Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអនុញ្ញាតឱ្យមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នសិក្សាស្រាវជ្រាវសហរដ្ឋអាម៉េរិក។
នៅក្នុងជំនួបពិភាក្សាការងារដែលប្រព្រឹត្តទៅក្នុងសាលស្លឹករឹតនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ស្វាគមន៍មន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងមន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជាដែលបានអញ្ជើញមករាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិខ្មែរ។
ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ទៅកាន់មន្ត្រីការទូតអាម៉េរិក ដោយបង្ហាញអំពី ទិដ្ឋភាពការងារទូទៅ រចនាសម្ព័ន្ធ ចក្ខុវិស័យ និងទស្សនវិស័យរបស់រាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានប្រសាសន៍ថា អំឡុងពេលឯកឧត្តមបណ្ឌិតសភាចារ្យបានចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា រយៈពេលអស់ប្រមាណ ២ឆ្នាំមកបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជាបានទទួលសមិទ្ធផលជារូបវន្ត និងអរូបវន្តជាច្រើន ក្នុងនោះ រួមមាន ការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ សំណង់អគារបណ្តុះបណ្តាល និងស្រាវជ្រាវ ការពង្រឹងសមត្ថភាពនិងធនធានមនុស្ស និងរចនាសម្ព័ន្ធស្ថាប័នឧបសម្ព័ន្ធរាជបណ្ឌិត្យសភាកម្ពុជា។
លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាជូនជាតិ និងប្រជាជន និងការបណ្តុះបណ្តាល និងស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ ក្នុងនោះ រួមមាន ការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត) ការស្រាវជ្រាវអំពី កិច្ចការងារព្រំដែនកម្ពុជា ការស្រាវជ្រាវអំពី វិស័យមីក្រូហិរញ្ញវត្ថុ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។
ដោយផ្តោតលើគោលការណ៍ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្តហើយត្រូវមានសីលធម៌ក្នុងការបណ្តុះបណ្តាល និងការស្រាវជ្រាវជាក់ស្តែង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានជម្រាបជូនមន្ត្រីការបរទេសអាម៉េរិកបន្ថែមថា ក្រៅពីទទួលសមិទ្ធផលស្នាដៃស្រាវជ្រាវធំៗជូនរាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជាបាន និងកំពុងអនុវត្តការស្រាវជ្រាវការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងស្រុកឆែប ខេត្តព្រះវិហារទៀតផង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានស្នើមន្ត្រីការបរទេសអាម៉េរិកពិចារណាសហការផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវជាភាសាអង់គ្លេស ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នសិក្សាស្រាវជ្រាវរបស់អាម៉េរិក។
ជាការឆ្លើយតបនឹងសំណើរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងជំនួបពិភាក្សាការងារអស់រយៈពេលប្រមាណមួយម៉ោង លោក Steve Goldrup មន្ត្រីក្រសួងការបរទេសអាម៉េរិកបានមានប្រសាសន៍ថ្លែងអំណរគុណជូនឯកឧត្តមបណ្ឌិតសភាចារ្យដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបពិភាក្សាការងារ និងបង្ហាញពីគោលបំណងសហប្រតិបត្តិការងារសិក្សាស្រាវជ្រាវ នាពេលនេះ។ លោក Steve Goldrupបានសន្យាថា លោកនឹងរាយការណ៍លទ្ធផលជំនួបពិភាក្សាការងារនាពេលនេះជូនសហការីនៅក្នុងស្ថានទូតអាម៉េរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសអាម៉េរិក ដើម្បីសិក្សាលទ្ធភាពបង្កើនកិច្ចប្រតិបត្តិការរវាងស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់ភាគីទាំងពីរ នាពេលដ៏ឆាប់ខាងមុខ៕
RAC Media
(ទីក្រុងសៀងហៃ)៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្ត្រសកល នៃសាធារណរដ្ឋប្រជាមានិតចិន (National Institute for Global Strategy) ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមវេទិកាអន្តរជាតិស្តីពី «ការអភិវឌ្ឍក្នុងប្រទេសចិនរយៈពេល៧០ឆ្នាំ និងការកសាងសហគមន៍អនាគតរួមសម្រាប់មនុស្សជាតិ» នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន" ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
វេទិកាអន្តជាតិនេះ គឺជាការផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ អ្នកសិក្សា ស្រាវជ្រាវជំុវិញសកលលោកជួបពិភាក្សាស្វែងយល់ស្តីពី «ការអភិវឌ្ឍក្នុងប្រទេសចិនរយៈពេល៧០ឆ្នាំ និងការកសាងសហគមន៍អនាគតរួមសម្រាប់មនុស្សជាតិ» ៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម ដើម្បីធ្វើការបង្ហាញពីលទ្ធសិក្សាស្រាវជ្រាវលើប្រធានបទ លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម នៅកម្ពុជា ដោយសមាសភាពចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង និងកញ្ញា និស្សិត ដែលជាតំណាង រាជបណ្ឌិត្យសភាកម្ពុជា តំណាងក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការពលកម្មអន្តរជាតិ តំណាងមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង និងតាកែវ ព្រមទាំងតំណាងក្រុមហ៊ុននាំពលករទៅធ្វើការនៅបរទេស សរុបចំនួនប្រមាណ ៨២រូប។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ប្រធានស្តីទី វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការធ្វើទេសន្តរប្រវេសន៍ការងារអន្តរជាតិ គឺជាព្រឹត្តិការណ៍ដែលកើតមានតាំងពីយូរមកហើយបានបន្តកើតមានរហូតដល់ពេលបច្ចុប្បន្ន។ ចំពោះស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា លោកបណ្ឌិតបានស្រាវជ្រាវឃើញថា កត្តាចម្បងនៃចំណាកស្រុកឆ្លងដែនពីប្រទេសកម្ពុជា គឺដោយសារភាពក្រីក្រ ភាពអត់ការងារធ្វើ ឬមានការងារធ្វើមិនពេញលេញ និងមិនច្បាស់លាស់ និងកង្វះការទទួលបានការអប់រំ ព្រមទាំងសេវាសង្គមផ្សេងៗមួយចំនួនទៀត។
លើសពីនេះ បណ្ឌិត ឆេង វណ្ណារិទ្ធ បានមានប្រសាសន៍បន្ថែមថា បើទោះបីជាប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧ភាគរយក្នុងរយៈជាងកន្លះទសវត្សរ៍កន្លងមកក៏ដោយ ក៏ភាពនៅមានកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតែជាចំណោទបញ្ហាសំខាន់នៅឡើយ។ ផ្អែកតាមលទ្ធផលស្រាវជ្រាវ លោកបណ្ឌិតបានបង្ហាញឱ្យដឹងថា ប្រទេសគោលដៅនៃពលករចំណាកស្រុករបស់កម្ពុជា គឺប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន និងមជ្ឈិមបូព៌ា ក្នុងចំណោមនេះប្រទេសថៃ គឺជាប្រទេសដែលពលករចំណាកស្រុកពីប្រទេសកម្ពុជាទៅច្រើនជាងគេ។
ដើម្បីរកដោះស្រាយបញ្ហាប្រឈមការធ្វើចំណាកស្រុក និងឆ្លងដែនទៅធ្វើការនៅបរទេសរបស់ប្រជាពលករខែ្មរ និងការខាតបង់សេដ្ឋកិច្ចជាតិ លោកបណ្ឌិត ឆេង វណ្ណារិទ្ធ បានធ្វើការសិក្សាស្រាវជ្រាវ លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម អស់រយៈពេលចំនួន ៨ខែ ចាប់ពីខែមីនា រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ។ លោកបណ្ឌិតបានមានប្រសាសន៍បញ្ជាក់ថា ការរៀបចំសិក្ខាសាលានាពេលនេះ មានគោលបំណងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធទាំងអស់ពិភាក្សាផ្ទៀងផ្ទាត់ទិន្នន័យឱ្យមានសង្គតិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលសិក្សាស្រាវជ្រាវ ដើម្បីធ្វើជាធាតុចូលដ៏សំខាន់ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា លំហូរពលករទេសន្តរប្រវេសន៍កម្ពុជាទៅធ្វើការនៅបរទេស និងក្រោយពេលធ្វើមាតុភូមិនិវត្តន៍នៅតែជាប្រធានបទមួយដែលត្រូវដោះស្រាយក្នុងក្របខណ្ឌគោលនយោបាយជាតិ ហើយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន អង្គភាព អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ទាំងអស់រួមគ្នាដោះស្រាយ ដើម្បីបន្តធានាថា ពលករខ្មែរម្នាក់ៗបានចូលធ្វើការងារណាមួយ និងនៅប្រទេសណាមួយដោយស្របច្បាប់ ហើយទទួលបាននូវការការពារសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាមួយនឹងផលប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារផ្ទាល់ ប្រទេសជាតិផងដែរ និងប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ តាមរយៈអនុក្រឹត្យលេខ ១៩០ អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្តីពី ការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន៕
RAC Media
តាមរយៈការសិក្សាភូមិវិទ្យា យើងតែងតែដឹងថាកម្ពុជាជាអតីតបាតសមុទ្រ ប៉ុន្តែសម្រាប់ជាភស្តុតាងសម្រាប់បញ្ជាក់នូវសម្មតិកម្មដែលអាចអោយមានភាពជឿជាក់ច្បាស់លាស់នោះហាក់នៅមានចំនួនតិចតួចនៅឡើយ ជាពិសេសគឺពត៌មានអំពីផូស៊ីលនានានៅក្នុងប្រទេសកម្ពុជា គឺនៅមានចំនួនតិចតួចណាស់ ព្រមទាំងមិនទាន់មានឯកសារណាមួយបានចងក្រងជាផ្លូវការអំពីផូស៊ីលនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ នៅក្នុងធម្មជាតិ ផូស៊ីលជាមរតកធម្មជាតិដែលមាននៅសល់ដោយកម្រ ព្រោះផូស៊ីលដែលនៅសេសសល់នោះមានមិនដល់១ភាគរយទេ ដូចនេះផូស៊ីលគឺជាភស្តុតាងតែមួយគត់ដែលអាចបញ្ជាក់ពីប្រវត្តិធម្មជាតិនៃទីតាំង និងប្រវត្តនៃភូគព្ភសាស្រ្តនៃតំបន់ឬប្រទេសណាមួយកាលពីអតីតកាល។
កន្លងមកកាលពីឆ្នាំ២០១៧ ពត៌មាននៃការសិក្សាផូស៊ីលនៅកម្ពុជា គឺក្រុមការងារនៃនាយកដ្ឋានតំបន់បេតិកភណ្ឌនៃក្រសួងបិស្ថាន បានចាប់ផ្តើមសិក្សារកឃើញទីតាំងសំណល់ផូស៊ីលមួយក្នុងពេលចុះសិក្សាបុរាណស្ថាននៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ ជាហេតុនាំអោយមានការបន្តការចាប់ផ្តើមសិក្សាផូស៊ីលពុំដាច់រហូតដល់ឆ្នាំ២០១៩នេះ។ ដោយឡែកនៅក្នុងឆ្នាំ២០១៩នេះ ក៏បានផ្តួចផ្តើមស្រាវជ្រាវបែបកំណាយស្រាវជ្រាវបុរាណវិទ្យា ដែលក្រៅពីមន្រ្តីរបស់នាយកដ្ឋានតំបន់បេតិកភ័ណ្ឌនៃក្រសួងបរិស្ថាន ក៏មានការរៀបចំបន្ថែមនូវសមាសភាពចូលរួមសហការណ៍ពីអ្នកសិក្សាស្រាវជ្រាវមកពីស្ថាប័ននានាបន្ថែមទៀតដូចជា អ្នកស្រាវជ្រាវមកពីស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា អ្នកជំនាញផ្នែកធរណីវិទ្យា អ្នកស្រាវជ្រាវសត្វនិងរុក្ខជាតិ អ្នកជំនាញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រុមយុវជនស្ម័គ្រចិត្ត និងមន្រ្តីឧទ្យានុរក្សផងដែរ នៅក្នុងដែនអភិរក្សលំផាត់ ស្រុកលំផាត់ ខេត្តរតនគីរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះដែរ លោក ហឿង សុធារស់ ប្រធានផ្នែកបុរាណវត្ថុវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ក៏ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជាចាត់តាំងដើម្បីចូលរួមនៅក្នុងកិច្ចការសហការណ៍ស្រាវជ្រាវនោះ តាមការស្នើសុំពីខាងក្រសួងបរិស្ថានផងដែរ។ លោក ហឿង សុធាស់ បានបង្ហាញឱដឹងពីគោលបំណងនៃកំណាយស្រាវជ្រាវនេះដែរថា «កិច្ចការនេះគឺក្រសួងបរិស្ថានរៀបចំឡើងដើម្បីប្រមូលការសហការណ៍ពីអ្នកជំនាញមកពីស្ថាប័នផ្សេងៗដែលមានវិជ្ជាជីវៈនិងជំនាញពាក់ព័ន្ធចូលរួមជាបច្ចេកទេសនិងបទពិសោធន៍ សម្រាប់ប្រមូលទិន្នន័យនិងរៀបចំចងក្រងការសិក្សានេះជាឯកសារសម្រាប់ជាជំនួយក្នុងការសិក្សាពីសក្តានុពលនៃតំបន់ដែលផូស៊ីលឈើតាំងនៅសម្រាប់រៀបចំជាទីតាំងសម្រាប់អភិរក្សនិងអភិវឌ្ឍក្លាយជាតំបន់ទាក់ទាញទេសចរណ៍បែបធម្មជាតិ និងជាកន្លែងសម្រាប់សិក្សាស្រាវជ្រាវផូស៊ីលផងដែរ»។
ការងារកំណាយស្រាវជ្រាវផូស៊ីលឈើនេះ គឺមានការចាប់អារម្មណ៍ខ្ពស់ពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន វិស័យពត៍មាននៅក្នុងខេត្តរតនគីរី ក្រុមហ៊ុនឯកជនដែលប្រកបរបរវិស័យទេសចរណ៍ ជាពិសេសគឺក្រសួងបរិស្ថានបានផលិតនូវកម្រងពត៌មានជាវីដេអូមួយផ្សព្វផ្សាយនៅក្នុង facebook page របស់ក្រសួងផ្សព្វផ្សាយជាសារធារណៈដល់មហាជនទូទៅ ដូចដែលមានតំណភ្ជាប់តាមអាស័យដ្ឋាននេះស្រាប់ https://www.facebook.com/314699302002531/posts/1515866005219182?vh=e&d=n&sfns=mo ។
RAC Media
ប្រភព៖ ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យា នៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រុមការងារផ្សព្វផ្សាយទឹកដោះគោតេជោសែនឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើដំណើរដល់ក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងឱកាសពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
ក្នុងដំណើរនៃការផ្សព្វផ្សាយនោះ ក្រុមការងារបានដាក់តាំងបង្ហាញទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប នៅម្តុំវិមានឯករាជ្យ ក្រុងច្បារមន ជូនដល់ប្រជាពលរដ្ឋបានស្គាល់ និងភ្លក្សរសជាតិ របស់ទឹកដោះគោ ដែលបានផលិតឡើងក្រោមសោភណភាពល្អ ស្អាត ទាក់ទាញ ទាំងស្លាក សណ្ឋាន និងរសជាតិរបស់ទឹកដោះគោ ដែលជាសមិទ្ធផលកើតឡើងពីការស្រាវជ្រាវ លើការចិញ្ចឹមគោយកទឹកដោះ របស់រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប មានទីតាំងស្ថិតនៅក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនៃការដាក់តាំងបង្ហាញពីផលិតផលនោះ ក៏ឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងក្រុមការងាររបស់លោក បានអញ្ជើញចុះមកសាកសួរ ស្វែងយល់ និងបានភ្លក្សនូវរសជាតិទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹបផងដែរ។ ខណៈនោះ ឯកឧត្ដមនិងក្រុមការងារ បានសរសើរ អំពីរសជាតិឈ្ងុយឆ្ងាញ់ពិតប្រាកដ ដូចអ្វីដែលបានឮពីអ្នកធ្លាប់បានភ្លក្សរសជាតិទឹកដោះគោនេះរួចប្រាកដមែន ដោយអ្នក ទាំងនោះសុទ្ធតែពោលសរសើរបែបនេះគ្រប់ៗគ្នា ហើយឯកឧត្ដមក៏បានសម្តែងនូវមោទកភាពចំពោះផលិតផលរបស់ជាតិខ្មែរមួយនេះយ៉ាងក្រៃលែង។
សូមបញ្ជាក់ផងដែរថា ទីតាំងលក់និងផ្សព្វផ្សាយទឹកដោះគោតេជោសែន ឫស្សីត្រឹបស្ថិតនៅខាងកើតវិមានឯករាជ្យ ចំហៀងខាងត្បូងរូបសំណាក សម្តេចសង្ឃរាជ ជួនណាត ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្បែរឆាកតន្ត្រីហ្សូរ៉ាស់ ZORUS៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលនេះ ថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអនុញ្ញាតឱ្យលោក Mori Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅក្នុងសាលប្រជុំស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការងាររវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរបស់ជប៉ុន។
នៅក្នុងជំនួបពិភាក្សាការងារ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ស្វាគមន៍លោក Mori Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នបណ្តុះបណ្តាល និងស្រាវជ្រាវជាន់ខ្ពស់ជាតិខ្មែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងអំពី ចំណុចវិជ្ជមានជាច្រើនដែលប្រជាជនជប៉ុនមានក្នុងនោះ រួមមាន ទម្លាប់រស់នៅប្រចាំថ្ងៃស្អាត មានសីលធម៌ សុជីវធម៌ និងការគោរពគ្នាទៅវិញទៅមក ជាពិសេសគឺ ជប៉ុនផលិតផលិតផលមានគុណភាពខ្ពស់។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា អំឡុងពេលឯកឧត្តមបណ្ឌិតសភាចារ្យបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន នាពេលកន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យបានចាប់អារម្មណ៍សង្កេតឃើញថា ជនជាតិជប៉ុនជាជនជាតិដែលមានទម្លាប់រស់នៅស្អាត គោរពច្បាប់ចរាចរណ៍ និងផលិតផលិតផលមានគុណភាពខ្ពស់។
ជាមួយគ្នានេះ លោក Mori Nobuo លេខាទី១នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តបណ្ឌិតសភាចារ្យដែលបានអនុញ្ញាតឱ្យលោកចូលជួបពិភាក្សាការងារ។ តំណាងស្ថានទូតជប៉ុន លោក Mori Nobuo បានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើជាវាគ្មិន និងទស្សនកិច្ចសិក្សាស្វែងយល់ការងារសំខាន់ៗនៅប្រទេសជប៉ុននៅដើមឆ្នាំ២០២០ ដូចខាងក្រោម៖
១. សិក្សាអំពីលទ្ធភាពសហប្រតិបត្តិការគ្នាលើការចិញ្ចឹមគោយកទឹកដោះ ខណៈពេលរាជបណ្ឌិត្យសភាកម្ពុជាបាន និងកំពុងសិក្សាស្រាវជ្រាវផលិតទឹកដោះគោស្រស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្រាប់
២. សិក្សាអំពីលទ្ធភាពសហប្រតិបត្តិការគ្នាលើការបង្កាត់ពូជដើមឈើ និងផ្កាគ្រប់ប្រភេទ
៣. សិក្សាស្វែងយល់អំពី កិច្ចការងារទំនាក់ទងអន្តរជាតិ និងការទូតរបស់ជប៉ុន
៤. សិក្សាស្វែងយល់អំពី វិស័យអប់រំបណ្តុះបណ្តាល និងស្រាវជ្រាវតាមគ្រឹះស្ថានឧត្តមសិក្សារបស់ជប៉ុន
៤. សិក្សាស្វែងយល់អំពី កិច្ចការព្រំដែនរបស់ជប៉ុន
៥. សិក្សាស្វែងយល់អំពី គោលនយោបាយភូមិមួយផលិតផលមួយរបស់ជប៉ុន និង
៦. សិក្សាស្វែងយល់អំពី ការធ្វើវិស័យកសិកម្មបែបទំនើបរបស់ជប៉ុន ជាដើម។
ជាការឆ្លើយតបនឹងការអញ្ជើញរបស់ភាគីជប៉ុន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណភាគីជប៉ុនដែលបានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ នាពេលនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍សង្ឃឹមថា ដំណើរទស្សនកិច្ចសហប្រតិបត្តិការនឹងក្លាយជាធាតុចូលដ៏សំខាន់ ដើម្បីនាំផលប្រយោជន៍ជាច្រើនជូនរាជរដ្ឋាភិបាល និងប្រជាជនទាំងពីរ៕
RAC Media
នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Mori Nobuo ជាលេខាទី១ របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបនៃកិច្ចពិភាក្សានេះ ភាគីទាំងពីរបានសិក្សាពីលទ្ធភាពនៃក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរបស់ជប៉ុន។
លើសពីនេះទៀត ភាគីជប៉ុន លោក Mori Nobuo បានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើជាវាគ្មិន និងទស្សនកិច្ចសិក្សានៅប្រទេសជប៉ុននាដើមឆ្នាំ២០២០ ខាងមុខដែលនឹងផ្តោតទៅលើប្រធានបទមួយចំនួន មានដូចជា៖
ទី១. ការសិក្សាកិច្ចការបរទេស
ទី២. ការសិក្សាវិស័យអប់រំ
ទី៣. កិច្ចការព្រំដែនរវាងកូរ៉េ និងជប៉ុន
ទី៤. ការសិក្សាអំពីភូមិមួយផលិតផលមួយ និង
ទី៥. ការសិក្សាលើវិស័យកសិកម្ម ជាដើម។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទទួលដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើម ពីលោក ណៅ សុខ ដែលជាសប្បុរសជនម្នាក់រស់នៅក្នុងរាជធានីភ្នំពេញដែលបានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។
មគ្គទេសក៍ទេសចរណ៍រស់នៅក្នុងរាជធានីភ្នំពេញ លោក ណៅ សុខ បានដឹកជញ្ជូនដើមឈើផ្កាចំនួន ១២ប្រភេទ សរុបចំនួន ៤៥ដើម តាមមធ្យោបាយត្រីចក្រយានយន្ត (ម៉ូតូរ៉ឺម៉កកង់បី) មកដល់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកមិញនេះ។ បុរសវ័យ ៤៨ឆ្នាំ លោក ណៅ សុខ បានមានប្រសាសន៍ឱ្យដឹងថា មូលហេតុដែលនាំឱ្យលោកសម្រេចចិត្តទិញដើមឈើផ្កាទាំង១២ប្រភេទ សរុបចំនួន ៤៥ដើមផ្តល់ជូនដល់រាជបណ្ឌិត្យសភាកម្ពុជា ដោយសារលោកមានគោលបំណងចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។
ម្យ៉ាងទៀត លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ការបរិច្ចាគដើមឈើផ្កាខ្មែរនេះ គឺមានគោលបំណងចូលរួមអបអរសាទរខួបកំណើតគម្រប់ ៨ឆ្នាំ របស់កូនប្រុសរបស់លោក គឺឈ្មោះ ណៅ សុខសាន្តសុធនវឌ្ឍនបញ្ញា នៅថ្ងៃទី២ ខែវិច្ឋិកា ឆ្នាំ២០១៩ខាងមុខនេះផង។
«ខ្ញុំមានបំណងយកថ្ងៃប្រារព្ធខួបកំណើតកូន ជាថ្ងៃធ្វើធម្មទានជួយសង្គមតាមលទ្ធភាព។ សកម្មភាពទាំងនេះអាចជួយឱ្យខ្ញុំមានសុខភាពផ្លូវចិត្តដែរ។ សូមតេជានុភាពនៃព្រះរតនត្រៃយ៍ជួយឃុំគ្រងកូនឱ្យជួបតែសេចក្តីសុខក្នុងដំណើរជីវិត»។ លោក ណៅ សុខ មានប្រសាសន៍បង្ហាញពីទឹកចិត្តឳពុកជូនពរកូនប្រុស នៅពេលជូនដើមឈើផ្កានៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា។
ក្រៅពីផ្តល់ដើមឈើផ្កាជូនរាជបណ្ឌិត្យសភាកម្ពុជា លោក ណៅ សុខ បានមានប្រសាសន៍ថា លោកក៏ធ្លាប់បានបរិច្ចាគសម្ភារៈ និងដើមឈើផ្កាជូនទៅតាមទីអារាម មណ្ឌលអប់រំពុទ្ធសាសនាកម្ពុជា និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺដទៃទៀតដែរ។
ឆ្លើយតបនឹងទឹកចិត្តរបស់សប្បុរសជនខាងលើ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណដល់លោក ណៅ សុខ ដែលផ្តល់ជូនកូនដើមឈើផ្កា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិក្នុងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជាសូមស្វាគមន៍សប្បុរសជនជាតិ និងអន្តរជាតិដែលមានគោលបំណងជួយជ្រោមជ្រែងស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ។
សូមជម្រាបជូនថា ដើមឈើផ្កាទាំង ១២ប្រភេទ សរុបចំនួន ៤៥ដើម រួមមាន៖ ដើមផ្ការំដួល ដើមព្កុល ដើមផ្កាអង្គបុស្ប ដើមផ្កាត្របែកព្រៃ ដើមសេដា ដើមអសោក ដើមលៀប ដើមចន្ទន៍ និងដើមផ្កាក្រវាន់៕
លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានធ្វើបទបង្ហាញស្តីពី «កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិង អភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព » នៅក្រុងហ្លួងព្រះបាង ប្រទេសឡាវ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលមានការចូលរួមពីស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ(KEI, NRC) រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។
សន្និសីទនេះ ពិភាក្សាគ្នាដេញដោលគ្នាពេលមួយថ្ងៃដោយជជែកពីប្រធានបទបីពាក់ព័ន្ធនឹងព្រៃឈើរួមមាន៖ Session 1 «Opportunities and Challenges for Sustainable Forestry Development.» Session 2 «Efforts for community-based forestry and participatory approaches for sustainable forest management.» Session 3 «Innovation in forest-based solutions and cross-sectoral forestry practices» ។
សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា ស្ថាប័នស្រាវជ្រាវជាន់សាធារណរដ្ឋខ្ពស់កូរ៉េ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ១៦២នាក់។
បទបង្ហាញ៖
RAC Media
«... ប្រទេសក្រីក្រត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍ប្រទេស រីឯប្រទេសជឿនលឿនត្រូវការបរិស្ថាន។ យើងដឹងហើយថា ប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដូចអាម៉េរិក ចិន រុស្ស៊ី ជាប្រទេសដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងបរិស្ថាន ខ្លាំងជាងគេ។ ប្រទេសចិនបានអភិវឌ្ឍប្រទេសដោយមិនបានគិតពីបរិស្ថាន ពេលនេះប្រទេសចិនបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីស្តារគម្របព្រៃឈើឡើងវិញ។ ស្រដៀងគ្នានេះដែរ កូរ៉េខាងត្បូងក៏មានបទពិសោធន៍ប្រហាក់ប្រហែលគ្នាដែរ។ ដូច្នេះ យើងជាប្រទេស ដែលផឹកទឹកទន្លេមេគង្គរួមគ្នា កម្ពុជា វៀតណាម ឡាវ គួរដកស្រង់បទពិសោធន៍ទាំងនេះដើម្បីជាមេរៀនសម្រាប់ប្រទេសរបស់យើង ព្រោះថា មនុស្សត្រូវការធម្មជាតិ តែធម្មជាតិមិនត្រូវការមនុស្សឡើយ....» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៨ ស្តីពី «ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពនៅប្រទេសឡាវ កម្ពុជា និងវៀតណាម» នៅក្រុងហ្លួងព្រះបាងប្រទេសឡាវ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលមានការចូលរួមពីស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ(KEI, NRC) រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ។
ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានរំលេចផងដែរថា «....វិទ្យាស្ថានបរិស្ថានកូរ៉េ(KEI) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែករៀបចំសន្និសីទអន្តរជាតិនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសិក្សាស្រាវជ្រាវមកពីប្រទេសទាំង៤រួមមាន កម្ពុជា កូរ៉េខាងត្បូង វៀតណាម និងឡាវ បានផ្លាស់ប្តូរយោបល់និងរៀនសូត្រពីគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ក៏ដូចជាបញ្ហាប្រឈមនានា និងបទពិសោធន៍កន្លងមកអំពីបញ្ហាព្រៃឈើនៅក្នុងប្រទេសនីមួយៗ។ ម្យ៉ាងវិញទៀត KEI ជាដៃគូយ៉ាងសំខាន់របស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការជួយសហការដល់ការសិក្សាពីផែនការមេនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ....»។
ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា «... វត្តមានរបស់អ្នកសិក្សាស្រាវជ្រាវកូរ៉េ ដើរស្របគ្នានឹងគោលនយោបាយថ្មីរបស់ប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន នៅក្នុងតំបន់គឺ គោលនយោបាយសម្លឹងមកទិសខាងត្បូង ( New Southern Policy ) ដែលជាការបង្ហាញជំហរថ្មីរបស់កូរ៉េនៅក្នុងតំបន់ ដែលជាការប្រកួតប្រជែងឥទ្ធិពលថ្មីរវាង អាម៉េរិក ចិន និងជប៉ុន...»
បញ្ជាក់ជូនថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមសន្និសីទលើកទី៨នៅក្រុងវប្បធម៌ ហ្លួងព្រះបាង ប្រទេសឡាវ។ សន្និសីទនេះ នឹងពិភាក្សាគ្នាដេញដោលគ្នាពេញមួយថ្ងៃដោយគ្រោងនឹងជជែកពីប្រធានបទបីពាក់ព័ន្ធនឹងព្រៃឈើ រួមមាន៖ Session 1 «Opportunities and Challenges for Sustainable Forestry Development.» Session 2 «Efforts for community-based forestry and participatory approaches for sustainable forest management.» Session 3«Innovation in forest-based solutions and cross-sectoral forestry practices» ។
សន្និសីទអន្តរជាតិនេះ មានវាគ្មិន និងអ្នកចូលរួមមកពី រាជបណ្ឌិត្យសភាកម្ពុជា ស្ថាប័នស្រាវជ្រាវជាន់ខ្ពស់កូរ៉េ ខាងត្បូង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានចំនួនប្រមាណ ១៦២នាក់។
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM