Royal Academy of Cambodia
(ភ្នំពេញ)៖ នៅសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូបង្រៀនភាសាចិនក្នុងតំបន់ នៃវិទ្យា ស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានសមាសភាពចូលរួមគណៈអធិបតី ភារធារីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងសមាគមសម្ព័ន្ធខ្មែរ-ចិន តំណាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល-ហាន់ប៉ាន់ លោកគ្រូ និងអ្នកគ្រូសរុបចំនួន ៩០រូប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយវិទ្យាស្ថានខុងជឺទីស្នាក់ការកណ្តាល-ហាន់ប៉ាន់ បានបើកវគ្គបំប៉នគ្រូបង្រៀនភាសាចិន ជនជាតិខ្មែរ និងគ្រូឯកទេសជនជាតិចិននេះ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង តាមរយៈការប្រើប្រាស់ភាសា និងដើម្បីពិភាក្សា ផ្លាស់ប្តូរពុទ្ធិ នៃការបង្រៀនភាសាចិន ទៅកាន់ប្រជាជនកម្ពុជា ផ្សារភ្ជាប់ជាមួយនឹងចំណុចខ្លាំង និងចំណុចពិសេសរបស់គ្រូភាសាចិនក្នុងតំបន់ និងគ្រូឯកទេស ដោយផ្អែកលើតម្រូវការរបស់សិស្សនីមួយៗខុសៗគ្នា បំពេញនូវចំណុចខ្វះខាតរវាងគ្នានិងគ្នា ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក លើកកម្ពស់សមត្ថភាពការងារ និងជំនាញវិជ្ជាជីវៈ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ លោកគ្រូ អ្នកគ្រូមានឱកាសចូលរួមជួយជំរុញការផ្លាស់ប្តូរវប្បធម៌ និងបានពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ចិន។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ថែមថា វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ជនជាតិខ្មែរ និងគ្រូឯកទេសជនជាតិចិន ឆ្នាំសិក្សា២០១៩-២០២០ គឺផ្តោតសំខាន់លើជំនាញវិជ្ជាជីវៈជាខ្លាំង ខ្លឹមសារល្អ វិធីសាស្ត្រច្រើន រួមមាន សូរសព្ទ អក្សរចិន វាក្យសព្ទ វេយ្យាករណ៍ ការវិភាគឯកសារបង្រៀន ការគ្រប់គ្រង ថ្នាក់រៀនជាដើម ព្រមទាំងសិក្សាក្នុងអំឡុងពេលបង្រៀន គ្រូបង្រៀន និងសិស្ស ដើម្បីឱ្យកាន់តែយល់ច្បាស់ពីបញ្ហាខ្វះចន្លោះ។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានជឿជាក់ថា ឆ្លងកាត់វគ្គបណ្តុះបណ្តាលលើកនេះ លោកគ្រូ អ្នកគ្រូ នឹងធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា ដើម្បីឱ្យការបង្រៀនមានការរីកចម្រើនឱ្យកាន់តែប្រសើរឡើង។
ឱកាសនេះ លោកស្រី ជ័រ វ៉ិនស៊ីង ភារធារីស្ថានទូតចិនប្រចាំកម្ពុជា តំណាងស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់មិត្តកម្ពុជា-ចិន ដែលខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់លោកស្រីសាស្ត្រាចារ្យ ដែលបានខិតខំធ្វើដំណើរពីចម្ងាយមកធ្វើការចែករំលែកពុទ្ធិ ក្នុងការបង្រៀនភាសាចិន។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ចិន និងកម្ពុជាមានទំនាក់ទំនងគ្នាលើគ្រប់វិស័យទាំងសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងនយោបាយដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ជាម្ចាស់ជំនួយ ជាប្រទេសវិនិយោគទុន និងជាប្រភពភ្ញៀវទេសចរ ច្រើនជាងគេ និងធំជាងគេនៅប្រទេសកម្ពុជា៕
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៦ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ជូនឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
RAC Media
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៥ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ជូនឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម និងជាប្រធានក្រុមជាតិ AIPA កម្ពុជា។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការវាយតម្លៃដាក់ពិន្ទុជ្រើសរើសប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំការប្រកួតប្រជែងជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានសមាសភាពអញ្ជើញចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ បណ្ឌិត ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការវាយតម្លៃសរុបចំនួន ១១រូប។ ពិធីប្រកួតប្រជែងនេះ បានប្រារព្ធឡើងនៅក្នុងសាលប្រជុំស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា។
បេក្ខជនដែលបានដាក់ពាក្យឈរឈ្មោះចូលរួមប្រកួតប្រជែងយកតំណែងប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាមានចំនួន ៣រូប រួមមាន៖
១. លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម។
២. លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ។
៣. លោកបណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ មន្ត្រីស្រាវជ្រាវ នៃមជ្ឈមណ្ឌលសិក្សាចិន។
នៅក្នុងការប្រកួតប្រជែងនេះ បេក្ខជនដែលបានដាក់ពាក្យឈរឈ្មោះទាំង ៣រូបត្រូវធ្វើបទបង្ហាញអំពី សមត្ថភាពដឹកនាំ ទស្សនវិស័យ ចក្ខុវិស័យ និងផែនយុទ្ធសាស្រ្តដឹកនាំវិទ្យាស្ថានឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើង ដើម្បីឱ្យគណៈកម្មការពិនិត្យពិភាក្សា វាយតម្លៃ ដាក់ពិន្ទុជ្រើសរើសជាបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្រោយពីការវាយតម្លៃ ពិន្ទុសរុបរបស់បេក្ខជននីមួយៗ ទទួលបានពិន្ទុដូចខាងក្រោម៖
១. លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គមទទួលបានពិន្ទុសរុបចំនួន ២៣០ពិន្ទុ។
២. លោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈទទួលបានពិន្ទុសរុបចំនួន ៣៣១ពិន្ទុ។
៣. លោកបណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ មន្ត្រីស្រាវជ្រាវ នៃមជ្ឈមណ្ឌលសិក្សាចិនទទួលបានពិន្ទុសរុបចំនួន ២១៤ពិន្ទុ។
ជាលទ្ធផល ដោយផ្អែកលើចំណេះដឹង សមត្ថភាពដឹកនាំ និងពិន្ទុក្រោយពីបានស្តាប់បទបង្ហាញរបស់បេក្ខជនទាំង៣រូបយ៉ាងយកចិត្តទុកដាក់ពីគណៈកម្មការវាយតម្លៃនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានចំនួន ១១រូប ដែលបានវាយតម្លៃយ៉ាងសុក្រឹតនោះ គណៈកម្មការក៏បានសម្រេចដោយជ្រើសរើស លោកបណ្ឌិត ផុន កសិកា ជាបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩។ បច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជាមានវិទ្យាស្ថានចំណុះចំនួន ៦ ជាស្ថាប័នស្រាវជ្រាវ រួមមាន៖
១. វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មាន៥ផ្នែក
២. វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម មាន៨ផ្នែក
៣. វិទ្យាស្ថានជីវ សាស្ដ្រ វេជ្ជសាស្ដ្រ និងកសិកម្ម មាន៤ផ្នែក
៤. វិទ្យាស្ថានវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា មាន ៥ផ្នែក
៥. វិទ្យាស្ថានភាសាជាតិ មាន៤ផ្នែក និង
៦. វិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិមាន ៦ផ្នែក។
លើសពីនេះ រាជបណ្ឌិត្យសភាកម្ពុជាមានផែ្នក និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចំនួន ៥ទៀត រួមមាន៖
- ផ្នែកបណ្ដុះបណ្ដាល និងស្រាវជ្រាវ
- ផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ
- ក្រុមប្រឹក្សាជាតិភាសាខ្មែរ
- ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
- វិទ្យាស្ថាន ខុងជឺ
- មជ្ឈមណ្ឌលសិក្សាចិន
- មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (កូរ៉េ)
- មជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេសកម្ពុជា (ឥណ្ឌា)៕
កាលពីរសៀល ថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យគោលការណ៍ក្នុងការសរសេរអក្សរខ្មែរ ជាអក្សរឡាតាំងដូចខាងក្រោម៖
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម យូ ស៊ិនឡុង បានដឹកនាំសហការីមកត្រួតពិនិត្យការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារឥន្ទ្ររទេវី, ខួប ២០ឆ្នាំ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងពិធីចែកសញ្ញាបត្រកិត្តិយស និងសញ្ញាបត្រវិទ្យាសាស្រ្ត នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតឡើងតាមព្រះរាជក្រឹត្យ ព្រះរាជក្រឹត្យលេខ នស/រកត /០៥៩៩/៩៧ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៩។
រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មលើកទឹកចិត្ត ណែនាំ គ្រប់គ្រង និងពង្រីកការស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស និង ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយអង្គការជាតិនិងអន្តរជាតិ ដែលមានគោលបំណងដូចគ្នា។
តាមរយៈអនុក្រឹត្យ លេខ៤៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០០ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់មុខងារ និងភារកិច្ចដល់ រាជបណ្ឌិត្យសភាកម្ពុជា ដូចតទៅ៖
• គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញ នៅក្នុងនិងក្រៅប្រទេស។
• ស្ថាបនាទំនាក់ទំនងសហប្រតិបត្ដិការ ផ្នែកស្រាវជ្រាវជាមួយ ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្ដរជាតិដែលមានគោលបំណងដូចគ្នា។
• រៀបចំវេទិកាវិទ្យាសាស្ដ្រ និងអប់រំ ដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
• បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
• បោះពុម្ពផ្សាយឯកសារ និងស្នាដៃស្រាវជ្រាវជាភាសាជាតិឱ្យបានទូលំទូលាយដល់មហាជននៅក្នុងប្រទេស និងជាភាសាបរទេសដើម្បីផ្សព្វផ្សាយខេមរវិទ្យានៅលើវេទិកាអន្ដរជាតិ។
• ប្រមូលនិងតម្កល់ឯកសារស្រាវជ្រាវ អំពីប្រទេសកម្ពុជា អំពីបណ្ដាប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។
• ប្រមូលកម្លាំងបញ្ញាញាណរបស់ជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យបានឆាប់រហ័ស។
• លើកសំណើជូនគោរមងារ និងគ្រឿងឥស្សរិយយសវិទ្យាសាស្ដ្រ ដល់ឥស្សរជនឆ្នើមជាតិនិងអន្ដរជាតិ។
• សហការពិនិត្យនិងវាយតម្លៃសញ្ញាបត្រឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពិសេសថ្នាក់ជាតិ។
• រួមចំណែក និងធ្វើសហប្រតិបត្ដិការក្នុងការការពារកម្មសិទ្ធិ ផ្នែកវិទ្យាសាស្ដ្រគ្រប់វិស័យទាំងក្នុងនិង ក្រៅប្រទេស។ បច្ចុប្បន្នបានសហការជាមួយនឹងសាកលវិទ្យាល័យនានា និងបណ្ឌិត្យសភា លើសកលលោកផងដែរ។
• ពិនិត្យ និងវាយតម្លៃ ស្នាដៃស្រាវជ្រាវវិទ្យាសាស្ដ្រនានា។
• ពិនិត្យនិងវាយតម្លៃការវិវត្ដសង្គម និងរួមវិភាគទានជំរុញការអភិវឌ្ឍ ទាំងភាសាជាតិ ប្រវត្ដិសាស្ដ្រ ជាតិ វិទ្យាសាស្ត្រ ចំណីអាហារ។ល។
• សហការរួមចំណែកទំនាក់ទំនងជាមួយក្រសួងនានា ទៅតាមជំនាញនៃផ្នែករបស់វិទ្យាស្ថាននីមួយៗ។
• ត្រៀមបង្កើត និងគ្រប់គ្រងសាខានៃរាជបណ្ឌិត្យសភាកម្ពុជានៅ តាមភូមិភាគនានាលើផ្ទៃប្រទេស។
• សហការជាមួយក្រសួងដែលពាក់ព័ន្ធ ដើម្បីជួយបង្កើត និងណែនាំការគ្រប់គ្រងសារមន្ទីរបុរេប្រវត្ដិ-សាស្ដ្រនៅតាមខេត្ដ/ក្រុងនានា៕
RAC Media
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញជាអធិបតីបើក «វគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនស្ម័គ្រចិត្តនៅកម្ពុជាឆ្នាំសិក្សា ២០១៩-២០២០» ដែលរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។
វត្តមានអញ្ជើញចូលរួមពិធី រួមមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី គណៈអធិបតី តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងសមាគមសម័្ពន្ធ ខ្មែរ-ចិន សហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោកគ្រូ និងអ្នកគ្រូជនជាតិចិនសរុបចំនួន ៣៣០រូប។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងរបាយការណ៍ស្វាគមន៍ឱ្យដឹងថា ការបណ្តុះបណ្តាលនេះមានគោលបំណងជួយពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូបង្រៀនស័្មគ្រចិត្ត និងអាចលើកកម្ពស់គុណភាពបង្រៀន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានភាសាចិន នៃប្រទេសយើងទាំងពីរ ឱ្យបានកាន់តែច្រើនថែមទៀតផង។
ថ្លែងសុន្ទរកថាក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដែលប្រារព្ធឡើងនៅក្នុងសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា លោកគ្រូ និងអ្នកគ្រូក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនស្ម័គ្រចិត្តនៅកម្ពុជា ឆ្នាំសិក្សា ២០១៩-២០២០ នាឱកាសដ៏ថ្លៃថ្លានេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាម ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់គណៈអធិបតី ភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងលោកគ្រូ អ្នកគ្រូទាំងអស់មកពីទូទាំងប្រទេសចិនសរុបចំនួន ២៨០នាក់ដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចូលរួមក្នុងកម្មវិធី នាពេលនេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានរំលឹកជូនអង្គពិធីទាំងមូលផងដែរថា នេះជាលើកទីពីរហើយដែលលោកគ្រូ អ្នកគ្រូទាំងអស់បានជួបគ្នា។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ទៅកាន់អង្គពិធីថា ទំនាក់ទំនងកម្ពុជា-ចិន មានរយៈកាលយូរលង់ណាស់មកហើយ។ ប្រទេសទាំងពីរ គឺជាជិតខាងល្អ ដៃគូល្អ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិតសង្ឃឹមយ៉ាងមុតមាំថា ភាសាគឺជាយានទំនាក់ទំនងប្រទេសយើងទាំងពីរដ៏សំខាន់ ដើម្បីធានាបន្តអភិវឌ្ឍលើគ្រប់វិស័យ ទាំងទំនាក់ទំនងវប្បធម៌ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សមស្របទៅនឹងតម្រូវការនៃការផ្លាស់ប្តូររវាងប្រទេសកម្ពុជា-ចិន និងសកលលោក។
ជាមួយនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ជឿជាក់ថា លោកគ្រូ អ្នកគ្រូទាំងអស់នឹងអាចថ្នឹកជាមួយការងារ និងជីវភាពនៅកម្ពុជា ហើយលោកគ្រូ អ្នកគ្រូទាំងអស់នឹងខិតខំចាប់យកឱកាសសិក្សាបន្ថែមពីបច្ចេកទេសក្នុងការបង្រៀន ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ។ ហើយសង្ឃឹមថា លោកគ្រូ អ្នកគ្រូ នឹងបន្តបង្កើនចំណេះដឹងរបស់ខ្លួនបន្ថែមទៀត។
ជាថ្មីម្តងទៀត ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ សង្ឃឹមថា លោកគ្រូ អ្នកគ្រូ ចេះចាប់ឱកាសលើកនេះ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពបង្រៀនរឹតតែអាចបង្ហាញពីទេពកោសល្យរបស់គ្រូបង្រៀនវ័យក្មេងជនជាតិចិនដែលយកចំណេះរបស់ខ្លួនដែលធ្លាប់មានមកអនុវត្តន៍ក្នុងពេលបំពេញការងារ ដើម្បីកែប្រែឱ្យប្រសើរឡើងជាងនេះ។ ម្យ៉ាងទៀត ឯកឧត្តមបណ្ឌិត យង់ ពៅ ជឿជាក់ថា អ្នកទាំងអស់គ្នា នឹងអាចសម្របខ្លួននឹងវប្បធម៌ និងជីវភាពនៅកម្ពុជា ដោយអាចរស់នៅ និងបំពេញបេសកកម្មការងារប្រកបដោយភាពរីករាយ៕
RAC Media
(តាកែវ)៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកត្រាំកក់ និងជាប្រធានក្រុមការងារចុះជួយឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានដឹកនាំសហការីរួមជាមួយប្រជាពលរដ្ឋពិសាអំបុករួមគ្នា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដែលបានប្រារព្ធទៅក្នុងវត្តអារាមទាំង ៥ នៃឃុំត្រពាំងធំខាងជើង រួមមាន វត្តមង្គលមានលក្ខណ៍ វត្តសិរីដំណាក់ វត្តពោធិ៍ដុះ វត្តពោធិ៍រុន និងវត្តអង្គស្អាត។
ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងធំខាងជើងបានចូលរួមយ៉ាងសប្បាយរីករាយក្នុងពិធីពិសាអំបុក ដើម្បីការពារ សាសនា ព្រះមហាក្សត្រ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំត្រពាំងធំខាងជើង និងសហការីរួមជាមួយប្រជាពលរដ្ឋក្នុងឃុំត្រពាំងធំខាងជើងទាំងមូល បានចូលរួមយ៉ាងសប្បាយរីករាយ និងអបអរសាទរនូវពិធីពិសាអំបុកសន្តិភាព ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ភូមិ និងតាមវត្តអារាមនៅទូទាំងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមាននូវអំបុក មានចេក មានដូង ផ្លែឈើច្រើនមុខ ភេសជ្ជៈ ទឹកបរិសុទ្ធ និងការរាំច្រៀងកម្សាន្តយ៉ាងសប្បាយរីករាយ។
តំណាងប្រជាពលរដ្ឋក្នុងឃុំត្រពាំងធំខាងជើងដែលអញ្ជើញចូលរួមពិធីបានបង្ហាញចំណាប់អារម្មណ៍ថា សកម្មភាពពិសាអំបុកខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ គឺបានឆ្លុះបញ្ចាំងអំពីកម្ពុជា ក្នុងសុខសន្តិភាព ការអភិវឌ្ឍន៍ វឌ្ឍនៈភាពសង្គម លទ្ធិប្រ ជាធិបតេយ្យ សេរីពហុបក្ស សុខដមនីយកម្មនៃប្រជាជាតិខ្មែរ សំដៅធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រមជាមួយសក្តានុពល នៃកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយភាពជឿជាក់ និងទំនូលខុសត្រូវ ចំពោះប្រជាពលរដ្ឋកម្ពុជា។
ប្រជាពលរដ្ឋក្នុងឃុំត្រពាំងធំខាងជើងបានប្តេជ្ញាចូលរួមថែរក្សាសនិ្តភាព ឯករាជ្យភាព បូរណភាពទឹកដី ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំងក្នុងជាតិ និងអន្តរជាតិ៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «គណិតវិទ្យាគឺជាមុខវិជ្ជាវិទ្យាសាស្ត្រមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បម្រើការរស់នៅរបស់មនុស្ស និងតម្រូវការចាំបាច់ផ្សេងៗ»។ នេះគឺជាប្រសាសន៍កត់សម្គាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី កត្តា និងបញ្ហាប្រឈមនៃការសិក្សាគណិតវិទ្យានៅមធ្យមសិក្សា នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសិក្ខាសាលាដែលប្រព្រឹត្តទៅនៅសាលប្រជុំវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកនេះ ក្រុមអ្នកស្រាវជ្រាវវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញពីលទ្ធផលបណ្តោះអាសន្ន នៃការស្រាវជ្រាវលើប្រធានបទ ស្តីពី កត្តា និងបញ្ហាប្រឈមនៃការសិក្សាគណិតវិទ្យានៅមធ្យមសិក្សា នៃប្រទេសកម្ពុជា (Factors and Challenges of Mathematics Studies In Secondary Schools in Cambodia) ដើម្បីធ្វើការបង្ហាញផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថាន មុនពេលការបោះពុម្ពផ្សព្វផ្សាយ ជាផ្លូវការ។
ថ្លែងបើកកម្មវិធីសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍កត់សម្គាល់ទៅកាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម លោកជំទាវបណ្ឌិត សាស្រ្តាចារ្យ វាគ្មិន អស់លោក លោកស្រី អ្នកនាង កញ្ញា និងនិស្សិតថា ប្រធានបទ ស្តីពី កត្តា និងបញ្ហាប្រឈមនៃការសិក្សាគណិតវិទ្យានៅមធ្យមសិក្សា នៃប្រទេសកម្ពុជា គឺជាប្រធានបទមួយដ៏មានសារៈសំខាន់ និងចាំ បាច់ក្នុងការស្រាវជ្រាវឱ្យមានលក្ខណៈវិទ្យាសាស្រ្ត និងបច្ចុប្បន្នភាព ដើម្បីពង្រឹងគុណភាពសិស្ស និងគ្រូបង្រៀនក្នុងវិស័យអប់រំ ជាពិសេសវិស័យគណិតវិទ្យា ដើម្បីរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានា។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ដូច្នេះថា៖«គណិតវិទ្យាគឺជាមុខវិជ្ជាវិទ្យាសាស្រ្តមូលដ្ឋានគ្រឹះដ៏មានសារៈ សំខាន់សម្រាប់បម្រើឱ្យរស់នៅរបស់មនុស្ស និងតម្រូវការចាំបាច់ផ្សេងៗលើគ្រប់វិស័យ ការប្រើប្រាស់វិធីស្ថិតិក្នុងការវិភាគទិន្នន័យ និងការប្រើប្រាស់គណិតវិទ្យាក្នុងវិស័យវិទ្យាសាស្រ្ត និងវិទ្យាសាស្ត្រសង្គម»។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យ សភាកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា ដោយមើលឃើញថា មុខវិជ្ជាគណិតវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្រ្តមូលដ្ឋានគ្រឹះដ៏ចាំបាច់ និងពង្រឹងសមត្ថភាពសិស្សនៅថ្នាក់មធ្យមសិក្សាឱ្យកាន់តែច្រើនឡើង ក្រុមអ្នកស្រាវជ្រាវវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជាបានចុះស្រាវជ្រាវ ប្រមូលទិន្នន័យស្វែងយល់រកកត្តា និងបញ្ហាប្រឈមនានាដែលកើតឡើងទៅលើសិស្សនៅថ្នាក់មធ្យមសិក្សានៅតាមវិទ្យាល័យមួយចំនួន នៅក្នុងបួនតំបន់ ក្នុងនោះរួមមាន៖ តំបន់និរតី តំបន់ពាយ័ព្យ តំបន់ឦសាន តំបន់អាគ្នេយ៍-បូព៌ា ដើម្បីប្រមូលទិន្នន័យយកមកធ្វើការវិភាគ ហើយរកឱ្យឃើញនូវបញ្ហាប្រឈម ពិសេសគឺ ការធ្លាក់ចុះចំនួនសិស្សសិក្សាមុខវិជ្ជាគណិតវិទ្យា។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់វិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់ជាតិខ្មែរ នាពេលនេះ និងទៅថ្ងៃអនាគតទៀត៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជានៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះរួច ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តអនុញ្ញាតឱ្យប្រតិភូចិនដែលអញ្ជើញមកពីវិទ្យាស្ថានចិនសម្រាប់សិក្សាទំនាក់ទំនងអន្តរជាតិសហសម័យ ( China Institute of Contemporary International Relations) ដែលវិទ្យាស្ថាននេះបានចុះអនុស្សរណៈយោគយល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជាកាលពីឆ្នាំ ២០១៤ ចូលជួបពិភាក្សាការងារ ដើម្បីពង្រីកសកម្មភាពស្រាវជ្រាវរួមគ្នាដើម្បីទំនាក់ទំនងបែបវិទ្យាសាស្ត្រឱ្យកាន់តែប្រសើរឡើង ដោយមានសមាសភាពចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិតប្រធានខុទ្ទកាល័យ ឯកឧត្តម អស់លោក លោកស្រីប្រតិភូចិន និងមន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាសរុបចំនួន ១៧រូប។
ថ្លែងក្នុងជំនួបពិភាក្សាការងារដែលប្រព្រឹត្តទៅក្នុងសាលប្រជុំក្រវាន់ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ស្វាគមន៍ប្រតិភូចិនដែលអញ្ជើញមកពីវិទ្យាស្ថានចិនសម្រាប់សិក្សាទំនាក់ទំនងអន្តរជាតិសហសម័យ ( China Institute of Contemporary International Relations) ដែលបានអញ្ជើញមកដល់រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិខ្មែរ។
ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ទៅកាន់ប្រតិភូចិន ដោយបង្ហាញអំពី ទិដ្ឋភាពការងារទូទៅ រចនាសម្ព័ន្ធ ចក្ខុវិស័យ និងទស្សនវិស័យរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានប្រសាសន៍ថា អំឡុងពេលឯកឧត្តមបណ្ឌិតសភាចារ្យបានចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា រយៈពេលអស់ប្រមាណ ២ឆ្នាំមកបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជាបានទទួលសមិទ្ធផលជារូបវន្ត និងអរូបវន្តជាច្រើន ក្នុងនោះ រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារបណ្តុះបណ្តាល និងស្រាវជ្រាវ ការពង្រឹងសមត្ថភាពនិងធនធានមនុស្ស និងរចនាសម្ព័ន្ធស្ថាប័នឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជា។
លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជូនជាតិ និងប្រជាជន និងការបណ្តុះបណ្តាល និងស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ ក្នុងនោះ រួមមាន ការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត) ការស្រាវជ្រាវអំពី កិច្ចការងារព្រំដែនកម្ពុជា ការស្រាវជ្រាវអំពី វិស័យមីក្រូហិរញ្ញវត្ថុ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។
ដោយផ្តោតលើគោលការណ៍ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តហើយត្រូវមានសីលធម៌ក្នុងការបណ្តុះបណ្តាល និងការស្រាវជ្រាវជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានជម្រាបជូនប្រតិភូចិនបន្ថែមថា ក្រៅពីទទួលសមិទ្ធផលស្នាដៃស្រាវជ្រាវធំៗជូនរាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជាបាន និងកំពុងអនុវត្តការស្រាវជ្រាវការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងស្រុកឆែប ខេត្តព្រះវិហារផង។
នៅក្នុងជំនួបឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងប្រតិភូចិន បានពិភាក្សាការងារលើនយោបាយក្នុងតំបន់ ទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចចិន និងកម្ពុជា ការអភិវឌ្ឍន៍វិស័យកសិកម្ម កសិឧស្សាហកម្មចិន និងកម្ពុជា កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ចិន និងអាស៊ាន អាម៉េរិក និងចិន និងពង្រីកសកម្មភាពស្រាវជ្រាវរួមគ្នាដើម្បីទំនាក់ទំនងបែបវិទ្យាសាស្ត្រឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ទៅកាន់ប្រតិភូចិនថា រាជបណ្ឌិត្យសភាកម្ពុជាស្វាគមន៍អ្នកសិក្សាស្រាវជ្រាវជាតិ និងអន្តរជាតិធ្វើការសិក្សាស្រាវជ្រាវលើបញ្ហាប្រឈមទាំងក្នុងជាត និងអន្តរជាតិរួមគ្នា ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
ក្នុងជំនួបពិភាក្សាការងារអស់រយៈពេលប្រមាណពីរម៉ោង លោកបណ្ឌិត FENG Zhongping អនុប្រធាន វិទ្យាស្ថានចិនសម្រាប់សិក្សាទំនាក់ទំនងអន្តរជាតិសហសម័យ បានមានប្រសាសន៍ថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតសភាចារ្យដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបពិភាក្សាការងារ និងបង្ហាញពីគោលបំណងសហប្រតិបត្តិការងារសិក្សាស្រាវជ្រាវ នាពេលនេះ។ លោកបណ្ឌិត FENG Zhongpingបានសន្យាថា លោកនឹងរាយការណ៍អំពី លទ្ធផលពិភាក្សាការងារជូនរដ្ឋាភិបាលចិន ដើម្បីសិក្សាលទ្ធភាពបង្កើនកិច្ចប្រតិបត្តិការរវាងស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់ភាគីទាំងពីរ នាពេលដ៏ឆាប់ខាងមុខ៕
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM