើម្បីថែរក្សាការពារសុវត្ថិភាពដល់វិនិយោគគិនបរទេសទាំងអស់នោះដែលបានមកវិនិយោគនៅប្រទេសរបស់ខ្លួន។ ជាក់ស្តែងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើអោយកម្ពុជាមានសេដ្ឋកិច្ចចរីកចំរើនគួរអោយកត់សំគាល់ ហើយេជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសកម្ពុជាបានទទួលវិនិយោគចិនច្រើនជាងពាក់កណ្តាលនៃវិនិយោគបរទសទាំងអស់នៅកម្ពុជា។

វិនិយោគចិន បានផ្តោតយកចិត្តទុកដាក់ទៅក្នុងការវិនិយោគនៅកម្ពុជាដែលមានវិស័យសំខាន់ៗដូចជាវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ដែលផ្តោតសំខាន់ទៅលើដំណាំចំការកៅស៊ូ ដំណាំស្រូវ ដំឡូងមី ដំណាំម្រេច និងដំណាំកសិផលផ្សេងៗជាច្រើន។ល។ វិស័យឧស្សាហកម្ម រ៉ែ និងថាមពល ផ្តោតជាពិសេសទៅលើការសាងសងទំនប់វារីអគ្គិសនី និងការរុករករ៉ែដែក និង រ៉ែមាស ។ វិស័យហេដ្ធារចនាសម្ព័ន្ធ និងសេវាកម្ម មានផ្លូវថ្នល់ ស្ពាន សាលារៀន ផ្លូវរថ​ភ្លើង និងការបំរើសេវាកម្ម ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្លឹបកំសាន្តនានា។ វិស័យអចលនទ្រព្យ និងសំណង់ ក្រុមហ៊ុនវិនិយោគចិនក៏មានទំហំការវិនិយោគធំធេងផ្តោតទៅលើការសាងសង់ ការទិញដីធ្លីសំរាប់​សាង​សង់អគារខន់ដូរ ការទិញដីធ្លីសំរាប់ទុកលក់ចំណេញបន្ត និងការវិនិយោគទៅលើអគារពាណិជ្ជកម្ម ផ្សារទំនើបផ្សេងៗជាពិសេសជាងនេះទៅទៀតនោះ គឺការវិនិយោគទៅលើដីសម្បទានសេដ្ធកិច្ច ដែលមានទំហំដីរាប់សិបម៉ឺនហិចតា ដែលបានទទួលការអនុញ្ញាតពីរាជរដ្ធាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ។

ការវិនិយោគរបស់ក្រុមហ៊ុនចិន ទៅលើវិស័យដែលបានរៀបរាប់មកខាងលើនេះ ធ្វើអោយសេដ្ធកិច្ចប្រទេសកម្ពុជាមានការរីកចំរើនជាបន្តបន្ទាប់ ហើយការមកបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនចិនមកកម្ពុជាបានជួយអោយប្រជាពលរដ្ធកម្ពុជាមានការងារធ្វើ និងបានចូលរួមចំណែកជាមួយរាជរដ្ធាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្របានមួយភាគធំ និងកាត់បន្ថយការចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេស។ វិស័យវាយភ័ណ្ឌផ្តោតជាសំខាន់លើចវិស័យកាត់ដេរសំលៀកបំពាក់ ក៏ជាការវិនិយោគដ៏ធំធេងមួយទៀតរបស់ក្រុមហ៊ុនចិននៅកម្ពុជាបានជួយរកការងារធ្វើរបស់ប្រជាពលរដ្ធរាប់សិបម៉ឺនកន្លែងបន្ថែមទៀត។

ទន្ទឹមនឹងនេះផងដែរក្រុមហ៊ុនវិនិយោគចិន ត្រូវតែយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ធដែលរស់នៅតំបន់អភិវឌ្ឍនោះ ហើយតំរូវអោយក្រុមហ៊ុនវិនិយោគទាំងអស់ខិតខំប្រឹងប្រែងធ្វើយ៉ាងណាគោរពអោយបានគោលការណ៍ ច្បាប់ បទបញ្ញាតិ ស្តង់ដារការងារ លក្ខខណ្ឌការងារ លក្ខណះបច្ចេកទរសការងារ ជៀសវាងមានហានិភ័យកើតឡើងជាយថាហេតុ។ មិនតែប៉ុណ្ណោះទៀតសោធ ក្រុមហ៊ុនវិនិយោគត្រូវតែយកចិត្តទុក​ដាក់ ទៅលើផលប៉ះពាល់ ដូចជាបញ្ហាបរិស្ថាន ការបំផ្លាញ់សម្បត្តិធនធានធម្មជាតិជាដើម។ ពីព្រោះបញ្ហាទាំងអស់នេះ ជាបញ្ហាសំខាន់ណាស់បើក្រុមហ៊ុនវិនិយោគមិនបានគិតគូយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថានទេ ហើយគុតតែ​ផល​ប្រយោជន៍ក្រុមហ៊ុន ផលចំណេញក្រុមហ៊ុន ប្រាក់ចំណូលក្រុមហ៊ុន ដោយមិនបានគិតគូយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាននោះទេ តទៅថ្ងៃអនាគតខាងមុខ និងធ្វើអោយមានការរិះគន់ពីមជ្ឍដ្ធានជាតិ និងអន្តរជាតិជាក់ជាពុំខានឡើយ។ ឧទាហរណ៌ដូចជាការអភិវឌ្ឍភាគច្រើនជៀសមិនផុតទេ បានជួបបញ្ហាជាច្រើនដល់ការរស់នៅរបស់ពួកគាត់នៅតំបន់ ដែលតំរូវអោយក្រុមហ៊ុនវិនិយោគធ្វើការសិក្សាស្រាជ្រាវអោយបានលំអិតនិងស៊ីជំរៅពីផលប៉ះពាល់ទាំងឡាយដូច​ជា​បញ្ហារស់នៅរបស់ប្រជាពលរដ្ធ បញ្ហាបរិសា្ថន ការបំពុលបរិស្ថាន ការបាត់បង់ធនធានធម្មជាតិដើម។ជាការពិតណាស់គ្មានការអភិវឌ្ឍណាមួយដែលមិនធ្វើអោយមានផលប៉ះពាល់ដល់ប្រជាពលរដ្ធនិងបរិស្ថាននោះទេ គ្រាន់តែសូមអោយអាជ្ញាធរ ក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធត្រូបតែមានវិធានការទប់ស្កាត់ យកចិត្តទុកដាក់ចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយ ណែនាំ ជាពិសេសគឺតំរូវអោយក្រុមហ៊ុនវិនិយោគចិនដែលបានមកបណ្តាក់ទុនទាំងអស់ត្រូវតែអនុវត្តន៌ គោរពអោយបានម៉ឺងម៉ាត់នូវលិខិតបទដ្ឋានគតិយុទ្ធទាំងឡាយណាដែលពាល់ព័ន្ធក្នុងការអភិវឌ្ឍ។ ព្រោះក្រុមហ៊ុនវិនិយោគចិនមុននិងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា គឺពិតជាបានទទួលយល់ព្រមនូវលក្ខខណ្ឌេរបស់កម្ពុជារួចរាល់ហើយមុននិងសំរេចចិត្តមកបណ្តាល់ទុនវិនិយោគនៅកម្ពុជា។

សរុបសេចក្តីមក ឆ្លងតាមរយះការបកស្រាយមកខាងលើនេះ យើងឃើញថាវិនិយោគរបស់ក្រុមហ៊ុនចិន ឬប្រទេស​ចិនមានទាំងគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាសម្រាប់កម្ពុជា ដែលទាមទារអោយយើងធ្វើការយកចិត្តទុកដាក់ ឃ្លាំមើលរាល់សកម្មភាពដោយមានការប្រយ័ត្នប្រយែងបំផុត អាស្រ័យថាការប៉ះពាល់ដល់ធម្មជាតិ ព្រៃព្រឹក្សា គឺជារឿងមួយដែល​គួរអោយព្រួយបារម្ភយ៉ាងខ្លាំង។មិនតែប៉ុណ្ណោះទេ អ្វីដែលធ្វើអោយយើងព្រួយបារម្ភជាងនេះទៀតគឺការវិនិ​យោគ​​មួយចំនួនេបស់ក្រុមហ៊ុនចិនបានបង្ករអោយមានផលប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ធកម្ពុជា ពិសេស គឺវិវាទដីធ្លី ផ្ទះសម្បែងរវាងពលរដ្ធខ្មែរនិងក្រុមហ៊ុនចិនដែលរាជរដ្ធាភិបាលចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហានេះ ព្រមទាំងជួយដោះស្រាយចវិវាទរបស់ប្រជាពលរដ្ធនិងក្រុមហ៊ុនចិនដោយឈរលើស្មារតីជាអាជ្ញាកណ្តាល ដើម្បីរក្សាផលប្រយោជន៍របស់ប្រជាពលរដ្ធយើងផង និងផលប្រយោជន៍របស់ក្រុមហ៊ុនផង៕

RAC Media

ដោយ៖ បាន សំអេង និស្សិតថា្នក់អនុបណ្ឌិត ជំនាញវិទ្យាសាស្រ្តនយោបាយ ជំនាន់ទី៧ វគ្គ២នៃរាជបណ្ឌិត្យសភាកម្ពុជា (អត្តន័យដែលមានក្នុងអត្តបទនេះ គឺជាគំនិតរបស់និស្សិត បាន សំអេង មិនបានឆ្លុះបញ្ចាំងការយល់ឃើញរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។
អ៊ីមែល៖[email protected]


2019-12-27 18:11:08   ថ្ងៃសុក្រ, 27 ធ្នូ 2019 ម៉ោង 01:11 AM
«អគារបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាមានអាយុកាល ៥ឆ្នាំហើយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ជាខួប ៥ឆ្នាំនៃការសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាជាផ្លូវការ។ អគារបណ្ឌិតសភាចារ្យ គឺជាទីកន្លែងប្រមូលផ្តុំធនធានបញ្ញាញាណជាតិ ដើម្បីធ្វើការសិក្សា និងស្រាវជ្រាវអំពីបញ្ហាសង្គមនានា រកធាតុចូលជូនរាជរដ្ឋាភិបាល។

នៅថ្ងៃនេះ ៥ឆ្នាំមុន គឺត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ រាជបណ្ឌិត្យសភាកម្ពុជាត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិតសភាចារ្យ ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាអតីតប្រធានក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ការរៀបចំបង្កើតអគារបណ្ឌិតសភាចារ្យនេះឡើង ក៏ដើម្បីឆ្លើយតបនឹងការរៀបចំក្រុមបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចនិងតួនាទីជាអនុប្រធានប្រចាំការនៃក្រុមបណ្ឌិតសភាចារ្យនេះផងដែរ។

សូមបញ្ជាក់ជូនថា អគារកម្ពស់២ជាន់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ដែលកាលនោះឯកឧត្តមបណ្ឌិត នៅជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គិតចាប់ពីពេលនោះមក អគារនេះ មានការិយាល័យបំពេញការងាររបស់ក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានចំនួនត្រឹម១២រូប កាលពីឆ្នាំ២០១៤ និងមានចំនួនសរុប ២១រូប គិតត្រឹមឆ្នាំ២០១៩នេះ ក្នុងនោះមាន៣រូបកំពុងរស់នៅនិងបំពេញការងារសិក្សាស្រាវជ្រាវនៅប្រទេសបារាំងនិងប្រទេសអូស្ត្រាលី៕

RAC Media


2019-12-26 07:21:14   ថ្ងៃព្រហស្បតិ៍, 26 ធ្នូ 2019 ម៉ោង 02:21 PM
«ជំនួបកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីថ្លែងសុន្ទរកថាបើកវេទិកាវិទ្យាសាស្ត្រស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ ខ្សែក្រវាត់មួយផ្លូវមួយ និងអបអរខួប១០ឆ្នាំនៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ លីវ ស៊ាវតុង សាកលវិទ្យាធិការសាកលវិទ្យាល័យជីវជាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវរវាងស្ថាប័នសិក្សាស្រាវជ្រាវទាំងពីរ។

ជំនួបពិភាក្សាការងារនេះ មានគោលបំណងគឺ៖

១. ពិភាក្សាលើការរៀបចំកម្មវិធីបណ្តុះបណ្តាលចំណេះដឹងទូទៅភាសាចិន

២. ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា

៣. ការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍

៤. និងការស្រាវជ្រាវរួមគ្នាលើបញ្ហាផ្សេង៕

RAC Media


2019-12-22 09:41:43   ថ្ងៃអាទិត្យ, 22 ធ្នូ 2019 ម៉ោង 04:41 PM
«ការអភិរក្សប្រាសាទបន្ទាយស្រី»

ភ្នំពេញ៖ ក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ព្រឹទ្ធាចារ្យ ឡោ សាន សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងថា ពិភពលោកស្គាល់កម្ពុជាបំផុតនៅពេលដែលកម្ពុជាមានសុខភាពល្អ ចាប់ពីសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១៣។

លោកព្រឹទ្ធាចារ្យបានលើកឡើងថា នៅឆ្នាំ១៩០៨ លោក ហ្សង់ កូម៉ៃ ដែលជាប្រធានក្រុមអភិរក្សអង្គរ បានចាប់ផ្ដើមគិតគូរការងារអភិរក្សប្រាសាទបុរាណខ្មែរ ហើយក្រោយមកលោក ហង់ រីម៉ាស្សាល់ ជាប្រធានទី២នៃក្រុមអភិរក្សអង្គរ ក៏បានរុករកទៅក្នុងព្រៃ និងបានជួបប្រាសាទបន្ទាយស្រី ដែលជាប្រាសាទដំបូងគេត្រូវបានយកចិត្តទុកដាក់អភិរក្ស។

ក្រុមអភិរក្សអង្គរបានចាប់ផ្ដើមធ្វើការងារអភិរក្សប្រាសាទបន្ទាយស្រី លើកទីមួយចាប់ពី ឆ្នាំ១៩៣១ដល់ឆ្នាំ១៩៣៦, លើកទី២នៅឆ្នាំ១៩៥២ និងលើកទី៣ នៅឆ្នាំ១៩៩៤-២០០០។ លោកព្រឹទ្ធាចារ្យបានបន្តថា ទិដ្ឋភាពនៃប្រាសាទបន្ទាយស្រី ក៏មានភាពស្រដៀងគ្នានឹងប្រាសាទបាគោ នៅរលួសផងដែរ។

លោកព្រឹទ្ធាចារ្យបានគូសបញ្ជាក់បន្ថែមថា ថ្មភក់នៅប្រាសាទបន្ទាយស្រីគឺជាថ្មដែលល្អជាងនៅប្រាសាទអង្គរវត្ត ព្រោះជាថ្មភក់ដែលមានពណ៌ផ្កាឈូកក្រហម។ បើតាមលោកព្រឹទ្ធាចារ្យ ប្រាសាទបន្ទាយស្រី បានបង្ហាញពីភាពអស្ចារ្យរបស់មេដឹកនាំខ្មែរគឺទៅលើ វប្បធម៌នយោបាយ វប្បធម៌បច្ចេកទេស និងវប្បធម៌សេដ្ឋកិច្ច។

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-20 09:02:48   ថ្ងៃសុក្រ, 20 ធ្នូ 2019 ម៉ោង 04:02 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញថ្លែងសុន្ទរកថាបិទបញ្ចប់សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាបិទបញ្ចប់សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់។

ក្នុងសុន្ទរកថាបិទសន្និសីទអន្តរជាតិនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងនូវអនុសាសន៍ជាបន្ថែមដល់សន្និសីទទាំងមូលថា វប្បធម៌គឺជាកញ្ចក់ឆ្លុះបញ្ចាំងនៃសង្គមនៃជាតិសាសន៍នីមួយៗ ទៅតាមសម័យកាល ហើយគេមិនត្រូវវាយតម្លៃវប្បធម៌ និងជំនឿសាសនាណាមួយ ថាល្អជាងណាវប្បធម៌ និងជំនឿសាសនាណាមួយនោះទេ ហើយកាលណាបើយើងអាចប្រកាន់បានយ៉ាងដូច្នេះ ពិភពលោកនឹងមិនមានសង្គ្រាមនោះឡើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបត្រូវតែទទួលយក ប៉ុន្តែគឺត្រូវតែទទួលយកដោយភ្ជាប់មកនូវក្រមសីលធម៌ ប្រសិនបើពុំដូចនោះទេ បច្ចេកវិទ្យាទំនើបទាំងនោះ នឹងអាចសម្លាប់ប្រពៃណី ទំនៀមទម្លាប់ សាសនា និងអាចឈានទៅដល់បំផ្លាញមនុស្សជាតិទាំងមូលជាក់ជាមិនខាន»។

សូមជម្រាបថា សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីសាស្ត្រាចារ្យ និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់សរុប ៣០ រូប និងមានការអញ្ជើញចូលរួមពីព្រះសង្ឃ អ្នកសិក្សាស្រាវជ្រាវជាតិ/អន្តរជាតិ និងមន្ត្រីរាជការសរុប ចំនួន ១១០ អង្គ/នាក់ ដែលមកពី ១៨ប្រទេស៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-20 05:39:08   ថ្ងៃសុក្រ, 20 ធ្នូ 2019 ម៉ោង 12:39 PM
«ការជួសជុលសំណង់ស្ថាបត្យកម្មបុរាណរបស់ខ្មែរ ដើម្បីជាសក្ខីកម្មបន្តថែរក្សាការពារមរតកបុព្វបុរស»

(រាជធានីភ្នំពេញ)៖ អ្នកស្រាវជ្រាវផ្នែកវប្បធម៌បានលើកយកប្រធានស្តីពី កិច្ចការអភិរក្សសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនានៅកម្ពុជា ដើម្បីជជែកពិភាក្សានៅក្នុងសន្និសីទអន្តរជាតិលើកទី១៥ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសណ្ឋាគារភ្នំពេញ។

កិច្ចការអភិរក្សសំណង់បេតិកភណ្ឌព្រះពុទ្ធសាសនានៅកម្ពុជា គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទចំនួន ៣០ ដែលត្រូវលើកយកមកពិភាក្សាក្នុងសន្និសីទអន្តរជាតិលើកទី១៥។ ក្នុងឱកាសឡើងធ្វើបទបង្ហាញលើប្រធានបទនេះ អ្នកស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌វិទ្យាសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក ម៉ៅ សុខចំរើន បានមើលឃើញថា សំណង់ស្ថាបត្យកម្មសាសនាខ្មែរភាគច្រើនត្រូវបានរងការខូចខាត ដោយពេលវេលា និងអាយុកាលរបស់សំណង់។ ហើយថា សំណង់ស្ថាបត្យកម្មផ្នែកសាសនាព្រាហ្មណ៍សាសនា និងព្រះពុទ្ធសាសនាដែលត្រូវបានសង់ឡើងអំពី ថ្ម និងឈើទាំងនោះ បានប្រែប្រួលសណ្ឋានជាច្រើន ដូចនេះក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសគឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវអប់រំ ផ្សព្វផ្សាយអំពី សារសំខាន់នៃតម្លៃផ្នែកសំណង់បុរាណទៅតាមវត្តអារាមនានាទូទាំងប្រទេសកម្ពុជា ដើម្បីថែរក្សាតម្លៃដ៏ធំធេងនៃតម្លៃផ្នែកសិល្បៈ ស្ថាបត្យកម្មដែលជាស្នាដៃរបស់បុព្វបុរសឱ្យនៅរស់រវើកគង់វង្ស។

ចំពោះអ្នកស្រាវជ្រាវវប្បធម៌វិទ្យាសាស្ត្ររូបនេះ សំណង់ស្ថាបត្យកម្មសាសនាបានបង្កប់នូវតម្លៃសិល្បៈផែ្នកសាសនា ទស្សនៈវិជ្ជា ជំនឿខ្មែរតាំងពីបុរាណរៀងមកទើបនាំឱ្យមនុស្សទាំងអស់គ្នាចូលរួមជួយការពារ ថែទាំនូវគរុភ័ណ្ឌដែលមានតម្លៃ ដើម្បីជាភស្តុតាងកេរ្តិ៍ដំណែលបុព្វបុរសឱ្យបានគង់វង្សយូរអង្វែង។

ក្នុងន័យនេះ លោកបានលើកឡើងថា ការជួសជុលសំណង់ស្ថាបត្យកម្មបុរាណរបស់ខ្មែរពិតជាចាំបាច់ណាស់ ដើម្បីជាសក្ខីកម្មបន្តថែរក្សាអភិរក្សាការពារមរតកបុព្វបុរស។ ជាក់ស្តែង លោកបានលើកឡើងអំពី ការអភិរក្ស និងជួសជុលសំណងស្ថាបត្យកម្មផ្នែកសាសនាកន្លងមក មួយចំនួន ដូចជា ការជួសជុល និងអភិរក្សព្រះវិហារវត្តមហាលាភ (ឆ្នាំ២០១៧) វត្តស្វាយសាច់ភ្នំ (ឆ្នាំ២០១៨) វត្តចិនដំដែក (ឆ្នាំ២០១៨) និងព្រះវិហារវត្តកំពង់ព្រះ (ឆ្នាំ២០១៩) ជាដើម។

លោកបានបន្តសង្កត់ធ្ងន់ថា ប្រសិនបើយើងទាំងអស់គ្នាពុំបានចូលរួមយកចិត្តទុកដាក់អភិរក្សថែរក្សានោះទេ សំណង់ស្ថាបត្យកម្មទាំងអស់នោះនឹងបាត់បង់ពីផែនដីដោយភ្ជាប់ទៅជាមួយនៅតម្លៃសិល្បៈ ជំនឿរបស់មនុស្សជំនាន់មុន។

ជាចុងបញ្ចប់ លោកបានផ្តល់អនុសាសន៍ថា ការជួសជុលរាល់សំណង់ទាំងអស់នោះត្រូវធ្វើចាំបាច់ដោយប្រយ័ត្នប្រយែងប្រកបដោយបច្ចេកទេសដោយពុំឱ្យបាត់នូវលំនាំបច្ចេកទេសដែលជាស្នាដៃជាងបុរាណឡើយ ដើម្បីធានាថា រចនាប័ទ្មសំណង់រក្សាបានទម្រង់ដើមទាំងស្រុងដែលមានសារប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវក្នុងវិស័យស្ថាបត្យកម្មវត្តបុរាណ៕

RAC Media


2019-12-19 10:38:59   ថ្ងៃព្រហស្បតិ៍, 19 ធ្នូ 2019 ម៉ោង 05:38 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក