ព័ត៌មាន

«យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទវិជ្ជមាន»

នៅក្នុងឱកាសនៃការបោះជំរំនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តែជោសែនឬស្សីត្រឹប នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨ ក្រៅអំពីការសិក្សាស្វែងយល់អំពីការងាររបស់ឧទ្យាន និងក្រៅអំពីការចែកសម្ភារៈសិក្សាជូនដល់សិស្សានុ និស្សនៅក្នុងសាលាបឋមសិក្សាដងផ្លិត យុវជនកាកបាទក្រហមកម្ពុជា បានធ្វើបទបង្ហាញមួយស្តី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទវិជ្ជមាន» ដើម្បីចែករំលែកការយល់ឃើញ និងបទពិសោធន៍របស់ខ្លួនទៅវិញទៅមក។

នៅក្នុងឱកាសនៃការធ្វើបទបង្ហាញនោះ យុវជនកាកបាទក្រហមកម្ពុជា បានបង្ហាញឆន្ទះយ៉ាងមុតមាំ ក្នុងការស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីមូលហេតុដែលគេចាត់ទុកថាយុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទវិជ្ជមាន ហើយនឹងកិច្ចការអ្វីខ្លះដែលយុវជនគួរធ្វើ និងមិនគួរធ្វើសម្រាប់សង្គមរបស់ពួកគេ។

ជាការពិតណាស់ យុវជនជាកំលាំងមួយដ៏សំខាន់សម្រាប់សង្គមរបស់យើង ហើយការរួមចំណែកនៅក្នុងសង្គមរបស់យុវជន គឺពិតជាមានសារៈសំខាន់ណាស់ តែយុវជនមិនអាចនឹងក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរមួយដែលវិជ្ជមាន ឬមានប្រយោជន៍សម្រាប់សង្គមទេ បើសិនយុវជនមិនមានជំនាញ ឬមិនមានការសិក្សាត្រឹមត្រូវ។

ឱកាសនៃការធ្វើបទបង្ហាញនៅក្នុងឧទ្យាននៅពេលនេះ មិនត្រឹមតែជាការចែករំលែកចំណេះដឹងនោះទេ តែជាការរឹតចំណងសាមគ្គីរវាងក្រុមយុវជន ហើយក៏ជាឱកាសដែលយុវជនបានយល់បន្ថែមទៀតអំពីតំលៃការចូលរួមរបស់ពួកគេនៅក្នុងការថែរក្សាបរិស្ថាន និងព្រៃឈើនៅក្នុងប្រទេសកម្ពុជា។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប សូមស្វាគម៍ លោក លោកស្រី សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ ដើម្បីមកទស្សនានៅទីនេះផងដែរ។

RAC Media ស៊ឺន សំ




2018-12-14 04:56:07   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 11:56 AM
«កម្មវិធីបោះជំរំនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប និងការចែកអំណោយ ព្រមទាំងសម្ភារៈសិក្សានៅសាលាបឋមសិក្សាដងផ្លិត»

ព្រះវិហារ៖ យុវជនកាកបាទក្រហមកម្ពុជា និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌នៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជា តេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០១៨។

ដើម្បីជាការសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានធម្មជាតិ និងដើម្បីយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅអំពីការងារដែលឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាបានបំពេញ ក្នុងការអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងការពន្យល់ពលរដ្ឋឱ្យយល់ដឹងអំពីសារៈសំខាន់នៃការថែរក្សាព្រៃឈើ យុវជនកាកបាទក្រហមកម្ពុជា បានសហការជាមួយឧទ្យានរាជបណ្ឌិត្យ សភាកម្ពុជាតេជោសែនឫស្សីត្រឹប រៀបចំកម្មវិធីបោះជំរំ (បោះតង់) ស្នាក់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងក្នុងឃុំ ឆែប១ និងឃុំឆែប២ ស្រុក ឆែប ខេត្តព្រះវិហារ។

ឆ្លៀតក្នុងឱកាសនៃការបោះជំរំ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនោះ នៅរសៀលថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ យុវជនកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញទៅចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សាដងផ្លិត ដែលជាសាលាមួយមានទីតាំងស្ថិតនៅជិតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដើម្បីលើកទឹកចិត្តសិស្សានុសិស្សនៅទីនោះ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីអនាគតរបស់ពួកគេ និងដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ជូនថា យុវជនកាកបាទក្រហមកម្ពុជា ដែលអញ្ជើញមកបោះជំរំនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបរយៈពេល២ថ្ងៃនេះ មានចំនួន ៩១នាក់ ហើយក្នុងនោះមាននារីចំនួន ៤១នាក់។

RAC Media | ស៊ឺន សំ







2018-12-14 04:47:07   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 11:47 AM
«និយោជិតវិស័យឯកជនផ្សេងទៀតក្រៅពីកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ក៏នឹងទទួលបានការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងពេលខាងមុខនេះផងដែរ»

ភ្នំពេញ៖ ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើការងារក្នុងវិស័យឯកជនដទៃផ្សេងទៀតដែលពុំមែនជាកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍សុំឱ្យក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ពិចារណាទៅលើការកំណត់ប្រាក់ឈ្នួលអប្បបរមាជូនអ្នកធ្វើការក្នុងវិស័យសំណង់ និងសេវាកម្មនានា។ សម្ដេចបានលើកឡើងបែបនេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក្នុងពិធីសំណេះ សំណាលជាមួយកូនក្មួយកម្មករ កម្មការិនី ១៧,៦២១នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដើម្បីឆ្ពោះទៅកាន់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើការដំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការ កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដែលមានជាបន្តបន្ទាប់រហូតមកតាមលំដាប់លំដោយ។ នៅក្នុងនោះសម្រាប់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានទទួលនូវការសម្រួលបន្ថែមលើការចំណាយ ដោយរដ្ឋបានអន្តរាគមន៍ដើម្បីបន្ថយការចំណាយលើថ្លៃទឹក និងថ្លៃភ្លើងសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូន-កម្មការិនីកាត់ដេរផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយពិនិត្យមើលឃើញពីភាពចាំបាច់នៃការគិតគូរអំពីជីវភាពរបស់អ្នកធ្វើការងារក្នុងវិស័យសំណង់ និងសេវាកម្មនានាផ្សេង កាលពីកម្មករ-កម្មការិនីកាត់ដេរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ បានប្រកាសឱ្យក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈពិចារណាលើសំណើរបស់ក្រុមសហភាពសហព័ន្ធសហជីព និងសមាគមចំនួន ៦ ដែលបានស្នើសុំរាជរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករវិស័យសំណង់ និងសេវាកម្មនានា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨។

គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០១៨ មន្ត្រីរាជការទាំងអស់ទទួលបានប្រាក់បៀវត្សយ៉ាងតិច១លានរៀលក្នុងមួយខែ ខណៈដែលកម្មករ-កម្មការិនីកាត់ដេរ ទទួលបានប្រាក់ឈ្នួលអប្បបរមា ឬហៅថាប្រាក់ខែគោលយ៉ាងតិចចំនួន ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ មិនតែប៉ុណ្ណោះ ចាប់ពីដើមឆ្នាំ២០១៩តទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនីកាត់ដេរនឹងទទួលបានចំនួន ១៨២ដុល្លារ ដែលនេះនឹងមិនរាប់បញ្ចូលនូវប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតធ្លាប់ទទួលបាននោះឡើយ៕

RAC Media | លឹម សុវណ្ណរិទ្ធ



2018-12-14 04:29:46   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 11:29 AM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា»

ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន០៥ពាក្យ ដូចខាងក្រោម៖



2018-12-13 02:54:33   ថ្ងៃព្រហស្បតិ៍, 13 ធ្នូ 2018 ម៉ោង 09:54 AM
«ថ្នាក់ដឹកនាំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសចិន»

កាលពីរាត្រីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បានអញ្ជើញធ្វើដំណើរទៅបំពេញការងារនៅទីក្រុង ប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
តាមរយៈការអញ្ជើញបំពេញការងារនៅប្រទេសចិននេះ គឺមានគោលបំណងចំនួន៤ធំៗ ក្នុងនោះមាន៖
១- អមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (កំពុងស្នាក់នៅទីក្រុងប៉េកាំង) ដើម្បីចុះ MOU ជាមួយសាកលវិទ្យាល័យភាសាបរទេសប៉េកាំង (១២ ធ្នូ ២០១៨)។
២- ពិភាក្សាការងារជាមួយវិទ្យាស្ថានជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រសាកលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ដើម្បីរៀបចំវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ប្រចាំឆ្នាំលើកទី១ (១៣ ធ្នូ ២០១៨)។
៣- អមដំណើរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា (កំពុងស្នាក់នៅទីក្រុងប៉េកាំង) ដើម្បីចុះ MOU ជាមួយសាកលវិទ្យាល័យប៉េកាំង (១៤ ធ្នូ ២០១៨)។
៤- ចូលរួមសន្និសីទឈីងហួរប្រចាំឆ្នាំ (Tsinghua Symposium) (១៥-១៦ ធ្នូ ២០១៨)។

សូមរំលឹកដែរថា ទាក់ទងនឹងដំណើរទស្សនកិច្ចការងាររបស់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំតាមវិទ្យាស្ថានរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺវាបានបង្ហាញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ រវាង​រាជបណ្ឌិត្យសភាកម្ពុជារបស់ព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យនានាដែលមាននៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះមាន៖
- នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជីវជាំង ខេត្តជាំងស៊ី និងបានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍កម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យដែលសាកលវិទ្យា ល័យនេះជាដៃគូរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រៅពីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា ក៏មានជំនួបជាមួយអតីតអភិបាលរងក្រុង ជីវជាំង ដើម្បីពិភាក្សាអំពីបញ្ហាអភិវឌ្ឍភូមិ ឃុំ ក្នុងក្រុងនេះផ្ទាល់ និងបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្មក្រុងជីវជាំង ខេត្តជាំងស៊ី សាធារណរដ្ឋប្រជាមានិតចិន ស្តីអំពីការអភិវឌ្ឍវិស័យកសិកម្មនៅតាមទីជនបទ។
- នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន រាជបណ្ឌិត្យសភាកម្ពុជា ក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ ចាង លី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យយូណាន ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងសហការី ក្នុងគោលបំណងដើម្បី ធ្វើកិច្ចសា្រវជ្រាវរួមគ្នាលើគម្រោងវិនិយោគចិននៅកម្ពុជា ការរៀបចំសិក្ខាសាលារួមគ្នា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ការផ្តល់ឱកាសដល់អ្នកស្រាវជ្រាវកម្ពុជាមកធ្វើការស្រាវជ្រាវនៅសាកលវិទ្យាល័យយូណាន និងនៅពេលថ្មីៗនេះដែរ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមជ្ឈមណ្ឌលសិក្សាចិន ក្នុងនាមជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត គីសេរីវឌ្ឍន៍  ក៏បានចូលរួមដាំដើមឈើនៅក្នុងសាកលវិទ្យាល័យយូណានប្រទេសចិន ដើម្បីជានិម្មិតសញ្ញានៃមិត្តភាពរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យយូណាន​ប្រទេសចិន។









RAC Media


2018-12-12 09:52:46   ថ្ងៃពុធ, 12 ធ្នូ 2018 ម៉ោង 04:52 PM
«ត្រឹមរយៈពេលបួនថ្ងៃ ថតបានសត្វស្លាប ១២៥ប្រភេទ នៅឧទ្យានឫស្សីត្រឹប»

នេះជាការថតរូបសត្វស្លាបលើកដំបូងដែលក្រុមការងារឧទ្យានឫស្សីត្រឹប បានសហការជាមួយក្រុមអ្នកថតរូបវត្តមានសត្វស្លាបនៅកម្ពុជា (Photographers of Existent Birds In Cambodia) ចុះថតរូបសត្វស្លាបនៅក្នុងតំបន់ឧទ្យានឫស្សីត្រឹប ដែលមានទីតាំងនៅស្រុកឆែប ខេត្តព្រះវិហារ។

បើតាមលោក អៀង ពិសី និងលោក ស៊ុត ស៊ីណាល់ ក្រុមការងារអ្នកថតរូបវត្តមានសត្វស្លាបនៅកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃនេះ ក្រុមការងារថតរូបសត្វស្លាបបានចំនួន ១២៥ប្រភេទ ដែលក្នុងនោះមានទាំងប្រភេទសត្វកម្រ សត្វជិតផុតពូជដែលបានចុះបញ្ជីរួច ហើយក៏មានសត្វមួយចំនួនទៀតមិនទាន់បានចុះបញ្ជីរបស់ពិភពលោក។ 

បើតាមប្រភពព័ត៌មានពីអង្គការ WWF Cambodia បានឱ្យដឹងថា កម្ពុជា ជាតំបន់សំបូរជីវចម្រុះច្រើនប្រភេទ។ ប្រភេទសត្វស្លាបនៅកម្ពុជា ក៏មានច្រើនប្រភេទដែរ ដែលក្នុងនោះប្រភេទសត្វស្លាបដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា មានចំនួន៨ប្រភេទ ដែលអង្គការ WWF កំពុងយកចិត្តទុកដាក់ក្នុងការសិក្សានិងអភិរក្សនៅតំបន់ព្រៃភាគខាងជើងប្រទេសដូចជា៖ សត្វត្រយ៉ងយក្ស (Giant Ibis), សត្វត្រយ៉ងចង្កំកស (White-shouldered Ibis), សត្វទុង Greater Adjutant, សត្វក្រៀល (Sarus Crane), សត្វទាព្រៃស្លាបស (White-winged Duck), សត្វ Masked Finfoot, សត្វក្ងោក (Green Peafowl), និងសត្វត្មាត (Vultures)។

តាមការផ្តល់ព័ត៌មានពីលោក ស្រី សីហា មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានឱ្យដឹងថា នៅក្នុងតំបន់ឧទ្យាន មានប្រភេទសត្វ ដែលកំពុងរងគ្រោះជាច្រើនប្រភេទដែលក្រុមការងារកំពុងធ្វើការស្រាវជ្រាវ និងការពារ ក្នុងនោះបានរកឃើញថាមានវត្តមានសត្វត្រយ៉ងយក្ស និងសត្វកេងកងក៏មាននៅទីនេះដែរ។

RAC Media

(ក្រុមអ្នកថតរូបនៅឧទ្យានឫស្សីត្រឹប @ Photographer of Existent Birds in Cambodia)

(Giant Ibis, birdlife.org)

(White-shouldered Ibis, WWF-Cambodia)

 

(Greater Adjutant, IUCNRedlist)

(Sarus Crane, WWF-Cambodia)

(White-Winged Duct, Wikipedia)

(Masked Finfoot, Khmer Times)

(Green Peafowl, WWF-Cambodia)

(Vultures, WWF-Cambodia)

2018-12-12 07:46:47   ថ្ងៃពុធ, 12 ធ្នូ 2018 ម៉ោង 02:46 PM
«ដំណើរនយោបាយកម្ពុជា៖ ជំហរនិងសម្បទានដើម្បីឧត្ដមប្រយោជន៍ជាតិ (ភាគទី២)»

ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទី

បន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ដោយសារតែការព្រួយបារម្ភអំពីការវាយប្រហាររបស់កម្លាំងខ្មែរក្រហម ដែលបានជ្រើសយកការតស៊ូប្រដាប់អាវុធជាថ្មីម្ដងទៀត។ កងយោធពលខេមរភូមិន្ទ បានពង្រឹងនិងត្រៀមកម្លាំងដើម្បីបង្កបរិយាកាសល្អប្រសើរសម្រាប់ការបោះឆ្នោតនៅខែឧសភាខាងមុខ ហើយទោះជាយ៉ាងនេះក្ដី ទីតាំងដែលកម្លាំងរបស់ខ្មែរក្រហមអាចគ្រប់គ្រងបានមានតែ៣ប៉ុណ្ណោះគឺ ម៉ាឡៃ ប៉ៃលិន និងអន្លង់វែង។

ជាមួយគ្នានេះដែរកងកម្លាំងរបស់អាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាហៅកាត់ថាអ៊ុនតាក់ ត្រូវបានដាក់ពង្រាយនៅតាមទីតាំងនិងតំបន់ដែលរដ្ឋកម្ពុជាបានគ្រប់គ្រងតែប៉ុណ្ណោះដើម្បីសង្កេតការណ៍និងធ្វើរបាយការណ៍អំពីស្ថានការណ៍របស់ប្រទេសកម្ពុជានាពេលនោះ។ នៅទីបំផុតសង្គ្រាមវាយឆ្មក់របស់ខ្មែរក្រហមបានកើតឡើងដោយមិននឹកស្មានទុកជាមុន គឺនៅផ្លូវលេខ១២ ដែលភ្ជាប់ភាគខាងកើតនិងភាគខាងលិចនៃប្រទេសកម្ពុជា និងការដណ្ដើមបានទីរួមខេត្តសៀមរាបដោយមិននឹកស្មានដល់របស់កម្លាំងខ្មែរក្រហម។

ជាការពិត ការនឹកស្មានមិនដល់នេះ គឺដោយសារក្រៅតែពីមូលដ្ឋានទាំង៣ខាងលើនេះ ខ្មែរក្រហមមិនមានមូលដ្ឋាន ណានៅជិតខេត្តនេះទៀតនោះទេ ហេតុនេះហើយគេក៏មិននឹកស្មានថាខ្មែរក្រហមនឹងវាយប្រហារដណ្ដើមយកខេត្តសៀមរាបនោះដែរ។ លើសពីនេះទៅទៀត នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស របបរដ្ឋកម្ពុជាបានអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយធ្វើការកាត់បន្ថយកម្លាំង ពិសេសប្រមូលអាវុធយុទ្ធភ័ណ្ឌមួយចំនួនទុកនៅក្នុងឃ្លាំង ប៉ុន្តែសម្រាប់ខ្មែរក្រហមដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែរនោះ ពុំបានអនុវត្តដូចនេះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ខ្មែរក្រហមដណ្ដើមកាន់កាប់បានទីរួមខេត្តសៀមរាបត្រឹមតែ៥ម៉ោងតែប៉ុណ្ណោះ ព្រោះនៅក្រោយពីកម្លាំងរបស់របបរដ្ឋកម្ពុជាប្រមូលនិងត្រៀមកម្លាំងរួច ក៏បានវាយប្រហារទៅលើទីតាំងបញ្ជាការរបស់កម្លាំងខ្មែរក្រហមនៅសៀមរាបដោយជោគជ័យ។

បើទោះជាមានហេតុការណ៍ដូចនេះក្ដី ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ១៩៩៣ ក៏បានប្រព្រឹត្តទៅរហូតដល់ចប់សព្វគ្រប់ ក៏ប៉ុន្តែគេនៅចាំបានថា នៅពេលនោះគណបក្សហ្វ៊ុនស៊ិនប៉ិចបានធ្វើការឃោសនាដោយយកព្រះកិត្តិនាមរបស់សម្ដេចព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ធ្វើជាដើមទុនយ៉ាងធំសម្រាប់ស្វែងរកប្រជាប្រិយភាពនិងការគាំទ្រជាសន្លឹកឆ្នោត ពីប្រជាជន ចាប់តាំងពីការប្រើប្រាស់ពាក្យពេចន៍ថា «ស្រុកមានសង្គ្រាមដោយសារគ្មានស្ដេច ចុះបើស្ដេចមកដល់ហើយ ហេតុអ្វីមិនថ្វាយអំណាចទៅស្ដេច ដើម្បីស្រុកសុខសាន្ត?» រហូតដល់នៅក្នុងពាក្យពេចន៍ខ្លះ ថែមទាំងបានលើកឡើងថា «បើហ្វ៊ុនស៊ិនប៉ិចឈ្នះឆ្នោត នឹងថ្វាយអំណាចជូនសម្ដេចព្រះនរោត្ដមសីហនុ» ថែមទៀតផង។

តាមការពិតទៅ សម្ដេចព្រះនរោត្ដមសីហនុ ព្រះបររមរតនកោដ្ឋ ព្រះអង្គបានប្រកាសដោយអង្គឯងថា ព្រះអង្គប្រកាន់យកជំហរអព្យាក្រឹត្យនៅចំពោះកម្លាំងនយោបាយទាំងអស់របស់កម្ពុជារួចទៅហើយនោះ។ នៅទីបំផុតទៅ ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោត មានប្រតិកម្មជាច្រើនបានផ្ទុះឡើង ដែលក្នុងនោះ អ្វីដែលគួរឱ្យកត់ សម្គាល់ជាខ្លាំងនោះគឺ មានសែរាជវង្សមួយព្រះអង្គបានប្រកាសមិនទទួលស្គាល់ការបោះឆ្នោត រហូតដល់ប្រកាសបង្កើតតំបន់អប្បគមន៍នៅខេត្តស្ថិតនៅត្រើយខាងកើតទន្លេមេគង្គថែមទៀតផង។

ដោយមើលឃើញពីស្ថានភាពផុយស្រួយដែលនាំទៅដល់ការបែកបាក់ជាតិ និងអាចផ្ទុះជាសង្គ្រាមផ្ទៃក្នុងជាថ្មី ក៏ដូចជាការមើលឃើញអំពីលទ្ធភាពនៃការគ្រប់គ្រងស្ថានការណ៍ប្រទេសទាំងមូលរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច សម្ដេចព្រះនរោត្ដមសីហនុ បានសម្រេចប្រកាសថាព្រះអង្គនឹងដោះស្រាយបញ្ហារវាងកូនចៅរបស់ព្រះអង្គ ជំនួសអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាហៅកាត់ថាអ៊ុនតាក់។

នៅទីបញ្ចប់ ក្រោមការសម្របសម្រួលរបស់សម្ដេចព្រះនរោត្ដមសីហនុ រាជរដ្ឋាភិបាលថ្មីក្នុងនីតិកាលទីមួយនៃរដ្ឋសភាជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្រោមរូបភាពឆន្ទៈនយោបាយបង្រួបបង្រួមឯកភាពផ្ទៃក្នុងជាតិ។ប៉ុន្តែទោះបីជាមានព្រះរាជបូជនីយកិច្ចពីសម្ដេចព្រះនរោត្ដមសីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងដូចនេះក្ដី ក៏ការ ប៉ះទង្គិចប្រដាប់អាវុធជាទ្រង់ទ្រាយធំមួយក្នុងជួររាជរដ្ឋាភិបាលថ្មីនេះ បានផ្ទុះឡើងដោយជៀសមិនផុតនៅចុងនីតិកាលទី១នៃរដ្ឋសភា...(សូមរង់ចាំអានភាគបន្ត...)

RAC Media | លឹម សុវណ្ណរិទ្ធ



2018-12-12 03:57:18   ថ្ងៃពុធ, 12 ធ្នូ 2018 ម៉ោង 10:57 AM
«និម្មិតសញ្ញានៃមិត្តភាពរវាង រាជបណ្ឌិត្យសភាកម្ពុជានិងសាកលវិទ្យាល័យយូណាន ប្រទេសចិន»

ថ្ងៃអង្គារ៍ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមជ្ឈមណ្ឌលសិក្សាចិន លោកបណ្ឌិត គីសេរីវឌ្ឍន៍  តំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមដាំដើមឈើនៅក្នុងសាកលវិទ្យាល័យយូណានប្រទេសចិន ដើម្បីជានិម្មិតសញ្ញានៃមិត្តភាពរវាងស្ថាប័នទាំងពីរ។

RAC Media






2018-12-11 16:30:55   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:30 PM
«ប្រជុំអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»

ថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន០៩ពាក្យ ដូចខាងក្រោម៖





2018-12-11 16:10:16   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:10 PM
«សាកលវិទ្យាល័យយូណាន សម្ភោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសិក្សាកម្ពុជា»

ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលសិក្សាកម្ពុជាមួយដែរ។

ឆ្លៀតក្នុងឱកាសបំពេញទស្សនកិច្ចរយៈពេលវែងទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចាប់តាំងពីថ្ងៃទី០១ ខែធ្នូឆ្នាំ២០១៨ រហូតមក កាលពីព្រឹកថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញចូលរួមសម្ភោធមជ្ឈមណ្ឌលសិក្សាកម្ពុជា នៅសាកលវិទ្យាល័យ​យូណាន ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់បន្ថែមផងដែរថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកសាស្រ្តាចារ្យ ចាង លី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យយូណាន ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ និងសហការី។

ខ្លឹមសារសំខាន់ៗនៅក្នុងជំនួបនៃកិច្ចពិភាក្សា រួមមាន៖
១- កិច្ចសា្រវជ្រាវរួមគ្នាលើគម្រោងវិនិយោគចិននៅកម្ពុជា
២- ការរៀបចំសិក្ខាសាលារួមគ្នា
៣- ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
៤- ការផ្តល់ឱកាសដល់អ្នកស្រាវជ្រាវកម្ពុជាមកធ្វើការស្រាវជ្រាវនៅសាកលវិទ្យាល័យយូណាន ព្រមទាំងបំពេញសកម្មភាពការងារជាច្រើនផ្សេងទៀត៕

RAC Media

2018-12-11 04:37:56   ថ្ងៃអង្គារ, 11 ធ្នូ 2018 ម៉ោង 11:37 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក