ព័ត៌មាន

«បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»

នៅព្រឹកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាមួយ ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»។

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា មានការរៀបចំសិក្ខាសាលាមួយ ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ដែលមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់អ្នកជំនាញអក្សរសាស្ត្រខ្មែរដែលជាថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជា និងសមាជិកនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានអញ្ជើញជាអធិបតីប្រកាសបើកដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងឡើងថ្លែងសេចក្ដីរាយការណ៍ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ» ដោយឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់អ្នកជំនាញអក្សរសាស្ត្រខ្មែរដូចខាងក្រោម៖

១. លោក ចែម វត្ថុ ជាសមាជិកគណៈកម្មការភាសាវិទ្យា ធ្វើបទបង្ហាញស្ដីពី «ការកត់សម្គាល់អំពីអក្ខរវិធីសំណងរូប និងអក្ខរវិធីសំណងសូរ»

២. លោក ឃឹម វិច្ឆិកា ជាអនុប្រធានលេខធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើបទបង្ហាញស្ដីពី «ទិដ្ឋភាពទូទៅ នៃភាសាខ្មែរក្នុងវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧-១៩៦៨»

៣. ឯកឧត្ដម សូ មុយឃៀង ប្រធានគណៈកម្មការអក្ខរាវិរុទ្ធនិងអំណាន ធ្វើបទបង្ហាញស្ដីពី «ព្យញ្ជនៈឡាតាំង និងព្យញ្ជនៈខ្មែរ»

៤. ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ ប្រធានគណៈកម្មការបង្កើតពាក្យ និងកម្ចីពាក្យ ធ្វើបទបង្ហាញស្ដីពីឡាតាំងខ្មែរ

៥. ឯកឧត្ដមបណ្ឌិត ប៊ី សុខគង់ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើបទបង្ហាញស្ដីពី «ការសិក្សាការកត់សូរព្យញ្ជនៈ និងសូរស្រៈខ្មែរជាអក្សរឡាតាំងតាមរយៈគណៈកម្មការបង្កើតពាក្យ និងកម្ចីពាក្យ»

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាខាងលើនេះ ត្រូវបានរៀបចំឡើងពេញមួយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅសាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ

2019-06-27 05:16:13   ថ្ងៃព្រហស្បតិ៍, 27 មិថុនា 2019 ម៉ោង 12:16 PM
«ជ្រុងមួយអំពីអត្តសញ្ញាណរបស់ព្រះនាងឥន្ទ្រទេវី»

ភ្នំពេញ៖ តាមសិលាចារឹកប្រាសាទភិមានអាកាសនិពន្ធដោយព្រះនាងឥន្ទ្រទេវីផ្ទាល់ បានឱ្យដឹងថា ព្រះនាងឥន្រ្ទទេវី មានព្រះទ័យសប្បុរស និងព្រះបញ្ញាញាណខាងបរមត្ថវិជ្ជា [1]  ហើយក៏ជាព្រះប្រធានសាស្រ្តាចារ្យ និងគ្រូបង្រៀនស្រ្តីជាច្រើនក្រុមនៅតាមអាវាស[2] ដូនជីជាច្រើនកន្លែង។ ព្រះនាងឥន្រ្ទទេវីមានព្រះសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ដោយបានបរិច្ចាគព្រះរាជទ្រព្យដ៏ច្រើន​លើស​លប់​ដល់ប្រជានុរាស្រ្ត និងក្នុងផ្លូវសាសនា។ ព្រះនាងឥន្រ្ទទេវីបានបញ្ជាឱ្យកសាងព្រះបដិមាជាច្រើនតំណាងឱ្យព្រះនាងជ័យរាជទេវី និងព្រះបាទជ័យវរ្ម័នទី៧ ដើម្បីជាព្រះកិត្តិយស និងដើម្បីតម្កល់ទុកនៅគ្រប់ខេត្តទាំង២៣ ។ 

ក្នុងឱកាសបើកម្មវិធីសិក្ខាសាលា ស្តីពី «អត្តសញ្ញាណបដិមា ព្រះនាងឥន្ទ្រទេវី» នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ព្រះនាងឥន្ទ្រទេវីមានប្រាជ្ញាវាងវៃ និងចំណេះដឹងខាងភាសាសាស្ត្រ និងអក្សរសាស្រ្តយ៉ាងជ្រៅជ្រះ ហើយព្រះនាងជាអ្នកនិពន្ធ ជាសាស្ត្រាចារ្យ និងជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលជា ចក្រពត្រាធិរាជ នៃអាណាចក្រខ្មែរ ក្នុងសម័យមហានគរដ៏រុងរឿង។ 

ឯកឧត្តម អគ្គលេខាធិការ ក៏បានមានប្រសាសន៍ដែរថា «ឆ្លើយតបនឹងលទ្ធផលការងារស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសំណង់អគារចំនួនពីរដល់រាជបណ្ឌិត្យសភាកម្ពុជា ដែលក្នុងនោះអគារមួយត្រូវបានប្រសិទ្ធនាមថា «អគារឥន្ទ្រទេវី»។

នាពេលថ្មីៗនេះ រាជបណ្ឌិត្យសភាកម្ពុជា បានដាក់ទិសដៅដល់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីសិក្សាពីបដិមារបស់ព្រះនាងឥន្ទ្រទេវី នៅតាមទីប្រាសាទបុរាណនានា ជាពិសេសនៅតំបន់ប្រាសាទបុរាណនៅខេត្តសៀមរាប ដើម្បីកំណត់អត្តសញ្ញាណព្រះនាងឱ្យបានច្បាស់ ក្នុងបំណងស្ថាបនារូបបដិមាព្រះនាងឥន្ទ្រទេវី ដើម្បីតម្កល់ក្នុងអគារឥន្ទ្រទេវីដែលនឹងសាងសង់រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខ។

[1] បរមត្ថវិជ្ជា បា. (ន.) វិជ្ជាផ្នែកខាងបរមត្ថ, វិជ្ជាដែលមានអត្ថដ៏ជ្រាលជ្រៅយ៉ាងក្រៃលែង (បារ. Métaphysique)។ ឯពាក្យថា «បរមត្ថ» (អានថា បរ៉ៈ ម៉័ត ឬ ប៉ៈ រ៉ៈ ម៉័ត) ជាពាក្យ បា.; សំ. (ន.) (បរមាថ៌) ធម៌មានអត្ថដ៏ឧត្តមឬក្រៃលែង (ព្រះអភិធម្ម); ពាក្យសត្យ, សេចក្ដីពិត...។

[2] អាវាស (អានថា អាវ៉ាស) ជាពាក្យ សំ. បា. ( ន. ) មានន័យថា ជាទីនៅឬលំនៅ, ផ្ទះ, ផ្ទះលំនៅ; វត្ត; ការនៅគ្រប់គ្រង។ ចៅអាវាស មេវត្ត (ចៅអធិការវត្ត) ។ អាវាសាធិការ អារាមាធិការ ។ ឃារាវាស (ឃៈរាវាស) ការនៅគ្រប់គ្រងផ្ទះ គឺការនៅជាគ្រហស្ថ ។ ខ្មែរប្រើសំដៅសេចក្ដីថា “អ្នកនៅគ្រប់គ្រងផ្ទះ” ក៏មានខ្លះ (តាមទម្លាប់ប្រើ) : ពួកឃរាវាស ពួកគ្រហស្ថ ។ (ច្រើនប្រើតែពាក្យ គ្រហស្ថ ជាង : គ្រហស្ថនិងបព្វជិត អ្នកនៅគ្រប់គ្រងផ្ទះនិងអ្នកបួស គឺបាសកនិងលោកសង្ឃ; ឃរាវាស ឬ គ្រឹហាវាសនិងបព្វជ្ជា ការនៅគ្រប់គ្រងផ្ទះនិងការបួស គឺភាពជាបាសកនិងផ្នួស)។ សង្ឃាវាស (--វាស) ទីនៅរបស់សង្ឃគឺវត្ត ។ អាកិណ្ណាវាស (--វ៉ាស) ការនៅច្របូកច្របល់ ។ល។

RAC Media 

2019-06-27 04:56:39   ថ្ងៃព្រហស្បតិ៍, 27 មិថុនា 2019 ម៉ោង 11:56 AM
«ជំនួបជាមួយឥស្សរជនមានគោរមងារជា«កិត្តិសេដ្ឋាបណ្ឌិត»នៃក្រសួងផែនការ»

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ នៅរសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញក្រសួងផែនការជាបន្តដើម្បីជួបសំណេះសំណាលជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីក្រសួងផែនការ ដែលទើបទទួលបានងារជា «កិត្តិសេដ្ឋាបណ្ឌិត»នៃរាជបណ្ឌិត្យសភាកម្ពុជា តាមព្រះរាជទានរបស់ព្រះមហាក្សត្រតាមការស្នើរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជក្រឹត្យ នស/រកត/០៤១៩/៥១៤ ចុះថ្ងៃទី១០ ខែមេសា កន្លងទៅនេះ ឯកឧត្ដម ឆាយ ថន បានទទួលការប្រោសប្រទានគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសេដ្ឋាបណ្ឌិត»។

សូមបញ្ជាក់ថា គោរមងារកិត្តិយស‌ «កិត្តិសេដ្ឋាបណ្ឌិត» ជាគោរមងារមួយក្នុងចំណោមគោរមងារកិត្តិយសទាំង៧ របស់រាជបណ្ឌិត្យសភាកម្ពុជា ជាគោរមងារកិតិ្តយសដ៏ឧត្ដុង្គឧត្ដម នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលប្រគល់ជូនវរជនខ្មែរដែលបានធ្វើការបម្រើជាតិចាប់ពី៣០ឆ្នាំឡើងទៅ ហើយមានបំណាច់ និងស្នាដៃចំពោះប្រទេសជាតិលើវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការអភិវឌ្ឍនានា។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិទីពីរ ដែលទទួលបានគោរមងារកិត្តិយសនេះ បន្ទាប់ពីឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ដែលទទួលបានគោរមងារកិត្តិយស ‌«កិត្តិសេដ្ឋាបណ្ឌិត» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ទុកជាគោរមវ័ន្តទី១ និងឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទុកជាគោរវ័ន្តទី២ដែលទទួលបានគោរមងារកិត្តិយសជា«កិត្តិសេដ្ឋាបណ្ឌិត»នេះ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ៕

RAC Media


2019-06-26 11:43:33   ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 06:43 PM
«ការសំណេះសំណាល ជាមួយឥស្សរជនមានគោរមងារជា«កិត្តិសង្គហបណ្ឌិត»នៅរដ្ឋសភា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ។ ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានចែករំលែកនូវបទពិសោធន៍ការងារ និងសមិទ្ធផលជាច្រើន ដែលលោកជំទាវបានបំពេញជូនប្រទេសជាតិ។ លោកជំទាវជាវរជនដែលមានគុណបំណាច់ មានស្នាដៃឆ្នើមជាច្រើន ជាពិសេសមានស្នាដៃសម្រេចបានសមិទ្ធផលឆ្នើមលើការងារក្នុងវិស័យសង្គមកិច្ច វប្បធម៌ និងមនុស្សធម៌ ហើយថែមទាំង ទទួលបានការទទួលស្គាល់កម្រិតជាតិ និង អន្តរជាតិ តាមរយៈការគ្រឿងឥស្សររិយសជាច្រើនប្រភេទផងដែរ។

សូមបញ្ជាក់ថា លោកជំទាវ ឃួន សុដារី បានទទួលនូវកិត្តិយសដ៏ថ្លៃថ្លាពីព្រះមហាក្សត្រ តាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ នស/រកត/ ០៤១៩/៥១៥ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ជូនលោកជំទាវ ឃួន សុដារី ជា «កិត្តិសង្គហបណ្ឌិត» កន្លងទៅថ្មីៗនេះ ។

សរុបមកទល់បច្ចុប្បន្ននេះ ឥស្សរជនជាន់ខ្ពស់របស់ជាតិ ដែលទទួលបានគោរមងារកិត្តិយសជា«កិត្តិសង្គហបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួនតែពីររូបប៉ុនណោះ ដែលឥស្សរជនទីមួយ គឺលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលការប្រោសប្រទានពីព្រះមហាក្សត្រនូវគោរមងារកិត្តិយសជា«កិត្តិសង្គហបណ្ឌិត»នៃរាជបណ្ឌិត្យសភាកម្ពុជានេះ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ។

RAC Media

2019-06-26 11:17:10   ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 06:17 PM
«អំណោយសប្បុរសធម៌ ជីកអណ្តូង នៅភូមិធម្មជាតិដងផ្លិត»

នៅរសៀលមុនបន្តិច លោក Love Englund បាននាំយកថវិកាសម្រាប់សាងសង់អណ្តូងទឹក ចំនួន $5,400 ជូនដល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សម្រាប់រួមចំណែកកសាងអណ្តូងទឹកចំនួន០៣ នៅភូមិធម្មជាតិដងផ្លឹត ដែលមានទីតាំងនៅក្នុងភូមិដងផ្លឹត ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ គឺស្ថិតនៅជាប់ព្រំប្រទល់។ នេះ ជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លា និងជាទឹកចិត្តសប្បុរស ទឹកចិត្តស្រឡាញ់បរិស្ថាន របស់ប្រធានក្រុមហ៊ុន The Room Studio រូបនេះ ក្នុងការតាំងចិត្តរួមចំណែកជាមួយរាជបណ្ឌិត្យសភាកម្ពុជាដើម្បីអភិវឌ្ឍ និង ថែរក្សានូវបរិស្ថានធម្មជាតិនៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប។

សូមបញ្ជាក់ថា ក្រុមហ៊ុន The Room Studio បានចុះកិច្ចព្រមព្រៀង MOU ជាមួយឧទ្យាន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្នុងគម្រោងអភិរក្សនិងកសាងគម្របព្រៃឈើឡើងវិញ ហើយស្ថាប័នទាំងពីរបានតាំងចិត្តចាប់ដៃគ្នាក្នុងការរួមចំណែកកសាងបរិស្ថាន និងព្រៃឈើ នៅឧទ្យានឱ្យកាន់តែប្រសើរថែមទៀត។

ជួសមុខឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ឧទ្យានឫស្សីត្រឹប ក្រុមការងារឧទ្យាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់លោក Love Englund មានសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងជោគជ័យក្នុងភារកិច្ចការងារ។

<Donation: Offering wells at Natural Dangphlet Village>

Today afternoon, Techo Sen Russey Treb of Royal Academy of Cambodia (TSRP) received an amount money of $5,400 which will support three wells for the local people living in Natural Dangphlet village located in Dang Phlet village, Chheb 2, Chheb District, Preah Vihear, from Mr. Love Englund, Director of The Room Studio Company. This generous and environmental-kindhearted donation surely contributes in development and conservation at TSRP.

In fact, TSRP and the Room Studio Company mutually signed a MoU on the project on forest conservation and forest cover enhancement on March 26, 2019; moreover, both institutions jointly commit to improve the environment and the forest in the park.

On behalf the people living nearby the park, TSRP team would like to pay deep thanks and wish Mr. Englund healthy, happiness and success in his career. We believe that we will cooperate and work together to contribute better environment and forest in the park.

 



RAC Media

ប្រភព៖ ស្រី សីហា


2019-06-26 09:51:36   ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 04:51 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ស្ថិរភាពនយោបាយជះឥទ្ធិពលជាខ្លាំងលើការទាក់ទាញការវិនិយោគនិងអភិវឌ្ឍប្រទេសជាតិ»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់និងលើកឧទាហរណ៍ធ្វើការប្រៀបធៀបស្ថានភាពសេដ្ឋកិច្ច រវាងស្ថានភាពអតីតសហភាពសូវៀត និងសេដ្ឋកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីរំលេចឱ្យឃើញពីសារៈសំខាន់មិនអាចខ្វះនៃស្ថិរភាពនយោបាយរបស់ប្រទេសជាតិមួយ។

ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖

«កាលណាគេធ្វើសេដ្ឋកិច្ច គេត្រូវមើលនយោបាយ កាលណាគេវិនិយោគ គេត្រូវមើលនយោបាយ ចុះបើខ្មែរនៅឯក្រៅប្រទេសចេះតែផ្ញើសារមក តើគេមកវិនិយោគឬអត់? តើប្រជាជនដែលមានបំណងធ្វើអាជីវកម្ម បែបសហគ្រាសធុនតូច និងមធ្យម (SME)។ នយោបាយដើរតួនាទីសំខាន់ណាស់ បើគ្មានស្ថិរភាពនយោបាយទេ គេមិនអាចវិនិយោគបានឡើយ។ នេះជាក្រិត្យក្រមនៃសេដ្ឋកិច្ច។ តើអ្នកការអំពាវនាវរបស់លោក សម រង្ស៊ី សម្រាប់អ្នកដែលចង់មកវិនិយោគ គេនឹងមកវិនិយោគដែរឬទេ? ជាការពិតណាស់ គេមិនអាចមកវិនិយោគបានទេ។»

ភ្ជាប់ជាមួយនឹងសំណួរដែលជាការដាស់តឿនស្មារតីសម្រាប់អ្នកចូលរួម ក៏ដូចជាសាធារណជនទូទៅ ឯកឧត្ដមបណ្ឌិត្យ សភាចារ្យ បានចោទសួរទៅកាន់អង្គវេទិកាទាំងមូលថា «តើហេតុអ្វីបានជាប្រទេសចិនបើកទ្វារ គេនាំគ្នាទៅវិនិយោគនៅចិន?» ចម្លើយ គឺ «ស្ថិរភាពនយោបាយ» ពីព្រោះថ្នាក់ដឹកនាំចិនបានមើលឃើញបទពិសោធន៍របសសហភាពសូវៀត គឺនៅពេលដែលសហភាពសូវៀតបានផ្លាស់ប្ដូរនយោបាយពីរបបកុំមុយនីស្តទៅជា របបសេរី (មូលធននិយម) បានធ្វើឱ្យមហាអំណាចមួយនេះ បាត់បង់អស់ដែនដី ១៥រដ្ឋ ដែលនេះគឺជាមូលហេតុនាំឱ្យគេមិនអាចវិនិយោគជាមួយរុស្ស៊ីបានឡើយ ក៏ព្រោះតែមានភាពលំបាកច្រើន ពិសេសដោយសារគ្មានស្ថិរភាពនយោបាយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តថា «ចំណែកឯប្រទេសចិន គេដឹងហើយថាចិន​ដូរ​តែ​ពណ៌ទេ អត់ដូរនយោបាយទេ គឺដូរពណ៌ពីសេដ្ឋកិច្ចបែបផែនការមកសេដ្ឋកិច្ចទីផ្សារ ប្រព័ន្ធគ្រប់គ្រងនៅទាំងអស់។ អញ្ចឹងនយោបាយចិនអត់មានប្រែប្រួលនោះទេ អញ្ចឹងហើយទើបគេវិនិយោគនៅចិន ប៉ុន្តែចិនបានចាប់ផ្ដើមនូវគោល​ការណ៍៣គឺ៖ ១. ការវិនិយោគលើធនធានមនុស្ស ២. កម្លាំងពលកម្ម និងសក្ដានុពលថវិកា។»

សម្រាប់ប្រទេសកម្ពុជាវិញ ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់អនុសាសន៍ថា មិនខុសគ្នាពីប្រទេសទាំងនោះឡើយ ដែលបញ្ហាស្ថិរភាពគឺជាភាពចាំបាច់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រការនេះហើយ ដែលរាជ​បណ្ឌិត្យសភាកម្ពុជាត្រូវតែចេញមកបកស្រាយអំពីផលប៉ះពាល់ឬចំណេញ ដែលកើតចេញពីការប្រកាសត្រឡប់មក​វិញរបស់លោក សម រង្ស៊ី ពិសេសការប្រកាសម្ដងហើយម្ដងទៀត នូវសារនយោបាយរបស់អតីតមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានបង្កជាឧបសគ្គរាំងស្ទះដល់ការសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជារបស់វិនិយោគិនបរទេសជាច្រើន ដើម្បីជាទុនសម្រាប់ឱ្យអ្នកវិនិយោគស្វែងយល់និងពិចារណាឱ្យបានច្បាស់លាស់ និងអស់មន្ទិលសង្ស័យ និងចាប់ផ្ដើម ក៏ដូចជាបន្តផ្ដល់វិនិយោគជាប្រក្រតីមកកាន់កម្ពុជា។

ឆ្លៀតក្នុងឱកាសនៃការបកស្រាយទិដ្ឋភាពខាងលើនេះដែរ ឯកឧត្ដមបណ្ឌិតសភាចា្យ ក៏បានស្រាយបំភ្លឺអំពីការយល់ឃើញរបស់ប្រជាពលរដ្ឋមួយចំនួនដែលយល់ថា «វត្តមានរបស់ជនជាតិចិននៅកម្ពុជា នឹងធ្វើឱ្យកម្ពុជាបាត់បង់នូវស្ថិរភាព»។ សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យ ការព្រួយបារម្ភនេះ ពុំមែនជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់នោះឡើយ ព្រោះបើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ វត្តមានរបស់ជនជាតិចិននៅកម្ពុជាក្នុងសតវត្សរ៍ទី២១នេះ ខុសគ្នាទៅនឹងវត្តមានរបស់ចិនកាលពីសតវត្សរ៍ទី២០ ដែលពីមុនគេដាក់មនោគមវិជ្ជាមកលើប្រទេសកម្ពុជា តែបច្ចុប្បន្ននេះ ចិនគេមកវិនិយោគដោយប្រើប្រាស់ថវិកា និងសាងសង់អគារខ្ពស់ៗនៅលើទឹកដីប្រទេសកម្ពុជា ដែលជាការពិតណាស់ គេមិនអាចលើកត្រឡប់ទៅវិញបាននោះទេ ហេតុនេះហើយគេត្រូវតែនៅបន្តការវិនិយោគរយៈពេលវែង ដើម្បីនិរន្តរភាពដំណើរការអាជីវកម្ម និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួននិយាយដោយឡែក និងនិយាយជារួម គឺដើម្បីចូលរួមជាផ្នែកមួយក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕

RAC Media | លឹម សុវណ្ណរិទ្ធ


2019-06-26 09:38:10   ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 04:38 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»

កាលពីថ្ងៃអង្គារ ទី២៥ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា បានចំនួន០៥ពាក្យ ដូចខាងក្រោម៖


RAC Media



2019-06-26 04:21:27   ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 11:21 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨

បន្ទាប់ពីលោកដុកទ័រវ៉ាលឡេត៍(Docteur Vallet)ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាម ចាស់បានបញ្ចប់នូវសុន្ទរកថារបស់លោករួចរាល់ នៅក្នុងភាគទី៨នេះយើងសូមលើកយកនូវកម្មវិធីបញ្ចប់នៃពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១ គឺពិធីបង្សុកូលឧទ្ទិសកុសលជូនអ្នកដែលបានទទួលអនិច្ចកម្ម និងក្បួនដង្ហែផ្សេងៗរបស់ក្រុមពិជ័យសង្គ្រាមចាស់។ សកម្មភាពចុងក្រោយនៃពិធីសម្ពោធនេះមានបង្ហាញនៅក្នុងបណ្ណសារស្តីអំពី «បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨)»[១]ដោយមានខ្លឹមសារដើម និងការកែសម្រួលមួយចំនួនដូចខាងក្រោម៖

៨-ពិធីបង្សុកូលឧទ្ទិសកុសលជូនអ្នកដែលបានអនិច្ចកម្ម និងក្បួនដង្ហែផ្សេងៗរបស់ក្រុមពិជ័យសង្គ្រាមចាស់

នៅក្នុងនគរដែលមានរាស្ត្រប្រព្រឹត្តតាមផ្លូវធម៌ជាជ្រៅជ្រះ បីដូចជារាស្ត្រខ្មែរធ្វើបុណ្យដូចជាបុណ្យឆ្លងនេះ បើគ្មានលោកសង្ឃជួយផងនោះ ឃើញថាធ្វើខុសអំពីសព្វ១ដង ដែលមិនទាន់ដែលមានសោះនៅឡើយ[២]។ បុណ្យនេះនឹងនៅមានខ្វះទៀត បើមិនបាននិមន្តលោកសង្ឃឱ្យមកជួយផងទេ។ ដូច្នេះបានជាមានលោកសង្ឃ ១០០០អង្គ ទៅប្រជុំគ្នានៅជុំវិញរូបនោះ ចាំទម្រាំតែដល់ពេលវេលានិងទៅសូត្រធម៌នៅជុំវិញជើងកុះដែលតម្កល់រូប គឺសូត្របញ្ជូនទៅមនុស្សដែលមរណៈ។

លោករេស៊ីដង់ជាន់ខ្ពស់បារាំង បូដូវាំង ដែលមិនប្រកាន់សាសនាគួរឱ្យមានសេចក្តីសរសើរនោះ បានអនុញ្ញតឱ្យពួកតំណាងសាសនាផ្សេងៗ ទៅប្រជុំនៅទីនោះទាំងអស់។ លោកសង្ឃរាជបារាំងនៅស្រុកខ្មែ១អង្គគ្រងស្បង់ខ្មៅ មានពាក់សញ្ញាសម្រាប់ពិធីបុណ្យសព និងមានលោកសង្ឃ១អង្គទៀតជាជំនួយផង ក៏តាំងសូត្រធម៌បង្សុកូល ចាប់ផ្តើមពិធីបុណ្យខាងផ្លូវសាសនា។ បន្ទាប់មកលោកសង្ឃខ្មែរទាំង១០០០អង្គដែលនៅអមជុំវិញរូបនោះក៏តាំងសូត្រធម៌តាមចំណែកខ្លួនឡើង[៣] ។

មនុស្សជាច្រើនតាមមើលទាំងសញ្ជឹង ទាំងគោរពប្រណិប័តន៍ជាទីបំផុតបុណ្យខាងសាសនា ដែលមានលោកសង្ឃចាមសូត្រធម៌បង្ហើយ។ ត្រែនិងភ្លេងបាននៅស្ងៀមឈឹងនៅវេលាដែលកំពុងធ្វើបុណ្យខាងសាសនានោះ។ បន្ទាប់មកក៏ផ្លុំខ្ទ័រឡើង ប្រយោជន៍ប្រាប់ឱ្យក្រុមពិជ័យសង្គ្រាមចាប់ដង្ហែឡើង ពួកទាហានជើងគោក ទាហានកាំភ្លើងធំ ទាហានជើងទឹក ទាហានទៀរ៉ៃ្យយ៉ើរ[៤] ហើយនឹងរថក្រោះបារាំងសម្រាប់វាយលុកតម្រៀបគ្នាស្រួលបួលជាទីបំផុត។ មានលោកសក្តិ៥ បូរ៉ែល ជាអ្នកត្រួតត្រា ក៏ដើរបង្ហាត់យ៉ាងរហ័សមានរបៀបរៀបរយល្អនិងក្លៀវក្លាផង នៅមុខបណ្តាជនដែល​ឈរមើលតាមផ្លូវប៊ូល្លីវ៉ាមីស[៥] ហើយសរសើរផង។ នៅពេលដែលក្រុមពិជ័យសង្គ្រាមកំពុងដើរដង្ហែនោះ មានយន្តហោះ២ ហោះលើរូបវិមាន។ យន្តហោះ១គ្រឿងបានហោះបន្ទាបនៅប្រហែលតែ៤-១០ម៉ែត្រពីអ្នកឈរមើល នាំឱ្យមានការភិតភ័យមិនតិចទេ រួចក៏ទម្លាក់ផ្កា១បាច់យ៉ាងល្អឆើតនៅជើងរូបវិមាន ហើយសត្វនោះក៏ហើរឡើងទៅលើវិញ ទៅតាមគូកនវានៅកណ្តាលអាកាស ដែលចេះតែហើរមិនឈប់សោះ។

សកម្មភាពទាំងនោះចំណាយអស់ពេលច្រើន ហើយវេលាក៏កាន់តែជឿនទៅមុខ ព្រះអាទិត្យដែលកាន់តែរះខ្ពស់ឡើងៗក៏កាន់តែមានចំហាយក្តៅមែនទែន។ ប៉ុន្តែទោះជាក្តៅប៉ុណ្ណឹងក៏គ្មានបារាំងណា១ ឬអ្នកស្រុកអាយណា១ ដើរចេញពីទីនោះទេ គឺស៊ូនៅមើលមនុស្សសាសន៍ផ្សេងៗ ដែលដើរដង្ហែគ្នាក្រោយពួកទាហានទាល់តែចប់។ ការដង្ហែនេះមិនមែនជាកម្មវិធីមិនសូវសប្បាយក្នុងបុណ្យនោះទេ មានជ្វាជិះប៊ឺស៊ីក្លេត[៦] តម្រៀបជាជួរ មានដំរីប្រមាណជា៤០ មានចងគ្រឿងកូបដោយវត្ថុមានតម្លៃ ហើយមានព្នងស្លៀកពាក់យ៉ាងស្តួចស្តើង(បន្តិចបន្តួច) ដាក់លំពែងចម្បាំងលើស្មាដើរហែហមសង្ខាងផ្លូវ។

តាមគំនិតលោក បូដូវាំង បុណ្យឆ្លងរូបវិមានសម្រាប់មនុស្សស្លាប់នោះ ត្រូវគិតជាដំបូងបង្អស់អំពីការសម្តែងនូវសេចក្តីកតញ្ញូយ៉ាងធំធេងទៅដល់អ្នកដែលមានគ្រោះដល់ស្លាប់នៅក្នុងចម្បាំងធំនោះ។ បន្ទាប់មក បុណ្យនោះក៏ត្រូវឱ្យមានកត់ត្រាក្នុងសាវតារ និយាយអំពីសាសន៍នៅក្រោមអាណាព្យាបាល(ខ្មែរ) និងសាសន៍ដែលទំនុកបម្រុងបានចងជាស្ពានមេត្រីនឹងគ្នា(បារាំង) ឱ្យដឹងថាថ្ងៃនេះហើយដែលយើងរឹតតែមានចិត្តស្រឡាញ់គ្នាទៅវិញទៅមក ទុកចិត្តគ្នាទៅវិញទៅមក ដោយព្រោះតែនឹកទៅដល់ការតស៊ូដើម្បីការពារសេចក្តីល្អជាមួយគ្នានាគ្រាកន្លងមក។ មិនទាន់មានប្រូក្រាម​(កម្មវិធី)បុណ្យណាដែលធ្វើឱ្យបានពេញលេញ និងបានសម្រេចជាងនេះទៅទៀតក៏គ្មាន។

បុណ្យនោះបានថ្កើងរុងរឿងហើយ ចំណែកឯអ្នកដែលទៅមើលទាំងប៉ុន្មាននោះក៏បានរក្សាឫកពារជាអ្នកថ្លៃថ្នូរក្នុងឱកាសនោះ។ អ្នកដែលទៅមើលគ្មានភ្លេចទេថា ថ្ងៃនេះខ្លួនឯងធ្វើបុណ្យខ្មោច ហើយខ្មោចនោះទៀតជាខ្មោចមនុស្សដែល​​ស៊ូវេទនានឹងការណ៍១ធំណាស់ គឺការកាន់គ្រឿងអាវុធទៅប្រយុទ្ធ ដើម្បីភាពស៊ីវីល័យ(អរិយធម៌)សម្រាប់មនុស្សទាំងជម្ពូទ្វីប។

ការដែលរាស្ត្រស្រុកអាយចំនួនច្រើនម៉ឺន ធ្វើដំណើរមកតាំងពីស្រុកភូមិឆ្ងាយៗ ឯប្រទល់ដែនស្រុកប្រូតិចតូរ៉ាត៍(របបអាណាព្យាបាលគឺប្រទេសកម្ពុជា) ដើម្បីមកជាកិត្តិយសចំពោះដល់មនុស្សរបស់នគរទាំង២ដែលទទួលអនិច្ចកម្មទៅហើយ។ រាស្ត្រទាំងនោះកាន់ឫកពារយ៉ាងហ្នឹង នេះជាតឹកតាងមួយជាសំខាន់ ថាចិត្តខ្មែរឥឡូវនេះរួមចូលគ្នាជាមួយនឹងចិត្តបារាំងសែសពិតមែនហើយ។ មនុស្សដែលមានជាច្រើននឹងគណនាពុំបាននោះ នៅជុំវិញរូបដែលជាងឌូក្វាំង ធ្វើយ៉ាងល្អ ហើយដែលមកទីនេះដោយចិត្តឯងឥតមាននរណាបង្ខំនោះទេ។

ការដែលរាស្ត្រយកតម្រាប់តាមព្រះករុណា ធ្វើបុណ្យឱ្យមនុស្សដែលស្លាប់ក្នុងចម្បាំង ប្រយោជន៍ឱ្យគង់ច្បាស់ជាមួយ​នឹងបារាំង ដែលប្រជុំគ្នានៅក្រោយលោកឡឺរេស៊ីដង់ សុប៉េរីយ៉ើរ បូឌូវាំង នោះជាការប្រសើរណាស់។

ដូចកាសែតអូពីនីញ៉ុង(Opinion) ស្រុកព្រៃនគរបាននិយាយក្រោយធ្វើបុណ្យនេះមួយថ្ងៃថា យើងគួរបង្ហាញបុណ្យនេះទៅពួកយីពុន(ជប៉ុន)ដែលមកស្រុកយើងពីម្សិលមិញ និងអ្នកប្រទេសដទៃៗដែលត្រូវជាមិត្តតែមិនសូវជិតស្និទ្ធនឹងយើង ឬត្រូវជាខ្មាំងនឹងយើង ដែលរិះគន់យើងអំពីរបៀបរៀបចំស្រុកចំណុះរបស់យើងនោះ ឱ្យអស់មន្ទិលសង្ស័យ ថារាស្ត្រដែលនៅក្នុងអាណាព្យាបាលយើងពិតជាស្រឡាញ់យើង និងស៊ូនឹងយើងប្រាកដមែន។

សេចក្តីដែលយើងឃើញកាលបុណ្យឆ្លងរូបនោះ នាំឱ្យយើងបាត់តូចចិត្តនឹងសេចក្តីបន្ទោសរិះគន់ ដែលមានមកពីប្រទេសក្រៅនិងមកពីស្រុកយើង។ ថ្ងៃ១ មីនា ឆ្នាំ១៩២៥ នេះជាជាថ្ងៃមួយដ៏ល្អប្រពៃចំពោះនគរបារាំងសែស។

(សូមរង់ចាំអានសេចក្តីសន្និដ្ឋាននៅក្នុងភាគបញ្ចប់!)

[១]បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨), នៅក្នុងរាជកិច្ចរាជការ ឆ្នាំ១៩២៥ ទំព័រ១០៥-១០៧។
[២]«ដែលមិនទាន់ដែលមានសោះនៅឡើយ‍‍‍» មានន័យថា ដែលមិនធ្លាប់មានពីមុនមក ពោលគឺរាល់ពិធីបុណ្យនៅប្រទេសកម្ពុជាតែងតែមានវត្តមានព្រះសង្ឃ។
[៣]ក៏តាំងសូត្រធម៌តាមចំណែកខ្លួនឡើង មានន័យថា ក៏តាំងសូត្រធម៌តាមបែបព្រះពុទ្ធសាសនា។
[៤]ទាហានទៀរ៉ៃ្យយ៉ើរ ជាពាក្យបារាំងគឺ Tirailleur ប្រែថាទាហានពិជ័យសង្គ្រាម។
[៥]ផ្លូវប៊ូល្លីវ៉ាមីស(Boulevard Miche) គឺមហាវិថីមីស ដែលយកឈ្មោះតាមលោកសង្ឃរាជកាតូលិកបារាំង
[៦]ប៊ឺស៊ីក្លេត ជាពាក្យបារាំងគឺ Bicyclette ប្រែថាទោចក្រយានឬកង់។

RAC Media





2019-06-24 08:09:26   ថ្ងៃចន្ទ, 24 មិថុនា 2019 ម៉ោង 03:09 PM
«ឱកាសអភិវឌ្ឍជំនាញបន្ថែម និងការងារ ពីរាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បងប្អូនសាធារណជនទូទៅ ដែលមានបងប្អូនសាច់ញាតិ មិត្តភ័ក្តិ ជាពិសេស និស្សិតដែលបានបញ្ចប់ការសិក្សាឯកទេសផ្នែកឯកទេសចំណីអាហារ សូមជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវការជ្រើសរើសបេក្ខនារី ២(ពីរ)នាក់ ដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យកសិកម្មនៃប្រទេសយើង។

បេក្ខនារី នឹងទទួលបានឱកាសការងារប្រាក់ខែសមរម្យ នៅរាជបណ្ឌិត្យសភាកម្ពុជា និងទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមលើផ្នែកគុណភាពទឹកដោះគោ ដោយឥតគិតថ្លៃ។

អាស្រ័យហេតុនេះ សូមបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជា ដោយផ្ទាល់ ឬ ទំនាក់ទំនង តាមលេខទូរសព្ទ ០៩៧ ៦៧៦០ ១៦៨ ឬ ០១២ ៨២ ៤៤ ៨១។

សូមអរគុណ។

2019-06-21 05:11:09   ថ្ងៃសុក្រ, 21 មិថុនា 2019 ម៉ោង 12:11 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

កាលពីរសៀល ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០៥ពាក្យ ដូចខាងក្រោម៖


RAC Media


2019-06-20 13:57:12   ថ្ងៃព្រហស្បតិ៍, 20 មិថុនា 2019 ម៉ោង 08:57 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក