Royal Academy of Cambodia
លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ បានអញ្ជើញមកចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨, ក្រុងសៀមរាប, ខេត្តសៀមរាប។
លោកសាស្ត្រាចារ្យ ជាវាគ្មិនដែលនិយាយភាសាខ្មែរបានច្រើន ហើយលោកស្ម័គ្រចិត្តធ្វើបទបង្ហាញជាភាសាខ្មែរ។ លោកសាស្ត្រាចារ្យ បានលើកឡើងថា អក្សរថៃ គឺចេញពីការផ្គុំគ្នារវាងអក្សរមន និងអក្សរខ្មែរ ហើយក្រោយមកគឺក្លាយទៅជាអក្សរថៃ។ ដោយយកស្រៈទៅទុកក្នុងជាមួយនឹងអក្សរតែម្ដង ហើយពាក្យមួយចំនួន គឺត្រូវសរសេរអក្សរនោះស្ទួន២ដងជំនួសសញ្ញាក្នុងអក្សរបុរាណ អញ្ចឹងហើយទើបវាពិបាកនឹងអាន។ នៅក្នុងភាសាថៃ ការប្រើប្រាស់អក្សរនេះ មានសិលាចារឹកមួយដែលមានឈ្មោះ បានសានុ ដែលគេយកភាសាថៃសរសេរជាភាសាបាលី ដែលត្រូវបានរកឃើញនៅក្នុងឆ្នាំប្រហែលជាឆ្នាំ១៣០០ នៃគ.ស. ដែលមានការពិបាកក្នុងការសរសេរភាសាបាលី។
ក្រោយមក ក្នុងសង្គមថៃ មិនប្រើភាសាថៃសរសេរភាសាបាលី គឺគេយកអក្សរខ្មែរទៅសរសេរ ប៉ុន្តែនៅថៃមិនបានហៅថាអក្សរខ្មែរនោះទេ ប៉ុន្តែគេបែរជាហៅថាជា «ខម» ទៅវិញ ប៉ុន្តែការពិតនោះគឺជាអក្សរខ្មែរ។ សិលាចារឹកនេះគឺជាមានប្រភពនៅវត្តព្រៃស្វាយ ដែលថៃហៅថា «ប៉ាលិលុង» ដែលមាន៤ផ្ទាំង ហើយក្រោយមក ក៏មិនមាននរណាយកភាសាថៃសរសេរជាភាសាបាលីដែរ គឺប្រើប្រាស់អក្សរថៃ សម្រាប់ភាសាសរសេរទូទៅ ហើយភាសាបាលី គឺគេយកអក្សរខ្មែរ ឬហៅអក្សរខមមកប្រើដោយយកសញ្ញាវណ្ណយុត្តិដាក់នៅលើអក្សរ។ ថៃហៅអក្សរនេះហៅថា «អក្សរខមថៃ» ដែលគេសរសេរទាក់ទងនឹងបញ្ហាសាសនា។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ដែរថា សូម្បីតែក្នុងសម័យអយុធ្យាមកដល់បច្ចុប្បន្ន គឺគេប្រើអក្សរខ្មែរ(ខម) យកមកសរសេរភាសាបាលីរហូតមក។ សូម្បីតែអ្នកនាងអេនជូលីណាជូលី ក៏ទៅសាក់ជាអក្សរខ្មែរឬអក្សរខមនេះនៅប្រទេសថៃផងដែរ។ នៅភូមិភាគខាងជើងរបស់ថៃ នៅពេលគេសរសេរភាសាបាលីជាអក្សរ «ថមឡានណា»។ ចំណែកឯភូមិភាគឦសាន្តប្រទេស គឺគេសរសេរជាអក្សរ «ថាមឡាវ»។ នៅប្រទេសថៃគឺមានការសរសេរជា៤ភាសាគឺ៖
កាលពីជាង១០០ឆ្នាំមុន ស្ដេចថៃ ព្រះបាទរាមាទី៥ ដែលសោយរាជ បានសម្រេចឱ្យមានសរសេរភាសាបាលី ព្រោះនៅពេលនោះគឺប្រទេសជុំវិញរបស់ថៃ គឺត្រូវបានលោកខាងលិចគ្រប់គ្រង។
សព្វថ្ងៃមានការសរសេរព្រះធម៌ក្នុងព្រៃត្រៃយ៍បិដកនៅលើថ្មម៉ាត នៅខេត្តសុទុមបធុម តែនៅពេលដែលថៃប្រើអក្សរថៃសរសេរភាសាបាលីបាន នោះសិលាចារឹកដែលគេយកអក្សរខមសរសេរភាសាបាលី មិនសូវមានអ្នកអានបាននោះទេ ហេតុនេះប្រជាជនខ្លះ ក៏យកទៅលក់ឱ្យបរទេស ខ្លះទៀតយកទៅស្លរំលាយធ្វើជារូបព្រះវិញជាដើម ជាហេតុធ្វើឱ្យបាត់បង់ច្រើន។
RAC Media
បទបង្ហាញដោយបណ្ឌិត ខៀវ កុសល អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា
តាមនិយមន័យវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «ចង្កៀង»មានន័យថា ប្រដាប់សម្រាប់ដាក់ខ្លាញ់ ឬប្រេងអុជបំភ្លឺ គឺប្រទីប, ចង្កៀងខ្លាញ់, ចង្កៀងប្រេងកាតជាដើម។ ចំណែកឯពាក្យ «គោម» មានន័យថា ប្រទីបមានឡត, មានប្រឆេះ, មានលំផូង, មានច្រើនបែបច្រើនយ៉ាងរូបរាងសណ្ឋានផ្សេងៗគ្នា។ គោមសម្រាប់ប្រើកាន់ លើកដាក់បាន ហៅថា គោមដៃ, សម្រាប់ព្យួរហៅថា គោមព្យួរ...។ គោមមួយទៀតជាគោមហោះ គោមធ្វើអំពីក្រដាសស្តើងមានសណ្ឋានស្រដៀងនឹងជាល អម្រែកសម្រាប់អុជបង្ហោះទៅឯអាកាស។
សម័យបុរាណប្រជាពលរដ្ឋខ្មែរតែងតែនិយមប្រើប្រាស់ចង្កៀង គោម។ ចង្កៀង គោមជាប្រដាប់សម្រាប់បំភ្លឺតាមលំនៅឋាននានាទៅតាមប្រភេទនៃលំនៅឋាននោះ។ ចង្កៀង គោម ចង្កៀងគោមមានលក្ខណៈជាពីរផ្នែក ផ្នែកចល័ត និងផ្នែកអចល័តទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលគេចង់បាន ហើយក៏ទៅតាមលក្ខណៈលំនៅឋានរបស់គេដែរ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែទីអាវាសវត្ត (អារាមដ្ឋាន) ក៏អាចប្រើរបស់ដូចខាងលើនេះដែរដែលជាវត្ថុប្រើប្រាស់ម្យ៉ាងទៅតាមតម្រូវការដូចជាការអុជបំភ្លឺ និមិត្តសញ្ញា ឬក៏ជំនឿទៅតាមតំបន់នានាទូទាំងប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ ដោយមានការជឿនលឿនតាមបច្ចេកវិជ្ជាសម័យទំនើបរបស់អស់ទាំងនោះ ស្ទើរតែបាត់បង់សាបសូន្យអស់ទៅហើយគឺមកពីយើងអភិវឌ្ឍមិនបាននឹកឃើញដល់ការអភិរក្ស។ ប៉ុន្តែនៅក្នុងបទអន្តរាគមន៍នេះ ខ្ញុំបាទសូមលើកយកមកធ្វើបទបង្ហាញអំពីខ្លឹមសារ អត្ថន័យ អត្ថរស សម្ភារៈទាំងនេះ ព្រមទាំងរូបភាពមកបង្ហាញដើម្បីជាសក្ខីភាពរក្សា និងអភិរក្សសម្រាប់មនុស្សជំនាន់ថ្មីឲ្យស្គាល់ឲ្យដឹង ឲ្យឮ ឲ្យយល់ អំពីអ្វីទៅដែលហៅថាបុរាណវត្ថុ។
តែទោះបីជាយ៉ាងណាក៏ដោយសម័យជឿនលឿនដែលធ្វើបានយន្តហោះក្នុងសតវត្សរ៍ទី២១ យើងនេះក៏គេសិក្សាយកពីយន្តហោះជំនាន់ដើមដែរ។ យ៉ាងណាមិញ ចង្កៀង គោម នេះហើយគឺជាជីដូនជីតា (សម្ភារៈប្រើប្រាស់) របស់អំពូលអគ្គិសនី ពិលបំភ្លឺបច្ចុប្បន្ន។
RAC Media
បទបង្ហាញដោយ៖ បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា
របាំអប្សរា រួមទាំងរបាំព្រះរាជទ្រព្យទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវប្បធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ ការចារឹកនាម នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនេះ បានបញ្ជាក់ពីតម្លៃជាសាកលដ៏ធំធេងអស្ចារ្យនៃស្នាដៃសិល្បៈរបាំតន្តីប្រកបដោយអត្ថន័យវប្បធម៌នេះ។ ចំពោះប្រជាជនកម្ពុជាទូទៅ របាំអប្សរា គឺជាមោទនភាព ជានិមិត្ដរូបជាតិនិងប្រជាជន។ របាំអប្សរា ស្ថិតនៅយ៉ាងជ្រាលជ្រៅក្នុងជម្រៅបេះដូងខ្មែរគ្រប់ៗរូប។
ដោយឃើញនូវតម្លៃសាកលដ៏ធំធេងអស្ចារ្យនៃរបាំអប្សរានេះហើយ ទើបយើងសម្រេចលើកយកអត្ថបទសិក្សាស្តីអំពី “អប្សរា” ពីទេវកថាឥណ្ឌា មកចម្លាក់ខ្មែរ និងរបាំតន្តីខ្មែរ មកចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីអំពី “តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិនិងមោទកភាព”។
បើតាមការបង្ហាញរបស់បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា៖ ឫសគល់ «អប្សរា» គឺស្ថិតក្នុងវប្បធម៌ឥណ្ឌាគឺទេវកថា ឥណ្ឌា រឿង “អណ្ដើកកូម៌ៈ” ឬ រឿង “កូរសមុទ្រទឹកដោះ” ទោះបីសម្តេចព្រះសង្ឃរាជ ជួន ណាត លោកមិនទទួលយកក៏ដោយ ហើយយើងក៏មិនអាចគិតថាហេតុអ្វីបានជាសម្តេចព្រះសង្ឃរាជ លោកបដិសេធការលើកឡើងថា “តាមសេចក្តីតំណាលក្នុងគម្ពីរព្រាហ្មណ៍ថា ស្ត្រីសួគ៌ពួកមួយដែលផុសឡើងអំពីទឹក ក្នុងកាលដែលកូរទឹកអម្ឫត" នោះទេ (កូរទឹកអម្ឫត ជាសេចក្តីនៃរឿង គឺកូរសមុទ្រទឹកដោះដើម្បីយកទឹកអម្ឫតដែលធ្វើឱ្យជីវិតមានភាពអមតៈ)។
កាលដើមឡើយ មានមហាសមុទ្រទឹកដោះនៅលើចក្រវាលទាំងមូល។ ពួកទេវតា និងអសុរាដែលចង់បានទឹកអម្ឫត គឺទឹកមន្តជីវិតអមតៈ បានច្បាំងគ្នាដើម្បីទឹកអម្ឫត។ ដោយហេតុចម្បាំងអស់ពេលដ៏យូរ ក៏មិនចាញ់មិនឈ្នះ ព្រះវិស្ណុក៏ចេញមកពន្យល់ពួកទេវតា និងអសុរាឱ្យរួមគ្នាកូរសមុទ្រទឹកដោះនោះ។ នៅក្នុងសមុទ្រទឹកដោះមានទឹកអម្ឫតនិងវត្ថុទិព្វជាច្រើនឥតគណនា ដោយចង់ឃើញនូវវត្ថុទិព្វទាំងនោះ និងចង់បាននូវជីវិតអមតៈ ទាំងពពួកទេវតា និងអសុរាបានយល់ព្រមតាមព្រះវិស្ណុ រួមគ្នាកូរសមុទ្រទឹកដោះ ដោយសន្យាគ្នាថា បើទឹកអម្ឫតលេចឡើងចំមុខពពួកទេវតា នោះទឹកអម្ឫតបានទៅពពួកទេវតា បើទឹកអម្ឫតលេចឡើងចំមុខពពួកអសុរានោះទឹកអម្ឫតបានទៅពពួកអសុរា។ ព្រះវិស្ណុបានដកភ្នំមន្ទរៈ យកមកធ្វើជាឧបករណ៍សម្រាប់កូរ ហើយបែងខ្លួនជាអវតាមានឈ្មោះថា អណ្ដើកកូម៌ៈ ដើម្បីទ្រភ្នំមន្ទរៈ កុំឱ្យលិច។ កាលនោះ ស្ដេចនាគឈ្មោះ វាសុកី បានយកខ្លួនធ្វើជាព្រ័ត្រសម្រាប់ឱ្យគេទាញ។ ពួកទេវតាទាញខាងកន្ទុយ ឯពួកអសុរាទាញខាងក្បាល។
ក្រៅពីនេះ ក៏មាន “អប្សរា” ក្នុងសិល្បៈចម្លាក់ខ្មែរដូចគ្នាដែរ ដូចជានៅក្នុងទេវកថា រឿង អណ្តើកកូម៌ៈ របាំអប្សរា និងទេពអប្សរា ក៏មានឆ្លាក់នៅលើផ្តែរ និងលើថែវប្រាសាទមួយចំនួនផងដែរ។
RAC Media
វាគ្មិន៖ លោក រ៉េត សាមុត
នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា សូមលើកយកខ្លឹមសារនិងអត្ថន័យ អំពី តម្លៃវប្បធម៌សិល្បៈខ្មែរ «ក្បាច់ហៀន» ដែលបង្ហាញជូនដោយលោក រ៉េត សាមុត ជាក្រុមការងារបង្ហាញអំពីសិល្បៈ«ក្បាច់ហៀន» ដែលស្តាប់ទៅហើយ ហាក់ដូចជាកម្រនឹងបានលឺ។ ហេតុនេះ សូមសិក្សាស្វែងយល់ដូចខាងក្រោម៖
នៅក្នុងសកលលោកយើងនេះ យើងតែងសង្កេតឃើញសង្គមមួយរីកលូតលាស់រុងរឿងទៅមុខបាន លុះត្រាតែសង្គមនោះបានភ្ជាប់ជីវិតទៅជាមួយជំនឿ និងសាសនា តែសិល្បៈក៏ជាគ្រឿងមួយដែលមិនអាចខ្វះបាន ពីព្រោះទាំងនេះ គឺជាប្រភព និងជាគ្រឹះដែលនាំឱ្យសង្គម និងជីវិតប្រកបដោយសេចក្តីសង្ឃឹម ហើយសេចក្តីក្សេមក្សាន្ត។
ដោយឡែកនៅក្នុងសង្គមខ្មែរយើងនេះ គឺអាចចាត់ទុកជាប្រទេសដែលបានរៀបចំសង្គមបានល្អតាំងពីយូរលង់មក ចំពោះជំនឿវិញក៏បានប្រសូត្រនិងលាតត្រដាងឱ្យគេដឹងថា មានតាំងតែពី១២០០០ឆ្នាំទៅ៦០០០ឆ្នាំមុនគ្រឹះសករាជ គឺមុនពេលដែលជំនឿសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា មកដល់ខ្មែរមានជំនឿយ៉ាងខ្លាំងទៅលើផ្នែកអរូបិយ ដូចជា ខ្មោច ព្រាយ អសុរកាយ ធ្មប់ អាប ខ្យល់ ទឹក ដី កំដៅ ដុំដំបូក។ល។ ខ្មែរមានការចេះ ស្គាល់ យល់ដឹងពីកម្លាំងនៃបាតុភូតធម្មជាតិ កម្លាំងនៃឥទ្ធិពលធម្មជាតិ ផែនដី ព្រះច័ន្ទ ព្រះអាទិត្យ និងភពនានា ចេះមើលឃើញឋានសួគ៌ ទេវតា ឬ ព្រះអាទិត្យ...។
បាតុភូតដែលគួចនេះហើយ ដែលធ្វើឱ្យខ្មែរដើមបានយល់ដឹងថា គ្រប់យ៉ាងដែលកើតមក រមែងមានចំណុចចាប់ផ្តើម ដែលយើងហៅថា “មេ” ឬធាតុ។ ប្រសិនបើមិនមានធាតុគ្រប់គ្រាន់ អ្វីៗទាំងនេះវាមិនកើតទេ ឧទាហរណ៍៖ ដីចំការ ដែលយើងទុកចោល បើសិនជាដីនោះគ្មានកំដៅ គ្មានទឹក គ្មានអុកស៊ីសែននោះទេ ស្មៅ ឬរុក្ខជាតិ ក៏មិនអាចដុះបានទេ។ ហេតុនេះ ខ្ញុំចង់មានន័យថា គ្រប់យ៉ាងសុទ្ធតែត្រូវផ្សំពីចំណុចផ្តើម។
វិលមកជំនឿខ្មែរដើម គាត់ដឹងថា ភព ផ្កាយ ផែនដី ឬ អ្វីៗជុំវិញនេះ គឺប្រព្រឹត្តទៅដោយចលនា ការកំរើក ការវិល ការកើត ការចាស់ និងការបាត់ទៅវិញ...។ គាត់បង្កើតជាក្បាច់មួយបែបហៅថា “ក្បាច់ហៀន” ដែលជានិមិត្តរូបនៃភពផ្កាយ ផែនដី និងជីវិត ជាដើម នោះឡើងមក។(ត្រង់នេះមានបង្ហាញពីគំនូរ ៥ផ្ទាំងស្តីអំពី “ក្បាច់ហៀន” យ៉ាងត្រកាល...)។
តាមរយៈគំនូរក្បាច់ហៀននេះ បង្ហាញឱ្យឃើញថា ចំណុចដំបូងដែលគួចនោះ បង្ហាញពីភាពចាប់ផ្តើម វាប្រៀបដូចជាមេ ឬធាតុដំបូងនៃធម្មជាតិ នៃជីវិត ទាំងភព ទាំងផែនដី ទាំងដួងតារា ដែលចាប់កំណើតមក ហើយក្នុងគំនូរបន្ទាប់ បង្ហាញពីការវិវឌ្ឍធំធាត់ ជរា និងបាត់បង់ទៅវិញ។ សូមជម្រាបថា ក្នុងរចនាបថនៃសិល្បៈខ្មែរទាំង១២ប្រភេទ យើងតែងប្រទះឃើញក្បាច់ហៀននេះត្រូវបានដើរតួយ៉ាងសំខាន់ បីដូចជាចាំជួយតឿននិងក្រើនរំលឹកដល់គ្រប់ជីវិតទាំងអស់ឱ្យយល់ពី “វដ្ត” គឺ “កើត ចាស់ ឈឺ ស្លាប់” គឺរមែងកើតមានជាបន្តបន្ទាប់។ ក្បាច់នេះ មាននៅគ្រប់ប្រាសាទក្នុងស្រុកខ្មែរ បើមិនមានរាងដូច តែវាមិនដូរទំរង់ទេ។
សរុបមក នៅពេលដែលយើងមើលក្បាច់ទាំងឡាយ ដែលមានលក្ខណៈជាក្បាច់ហៀនទោះក្នុង ក្បាច់អង្គរ ក្បាច់ភ្ញីទេស ក្បាច់ភ្ញីវល្លិ៍ ក្បាច់ភ្ញីភ្នើង ក្បាច់ចក ក្បាច់ផ្សេង ក្នុងទំរង់ហៀនឬគូថខ្យងនេះ គឺសុទ្ធសឹងបង្ហាញពីថាមពល ភពផែនដី ពីព្រះ ពីទេវតា ពីនយោបាយ ពីសង្គមពីសេដ្ឋកិច្ច ពីជីវិត ពីធម្មជាតិ ពីសិល្បៈ ពីបាតុភូតគ្រប់យ៉ាង ដែលមានចំណុចចាប់ផ្តើម គឺតែងមានចំណុចនិងបញ្ចប់។ ទាំងនេះ គឺជាការបង្ហាញត្រួសៗស្តីពីក្បាច់ហៀន ឥឡូវនេះ ចូរអស់លោកទៅសង្កេតលើផ្នែកទឹក ទឹក គឺជាវត្ថុ ដ៏ពិសិដ្ឋ និងខ្ពង់ខ្ពស់ ដែលគ្រប់ជីវិតនៅក្នុងលោកខ្វះមិនបាន សត្វ មនុស្ស ធម្មជាតិ មិនអាចរស់ ដោយខ្វះទឹក ទឹកជាជីវិត គឺខ្មែរបុរាណ ប្រដូចនឹងក្បាច់ហៀន បើមានទឹក ខ្វះដីមិនបាន ដូចនេះ ទឹក+ដី > ជីវិត។
រវាងបុរសនិងស្រី ឬ មេនិងបា ត្រូវបានបង្ហាញសានិមិត្តរូបតាមរយៈសត្វល្មូន ដូចជា ម្ក ពស់ នាគ ត្រកួត ថ្លែន ដោយក្នុងចំណោមសត្វទាំងនេះ គេសង្កេតឃើញថា ពស់ នាគ ត្រូវខ្មែរចាត់ទុកជាសត្វមង្គល មានសច្ចៈ មានយុត្តិធម៌ ទៀងត្រង់ ទន់ភ្លន់ ល្វូតល្វន់ ស្រការវាសកជាតំណាងឱ្យភាពអមតៈ។(ត្រង់នេះមានបង្ហាញពីរបាំអប្សរា អមដោយកាន់អត្ថាធិប្បាយ ពីកាយវិការនៃក្បាច់ហៀនមាន៖ ពន្លត ដើម ស្លឹក មែក ធាង ផ្កា ផ្លែ ទុំ ជ្រុះ “វដ្ត”)៕
បើតាមការសម្ភាសផ្ទាល់ជាមួយលោក រ់េត សាមុត បានឱ្យដឹងថា លោកមានក្រុមការងារមួយដែលកំពុងត្រៀមខ្លួនសម្រាប់ធ្វើការផ្សព្វផ្សាយអំពីទម្រង់សិល្បៈផ្សេងៗជាច្រើនទៀត ដើម្បីចែករំលែកនូវអ្វីដែលក្រុមការងាររបស់លោក បានកសាងនិងចែករំលែកដល់ប្រជាពលរដ្ឋខ្មែរយើង៕
ដោយ៖ លោក ខែក វីរៈ
កិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ បានជួបនិងចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី១៩ ខែធ្នុ ម្សិលម៉ិញនេះ ដែលបានព្រមព្រៀងលើចំណុចដូចខាងក្រោម៖
១. កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០០៤ ហើយត្រូវបានបន្ត និងធ្វើឱ្យមានប្រសិទ្ធភាពឡើងវិញចាប់ពីថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០១៦ នៅពេលនេះត្រូវបានបន្តសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩។
២. នៅកំឡុងពេលនៃការអនុវត្តកិច្ចព្រមព្រៀងដែលបានលើកឡើងខាងលើ មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នឹងផ្តល់ថវិកាសម្រាប់ការអនុវត្តគោលដៅរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា។
៣. មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នឹងផ្តល់ថវិកាគាំទ្ររហូតដល់ ៨០,០០០ USD (ប្រាំបីម៉ឺនដុល្លាអាមេរិក) ជាថវិកាប្រចាំឆ្នាំសម្រាប់មជ្ឈមណ្ឌល។ ថវិកាសម្រាប់កម្មវិធីផ្លាស់ប្តូរអ្នកសិក្សាស្រាវជ្រាវ នឹងត្រូវបានអនុវត្តដោយឡែក។
៤. មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍រដ្ឋបាល និងរបាយការណ៍ស្រាវជ្រាវប្រចាំឆ្នាំ ដាក់ទៅមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់។
ក្រៅពីរបៀបវារៈដែលបានលើកឡើងខាងលើ លក្ខខណ្ឌ និងកិច្ចសន្យាជាលាយលក្ខអក្សរ ដែលបានធ្វើឡើងក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០០៤ នឹងនៅតែមានសុពលភាពរហូតដល់មានការពិនិត្យការកែប្រែឡើងវិញ។ ភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងនេះជាពីរច្បាប់ ដោយមានការចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងសងខាង។
RAC Media
ដោយ៖ លោក ស៊ឺន សំ
មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរជាតិនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់បញ្ញវន្តនិងអ្នកស្រាវជ្រាវក្នុងតំបន់និងពិភពលោក សម្រាប់ចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈទៅលើតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក និងដើម្បីលើកកម្ពស់ និងជំរុញឱ្យមានភាពសុខដុមរមនា ភាពថ្កុំថ្កើងនៃអារ្យធម៌របស់ប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីនេះ មានការអញ្ជើញភ្ញៀវចូលរួមពីសំណាក់អ្នកសា្រវជ្រាវជាតិ និងអន្តរជាតិ ប្រមាណ១០០នាក់ និងប្រព្រឹត្តធ្វើឡើងទៅចាប់ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសេនជូរី ក្រុងសៀមរាប ខេត្តសៀមរាប។
នេះជាសន្និសីទលើកទី១៤ ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា នាឆ្នាំនេះដោយមានវាគ្មិនអញ្ជើញមកពីមកពី១៥ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី កូរ៉េ ចិន ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក បារាំង ស្វីស សរុប១១០រូប។ អង្គសន្និសីទនឹងមានការពិភាក្សាផ្តោះប្តូរយោបល់គ្នារវាងវាគ្មិន និងអ្នកចូលរួមទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់លើសន្តិភាព និងភាពសុខុដុមរមនា ដើម្បីរក្សានូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនទាំងក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្រោមស្ថានភាពវប្បធម៌នៃបណ្តាប្រជាជាតិផ្សេងពីគ្នា នាសម័យបច្ចុប្បន្ននេះ។ ក្នុងអង្គសន្និសីទដ៏មានអត្ថន័យនេះ រាជបណ្ឌិត្យសភាកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា សាស្រ្តាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ជាវាគ្មិនទាំង១៥ប្រទេស នឹងចែករំលែកចំណេះដឹងជាលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីៗ នាសម័យសមាហរណកម្មតំបន់នេះ បានយ៉ាងល្អប្រសើរជាក់ជាមិនខាន។
ទាំងនេះ គឺជាការចូលរួមវិភាគទានដ៏មានតម្លៃចំពោះវិស័យវប្បធម៌ ក្នុងតំបន់ក៏ដូចជាពិភពលោក នាដំណាក់កាលសមាហរណកម្មតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិកនាឆ្នាំ២០១៨ ដោយផ្តោតការពិភាក្សាលើខ្លឹមសារប្រធានបទចម្បងស្តីអំពី វប្បធម៌ ប្រវត្តិ និងមោទកភាព និងប្រធានបទរងចំនួនបីគឺ៖
១-ទំនើបកម្មអភិបាលកិច្ចនៃវប្បធម៌
២-បញ្ហាប្រឈមនៃសាកលភាវូបនីយកម្មវប្បធម៌
៣-ការលើកកម្ពស់បេតិកភណ្ឌពិភពលោក
គួររំលឹកដែរថា មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ បានឧបត្ថម្ភគាំទ្រចំពោះមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំសន្និសីទអន្តរជាតិ ស្តីអំពី «តម្លៃវប្បធម៌អាស៊ីអាគ្នេយ៍» នៅព្រះរាជាណាចក្រកម្ពុជា ចំនួន១៣លើកកន្លងមក គឺបានចូលរួមចំណែកដល់ការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ផ្សព្វផ្សាយ ថែរក្សាការពារវប្បធម៌ អរិយធម៌ ប្រពៃណី បច្ចេកវិទ្យារបស់ប្រជាជាតិនីមួយៗ។
កម្មវិធីសន្និសីទអន្តរជាតិលើកទី១៤ ស្តីអំពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ និងមោទកភាព» នេះ នឹងបង្ហាញនូវសារប្រយោជន៍នៃការពិភាក្សាផ្តោះប្តូរយោបល់ អំពីការផ្សារភ្ជាប់វប្បធម៌ជាមួយសង្គមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើវប្បធម៌សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរក្សានូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន ទាំងក្នុងតំបន់ និងពិភពលោក៕
RAC MEDIA
ដោយ៖ ចាន់ វណ្ឌី
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកទទួលខុសត្រូវរបស់សាកលវិទ្យាល័យជីវជាំងទាក់ទងនឹងបញ្ហាបន្តនិរន្តរភាពនៃទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យជីវជាំង ក្នុងកិច្ចបន្តដំណើរការវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្រៅពីនោះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង នឹងសហការគ្នាលើវិស័យសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពដល់អ្នកស្រាវជ្រាវ និងបញ្ញវន្តខ្មែរ។
ក្នុងឱកាសជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំពិធីសម្ពោធទីតាំងហាត់ការរបស់សាកលវិទ្យាល័យជីវជាំង ដែលមានទីតាំងនៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ ពិធីសម្ពោធទីតាំងហាត់ការនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
RAC Media
ដោយ៖ លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិតឱ្យផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរអគ្គិសនីកម្ពុជាចុះដោះស្រាយជាបន្ទាន់ដើម្បីឆ្លើយតបចំពោះបញ្ហាតម្លៃអគ្គិសនីនៅតាមទីផ្សារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការប្រើប្រាស់អគ្គិសនីតាមការបញ្ចុះតម្លៃ ដូចគ្នាជាមួយតម្លៃដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់។ នេះបើតាមការប្រកាសឱ្យដឹងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
កម្ពុជាដែលកំពុងកសាងប្រទេសលើគ្រប់វិស័យដើម្បីឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលខាងមុខនេះ ត្រូវការជាចាំបាច់នូវប្រភពថាមពលដែលមានតម្លៃសមរម្យសម្រាប់ជាចលករក្នុងការជំរុញសកម្មភាព និងដំណើរការនៃវិស័យនានាដែលជាម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ទាំងក្នុងវិស័យសិប្បកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម។ ថ្វីត្បិតថាតម្លៃអគ្គិសនីនៅកម្ពុជាហាក់មានតម្លៃខ្ពស់ជាងប្រទេសជិតខាងក៏ដោយក្ដី ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងខិតខំយកចិត្តទុកដាក់លើវិស័យថាមពលអគ្គិសនីនេះជាទីគួរកត់សម្គាល់ តាមរយៈការជំរុញនិងលើកទឹកចិត្តដល់ការវិនិយោគទៅលើស្ថានីយ៍ផលិតថាមពលអគ្គិសនីនានា ពិសេសការកសាងនូវទំនប់វារីអគ្គិសនីនៅតាមទន្លេសំខាន់ៗក្នុងប្រទេសកម្ពុជា។ តួយ៉ាងនាពេលថ្មីៗនេះ ទំនប់វារីអគ្គិសនីដ៏ធំមួយរបស់កម្ពុជាគឺ វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតខេត្តស្ទឹងត្រែង ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។
នាពេលកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានពង្រីកបណ្ដាញបញ្ជូនតង់ស្យុងអគ្គិសនីជាបន្តបន្ទាប់ និងបានផ្ដល់អាជ្ញាបណ្ណដល់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជននៅតាមបណ្ដាខេត្ត និងទីប្រជុំជននានាជាច្រើន ដើម្បីសម្រួលដល់ការផ្គត់ផ្គង់អគ្គិសនីជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយដែលក្នុងនោះ ៩៥% នៃអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន បានប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ដំណើរការរោងចក្រផលិតអគ្គិសនី។ ដោយមើលឃើញពីផលវិបាកដែលកើតចេញពីការកំណត់តម្លៃប្រេងឥន្ធនៈខ្ពស់ខ្លាំងនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ បានបង្កើតគណៈកម្មការដែលមានសមាសភាពចម្រុះពាក់ព័ន្ធ ធ្វើការកំណត់តម្លៃអតិបរមានៃប្រេងឥន្ធនៈនៅកម្ពុជារៀងរាល់១០ថ្ងៃម្ដង។
ពាក់ព័ន្ធនឹងតម្លៃអគ្គិសនីនេះដែរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ឆ្នាំ២០១៩ ហើយដែលតម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានតម្លៃកាន់តែមានតម្លៃទាបជាបន្តបន្ទាប់ទៅទៀត។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុងសិក្សាលទ្ធភាពលើគម្រោងវារីអគ្គិសនីជាច្រើនទៀត (២០១៧ដល់ ២០២៥) ក្នុងតំបន់ភាគឦសាន និងដងទន្លេមេគង្គមានដូចជា ទន្លេសេសានក្រោម៣, ទន្លេសេសានក្រោម១, ទន្លេស្រែពក៣, ព្រែកល្អាង១ និង២, ស្ទឹងពោធិ៍សាត់១, ស្ទឹងបាត់ដំបង២, ព្រែកឆ្លូង២, សេកុង, សំបូរ, រោងចក្រដើរដោយធ្យូងថ្មចំនួន៤គម្រោង និងរោងចក្រដើរដោយថាមពលកំដៅចំនួន១។ល។
RAC Media
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ នឹងចូលដល់ឆ្នាំ២០១៩ ហើយតម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានតម្លៃកាន់តែធូរថ្លៃ សមស្របទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗ និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដូចមានបង្ហាញខាងក្រោម៖
ប្រភេទទី១. តម្លៃសម្រាប់អ្នកប្រើប្រាស់ធំៗគ្រប់ប្រភេទ ទិញពីអនុស្ថានីយ៍ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ តម្លៃអគ្គិសនី ត្រូវបែងចែកជាបីប្រភេទ ដូចខាងក្រោម៖
ប្រភេទទី២. ជាប្រភេទអ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យម។ អ្នកប្រើ្ប្រាស់ប្រភេទនេះ ត្រូវទិញក្នុងតម្លៃខុសគ្នាបន្តិចអាស្រ័យតាមទីតាំង។ តម្លៃចែកចាយនៅរាជធានីភ្នំពេញ គឺ ០,១៦៥០ដុល្លារ/Kwh (៦៧៦៛) ថ្លៃជានៅបណ្តាខេត្ត ១០រៀលប៉ុណ្ណោះ នៅឆ្នាំ២០១៨នេះ ហើយតម្លៃអគ្គិសនី នឹងបន្ថយចុះមកនៅត្រឹម ០,១៤៧០ដុល្លារ/Kwh (៥៩៥៛) ឆ្នាំ២០១៩ និង ត្រឹម ០,១៤៦០ដុល្លារ/Kwh (៥៩២៛) ឆ្នាំ២០២០ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទូទាំងប្រទេស។
ប្រភេទទី៣. គឺសម្រាប់អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម និងរដ្ឋបាលដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ គឺមានតម្លៃដូចគ្នាជាមួយនឹងតម្លៃសម្រាប់ប្រភេទទី២ខាងលើនៅឆ្នាំ២០១៨នេះ។ តែតម្លៃ អគ្គិសនីនឹងត្រូវថយចុះតម្លៃមកនៅត្រឹម ០,១៥៩០ដុល្លារ/Kwh (៦៤៥៛) នៅឆ្នាំ២០១៩ និងបន្តចុះដល់តម្លៃត្រឹម ០,១៥៨០ដុល្លារ/Kwh (៦៤០៛) នៅឆ្នាំ២០២០។
ប្រភេទ៤. ជាប្រភេទអ្នកប្រើប្រាស់តាមលំនៅស្ថាន គឺសំដៅលើការរស់នៅជាទូទៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលតម្លៃត្រូវបែងចែង តាមកម្រិតនៃការប្រើប្រាស់ដូចខាងក្រោម៖
ប្រភេទទី៥. ជាប្រភេទនៃការប្រើប្រាស់សម្រាប់ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក គឺមានតម្លៃថោកសមរម្យ ៤៨០៛/Kwh ហើយតម្លៃនេះ នឹងនៅបន្តសុពលភាព ៤៨០៛/kwh ដដែលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
ប្រភេទទី៦. ការប្រើប្រាស់នៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព មានតម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០៛/Kwh នឹងធ្លាក់ចុះមកនៅត្រឹម ៦១០៛/Kwh នៅឆ្នាំ២០១៩ និង ២០២០។
ទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ បានធ្វើឱ្យកម្ពុជាទទួលបាននូវសមិទ្ធផលថ្មីៗធំៗជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការ ប្រកប របរ រកស៊ី ក៏ដូចជាក្នុងជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋទូទៅ៕
ដកស្រង់ពី៖ ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី
RAC Media | ផាញ់ សារឿន
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ), អ្នកសម្តែងសុទ្ធតែប្រុសៗ (ទោះ បីជាតួអង្គស្រីក៏យកប្រុសមកសម្តែងដែរ), សម្ដែងពាក់មុខខ្មុក (ស្មាច់ពីក្រដាស) ជារបាំង មុខ ជារូបក្បាល តួអង្គផ្សេងៗ ដូចជា រូបក្បាលមេទ័ពស្វា ពលស្វា មេទ័ពយក្ស សេនាយក្ស តាឥសី ជាដើម ។ មាន វង់ល្ខោនខ្លះ សម្ដែងតួដោយមិនពាក់មុខដែរ ប្រសិនបើតួអង្គមានរូបរាងជាមនុស្ស ដូចជាតួអង្គព្រះរាម ព្រះលក្សណ៍ នាងសេតា តែក្រុមខ្លះទៀតពាក់មុខខ្មុកទាំងអស់ ហើយត្រូវមានអ្នកពោលដំណើររឿងសាច់រឿងដោយចេះចាំស្ទាត់ ព្រមទាំងឆ្លើយឆ្លងពីតួអង្គមួយទៅតួអង្គមួយផង។
ខាងក្រោមនេះ ជាអត្ថបទស្រាវជ្រាវដែលលោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជ បណ្ឌិត្យ សភា កម្ពុជា បានសិក្សានិងចងក្រងសម្រាប់ជាគតិពិចារណាស្វែងយល់បន្ថែមពីសិល្បៈល្ខោនខោលខ្មែរយើង បន្ទាប់ពីមានការចុះ បញ្ជី ជា បេតិកភណ្ឌ វប្បធម៌អរូបីពិភពលោក របស់យូណេស្កូ នាពេលថ្មីៗកន្លងទៅនេះ ដូចខាងក្រោម៖
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM