ព័ត៌មាន

«ទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីស្រឡាញ់ បន្តចែករំលែកស្នាមញញឹម» ដោយ៖ សុគន្ធា

រាជបណ្ឌិត្យសភាកម្ពុជាបានបន្តចែកទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីនៃក្តីស្រឡាញ់ ជាមួយស្នាមញញឹមនៅខ័ណ្ឌជ្រោយចង្វារកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដល់សិស្សថ្នាក់ទី៧និងទី៨ ចំនួន៦០នាក់ និង ចែកជូនទៅដល់កុមារកំព្រាដែលកំពុងស្នាក់នៅសមាគមអភិវឌ្ឍន៍គ្រួសារពលីនិងកុមារកំព្រា ដែលស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ចំនួន៥០នាក់។

លោកស្រី អ៊ុក មុនីណារុំ នាយិកាប្រតិបត្តិនៃសមាគមន៍អភិវឌ្ឍន៍គ្រួសារពលី និង កុមារកំព្រាបានឱ្យដឹងថា បច្ចុប្បន្ន សមាគមន៍មានកុមារកំព្រាចំនួន៥០នាក់ ដែលពួកគេទាំងអស់ត្រូវបានបញ្ជូនពីគ្រប់ខេត្តក្រុង អ្នកខ្លះមានតែឪពុក ខ្លះមានតែម្តាយ ខ្លះគ្មានទាំងឪពុកគ្មានទាំងម្តាយ ហើយត្រូវឪពុកម្តាយបោះបង់ចោល ហើយនៅទីនោះក្មេងៗទទួលបានការអប់រំនិងមើលថែយ៉ាងយកចិត្តទុកដាក់។ លោកស្រីបានបន្តថា លោកស្រី មានទឹកចិត្តសប្បាយរីករាយនៅពេលដែលក្មេងនៅទីនោះ សប្បាយជាមួយនឹងការសាករសជាតិទឹកដោះគោស្រស់សុទ្ធ១០០ភាគរយដែលជាផលិតផលរបស់ខ្មែរ ពោរពេញដោយស្នាមញញឹមបែបនេះ។

សូមបញ្ជាក់ផងដែរថា ទឹកដោះគោតេជោសែនឫស្សីត្រឹប គឺជាផលិតផលរបស់ខ្មែរ ដែលកើតចេញពីកិច្ចការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា គោចិញ្ចឹមនៅក្នុងខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា មិនមែនជាផលិតផលនាំចូល ឬ ចិញ្ចឹមដោយជនបរទេសនោះទេ។

ដោយ៖ សុគន្ធា
RAC Media


2019-09-04 04:15:55   ថ្ងៃពុធ, 04 កញ្ញា 2019 ម៉ោង 11:15 AM
«ទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីស្រឡាញ់» ដោយ៖ ម៉ៅ សុគន្ធា

កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបាននាំទឹកដោះគោតេជោសែនឫស្សីត្រឹប ទៅ​ចែក​ជូនដល់សិស្សានុសិស្សថ្នាក់ទី២ដល់ថ្នាក់ទី៦ ចំនួន២១០នាក់ នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយ​ចង្វា ខ័ណ្ឌជ្រោយចង្វា ត្រើយម្ខាងនៃរាជធានីភ្នំពេញ ឱ្យបានសាករសជាតិនិងរីករាយជាមួយនឹងការទទួលទានទឹកដោះគោស្រស់សុទ្ធ១០០%ដែលជាផលិតផលក្នុងស្រុកខ្មែរយើង។

នេះបង្ហាញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ការអប់រំនិងចែករម្លែកក្តីស្រឡាញ់ ទៅកាន់កុមារតូចៗ ដែលកំ​ពុងតែស្ថិតនៅក្នុង វ័យលូតលាស់ ហើយទាមទារចាំបាច់នូវប្រូតេអ៊ីនដើម្បីបំប៉នខួរក្បាល និង ឆ្អឹង។ បើពួកគាត់​(កុមារ)​លូតលាស់ល្អ វៃឆ្លាត ពួកគាត់នឹងក្លាយជាទំពាំងស្នងឫស្សីដែលរឹងមាំរបស់គ្រួសារនិងជាតិ។ ទឹកដោះគោស្រស់តេជោសែនឫស្សីត្រឹប មិនត្រឹមតែជាផលិតផលក្នុងស្រុកប៉ុណ្ណោះទេ តែជាផលិតផលដែលអាចជួយដល់សុខភាពនិងជាពិសេសគឺជួយក្នុងការលូតលាស់របស់កុមារឱ្យបានល្អនិងរឹងមាំថែមទៀតផង។

គួររំលឹកផងដែរថា គិតមកទល់ពេលនេះ នេះជាលើកទី១៧ហើយ ដែលរាជបណ្ឌិត្យសភាកម្ពុជាចែករំលែកទៅដល់កុមារ យុវជន និង មនុស្សម្នាជាច្រើនពាន់នាក់។

សូមបញ្ជាក់ថា ទឹកដោះគោតេជោសែនឫស្សីត្រឹប ដែលផលិតនៅឧទ្យានរាជបណ្ឌិតសភាកម្ពុជាតេជោសែនឫស្សីត្រឹប ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ -ឥលូវមានដាក់លក់នៅលើទីផ្សារហើយ។

RAC Media


2019-09-03 07:45:39   ថ្ងៃអង្គារ, 03 កញ្ញា 2019 ម៉ោង 02:45 PM
«ពិធីសែនព្រេនសង់សំណង់បុស្បុកព្រះនាងឥន្ទ្រទេវី»

នៅព្រឹក ថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ ២០១៩ ក្រុមការងារសិតរូបព្រះនាងឥន្ទ្រទេវី និងសរសេររបាយការណ៍អគារឥន្ទ្រទេវីបានរៀបចំពិធីសែនព្រេនសង់សំណង់បុស្បុកព្រះនាងឥន្ទ្រទេវី នៅទីធ្លាខាងមុខអគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជាដើម្បីសុំសេចក្តីសុខ និងសូមឱ្យប្រកបដោយភាពជោគជ័យក្នុងការបើកការសាងសង់សំណង់បុស្បុក ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។ សំណង់បុស្បុកនឹងសង់នៅខាងមុខអគារឥន្ទ្រទេវីឆៀងខាងជើង។ សំណង់បុស្បុកនេះមានទំហំបាត ៩ម៉ែត្រក្រឡា និងកម្ពស់៩ម៉ែត្រ។ កិច្ចការសាងសង់នោះនឹងបញ្ចប់ជាស្ថាពរនៅពាក់កណ្ដាលខែវិច្ឆិកា មុនកម្មវិធីសម្ពោធន៍អគារឥន្ទ្រទេវី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ខាងមុខនេះ។

បន្ទាប់ពីបញ្ចប់កិច្ចពិធីសែនព្រេន ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅពិនិត្យមើលការសាងសង់និងប៉ាន់រូបព្រះនាងឥន្ទ្រទេវី នៅការដ្ឋានរបស់លោក សុផុន សំខាន់ ព្រឹទ្ធបុរសរងមហាវិទ្យាល័យសូនរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលលោកជាជាងសិតរូប និងសំណង់បុស្បុករបស់ព្រះនាងឥន្ទ្រទេវី ដែលមានទីតាំងស្ថិតនៅជិតផ្សារឈូកមាសភ្នំពេញថ្មី។ 

គួររំឭកដែរថា សំណង់បុស្បុក និងរូបបដិមាព្រះនាងឥន្ទ្រទេវីធ្វើពីស្ពាន់ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍ។ មកដល់ពេលនេះ ការប៉ាន់រូបព្រះនាងឥន្ទ្រទេវីបានរួចរាល់ និងបន្តចាក់ពុម្ព ដើម្បីត្រៀមនឹងសិតរូបស្ពាន់នៅក្នុងកម្មវិធីសិតបដិមាព្រះនាងឥន្ទ្រទេវី ដែលគ្រោងនឹងរៀបចំឡើងនៅមុខអគារ«ឥន្ទ្រទេវី» រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media | តាកេត ស័កដា

RAC Media


2019-09-01 05:18:38   ថ្ងៃអាទិត្យ, 01 កញ្ញា 2019 ម៉ោង 12:18 PM
ពាក្យថា«ជាតិនិយម» ពលរដ្ឋត្រូវតែបញ្ជាក់ចេញជាសកម្មភាពផ្ទាល់ មិនមែនត្រឹមតែនៅលើបបូរមាត់នោះទេ..

ភ្នំពេញ៖ ជាទូទៅ នៅពេលណាដែលគេនិយាយអំពីពាក្យថាស្នេហាជាតិឬជាតិនិយម មានប្រជាជនកម្ពុជាមិនតិចទេ ដែលលើកដៃ ស្រែកគាំទ្រ និងអះអាងពីការចូលរួម ប៉ុន្តែ «មនសិការស្នេហាជាតិពិតប្រាកដ វាទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា» នេះជាការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលបានថ្លែងក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ។

ដោយធ្វើការឆ្លើយតបទៅនឹងបញ្ហាធ្លាក់ថ្លៃតម្លៃកសិផលខ្មែរ ដែលនាំឱ្យកសិករដែលខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារមកប្រកបមុខរបរកសិកម្មនេះជួបវិបត្តិបំណុល និងដែលមានមនុស្សមួយចំនួនបានប្រៀបធៀបកសិផលខ្មែរមានតម្លៃថោក បើប្រៀបធៀបនឹងតម្លៃកសិផលប្រទេសជិតខាងនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា «សូមឱ្យពលរដ្ឋកម្ពុជាចូលរួមប្រើប្រាស់ផលិតផលរបស់ខ្មែរ។ បើយើងមិនរួមគ្នាប្រើប្រាស់ផលិតផលរបស់ខ្មែរទេ យើងមិនអាចធ្វើអ្វីសម្រាប់ខ្មែរបាននោះទេ។»

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ក្រើនរំឭកប្រជាពលរដ្ឋកម្ពុជាឱ្យកត់សម្គាល់និងចងចាំយ៉ាងដូច្នេះថា៖ «មហាសេដ្ឋីកូរ៉េខាងត្បូង គេមកស្រុកខ្មែរ គេផឹក សូជូ (ស្រារបស់កូរ៉េ) គេអត់ផឹកវីស្គីទេ គេមិនផឹក Henessy នោះទេ។ ឯជប៉ុនគេផឹក សាកេ ទោះបីជាគេមានយ៉ាងណាក៏ដោយ។ ហើយប៉ោមរបស់ចិន ដឹកចូលជប៉ុន តម្លៃតែ១ដុល្លារទេ ប៉ុន្តែគេហូបប៉ោមជប៉ុនដែលមានតម្លៃ៤ដុល្លារ។ មោទកភាពជាតិខ្មែរ តើនរណាមួយបកចេកអំបូងញ៉ាំ? តើនរណាមួយផឹកទឹកដូង? បើខ្មែរផឹកទឹកដូងតែម្នាក់១ផ្លែ ក៏១៨លាននាក់ត្រូវការ១៨លានផ្លែដែរ ប៉ុន្តែខ្មែរផឹកអី? Coca Cola, Fanta តើនេះជាមោទកភាពជាតិខ្មែរ?»។

ជាការបន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា បច្ចុប្បន្នយុវជនខ្មែរបានក្លាយទៅជាអ្នកផ្សព្វផ្សាយផលិតផលឱ្យគេ(បរទេស)ទៅទៀត ដែលគេប្រើពាក្យថា «ក្មេងជំនាន់ក្រោយដែលស៊ីវិល័យ គេផឹកកាហ្វេម៉ាកសញ្ញាបរទេសហើយថតបង្ហាញ» តែគ្មាននរណាម្នាក់ផឹកទឹកដូងរួចថតបង្ហាញថាខ្លួនឯងផឹកទឹកដូងខេត្តកំពត ខ្ញុំហូបទុរេននៅខេត្តនេះ ខ្ញុំហូបក្រូចពោធិ៍សាត់នៅខេត្តបាត់ដំបង។ អត់មាននោះទេ គឺមានតែយួរកាហ្វេគេបង្ហាញ កាន់ហាំប៊ឺហ្គ័របង្ហាញ។ ទាំងអស់នេះហើយ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានចោទជាសំណួរទៅកាន់វេទិកាទាំងមូលថា «តើឱ្យយើងជួយដោយរបៀបណា?»។

ជាចុងក្រោយ ចំពោះករណីបញ្ហាធ្លាក់ថ្លៃស្រូវរបស់កម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យបានផ្ដល់នូវអនុសាសន៍ជាគន្លឹះថា «នៅថ្ងៃអនាគត កម្ពុជាមានភាពចាំបាច់ ត្រូវប្រែក្លាយផលិតផលស្រូវរបស់កម្ពុជាឱ្យក្លាយទៅជាផលិតផលសម្រេចចំនួន ៥ប្រភេទផ្សេងៗគ្នាដែលមិនមែនជាស្រូវ ដើម្បីបង្ការចំពោះការធ្លាក់ថ្លៃស្រូវរបស់កម្ពុជា»។ ប្រការនេះ វាទាមទារឱ្យមានការសិក្សាស៊ីជម្រៅ និងកំណត់នូវទស្សនវិស័យបន្ថែម ពិសេសគឺការគាំទ្រគោលនយោបាយពីរាជរដ្ឋាភិបាលបន្ថែម និងជាពិសេសការចូលរួមពីវិស័យឯកជន ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងការគាំទ្រផលិតផលជាតិ ដើម្បីឱ្យសម្រេចបាននូវគោលបំណងនេះ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2019-08-29 13:47:42   ថ្ងៃព្រហស្បតិ៍, 29 សីហា 2019 ម៉ោង 08:47 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ សូមអ្នកនយោបាយកុំយកអ្វីដែលជាការមិនពិត មកធ្វើជារលកនយោបាយ

ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានប្រព្រឹត្តឡើងនៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងបកស្រាយអំពីការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលដែលតាមរយៈរបាយការណ៍របស់ខ្លួន បានចេញផ្សាយដោយវាយតម្លៃនិងធ្វើការសន្និដ្ឋានថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានធ្វើឱ្យប្រជាជនកម្ពុជារងគ្រោះបាត់បង់ដីធ្លី ថាជាការលើកឡើងដោយខ្វះការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៣ គេបានឮពាក្យដែលអ្នកនយោបាយខ្សឹបតៗគ្នាប្រាប់ប្រជាជនថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារ គឺជារបស់រដ្ឋ ហើយនៅពេលដែលគេឈ្នះឆ្នោត គេនឹងជួយសងបំណុលឱ្យប្រជាជន» ដែលនេះគឺជាការឃោសនាបែបកេងចំណេញនយោបាយ ដោយបង្កើតរលកនយោបាយនៅកម្ពុជា។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ នៅពេលថ្មីៗនេះ បញ្ហាប្រឈមដែលប្រជាជនមួយចំនួនតូចបានធ្លាក់ខ្លួនជំពាក់បំណុលវ័ណ្ឌក រហូតដល់ប្រជាជនខ្លះត្រូវបាត់បង់ដីធ្លី ត្រូវបានមនុស្សមួយក្រុមដែលមាននិន្នាការនយោបាយ យកធ្វើជាឧបករណ៍សម្រាប់បង្កើតរលកនយោបាយ។

បើតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវដំណាក់កាលទីពីរ ទៅលើស្ថានភាពមីក្រូហិរញ្ញវត្ថុនៅកម្ពុជា របស់ក្រុមស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញថាប្រជាជនខ្លះបានខ្ចីថវិកាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅប្រកបរបរកសិកម្ម ប៉ុន្តែបែរជាបានយកថវិកាទៅប្រើប្រាស់ខុសពីគោលដៅទៅវិញ ហើយលទ្ធផលគឺដូចអ្វីដែលមីក្រូហិរញ្ញវត្ថុបានលើកឡើងគឺមានកម្ចីខូចតែ១%ប៉ុណ្ណោះ ចំណែកឯការប្រាក់ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់យកពីពលរដ្ឋ គឺមិនខុសពីអ្វីដែលរដ្ឋបានដាក់ពិដានការប្រាក់នោះទេ ដោយមានករណីមួយចំនួនតូចប៉ុណ្ណោះដែលលើសពិដានក្នុងទំហំតិចតួច។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមថា គេមិនត្រូវយកករណីមនុស្សត្រឹមតែ២៨នាក់ មកធ្វើការវាយតម្លៃនិងសន្និដ្ឋាននោះទេ គេត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅនិងលម្អិតបន្ថែមទៀត ប្រសិនបើអ្នកខ្ចីដែលបរាជ័យមានត្រឹមតែ១% នោះគេមិនអាចវាយតម្លៃលើវិស័យមីក្រូហិរញ្ញវត្ថុបាននោះទេ ប៉ុន្តែប្រសិនបើពលរដ្ឋជាអតិថិជនមានបញ្ហាលើសពី៥០% នោះវាទើបជាបញ្ហា ហើយក្នុងករណីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវតែធ្វើការពិចារណា ព្រោះប្រសិនបើប្រជាជនជាអតិថិជនជួបប្រទះនឹងបញ្ហាជីវភាព នោះវាគឺជាបញ្ហាដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះត្រូវប្រឈមផងដែរ។

ទោះជាយ៉ាងនេះក្ដី ឯកឧត្ដមបណ្ឌិតសភាចារ្យបានបកស្រាយអំពី ហេតុផលសំខាន់ៗ ដែលនាំឱ្យប្រជាពលរដ្ឋមួយចំនួនតូចខកខានមិនអាចមានលទ្ធភាពសងបំណុលទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងត្រូវបាត់បង់ទ្រព្យសម្បត្តិដូចខាងក្រោម៖

- ប្រជាជនមួយចំនួនបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ដោយមិនមើលលទ្ធភាពចំណូលក្នុងការសង និងបានខ្ចីយកទៅប្រើប្រាស់ខុសគោលដៅដែលបានដាក់ស្នើសុំកម្ចី

- បញ្ហាធម្មជាតិ ដូចជាគ្រោះរាំងស្ងួត

- ប្រភពកម្ចីក្រៅប្រព័ន្ធ

- ពលរដ្ឋខ្វះជំនាញ ហើយផលិតផលខ្វះទីផ្សារ

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៨ ក្រុមស្រាវជា្រវនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវដោយស៊ីជម្រៅទៅលើបញ្ហាមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយបានសិក្សាទៅលើប្រជាជនដែលជាអ្នកជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣ពាន់នាក់ ហើយបានរកឃើញនូវបញ្ហាប្រឈម និងដាក់ជូននូវធាតុចូលនានាជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទីមួយរួចម្ដងមកហើយ។ បច្ចុប្បន្ន ក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងសិក្សាស្រាវជ្រាវដំណាក់កាលទីពីរបន្ថែមទៀត ដើម្បីតាមដានស្ថានភាពដំណើរប្រព្រឹត្តទៅនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីកំណត់បន្ថែមនូវបញ្ហាប្រឈម និងយុទ្ធសាស្ត្រក្នុងជំរុញឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជាមានដំណើរការកាន់តែប្រសើរដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ៕

RAC Media

2019-08-28 13:56:50   ថ្ងៃពុធ, 28 សីហា 2019 ម៉ោង 08:56 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »

នៅរសៀល ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០៤ពាក្យ៖

RAC Media


2019-08-21 16:46:32   ថ្ងៃពុធ, 21 សីហា 2019 ម៉ោង 11:46 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា...»

នៅរសៀល ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យាបានចំនួន០៤ពាក្យ ដូចខាងក្រោម៖

RAC Media


2019-08-20 13:56:58   ថ្ងៃអង្គារ, 20 សីហា 2019 ម៉ោង 08:56 PM
ការបិទបាំងព័ត៌មានមិនល្អ មិនអាចជួយសេដ្ឋកិច្ចចិនទេ ដោយ៖ ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន

(រូបភាពពី Asian Nikkei Review)

Asiannikkei បានចុះផ្សាយ ៧ សីហា ២០១៩ ថាការបិទសិទ្ធិសេរីភាពព័ត៌មាន នឹងមិនអាចជួយសេដ្ឋកិច្ចចិនបានទេ ដោយអះអាងថា សេដ្ឋកិច្ចត្រូវការព័ត៌មានត្រឹមត្រូវច្បាស់លាស់។ ក្នុងអត្ថបទដែលបានចុះផ្សាយថាប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ដែលត្រូវគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយរដ្ឋាភិបានចិនបានចុះផ្សាយពីវឌ្ឍនកិច្ចរបស់សេដ្ឋកិច្ចចិន ដែលផ្ទុយពីតថភាពបច្ចុប្បន្ន ដែលប្រទេសចិនកំពុងប្រឈមនឹង សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉រិក ដែលបណ្តាលកំណើនសេដ្ឋកិច្ចចិនកំពុងថយចុះ។

បើយើងនិយាយអំពីព័ត៌មានក្នុងសេដ្ឋកិច្ច អ្នកប្រាជ្ញសេដ្ឋកិច្ច ដូចជា Stiglitz និង Akerlof ជាអ្នកដែលបង្ហាញពីទ្រឹស្តីភាពមិនស៊ីសង្វាក់នៃព័ត៌មាន (Information Asymmetry) រវាងអ្នកលក់និងអ្នកទិញក្នុងទីផ្សារសេដ្ឋកិច្ច។ Akerlof បានបកស្រាយថា អ្នកទិញមិនអាចដឹងពីគុណភាពរបស់ឡាន១ទឹក (Lemon Car) ដូចនេះគាត់អាចចាញ់បោកអ្នកលក់។ ដោយសារហេតុនេះ Adverse selection បាន បណ្តាលឱ្យខូចឈ្មោះដល់អ្នកលក់ឡានគុណភាពល្អត្រឹមត្រូវ និងជាចុងក្រោយនឹងធ្វើឱ្យរលំទីផ្សារតែ ម្តង។ តើការបិទបាំងពីព័ត៌មានពីសង្គ្រាមពាណិជ្ជកម្មរបស់សារព័ត៌មានចិន នឹងធ្វើឱ្យសេដ្ឋកិច្ចចិនរលំដែរឬទេ?

វាហាក់ដូចជាចម្លែកក្នុងការសួរសំណួរខាងលើ។ ប៉ុន្តែប្រធានបទត្រូវបានលើកដោយ Asiannikkei។ ការវិភាគ បានឱ្យដឹងថា សេដ្ឋកិច្ចនឹងថយ ១% ពីសង្គ្រាមពាណិជ្ជកម្ម និងមិនបណ្តាលឱ្យប៉ះពាល់ដល់ទម្រង់សេដ្ឋកិច្ចណាមួយរបស់ចិនឡើយ។ យើងឃើញថា Demand Side របស់សេដ្ឋកិច្ចមាន ការប្រើប្រាស់ វិនិយោគ ចំណាយរដ្ឋាភិបាល ការនាំចេញ ដកការនាំចូល។ ទីផ្សាររបស់ទំនិញចិនមិនមានតែសហរដ្ឋអាម៉េរិតែមួយនោះទេ គឺមានសហភាពអឺរ៉ុប ជាពិសេស រុស្ស៊ី អាស៊ាន និងតម្រូវការក្នុងស្រុករបស់ប្រទេសចិនតែម្តង។

ជាទូទៅសារព័ត៌មាន មានតួនាទីផ្តល់ព័ត៌មានណាដែលល្អ មានប្រយោជន៍ និងមិនប៉ះពាល់ដល់សន្តិសុខជាតិ ឯកភាពជាតិ និងមិនមែនជាការញុះញង់។ សារព័ត៌មានក៏ត្រូវមានសីលធម៌វិជ្ជាជីវៈ ត្រូវគោរពច្បាប់សារព័ត៌មាន គោរពអាជ្ញាធ័រ ដូចជា ក្រសួងព័ត៌មាន ជាដើម។ ដូចនេះការគ្រប់គ្រងការផ្សាយព័ត៌មានរបស់ចិន មិនមែនជារឿងហួសហេតុនោះទេ។ ការផ្សាយពីវឌ្ឍនកិច្ចរបស់សេដ្ឋកិច្ចជារឿងដែលគួរផ្សាយ ជាជាងការផ្សាយពីការព្រួយបារម្ភពីសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិក។

ព័ត៌មានសេដ្ឋកិច្ច ដែលទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្មមានតែការដាក់ពន្ធលើមុខទំនិញ។ ចំពោះព័ត៌មានដែលអ្នកប្រាជ្ញ Akerlof បានលើកឡើង គឺទាក់ទងគុណភាពទំនិញ និងតម្លៃទំនិញ។

ចំពោះការដាក់ពន្ធទំនិញដែលនាំចូលពីចិនរបស់សហរដ្ឋអាម៉េរិក ក៏នឹងត្រូវប៉ះពាល់ដល់ប្រទេសផ្សេងៗទៀតដែលជា Supply Chain ជាមួយចិន ដែលបានផលិត Spare part ដែលយកមកផលិតនៅ ចិន។

ប្រទេសចិននឹងលក់ Treasury Bond របស់អាម៉េរិកចោលក្នុងតម្លៃថោក នឹងធ្វើឱ្យ Bond អាម៉េរិកចុះថោក។ កាលណាតម្លៃ Bond ចុះថោក នោះអត្រាការប្រាក់នឹងកើនឡើង។ អត្រាការប្រាក់ Bond របស់អាម៉េរិកជាអត្រាការប្រាក់គោលសម្រាប់ធៀបអត្រាការប្រាក់ ដូចជា Mortgage interest rate និង Saving Rate។

ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំយល់ថា សង្គ្រាមពាណិជ្ជកម្ម កើតឡើងដោយសារផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ប៉ុន្តែលើសពីនេះ វាគឺជាវិវាទនៃមនោគមវិជ្ជា សេរីនិយម និងកុម្មុយនីស្ត ដែលនៅតែប្រកាន់ ទោះបីជាសង្គ្រាមត្រជាក់បានបញ្ចប់ទៅហើយនោះ។ មនោគមវិជ្ជាជារឿងសំខាន់ ដែលទាក់ទង នឹងការគ្រប់គ្រងរដ្ឋ ការគ្រប់គ្រងសេដ្ឋកិច្ច និងការទូត។ ក្រុមលោកសេរី មានសហរដ្ឋអាម៉េរិក និងប្រទេសអឺរ៉ុប ដូចជា អង់គ្លេស ជាដើម។ ក្រុមលោកកុម្មុយនីស្ត មានចិន រុស្ស៊ី និងប្រទេសធ្លាប់ជាប្រទេសកាន់របបសង្គមនិយម និងកម្មុយនីស្ត។ ប៉ុន្តែក្នុងរបបបរិបទថ្មី ប្រទេសសេរីមិនសន្មតថា សេរីទាំងស្រុង កុម្មុយនីស្ត មិនសន្មតថាកុម្មុយនីស្តទាំងស្រុង ដូចជា ប្រទេសចិនបានកាន់របបសេដ្ឋកិច្ចទីផ្សារសេរី។ ដោយសារមនោគមវិជ្ជាសេរី មិនចង់ស្ថិតក្រោមការគ្រប់គ្រងរបស់កុម្មុយនីស្ត បានធ្វើឱ្យហុងកុងធ្វើបាតុកម្មមិនឈប់ឈរ។

ការគ្រប់គ្រងប្រទេសបែបសេរី មិនមែនសុទ្ធតែល្អ ឬការគ្រប់គ្រងបែបកុម្មុយនីស្តសុទ្ធតែមិនល្អនោះទេ គឺអាស្រ័យទៅតាមស្ថានភាពរបស់ប្រទេសនីមួយៗ។ ដោយសារមនោគមវិជ្ជា បានបែងចែកពិភពលោកឱ្យប្រឈមមុខដាក់គ្នា។ ប្រទេសតូចៗត្រូវការពឹងផ្អែកមហាអំណាច ដើម្បីបានការគាំទ្រសេដ្ឋកិច្ច ជាពិសេសការគាំទ្រនយោបាយក្នុងឆាកអន្តរជាតិ។

ចិនបានផ្តួចផ្តើមគម្រោងខ្សែក្រវាត់និងវិថី សម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ពិភពលោក បែរជាការគម្រាមកំហែង និងការព្រួយបារម្ភដល់សហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិកប្រហែលជាមិនចង់បាត់បង់ កិត្យានុភាព ជាមហាអំណាចសេដ្ឋកិច្ចទី១ ពិភពលោក។ ខ្ញុំគិតថា ថ្ងៃអនាគត ចិននឹងក្លាយជាទីផ្សាររបស់ពិភពលោក ដែលសព្វថ្ងៃចិនមានឈ្មោះថា ជារោងចក្រពិភពលោក ដែលអាម៉េរិកជាទីផ្សារពិភពលោក។ ប៉ុន្តែសកម្មភាពលោក ត្រាំ ដែលមានគោលនយោបាយ (American First) បានទាមទារ៧ឬ៨ ចំណុច ដូចជា កម្មសិទ្ធិបញ្ញា ការកែប្រែអត្រាប្តូរប្រាក់ ជាការទាមទារយ៉ាងច្រើន ដែលចិនពិបាកទទួលយក។ តាមពិតទៅសហរដ្ឋអាម៉េរិកចង់បង្អាក់ដំណើរការរីកចម្រើនរបស់ចិន ដែលសហរដ្ឋអាម៉េរិកកំពុងថមថយសេដ្ឋកិច្ច។

នយោបាយកម្ពុជាងាកទៅចិន ជារឿងដែលសមស្របតាមស្ថានភាពជាក់ស្តែង ទោះបីមិនមានការពេញចិត្តពីពួកលោកសេរី មានសហរដ្ឋអាម៉េរិកនិងអឺរ៉ុប។ អឺរ៉ុបកំពុងពិចារណាដក EBA នេះគ្រាន់តែជាអ្វី ដែលលោកសេរីចង់បង្ហាញការមិនពេញចិត្តរបស់ខ្លួនចំពោះនយោបាយកម្ពុជា។ ការដក EBA ជារឿងមិនធ្ងន់ធ្ងរសម្រាប់កម្ពុជាទេ ដោយកម្ពុជាធ្លាប់ឆ្លងកាត់ព្យុះសង្ឃរាជាច្រើនមកហើយ។ កម្ពុជាមិនត្រូវរស់ដោយពឹងគេរហូតនោះទេ។

ពិភពលោកនឹងមិនមានស្ថិរភាព ដោយសារតែមនុស្សតែងតែលាបពណ៌គា្ន ដោយសារតែការគិតផលប្រយោជន៍ និងការគំរាមកំហែង៕ 

ប្រភពព័ត៌មាន៖ Asian Nikkei Review: https://asia.nikkei.com/Opinion/Silencing-bad-news-won-t-help-China-s-economy


2019-08-19 08:37:49   ថ្ងៃចន្ទ, 19 សីហា 2019 ម៉ោង 03:37 PM
«សមិទ្ធផលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា...»

ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ជាខួបពីរឆ្នាំដែលឯកឧត្ដមបណ្ឌិត្យសភាចារ្យ សុខ ទូច បានចូលកាន់ដំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា (១១ សីហា ២០១៧ -១១ សីហា ២០១៩)។ គឺមានរយៈពេលពីរឆ្នាំក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ហើយសមិទ្ធផលថ្មីជាច្រើនក៏បានលេចជារូបរាងឡើង រួមមាន៖
ទី១-ការចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍ។ នៅក្នុងឆ្នាំ២០១៨-២០១៩នេះ រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ជាមួយដៃគូអភិវឌ្ឍអន្ដរជាតិបានចំនួន១១បន្ថែមទៀត ក្នុងនោះមាន៖
១. មជ្ឈមណ្ឌលអភិវឌ្ឍពាណិជ្ជកម្មខេត្ដយូណាន ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៨
២. សាកលវិទ្យាល័យចិនខាងត្បូង និងសមាគមពាណិជ្ជកម្មអន្ដរជាតិកម្ពុជា ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨
៣. បណ្ឌិតសភាចារ្យអភិបាលកិច្ចហៃណាន ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨
៤. សាកលវិទ្យាល័យគុនមីង ប្រទេសចិន ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨
៥. សាកលវិទ្យាល័យយូណាន ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨
៦. មូលនិធិកូរ៉េសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ បានចុះអនុស្សរណៈនៃការយោគយល់ជាថ្មីម្តងទៀត
នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨
៧. អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីការអភិវឌ្ឍសង្គម ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩
៨. ក្រុមហ៊ុន The Room Design Studio ប្រទេសស៊ុយអែត ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩
៩. ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៥ មីនា ឆ្នាំ២០១៩
១០.សាកលវិទ្យាល័យអ៊ូប៊ុនរ៉ាឆាថានី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩
១១. សាកលវិទ្យាល័យខេមរៈ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ 

ទី២- ការរៀបចំកិច្ចពិភាក្សាតុមូល សិក្ខាសាលា បាឋកថា និងសន្និសីទអន្ដរជាតិរួមមានចំនួន១០កម្មវិធី។

សម្រាប់ខួបពីរឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីប្រគល់ជូននូវគោរមងារវិទ្យាសាស្ដ្រនិងគោរមងារ​កិត្ដិយសជូនឥស្សរជនជាន់ខ្ពស់ចំនួន៤រូប៖
១. ឯកឧត្ដមកិតិ្ដកោសលបណ្ឌិត ឌិត មុន្នី ប្រធានតុលាការកំពូលរាជធានីភ្នំពេញ
២. ឯកឧត្ដមកិតិ្ដកោសលបណ្ឌិត ប៉ែន បញ្ញា សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការនីតិកម្មនិងយុត្ដិធម៌នៃរដ្ឋសភា
៣.លោកជំទាវកិត្ដិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា
៤. ឯកឧត្ដមកិត្ដិសេដ្ឋាបណ្ឌិត ឆាយ ថន រដ្ឋមន្ដ្រីក្រសួងផែនការ។

ទី៣- ដូចដែលបានសន្យានៅក្នុងឆ្នាំ២០១៨ក្នុងទិវាដាំដើមឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត សភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថានឹងយកគោទឹកដោះមកចិញ្ចឹមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ​សែន​ ឫស្សីត្រឹប ខេត្ដព្រះវិហារ។នៅដើមខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជ​បណ្ឌិត្យ​ស​ភាកម្ពុជា បាននាំយកគោទឹកដោះចំនួន១០០ក្បាល ដើម្បីធ្វើការចិញ្ចឹមដូចបានសន្យាប្រាកដមែន។
ការនាំយកគោទឹកដោះចំនួន១០០ក្បាលនេះគឺជាការស្រាវជ្រាវចំបាច់មួយសម្រាប់ស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមចំណែកកាត់ភាពក្រីក្រដើម្បីឆ្លើយតបនឹងការអនុវត្ដនៅចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។ 

លើសពីនេះទៅទៀត អគារថ្មីមួយនឹងលេចរូបរាងឡើងនៅចុងឆ្នាំ២០១៩នេះ ដែលអគារមួយនេះត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដាក់ឈ្មោះថា «អគារឥន្ទ្រទេវី» អគារនេះសម្រាប់បម្រើដល់ការបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា។ ទន្ទឹមនឹងនេះ អគារដ៏ធំមួយផ្សេងទៀត មានឈ្មោះថា​«អគារឥន្ទ្រទេវី» គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា​ណាចក្រកម្ពុជា តាមរយៈអ្នកឧកញ៉ា ពុង ឃាងសែក៏ត្រូវបាននឹងកំពុងតែស្ថាបនាឡើងផងដែរ។

RAC Media

រុបថតប្រភព៖ SPA Page

2019-08-12 05:58:41   ថ្ងៃចន្ទ, 12 សីហា 2019 ម៉ោង 12:58 PM
«ទំនាក់ទំនងកម្ពុជា និង សាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយម ស្រីលង្កា»

ដោយបណ្ឌិត កា ម៉ាធុល ប្រធាននាយកដ្ឋាន ច្បាប់អន្តរជាតិ និងការទូត
នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសកម្ពុជានិងស្រីលង្កា មានទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៥២។ រហូតមកដល់ឆ្នាំ១៩៧៥ ប្រទេសទាំងពីរបានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតយ្យ ការឡើងកាន់កាប់នៅប្រទេសកម្ពុជាចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ស្ថានភាពនយោបាយកម្ពុជា មានភាពមិននឹងនរ និងស្ថិតក្នុងភាពរប៉ាត់រប៉ាយទំនាក់ទំនងការទូតនៃប្រទេសទាំងពីរមិនទាន់បានតភ្ជាប់ឡើងវិញឡើយ រហូតមកដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៦ ទើបប្រទេសទាំងពីរ បានតភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការឡើងវិញ។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១១ លោកជំទាវ យស់ ម៉ាកាណា ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំស្រីលង្កា ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវដេលី។ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១២ ឯកឧត្តម Suwanda Hennadige Shantha Kottegoda ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។

ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ - ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសស្រីលង្កា នៅឆ្នាំ២០១០ ទាំងការនាំចូល និងនាំចេញទៅប្រទេសស្រីលង្កានោះ មានទំហំទឹកប្រាក់ប្រមាណជាង ៣លានដុល្លាអាម៉េរិកប៉ុណ្ណោះ។ ភាគីទាំងពីរនឹងខិតខំបន្តពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ឱ្យមានទំហំធំទៅមុខជាបន្តបន្ទាប់ទៀត ភាគីកម្ពុជាបានស្នើឱ្យប្រទេសស្រីលង្កា ធ្វើទំនាក់ទំនងជាមួយសភាពាណិជ្ជកម្ម និងក្រសួងទេសចរណ៍កម្ពុជា ដើម្បីពង្រីកការវិនិយោគ និងពាណិជ្ជកម្ម និងពង្រីកទេសចរណ៍រវាងប្រទេសទាំងពីរ។

បើនិយាយពីជំនួយវិញ តើប្រទេសស្រីលង្កានេះ ធ្លាប់ជួយអ្វីខ្លះមកកម្ពុជា? លោកបណ្ឌិត កា ម៉ាធុល បានបង្ហាញមកថា ការអភិវឌ្ឍនធនធានមនុស្ស ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១១ ប្រទេសស្រីលង្កាបានផ្តល់អាហារូករណ៍លើវគ្គខ្លី ស្តីពី កម្មវិធី E-Learning Technology និង Oral Health Promotion ដល់មន្រ្តីកម្ពុជា ចំនួន១១រូប និងវគ្គសិក្សាផ្នែកព្រះពុទ្ធសាសនាដល់ព្រះសង្ឍកម្ពុជាចំនួន១០អង្គ។

នៅឆ្នាំ២០១៤ ប្រទេសស្រីលង្កា បានផ្តល់វគ្គសិក្សាការទូត ដល់មន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០១រូប។

សូមបញ្ជាក់ដែរ ប្រទេសកម្ពុជា និង ស្រីលង្កា ជាប្រទេសដែលធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិល្អជាមួយគ្នា។ កម្ពុជាធ្លាប់បានគាំទ្របេក្ខភាពស្រីលង្កាជាបេក្ខភាពសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (បោះឆ្នោតនៅខែឧសភា ឆ្នាំ២០០៤) និង ជាសមាជិកក្រុមប្រឹក្សាសហភាពទូរគមនាគមន៍អន្តរជាតិ (Council of International Telecommunication Union) សម្រាប់អាណត្តិ២០១៥-២០១៨ (បោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០១៤) នៅសាធារណរដ្ឋកូរ៉េ។

រីឯប្រទេសស្រីលង្កាវិញ ក៏ធ្លាប់បានគាំទ្រកម្ពុជា ជាបេក្ខភាពសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០១៣-២០១៤។

(ប្រភពរូបភាព៖ ហ្វេសប៊ុក សម្តេចនាយករដ្ឋមន្ត្រី)

2019-08-09 17:15:09   ថ្ងៃសុក្រ, 09 សីហា 2019 ម៉ោង 12:15 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក