ព័ត៌មាន

លោកបណ្ឌិត ស៊ឺន សម៖ ព្រះពុទ្ធសាសនានៅក្នុងយុគសម័យបច្ចេកវិទ្យា

ភ្នំពេញ៖ នៅក្នុងសន្និសីទអន្តរជាតិរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» នាព្រឹកថ្ងៃទីនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ លោកបណ្ឌិត ស៊ឺន សម មន្ត្រីខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា ទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈ បានធ្វើបទបង្ហាញលើ ប្រធានបទ៖ «ព្រះពុទ្ធសាសនានៅក្នុងយុគសម័យបច្ចេកវិទ្យា៖ ទស្សនវិស័យ»។

នៅក្នុងបទបង្ហាញនេះ លោកបណ្ឌិតបានលើកឡើងអំពីតួនាទីនៃព្រះពុទ្ធសាសនានៅកម្ពុជា ការប្រារព្ធពិធីផ្សេងៗនៅកម្ពុជា ព្រះពុទ្ធសាសនានៅក្នុងអគារជាតិ ជីវភាពរបស់ព្រះសង្ឃ និងពុទ្ធសាសនានៅក្នុងវិស័យនយោបាយជាដើម។ ក្នុងបទបង្ហាញរបស់ខ្លួន លោកបណ្ឌិតបានគូសបញ្ជាក់ផងដែរអំពី ការបួសជាបព្វជិត ឬស្នាក់នៅជាមួយបព្វជិតក្នុងពុទ្ធសាសនា ដោយលោកបណ្ឌិតបានលើកឡើងថា «ក្មេងៗខ្លះ ត្រូវបានឪពុកម្តាយបញ្ជូនទៅសិក្សារៀនសូត្រនៅវត្តអារាម ក៏ដោយសារតែគ្រួសារក្រីក្រ ប៉ុន្តែមនុស្សមួយចំនួនទៀត បានចូលខ្លួនបម្រើព្រះពុទ្ធសាសនា គឺដើម្បីស្វែងយល់អំពីពុទ្ធោវាទ»។

ទាក់ទងនឹងពុទ្ធសាសនានៅក្នុងជីវភាពពលរដ្ឋ និងវិស័យនយោបាយ លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា «នៅកម្ពុជាធ្លាប់មានសង្គ្រាមដ៏សំខាន់មួយកើតឡើងផងដែរ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យអាណានិគម ដោយសារតែការគាបសង្កត់ បានធ្វើឱ្យព្រះសង្ឃក្រោកឡើងតវ៉ាហើយបានក្លាយទៅជាសង្គ្រាមឆ័ត្រ ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ស៊ឺន សម។

ជាមួយគ្នានេះដែរ លោកបណ្ឌិតក៏បានអំពីបញ្ហាប្រឈមបច្ចុប្បន្ន ដែលតែងតែត្រូវបានលើកឡើងជាញឹកញាប់ នៅក្នុងស្រទាប់មហាជនអំពីការប្រព្រឹត្តទៅរបស់ព្រះសង្ឃមួយចំនួនផងដែរ។ លោកបណ្ឌិតបានលើកឡើងថា «ពលរដ្ឋកម្ពុជាមួយចំនួនបានប្រតិកម្មដោយសារតែមានបញ្ហាប្រឈម រវាងបច្ចេកវិទ្យា និងសីលធម៌ ដែលប្រជាជនភាគច្រើនយល់ថា ព្រះសង្ឃគួរមានជំហរដែលគួរឱ្យគោរព មិនមែនប្រើអ៊ីនធឺណេត [ដោយខុសសីលធម៌] ទូរស័ព្ទទំនើប ហើយពេលខ្លះក៏មានព្រះសង្ឃលេងល្បែងលើទូរស័ព្ទដៃផងដែរ»។

ទោះជាយ៉ាងនេះក្ដី លោកបណ្ឌិត ស៊ឺន សម ក៏បានអះអាងថា ពុំមែនព្រះសង្ឃទាំងអស់ដែលប្រើប្រាស់ទូរស័ព្ទដៃទំនើប សុទ្ធសឹងតែប្រព្រឹត្តនូវទង្វើមិនសមរម្យនោះទេ គឺមានព្រះសង្ឃជាច្រើនបានប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយអត្ថន័យនៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ដែលចំណុចនេះបានជួយឱ្យបរិស័ទ និងអ្នកដែលចង់ដឹងអំពីព្រះពុទ្ធសាសនា មានភាពងាយស្រួលក្នុងការសិក្សាទ្រឹស្តីរបស់ព្រះពុទ្ធសាសនា។

ជាចុងក្រោយ លោកបណ្ឌិត ស៊ឺន សម បានផ្ដល់អនុសាសន៍ថា «បច្ចេកវិជ្ជា នាំទាំងភាពវិជ្ជមាន និងភាពអវិជ្ជមានសម្រាប់ព្រះពុទ្ធសាសនានៅកម្ពុជា ដោយអាស្រ័យលើការប្រព្រឹត្ត និងការតាំងចិត្តរបស់ព្រះសង្ឃមួយអង្គៗ។»៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-19 08:12:18   ថ្ងៃព្រហស្បតិ៍, 19 ធ្នូ 2019 ម៉ោង 03:12 PM
ឯកឧត្ដមបណ្ឌិត ឯក ប៊ុនថា៖ ទំនាក់ទំនងវប្បធម៌ គឺជាការចែករំលែកទៅវិញទៅមកខាងវប្បធម៌ រាប់ទាំងសិល្បៈនិងប្រពៃណី តែក៏បានក្លាយជាផ្នែកមួយនៃសកម្មភាពសេដ្ឋកិច្ច

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ឯក ប៊ុនថា អគ្គនាយករង នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្លែងដូច្នេះ នៅក្នុងបទបង្ហាញរបស់ឯកឧត្ដម ស្ដីពី «កម្មសិទ្ធិបញ្ញា ការសម្ដែងតាមជនបទ សិល្បៈ និងបុណ្យប្រពៃណី» នៅក្នុងសន្និសីទអន្តរជាតិរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» នាព្រឹកថ្ងៃទីនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ ។

នៅក្នុងសន្និសីទអន្តរជាតិនេះ ឯកឧត្ដមបណ្ឌិត ឯក ប៊ុនថា បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដូចជា ការងារអង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO, អត្ថន័យនៃពិធីបុណ្យប្រពៃណី, កម្មវិធីបង្ហាញពីវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច និងការរៀបចំកម្មសិទ្ធិបញ្ញា សិល្បៈ និងវប្បធម៌ជាដើម។

បើតាមឯកឧត្ដមបណ្ឌិត ជាតថភាព ទំនាក់ទំនងនិងការចែករំលែកគ្នាទៅវិញទៅមកនូវផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីពីជាតិសាសន៍មួយទៅជាតិសាសន៍មួយទៀត តាមរយៈការថែរក្សានិងបង្ហាញទាំងនេះ ក៏បានក្លាយជាផ្នែកមួយនៃសកម្មភាពសេដ្ឋកិច្ចផងដែរ។ ឯកឧត្ដមបានបន្តថា វប្បធម៌របស់ប្រជាជាតិមួយអាចឆ្លុះបញ្ចាំងនិងបង្ហាញទៅពិភពលោកនៅក្នុងច្រើនរូបភាព ទាំងវប្បធម៌ដោយឡែកនៅតាមតំបន់នានា ពិធីបុណ្យប្រពៃណីរបស់ជាតិសាសន៍មួយ និងសិល្បៈ ដែលរាប់តាំងពីរូបគំនូរផងដែរ។ ជាចុងក្រោយ ឯកឧត្ដម ក៏បានផ្ដល់អនុសាសន៍ថា ទោះជាយើងមានវប្បធម៌ពី យើងត្រូវតែរក្សាវប្បធម៌របស់ខ្លួនឱ្យមានការអភិវឌ្ឍទៅតាមបច្ចេកវិទ្យាជាក់ស្ដែង៕

RAC Media| លឹម សុវណ្ណរិទ្ធ


2019-12-19 07:16:41   ថ្ងៃព្រហស្បតិ៍, 19 ធ្នូ 2019 ម៉ោង 02:16 PM
«រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិលើកទី១៥ ស្ដីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក»

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញនូវសារប្រយោជន៍នៃការដោះដូរយោបល់ អំពីការផ្សារភ្ជាប់វប្បធម៌ជាមួយសង្គមជាតិ ដោយផ្ដោតការយកចិត្តទុកដាក់លើវប្បធម៌សន្តិភាព ភាពសុខុដុមរមនា នៅក្នុងយុគសម័យបច្ចេកវិទ្យា ដើម្បីរក្សានូវសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនទាំងក្នុងតំបន់ និងពិភពលោក។ សន្និសីទអន្តរជាតិនេះ មានការអញ្ជើញធ្វើបទបង្ហាញនិងផ្ដល់អនុសាសន៍ពីសំណាក់វាគ្មិនជាសាស្ត្រាចារ្យ និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់សរុបចំនួន ៣០រូប ដែលអញ្ជើញមកពី១៥ប្រទេស។

គួរបញ្ជាក់ថា សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ សាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ និងមន្ត្រីរាជការសរុបចំនួន ១១០អង្គ/នាក់៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-19 02:19:42   ថ្ងៃព្រហស្បតិ៍, 19 ធ្នូ 2019 ម៉ោង 09:19 AM
«អ្នកសិក្សាស្រាវជ្រាវកូរ៉េកោតសរសើរស្ញប់ស្ញែង ចំពោះស្ថាបត្យកម្មខ្មែរនៅក្នុងព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារធំថ្មីរបស់ខ្មែរ ជាតម្លៃប្រវត្តិសាស្ត្រ»

(រាជធានីភ្នំពេញ)៖ អំឡុងពេលបំពេញបេសកកម្មនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារ-ពុធ ៦-៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៩ អ្នកសិក្សាស្រាវជ្រាវកូរ៉េចំនួន ១១រូបបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារធំថ្មីខ្មែរ ដើម្បីសិក្សាស្រាវជ្រាវអំពី ប្រវត្តិសាស្រ្ត និងស្ថាបត្យកម្មសំណង់ខ្មែរសម័យបុរាណ និងសម័យទំនើប។

នៅក្នុងឱកាសចូលទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារធំថ្មី អ្នកសិក្សាស្រាវជ្រាវកូរ៉េទាំង ១១រូបបានកោតសរសើរស្ញើបស្ញើងចំពោះស្នាដៃស្ថាបត្យកម្មសំណង់ខ្មែរ ប្រវត្តិសាស្ត្រដ៏មានតម្លៃរុងរឿងរបស់ខ្មែរ ដោយពួកគាត់បានផ្តិតរូបថតជាអនុស្សាវរីយ៍ និងបានទិញអនុស្សាវរីយ៍ និងសៀវភៅប្រវត្តិសាស្ត្រដែលរៀបរាប់ពណ៌នាអំពី ព្រះបរមរាជវាំង សារមន្ទីរជាតិ និងផ្សារធំថ្មី។

អំឡុងពេលដើរទស្សនាស្វែងយល់តំបន់ប្រវត្តិសាស្ត្រខ្មែរ តំណាងក្រុមអ្នកសិក្សាស្រាវជ្រាវកូរ៉េមកពីក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃសាធារណរដ្ឋកូរ៉េ ( National Research Council For Economics, Humanities and Social Sciences - NRC) លោក Kim James បានបង្ហាញអារម្មណ៍លើកឡើងថា សំណង់ស្ថាបត្យកម្មខ្មែរសម័យបុរាណពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ដោយសារវាបានបង្ហាញពីអាណាចក្រដ៏រុងរឿងមួយ តាមរយៈការបន្សល់ភស្តុតាងប្រវត្តិសាស្រ្ត ដូចជា រូបចម្លាក់ដែលមានក្បូរក្បាច់រចនាប័ទ្មដ៏រស់រវើក និងសំណង់អគារ នាពេលនេះស្រាប់។

លោកបាននិយាយថា ប្រសិនបើមានឱកាសនៅឆ្នាំបន្ទាប់ ពួកគាត់នឹងធ្វើបេសកកម្មមកសិក្សាស្រាវជ្រាវចងក្រងសៀវភៅជាភាសាកូរ៉េបន្ថែមទៀត ដើម្បីផ្សព្វផ្សាយទៅកាន់ប្រជាជនកូរ៉េ ដើម្បីឱ្យប្រជាជនទាំងពីរបានយល់ដឹងពីវប្បធម៌ និងរឹតចំណងមិត្តភាពគ្នាទៅវិញទៅមកឱ្យកាន់តែប្រសើរ។ លោកបាននិយាយថា បទពិសោធន៍នៅទីក្រុងភ្នំពេញ ជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចស្វែងយល់នេះត្រូវបានរៀបចំអំឡុងពេលប្រតិភូអ្នកស្រាវជ្រាវកូរ៉េមកបំពេញបេសកកម្មសហប្រតិបត្តិការងារស្រាវជ្រាវរួមគ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media


2019-12-18 09:16:28   ថ្ងៃពុធ, 18 ធ្នូ 2019 ម៉ោង 04:16 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលចួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមរបស់សាធារណរដ្ឋកូរ៉េ (NRC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃទីអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមរបស់សាធារណរដ្ឋកូរ៉េ (NRC) ដើម្បីរៀបចំគម្រោងស្រាវជ្រាវវិស័យវិទ្យាសាស្រ្តសង្គម និងវិស័យទេសចរណ៍រួមគ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅឆ្នាំ២០២០ ខាងមុខ។

មានប្រសាសន៍ក្នុងជំនួបពិភាក្សាការងារដែលត្រូវបានរៀបចំឡើងក្នុងសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានថ្លែងស្វាគមន៍ចំពោះគណៈប្រតិភូ NRC ដែលបានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានបានមានប្រសាសន៍លើកឡើងអំពី សាវតា តួនាទី ភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា និងវឌ្ឍនភាពការងារដែលឯកឧត្តមចូលកាន់តំណែងប្រធានបណ្ឌិត្យសភាកម្ពុជា រយៈពេល ២ឆ្នាំមកនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាក៏បានឯកភាពលើគម្រោងស្រាវជ្រាវដែលគណៈប្រតិភូនៃស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ បានលើកឡើងនៅក្នុងជំនួបពិភាក្សានាព្រឹកនេះ រួមមាន ១. កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលភាសាកូរ៉េនិងភាសាខ្មែរ ២. កិច្ចសហប្រតិបត្តិការក្នុងការសិក្សាគម្រោងស្រាវជ្រាវ អំពីសង្គមសាស្ត្រ ទេសចរណ៍ វប្បធម៌ និងជនជាតិដើមភាគតិច ៣. កិច្ចសហប្រតិបត្តិការលើការបកប្រែឯកសារស្ដីពីវប្បធម៌នៃប្រទេសទាំងពីរជាភាសាខ្មែរនិងភាសាកូរ៉េ ៤. ការដោះដូរអ្នកសិក្សាស្រាវជ្រាវទៅវិញទៅមក។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏ បានសម្ដែងនូវសេចក្ដីសោមនស្សជាក្រៃលែងចំពោះជំនួបពិភាក្សានាព្រឹកនេះ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា «វាជាការប្រសើរណាស់ដែលក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ យើងអាចនិយាយគ្នាបានដោយស្មោះត្រង់ទៅវិញទៅមក ហើយយើងអាចធ្វើការងារជាមួយគ្នាបានយ៉ាងប្រសើរ ដោយសារយើងមានទស្សនវិជ្ជាដូចគ្នា។ លើសពីនេះទៅទៀត ចំពោះបំណងរបស់ភាគីកូរ៉េដែលបានស្នើឱ្យមានការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វាជាការប្រសើរខ្លាំងណាស់ ហើយឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានឯកភាពនឹងគំនិតនេះផងដែរ៕

RAC Media


2019-12-17 07:45:55   ថ្ងៃអង្គារ, 17 ធ្នូ 2019 ម៉ោង 02:45 PM
«ជំនួបសហប្រតិបត្តិការអន្តរជាតិរវាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងក្រុមប្រឹក្សាស្រាវជ្រាវជាតិកូរ៉េ (NRC)»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំជំនួបសហប្រតិបត្តិការអន្តរជាតិរវាងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងក្រុមប្រឹក្សាស្រាវជ្រាវជាតិកូរ៉េ (NRC) ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក Kim Yi Gyo នាយកប្រតិបត្តិមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តនៃសាធារណរដ្ឋកូរ៉េ។

ជំនួបសហប្រតិបត្តិការអន្តរជាតិរវាងស្ថាប័នសិក្សាស្រាវជ្រាវនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េដែលបានរៀបចំឡើងក្នុងសាលប្រជុំ អគារឥន្ទ្រទេវី មានគោលបំណង ដើម្បីលើកកម្ពស់ការសហប្រតិបត្តិការស្រាវជ្រាវលើវិស័យអាទិភាពឱ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសជំនួបពិភាក្សានេះ លោក Kim Yi Gyo បានមានប្រសាសន៍ថា បន្ទាប់ពីការចុះអនុស្សរណៈយោគយល់រវាង RAC និង NRC កាលខែមីនា ឆ្នាំ២០១៩ កន្លងមក ស្ថាប័នទាំងពីរបានសម្រេចវឌ្ឍនភាពការងារផ្លែផ្កាយ៉ាងល្អប្រសើរក្នុងនោះ រួមមាន ការកសាងសមត្ថភាព ការផ្លាស់ប្តូរទស្សនកិច្ចគណៈប្រតិភូ និងមន្ត្រីស្រាវជ្រាវស្ថាប័នទាំងពីរ។

ទន្ទឹមនេះ លោក Kim Yi Gyo បានបន្តលើកឡើងថា គោលបំណងចម្បងរបស់ប្រតិភូ NRC មករាជបណ្ឌិត្យសភាកម្ពុជានាឱកាសនេះ គឺដើម្បីពិភាក្សាស្វែងរកឱកាសស្រាវជ្រាវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ និងបន្តទិសការងារឆ្នាំ ២០២០ ជាមួយរាជបណ្ឌិត្យសភាកម្ពុជាកាន់តែប្រសើរឡើងថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍ និងរឹតចំណងមិត្តភាពប្រជាជនប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ឯកភាពតាមការផ្តួចផ្តើមគំនិតរបស់ប្រតិភូ NRC ដោយឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងថា RAC និង NRC អាចរៀបចំគម្រោងការស្រាវជ្រាវនានាជាអាទិភាព និងការរៀបចំសន្និសីទអន្តរជាតិរួមគ្នា ដោយអញ្ជើញអ្នកស្រាវជ្រាវ វាគ្មិន និងអ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួម ជាពិសេសគឺការស្រាវជ្រាវលើវិស័យទេសចរណ៍ វប្បធម៌ ការបកប្រែភាសាកម្ពុជា-កូរ៉េ ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅវិញទៅមក។ លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា ក្រោយពីការសិក្សាស្រាវជ្រាវនេះរួច ស្ថាប័នទាំងពីរអាចរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយបង្ហាញរបកគំហើញ ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ និងអ្នកជំនួញប្រទេសទាំងពីរផងដែរ។ បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា យើងអាចសិក្សាស្រាវជ្រាវពីទីផ្សារវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទដៃទំនើប( smart phone )

ជាលទ្ធផលទីបញ្ចប់ក្នុងជំនួប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងលោក Kim Yi Gyo បានឯកភាពតាមកិច្ចព្រមព្រៀងអនុស្សរណៈនឹងធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងរៀបចំសន្និសីទអន្តរជាតិលើវិស័យអាទិភាព រួមមាន នយោបាយការបរទេស ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច វប្បធម៌ និងភាសា ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ រឹតចំណងមិត្តភាពរវាងអ្នកស្រាវជ្រាវ និងអ្នកស្រាវជ្រាវ ប្រជាជន និងប្រជាជនប្រទេសទាំងពីរ៕

RAC Media


2019-12-16 06:20:30   ថ្ងៃចន្ទ, 16 ធ្នូ 2019 ម៉ោង 01:20 PM
កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា»

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា» ក្រោមអធិបតីឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួមក្នុងដំណើរការសន្និសីទអន្តរជាតិខាងលើនេះ។

នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន បានផ្ដល់អនុសាសន៍ និងគូសបញ្ជាក់បន្ថែមអំពីតួនាទីនិងភារកិច្ចរបស់គណៈកម្មការទទួលខុសត្រូវរួម និងអនុគណៈកម្មការទាំង៤ ដែលទទួលភារកិច្ចក្នុងដំណើរការសន្និសីទអន្តរជាតិស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានណែនាំដល់សមាជិកអនុគណៈកម្មការទាំងអស់ត្រូវបំពេញតួនាទីការងារដែលបានប្រគល់ជូន ឱ្យបានសកម្មនិងប្រកបដោយទំនួលខុសត្រូវខ្ពស់។ បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានក្រើនរំឭកអំពីភាពចាំបាច់ក្នុងការត្រួតពិនិត្យបន្ថែមទៅលើការងារដែលបានបំពេញរួច ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនិងចៀសវាងកំហុសដោយអចេតនាណាមួយ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានបង្ហាញនូវជំនឿជាក់ថា ដំណើរការរៀបចំសន្និសីទអន្តរជាតិរយៈពេល៤ថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន ដូចដែលបានគ្រោងទុក តាមរយៈការទទួលខុសត្រូវខ្ពស់របស់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការនិងអនុគណៈកម្មការរៀបចំសន្និសីទអន្តរជាតិខាងលើនេះ។

គួរបញ្ជាក់ផងដែរថា សន្និសីទអន្តរជាតិស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ក្នុងយុគសម័យបច្ចេកវិទ្យា» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដោយមានវាគ្មិននិងអ្នកចូលរួមសរុបចំនួន ១១៥នាក់៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-16 03:12:44   ថ្ងៃចន្ទ, 16 ធ្នូ 2019 ម៉ោង 10:12 AM
ជំនួបដើម្បីស្វែងរកកិច្ចសហការស្រាវជ្រាវរួមគ្នាលើវិស័យប្រវត្តិសាស្ត្ររាជធានីសម័យកណ្ដាល រវាងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី

សៀមរាប៖ ថ្ងៃសៅរ៍ ១១កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានជួបជំនុំជាមួយលោកសាស្ត្រាបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ ( Prof. Roland Fletcher) ជាប្រធាន គម្រោងអាណាចក្រអង្គរ (Greater Angkor Project) នៃសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាអំពីកិច្ចសហការរវាងស្ថាប័នទាំងពីរគឺ រាជបណ្ឌិត្យសភាកម្ពុជា និងគម្រោងអាណាចក្រអង្គរ (Greater Angkor Project) លើកិច្ចការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្ររាជធានីសម័យកណ្ដាល។

ក្នុងជំនួបនោះ លោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ​ បានបង្ហាញពីដំណើរការស្រាវជ្រាវរបស់គម្រោងអាណាចក្រអង្គរដែលបានសិក្សាស្រាវជ្រាវជាច្រើនឆ្នាំនៅក្នុងតំបន់អង្គរ ខេត្តសៀមរាប នៅតំបន់បន្ទាយលង្វែក ខេត្តកំពង់ឆ្នាំង និងកំពុងសិក្សាស្រាវជ្រាវនៅតំបន់ស្រីសន្ធរដែលជារាជធានីរបស់ព្រះរាជាខ្មែរក្នុងសម័យកណ្ដាល។ លោកសាស្ត្រាចារ្យក៏បានរៀបរាប់ដែរថា កិច្ចការស្រាវជ្រាវរបស់សាកលវិទ្យាស៊ីដនីក៏មានកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងរាជបណ្ឌិត្យសភាកម្ពុជា ដែលមានលោកបណ្ឌិត ផុន កសិកា និងកញ្ញា តាកេត ស័កដា។ លោកសាស្ត្រាចារ្យក៏បានបន្ថែមទៀតថា នៅឆ្នាំ២០២០ ខាងមុខនេះ គម្រោងអាណាចក្រអង្គរនឹងបន្ដកិច្ចការស្រាវជ្រាវនៅរាជធានីស្រីសន្ធរដើម្បីប្រមូលទិន្នន័យប្រវត្តិសាស្ត្រនៃការផលិតកុលាលភាជន៍ ការតាំងទីលំនៅ មុខរបរចិញ្ចឹមជីវិតរបស់ប្រជាជនក្នុងសម័យនោះ។ ការងារស្រាវជ្រាវនេះនឹងស្នើសុំកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជាក្នុងការស្វែងរកពត៌មាន ក៏ដូចជាប្រវត្តិសាស្ត្រអំពីសម័យកណ្ដាលនៃប្រទេសកម្ពុជាដែលជាសម័យមួយត្រូវបានអ្នកស្រាវជ្រាវគិតថា ជាយុគ្គខ្មៅដែលប្រទេសកម្ពុជាធ្លាក់ក្នុងភាពវឹកវរ គ្រោះអាសន្ន ដោយសារសង្រ្គាមរាំងជុល និងការឈ្លានពានពីបរទេស។ ការសិក្សាស្រាវជ្រាវនេះនឹងអាចរកឃើញពត៌មានថ្មីៗសម្រាប់បន្ថែមលើពត៌មានដែលខ្វះខាតក្នុងសម័យកណ្ដាល។

លោកបណ្ឌិត ផុន កសិកា ក៏បានបង្ហាញអំពីការទឹកចិត្តសប្បាយរីករាយក្នុងការសហការសិក្សាស្រាវជ្រាវរួមគ្នារវាងគម្រោងអាណាចក្រអង្គរ (Greater Angkor Project) ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ និងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោកបណ្ឌិត ផុន កសិកា ក៏បានរៀបរាប់ដែរថា រាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចា្យ សុខ ទូច តែងតែគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងអនុវត្តការងារស្រាវជ្រាវ ហើយក៏តែងតែស្វាគមន៍រាល់កិច្ចសហការពីបរទេសលើគ្រប់វិស័យក្នុងគោលដៅសិក្សាស្រាវជ្រាវ។ នៅទីបញ្ចប់លោកបណ្ឌិត ផុន កសិកា ថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យបណ្ឌិត រ៉ូឡង់ វ្លែតឆ័រ ចំពោះកិច្ចសហការនេះ ហើយលោកបណ្ឌិតនឹងត្រៀមរៀបចំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ដែលមានផ្នែកប្រវត្តិសាស្ត្រ ដើម្បីចុះសិក្សាស្រាវជ្រាវរួមគ្នា ក្នុងឆ្នាំ២០២០។

RAC Media 

ប្រភព៖ ហេង សុភី


2019-12-12 09:47:41   ថ្ងៃព្រហស្បតិ៍, 12 ធ្នូ 2019 ម៉ោង 04:47 PM
«ជំនួបដើម្បីស្វែងរកកិច្ចសហការស្រាវជ្រាវរួមគ្នា លើវិស័យប្រវត្តិសាស្ត្រ និងបុរាណវត្ថុវិទ្យា រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាលាបារាំងចុងបូព៌ា ...»

ខេត្តសៀមរាប៖ កាលពីថ្ងៃសុក្រ ១០កើត ខែមិរសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោកបណ្ឌិត ផុន កសិកា ជាប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងកញ្ញា តាកេត ស័កដា មន្ត្រីស្ម័គ្រចិត្តនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបជំនុំជាមួយលោកបណ្ឌិត ប្រីស វាំងសង់ ( Dr. Brice Vincent) ជាប្រធានសាលាបារាំងចុងបូព៌ាប្រចាំនៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីលទ្ធភាពដែលស្ថាប័នទាំងពីរគឺ រាជបណ្ឌិត្យសភាកម្ពុជា និងសាលាបារាំងចុងបូព៌ា អាចសហការគ្នាក្នុងកិច្ចសិក្សាស្រាវជ្រាវបាន។ ក្នុងជំនួបនោះ លោកបណ្ឌិត ប្រីស វាំងសង់ បានបង្ហាញពីការរកឃើញថ្មីៗរបស់អ្នកស្រាវជ្រាវសាលាបារាំងចុងបូព៌ានូវទីតាំងយករ៉ែទង់ដែង និងស្ពាន់ នៅភ្នំពិល ស្ថិតក្នុងចម្ងាយ១០គីឡូម៉ែត្រភាគខាងលិចប្រាសាទព្រះខ័នកំពង់ស្វាយ ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ចំណែកលោកបណ្ឌិត ផុន កសិកា ក៏បានបង្ហាញអំពីការរកឃើញថ្មីពីការផលិតទង់ដែង និងស្ពាន់ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ។ លោកទាំងពីរក៏បានយល់ព្រមដើម្បីបង្កើតជាកិច្ចសហការសិក្សាស្រាវជ្រាវរវាងស្ថាប័នទាំងពីរ អំពី «ប្រវត្តិសាស្ត្រនៃការផលិត ទង់ដែង និងស្ពាន់នៅប្រទេសកម្ពុជា»។

របកគំហើញនៃការផលិតស្ពាន់ដែលទទួលបានពីការស្លចម្រាញ់ពីរ៉ែស្ពាន់ និងទង់ដែង គឺជាទិន្នន័យថ្មីមួយដែលអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិទាំងឡាយមិនដែលរកឃើញកន្លងមក។ អ្នកស្រាវជ្រាវខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជារកឃើញស្ថានីយផលិតទង់ដែង និងស្ពាន់ ចំណែកឯអ្នកស្រាវជ្រាវជនជាតិបារាំងនៃសាលាបារាំងចុងបូព៌ាបានរកឃើញស្ថានីយយករ៉ែទង់ដែង និងស្ពាន់។ របកគំហើញទាំងពីរនឹងអាចប្រមូលស្ថាប័នទាំងពីរបង្កើតជាកិច្ចសហការសិក្សាស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅតាមបែបវិទ្យាសាស្ត្រ ដើម្បីសិក្សាចងក្រងពត៌មានប្រវត្តិសាស្ត្រប្រទេសកម្ពុជាឱ្យកាន់តែច្បាស់លាស់អំពីចង្វាក់ផលិតកម្មផ្សេងៗរួមទាំងផលិតកម្មទង់ដែង និងស្ពាន់ផងដែរដែលជាធាតុចូលមួយជំរុញឱ្យអាណាចក្រអង្គរក្លាយជាចក្រភពរុងរឿងក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងរវាងសតវត្សទី៩ ដល់ ១៤។

RAC Media

ប្រភព៖ ហេង សុភី



2019-12-11 07:43:52   ថ្ងៃពុធ, 11 ធ្នូ 2019 ម៉ោង 02:43 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ នៅក្នុងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ត្រូវជំរុញឱ្យប្រជាជននិងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ

សៀមរាប៖ ថ្លែងនៅក្នុងឱកាសបើក «វេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១» រៀបចំឡើងដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នាខេត្តសៀមរាបកន្លងទៅនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងជាអនុសាសន៍គន្លឹះថា «កម្ពុជា-ចិន ក្នុងនាមជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គប្បីត្រូវជំរុញឱ្យប្រជាជននឹងប្រជាជនស្វែងយល់ពីគ្នាឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ទាំងរវាងរដ្ឋាភិបាល និងទាំងក្នុងស្រទាប់មហាជននៃប្រទេសទាំងពីរ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា ទោះបីជាទំនាក់ទំនងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល បានឈានដល់កម្រិតកំពូលក្ដី ក៏ប៉ុន្តែរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅមានទិដ្ឋភាពជាច្រើនដែលមិនទាន់យល់ច្បាស់ពីគ្នានៅ ឡើយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្តថា «នៅប្រទេសចិន កម្រចិននិយាយខ្មែរណាស់ តែនៅកម្ពុជា ខ្មែរច្រើនដែលនិយាយភាសាចិន និងថែមទាំងប្រារព្ធបុណ្យចូលឆ្នាំចិនទៀតផង ត្រង់នេះ អ្នកវិទ្យាសាស្ត្រប្រទេសទាំងពីរត្រូវធ្វើយ៉ាងណាឱ្យខ្មែរយល់ថា អ្វីទៅជាចូលឆ្នាំចិន ប៉ុន្តែមិនទាន់មានសៀវភៅណាសរសេរជាភាសាខ្មែរអំពីបុណ្យចូលឆ្នាំចិននោះឡើយ»។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃប្រទេសទាំងពីរ គប្បីត្រូវតែធ្វើការសិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយអំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ នៅពេលណាដែលប្រជាជនយល់អំពីគ្នាស៊ីជម្រៅ វានឹងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរ ហើយគេមិនត្រូវនិយាយតែអំពីទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ តែប្រជាជននិងប្រជាជនមិនយល់ពីគ្នានោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងវប្បធម៌កម្ពុជា-ចិនបន្ថែមថា ជនជាតិចិនដែលបានចូលមករស់នៅក្នុងប្រទេសកម្ពុជានៅក្នុងប្រវត្តិសាស្ត្រយូរយារមកហើយនោះ បានចាក់ចូលវប្បធម៌កម្ពុជាយ៉ាងជ្រៅ ដោយចិនបានកែប្រែវប្បធម៌របស់ប្រជាជនកម្ពុជា រាប់ទាំងការប្រើប្រាស់សម្ភារៈ និងការហូកចុក ដូចជា ខ្មែរបានប្ដូរពីការបរិភោគដោយដៃមកជាការប្រើចង្កឹះ ប្ដូរពីការនិយមបរិភោគនំបញ្ចុក មកបរិភោគគុយទាវ ប្ដូរពីការបរិភោគអន្សមទៅបរិភោគនំប៉ាវជាដើម គឺជាឧទាហរណ៍ជាក់ស្ដែង អំពីទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។

លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្ដល់អនុសាសន៍ដល់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់កម្ពុជា-ចិន បន្ថែមថា នៅមានភារកិច្ចជាច្រើនទៀត ដែលអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរត្រូវធ្វើបន្ត ដូចជាការសិក្សាស្រាវជ្រាវអំពីទំនោរនៃការរស់នៅ វប្បធម៌ ស្ថានភាពសង្គម និងលិខិតបទដ្ឋានច្បាប់នានា រួចបកប្រែជាពីរភាសា ទាំងភាសាខ្មែរ និងភាសាចិន ទាំងអ្វីដែលមាននៅកម្ពុជា និងនៅក្នុងប្រទេសចិន ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន អាចស្វែងយល់ពីគ្នាឱ្យបានកាន់តែប្រសើរ៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-12-09 04:50:44   ថ្ងៃចន្ទ, 09 ធ្នូ 2019 ម៉ោង 11:50 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក