Royal Academy of Cambodia
នៅវេលាម៉ោង៩:០០នាទីព្រឹកថ្ងៃសុក្រ៩កើតខែស្រាពណ៌ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បន្ទប់ប្រជុំ សម្តេចសង្ឃ ជួន ណាត នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិកានៃរាជបណ្ឌិត្យ សភាកម្ពុជាបានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ជាប្រធាន និងអនុប្រធាន រួមមាន៖ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ឯកឧត្តមបណ្ឌិត សន ពៅ ឯកឧត្តមបណ្ឌិត ស៊ុ ឈុំឡុង ឯកឧត្តមបណ្ឌិត ប៊ី សុខគង់ និងថ្នាក់ដឹកនាំដែលជាតំណាងខាងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ ព្រមទាំងមន្ត្រីមួយចំនួនរបស់រាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចប្រជុំនេះបានពិនិត្យទៅលើការអនុវត្តការងារមួយចំនួនដែលមានរបៀបវារ:ចម្បងចំនួន០៣សំខាន់ៗ ក្នុងនោះមាន (១). បញ្ហាទំនើបកម្មកម្មវិធីសិក្សាភាសាវិទ្យា(២). អនាគតគណ:កម្មការភាសាវិទ្យានៅទីស្តីការគណ:រដ្ឋមន្រ្តី (៣).បញ្ហាការអនុវត្តគោលនយោបាយ និងបញ្ហាផ្សេងៗ។ នៅក្នុងដំណើរណើរនៃកិច្ចប្រជុំ បានរំលេចចេញខ្លឹមសារចំនួន២បានយកមកជជែក និងសម្រេចលទ្ធផល ក្នុងរួមនោះមាន៖
-ការបណ្តុះបណ្តាលភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពជា និង
-ការអនុវត្តគោលនយោបាយភាសាខ្មែរ។
ជាលទ្ធផល អង្គប្រជុំទាំងមូលបានសម្រេចដូចខាងក្រោម៖
-ប្រធានមុខវិជ្ជាភាសាវិទ្យា(នៃផ្នែកបណ្តុះបណ្តាល) ត្រូវធ្វើការសម្របសម្រួលជាមួយប្រធានផ្នែក នឹងប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ចំពោះការបណ្តុះបណ្តាលជំនាញនេះ។
-ត្រូវលើកទឹកចិត្តក្នុងការបណ្តុះបណ្តាលភាសាវិទ្យាតាមរយៈ«រៀនផងធ្វើការផង» On the job training។
-លើកទឹកចិត្តឱ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីតាមក្រសួងផ្សេងដែលមានឧប្បនិស្ស័យសិក្សាមុខវិជ្ជានេះ។
-ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងជួយក្នុងការផ្តល់ពត៌មានរបស់សាស្ត្រាចារ្យដែល មានជំនាញ ដល់ផ្នែកបណ្តុះបណ្តាលនៃរាជបណ្ឌិត្យសភាកម្ពុជា
-ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវពិនិត្យសន្ទានុក្រមតាមក្រសួងនានាដែលបានស្នើ
-ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវធ្វើកិច្ចសហប្រតិកបត្តិការជាមួយបណ្តាក្រសួង នានាដែលរៀបចំសទ្ធានុក្រម
-ក្រុមប្រឹក្សាជាតិភាសាខ្មែរត្រូវជម្រុញអនុក្រឹតស្តីពីការពិនិត្យនិងកែសម្រួល ចំពោះស្លាកសញ្ញាពាណិជ្ជកម្មនានា
-ជម្រុញឱ្យមានការបញ្ជ្រាបព័ត៌មានតាមបណ្តាញហ្វេសប៊ុក (Facebook page) ក៏ដូចជាចូលរួមផ្សព្វផ្សាយព័ត៌មានសមិទ្ធផលនានាតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
បន្ថែមលើសនោះទៀត អង្គប្រជុំក៏បានសម្រេចការងារជូនដល់សមាសភាពថ្នាក់ដឹកនាំចំនួន០២រូបនៅក្រុមប្រឹក្សាជាតិភាសារខ្មែរដើម្បីចូលរួមទទួលបន្ទុក រួមមាន៖
១. ឯកឧត្តមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.)ជាអ្នកទទួលបន្ទុកទំនាក់ទំនងជាមួយក្រសួងដែលធ្វើសទ្ទានុក្រុម និង
២. ឯកឧត្តម ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសារខ្មែរ(ក.ជ.ភ.ខ.)ត្រូវមានសិស្សជំនិតដើម្បីបង្រៀនក៏ដូចជាការផ្ទេរបទពិសោធន៍និងចំណេះដឹងនានាដើម្បីចូលរួមផងដែរ។
RAC Media
នៅថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង៣០នាទីព្រឹក នៅអគារ E (បន្ទប់ប្រជុំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា)នៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំ ពិធីការពារគម្រោងលម្អិតនិក្ខេបបទថ្នាក់បណ្ឌិត ជូន៖
-បេក្ខជន៖ ម៉ឹល ផូ
-មុខជំនាញ៖ វិទ្យាសាស្រ្តសេដ្ឋកិច្ច (ជំនាន់ទី២ វគ្គ១)
-ប្រធានបទ៖ «កត្តាជោគជ័យសម្រាប់សហគ្រិនកម្ពុជា»
-សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត ឆេង វណ្ណារិទ្ធ
ជាលទ្ធផល គណៈកម្មាការវាយតម្លៃ បានសម្រេចឯកភាពឱ្យ បេក្ខជនបណ្ឌិត ម៉ឹល ផូ ជំនាន់ទី២ វគ្គ១ទទួលជោគជ័យក្នុងការពារគម្រោងលម្អិតនិក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្លួន។
RAC Media
ប្រភព៖ សេង មាន មន្ត្រីផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «គំនិត ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាស៊ាន ឈរលើគោលការណ៍ការរីកចម្រើនសេដ្ឋកិច្ច ដោយតម្រូវឱ្យមានការរួមដៃគ្នាជាជាងប្រកួតប្រជែងដើម្បីយកឈ្នះចាញ់ ហើយប្រទេសនៅអាស៊ីត្រូវពង្រឹងខ្លួនឯងឱ្យរឹងមាំដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន»។
ភ្នំពេញ៖ «ប្រទេសក្នុងទ្វីបអាស៊ី មិនត្រូវផ្ញើជោគវាសនារបស់ខ្លួននៅលើប្រទេសណាមួយនោះទេ គឺត្រូវតែខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង ដើម្បីអាចសម្រេចចិត្តលើជោគវាសនាជាតិសាសន៍ខ្លួន» នេះជាឃ្លាដែលឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើង ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកសន្និសីទអន្តរជាតិ ស្ដីពី «កម្ពុជានិងតំបន់និយមអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក» រៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការសហការជាមួយនឹងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងគោលគំនិត «ឥណ្ឌូ-ប៉ាស៊ីហ្វិក» ឯកឧត្ដមបណ្ឌិតលើកឡើងថា វាជាគោលគំនិតរបស់អាស៊ាន ពោលគឺប្រទេសឥណ្ឌូនេស៊ី ដែលតែងតែបានលើកឡើងជាញឹកញាប់ ហើយបច្ចុប្បន្ន គំនិតនេះបានក្លាយទៅជាផ្លូវការ ដូចដែលឃើញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នៅប្រទេសថៃ ដែលបានលើកឡើងអំពីទស្សនៈវិស័យអាស៊ានចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ។
ឯកឧត្ដមបណ្ឌិត គូសបញ្ជាក់បន្ថែមថា ប្រទេសនៅអាស៊ីគួរតែលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មនៅក្នុងតំបន់ ព្រោះថា ប្រទេសជាសមាជិកទាំង១០ នៃអាស៊ានរួមជាមួយនឹងប្រទេស៦ (ប្រាំមួយ) ផ្សេងទៀត ដែលមានអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ បានព្រមព្រៀងគ្នារួចហើយក្នុងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ ដែលចំណុចនេះអាចបញ្ជាក់បានថា ប្រទេសអាស៊ានទាំងអស់ ឬប្រទេសក្នុងទ្វីបអាស៊ី មិនគួរផ្ញើជោគវាសនារបស់ខ្លួនតែទៅលើប្រទេសណាមួយនោះទេ ពោលគឺគួរតែប្រឹងប្រែងរស់ដោយខ្លួនឯង ឬ ត្រូវប្រឹងខ្លួនឯងឱ្យមានភាពខ្លាំងក្លាជាងនេះ។
ភាពរឹងមាំនៃការកសាងសហគមន៍អាស៊ាន គឺពឹងផ្អែកលើការពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការសម្របគោលនយោបាយអភិវឌ្ឍន៍ថ្នាក់ជាតិ ឱ្យស្របនឹងរបៀបវារៈនៃការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ដើម្បីទទួលបានអត្ថប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ហើយខ្ញុំគិតថា នៅតំបន់អាស៊ានមានការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ដូចជា សហរដ្ឋអាម៉េរិក រុស្ស៊ី សហគមន៍អឺរ៉ុប និងចិន ដោយសារប្រទេសអាស៊ានមិនមានឆ្អឹងខ្នង ដើម្បីដោះស្រាយបញ្ហានានា ហើយដោយសារអាស៊ានមានភាពទន់ខ្សោយ និងមិនមានឯកភាពផ្ទៃក្នុង ដែលធ្វើឱ្យប្រទេសមហាអំណាចងាយស្រួលក្នុងការជ្រៀតជ្រែកចូលក្នុងរដ្ឋសមាជិកអាស៊ាន។ អាស៊ានមានមហាអំណាចនៅពីក្រោយខ្នងរាងខ្លួន ដែលជាហេតុធ្វើឱ្យអាស៊ានពិបាកក្នុងការសម្រេចចិត្តនានាមួយចំនួនដែលទាក់ទងនឹងប្រយោជន៍មហាអំណាច។
បើតាមឯកឧត្ដមបណ្ឌិត អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ប្រទេសជាសមាជិកអាស៊ាន ត្រូវរៀបចំគោលនយោបាយដែលមានលក្ខណៈ បុរេសកម្ម (Proactive) ដោយសារជាធម្មតាសេដ្ឋកិច្ចអាស្រ័យនឹងនយោបាយ ហើយបើសិនជាប្រទេសមហាអំណាចចង់បាននយោបាយអ្វីមួយ គេនឹងដាក់សម្ពាធសេដ្ឋកិច្ចទៅលើប្រទេសដែលគេចង់បាននោះ ហើយនេះជាចំណុចដែលបញ្ជាក់ថា ប្រទេសនីមួយៗត្រូវតែមាននយោបាយការបរទេសបែបចម្រុះពណ៌ ព្រោះថាគេមិនអាចមានទំនាក់ទំនងជាមួយប្រទសតែមួយនោះទេ ដោយហេតុថា ផលវិបាកជាច្រើនអាចនឹងកើតមានសម្រាប់ប្រទេសដែលមានអរិភាពនឹងគ្នា។
RAC Media
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការសហការជាមួយនឹងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពី «កម្ពុជានិងតំបន់និយមអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់អ្នកជំនាញអញ្ជើញមកពីបណ្ដាស្ថាប័នសិក្សាស្រាវជ្រាវ សាកលវិទ្យាល័យ និងស្ថាប័នជាច្រើនទៀត មកពីប្រទេសអូស្ត្រាលី វៀតណាម ទីម័រខាងកើត សិង្ហបុរី អាល្លឺម៉ង់ ចិន សហរដ្ឋអាម៉េរិក និងកម្ពុជា។
សន្និសីទអន្តរជាតិដ៏មានសារៈសំខាន់នេះ ត្រូវបានអញ្ជើញ ថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងសុន្ទរកថាបើកកម្មវិធីដោយបណ្ឌិត Daniel Schmucking នាយកមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្លែងសុន្ទរកថាគន្លឹះបើក ដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាតំណាងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងសន្និសីទអន្តរជាតិខាងលើនេះ មានកិច្ចពិភាក្សាគ្នាចំនួន ៣វគ្គ និងការធ្វើបទបង្ហាញទៅលើប្រធានបទចំនួន១១ ដោយចែកចេញជា៣វគ្គពិភាក្សា ដូចខាងក្រោម៖
១. កិច្ចពិភាក្សាវគ្គទី១៖ «អាស៊ាននិងកម្ពុជា-ប្រវត្តិសាស្ត្រ ការវិវឌ្ឍ គោលដៅ និងទស្សនវិស័យ»
២. កិច្ចពិភាក្សាវគ្គទី២៖ «អាស៊ាន-ផលប្រយោជន៍រួម និងទម្រង់នៃសហប្រតិបត្តិការក្នុងអាស៊ាន និងក្រៅពីអាស៊ាន»
៣. កិច្ចពិភាក្សាវគ្គទី៣៖ «តំបន់និយមអាស៊ានក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក»
សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានីមួយៗ វាគ្មិនកិត្តិយសជាតិ និង អន្តរជាតិ យ៉ាងតិច ៣រូប បានលើកយកប្រធានបទសំខាន់ៗ មកបង្ហាញ្ និងបន្តដោយការពិភាក្សា និង ការបកស្រាយនូវចម្ងល់របស់អ្នកចូលរួមយ៉ាងផុសផុល។
កម្មវិធីសន្និសីទអន្តរជាតិនេះ រៀបចំឡើងពេញមួយថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
កាលពីរសៀល ថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន០៥ពាក្យ ដូចខាងក្រោម៖
RAC Media
ដើមត្នោតជាអត្តសញ្ញាណនៃទេសភាពទឹកដីរបស់ខ្មែរ ដោយស្ទើរគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ រួមទាំងអតីតទឹកដីរបស់ខ្មែរផង សុទ្ធសឹងមានអត្ថិភាពដើមត្នោតដុះនៅ។ ដោយតម្លៃនៃអត្តសញ្ញាណវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្រ្តធម្មជាតិ ដើមត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិសម្រាប់និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភេទរុក្ខជាតិនេះបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដោយត្រូវប្រជាពលរដ្ឋខ្មែរប្រើជាប្រយោជន៍ច្រើនយ៉ាង តាំងពីគល់រហូតដល់ស្លឹក មានជាអាទិ៍ ដើមត្នោតត្រូវគេប្រើធ្វើទូក ធ្វើក្តារផ្ទះ រនូតផ្ទះ, ផ្លែត្នោតទុំឬខ្ចីប្រើសម្រាប់ធ្វើនំឬបង្អែម, គមត្នោតត្រូវប្រើធ្វើជាបន្លែសម្ល, ទឹកប្រើធ្វើជាស្ករ និង ស្លឹកប្រើធ្វើជា មួក កន្ទេល ផ្លិត គ្រឿងវេចខ្ចប់ ដំបូលផ្ទះ ជញ្ជាំងផ្ទះ ។ល។
នៅជាងមួយទសវត្សរ៍ចុងក្រោយនេះ អត្ថប្រយោជន៍របស់ត្នោត បានឈានទៅរករូបភាពថ្មីផ្សេងទៀតគឺ ការផលិតជាវត្ថុសម្ភារៈសម្រាប់តុបតែងលម្អនិងសម្រាប់ប្រើប្រាស់មុខការផ្សេងៗ។
តើដើមត្នោត មានប្រយោជន៍យ៉ាងណាខ្លះទៀត ក្រៅពីអ្វីដែលបានបង្ហាញជូនខាងលើ?
អត្ថបទរបស់លោកស្រី ម៉ិល វាសនា នឹងលើកយកខ្លឹមសារពីការធ្វើសម្ភាសមួយជាមួយម្ចាស់សិប្បកម្ម សាន ពៅ សិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងៗពីដើមត្នោត ដែលស្ថិតនៅក្នុងភូមិបឹងឈូក ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងនោះដែរ ក៏មានលើកយកនូវបទវិភាគពីទស្សនទានផ្សេងគ្នាទៅលើការកែច្នៃដើមត្នោតនេះផងដែរ។
សេចក្តីលំអិត សូមទាញយកអត្ថបទមកអាន តាមតំណខាងក្រោម៖
http://rac.gov.kh/royal-academy/research/attachments/original/124.pdf?1564137258
RAC Media
នៅរសៀល ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០៤ពាក្យ ដូចខាងក្រោម៖
RAC Media
កាលពីរសៀល ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន០៤ពាក្យ ដូចខាងក្រោម៖
RAC Media
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំរួមមួយរវាងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនិងមន្ត្រីរាជការតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធនានានៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំរួមនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលនិងទទួលយកទស្សនៈ និងគំនិតថ្មីៗ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ដើម្បីរួមគ្នាជំរុញដល់វឌ្ឍនភាពនៃដំណើការប្រព្រឹត្តទៅរបស់ស្ថាប័នស្រាវជ្រាវជាតិខ្ពស់ជាតិមួយនេះ។
ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងណែនាំឱ្យមានការជជែកនិងលើកឡើងនូវទស្សនៈ និងការយល់ឃើញរបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឱ្យបានទូលំទូលាយ ដើម្បីជាការចូលរួមចំណែកជាទស្សនទានថ្មីក្នុងដំណើរការស្រាវជ្រាវ បណ្ដុះបណ្ដាល និងការអភិវឌ្ឍស្ថាប័ន។
ក្នុងនោះផងដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធាន បានជំរុញឱ្យមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាព និងឆន្ទៈនៅក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីបុព្វហេតុប្រទេសជាតិ និងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ជាតិមួយនេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា៖ «វាដល់ពេលហើយ ដែលមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចាប់ផ្ដើមជួយជាតិ និងស្ថាប័នឱ្យបានកាន់តែច្រើនថែមទៀត។»
លើសពីនេះទៅទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានព្រមាននឹងចាត់រាល់វិធានការទាំងឡាយ ចំពោះរាល់មន្ត្រីដែលអសកម្ម ឬអសមត្ថភាពនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា ដែលអាចធ្វើឱ្យរាំងស្ទះដំណើរការប្រព្រឹត្តឆ្ពោះទៅមុខរបស់ស្ថាប័ន។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា៖
«សម្រាប់មន្ត្រីដែលអសមត្ថភាព មិនថាប្រធានវិទ្យាស្ថាន ឬប្រធានរាជបណ្ឌិត្យសភាកម្ពុជាទេ គឺមានសិទ្ធិក្នុងការចាត់វិធានការ និងអារកាត់ ដើម្បីឱ្យការងាររបស់ស្ថាប័នដំណើរការទៅប្រកបដោយប្រសិទ្ធភាព។»
គួរបញ្ជាក់ផងដែរថា ក្រោយពីបានឡើងកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ធ្លាប់បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់មន្ត្រីដែលអវត្តមានច្រើននៅក្នុងស្ថាប័ន ពិសេសមន្ត្រីដែលមានតួនាទី ត្រូវតែប្រើប្រាស់សមត្ថភាពរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍផ្នែកដែលខ្លួនទទួលខុសត្រូវ និងវិទ្យាស្ថានដែលខ្លួនកំពុងបំពេញការងារ។ ក្នុងនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានក្រើនរំឭកម្ដងហើយម្ដងទៀតថា វត្តមាននៅកន្លែងធ្វើការ គឺជាតម្រូវការចាំបាច់ផ្នែករដ្ឋបាល ប៉ុន្តែក្នុងនាមជាមន្ត្រីដែលបម្រើការងារក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ស្នាដៃស្រាវជ្រាវ គឺជាម៉ែត្រដ៏សំខាន់សម្រាប់វាស់វែងសមត្ថភាពការងាររបស់មន្ត្រី៕
RAC Media | លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ ថ្មីៗនេះ រាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានជាសមិទ្ធផលថ្មីមួយ ដែលជាផលិតផលទឹកដោះគោស្រស់លើកដំបូងរបស់ខ្លួន និងដែលមានសង្វាក់ផលិតកម្មស្ថិតនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។ ទឹកដោះគោ «តេជោសែនឫស្សីត្រឹប» ជាផលិតផលទឹកដោះគោស្រស់ដែលស្ថិតក្នុងដំណាក់កាលជោគជ័យពាក់កណ្ដាលសម្រេច និងទើបតែបានចាប់ផ្ដើមដាក់លក់សាកល្បងនៅក្នុងទីផ្សារក្នុងស្រុក តែចាប់ផ្ដើមមានការទទួលស្គាល់ពីរសជាតិឈ្ងុយឆ្ងាញ់ ដែលជារសជាតិដើមពិតៗ គ្មានសារធាតុបន្ថែមឡើយ។
កន្លងមកនេះ បន្ទាប់ពីក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាននាំយកទឹកដោះគោស្រស់ ១០០ភាគរយ «ទឹកដោះគោតេជោសែន ឫស្សីត្រឹប» ចែកជូនដល់ថ្នាក់ដឹកនាំតាមវិទ្យាស្ថាន និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានភ្លក្សរសជាតិ ទឹកដោះគោស្រស់សុទ្ធនេះ (គ្មានសមាសធាតុបន្ថែម ឬហៅថាទឹកដោះគោអខនិជ)។ ក្រោយពីបានពិសាររួច ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលាន់មាត់ និយាយតគ្នាពីមាត់មួយទៅមាត់មួយ អំពីរសជាតិឆ្ងាញ់ប្លែករបស់ទឹកដោះគោស្រស់នេះ ទៅកាន់បងប្អូន សាច់ញាតិ និងថែមទាំងបានសំណូមពរមកកាន់ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដាក់លក់នៅក្នុងទីផ្សារឱ្យបានឆាប់ៗ ដើម្បីឱ្យប្រជាជនកម្ពុជាដទៃទៀតបានទទួលយកទៅពិសារ និងស្គាល់អំពីរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃទឹកដោះគោស្រស់ដែលគ្មានសារធាតុបន្ថែម។
ដោយទទួលបានការគាំទ្រ ពីសំណាក់អ្នកដែលនិយមពិសារទឹកដោះគោស្រស់ ដែលជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានរៀបចំក្រុមការងារផ្សព្វផ្សាយ និងក្រុមការងារលក់ផ្ទាល់ នៅតាមទីតាំងសំខាន់ៗនានាក្នុងរាជធានីភ្នំពេញ ដោយដំណាក់កាលដាក់លក់សាកល្បងនេះ ក្រុមការងារបានទទួលការបញ្ជាទិញទុកមុន ជាច្រើនសន្ធឹកសន្ធាប់ ចាប់ពី២លីត្រ ៥លីត្រ ១០ លីត្រ និងរហូតដល់ទៅ២០លីត្រ ជាបន្តបន្ទាប់ ដែលទាមទារឱ្យមានការបង្កើននូវទំហំសង្វាក់ផលិតកម្មទឹកដោះគោស្រស់១០០ភាគរយនេះ បន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់លោក លោកស្រី អ្នកនាងកញ្ញា ដែលមានបំណង ជាវផលិតផលទឹកដោះគោ ដែលជាទឹកដោះគោស្រស់១០០ភាគរយ របស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលគ្មានសារធាតុបន្ថែម អាចទាក់ទងមកកាន់លេខទូរស័ព្ទដូចខាងក្រោម៖
លោក ស្រី សីហា ៖ 097 712 3744
កញ្ញា លឹម សុផាន់ម៉ៃ ៖ 096 629 8813
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM