Royal Academy of Cambodia
ស្របពេលដែលពិភពលោកទាំងមូលកំពុងតែមានការប្រុងប្រយ័ត្ន និងភ័យខ្លាចចំពោះការឆ្លងវីរុសកូរ៉ូណានោះ ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានប្រើឱកាសនៃការភ័យខ្លាចរបស់ពិភពលោកនេះ ដើម្បីពង្រឹងទំនាក់ទំនងការទូតរបស់ខ្លួនជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក ដែលមានដូចជាសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតក្នុងសហគមអាស៊ាន ដោយរាប់ទាំងប្រទេសកម្ពុជា និងប្រទេសឡាវផងដែរ។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសាររបស់លោកនៅតាមបណ្តាញសង្គម Twitter ដើម្បីថ្លែងអំណរគុណដល់ប្រទេសវៀតណាមដែលបានផ្តល់ជូនម៉ាស់ចំនួន ៤៥០,០០០។
យោងទៅតាមការចេញផ្សាយរបស់ការសែត The New York Times កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ នេះ កន្លងមកប្រទេសវៀតណាមបានផ្តល់ម៉ាស់ជូនប្រទេសកម្ពុជាចំនួន ៣៩០, ០០០ ជូនប្រទេសឡាវចំនួន ៣៤០,០០០ ហើយបានជូនទៅប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប ដែលមានដូចជា ប្រទេសបារាំង អាល្លឺមង៉ អ៊ីតាលី អេស្ប៉ាញ និងចក្រភពអង់គ្លេស ចំនួន ៥៥០,០០០។
កន្លងមក គេបានដឹងថា ប្រទេសចិន ដែលជាប្រទេសមួយ ដែលវីរុសកូរ៉ូណាកើតមានដំបូងគេនោះ បានដើរតួរជាអ្នកសង្គ្រោះពិភពលោកផ្តាច់មុខ តាមរយៈការបញ្ជូនអ្នកជំនាញចិន និងថ្នាំពេទ្យ ព្រមទាំងម៉ាស់ការពារជាច្រើនទៅកាន់បណ្តាប្រទេសក្នុងពិភពលោក ដែលកំពុងតែមានការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណា។
ប្រទេសចិន គឺជាប្រទេសមួយដែលជាជនរងគ្រោះផង និងជាអ្នកជួយប្រទេសផ្សេងទៀតផង។ ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាផងបានទទួលថ្នាំពេទ្យ និងអ្នកជំនាញចិនដែលបានមកជួយបណ្តុះបណ្តាល គ្រូពេទ្យកម្ពុជាឱ្យមានជំនាញកាន់តែខ្លាំងក្នុងប្រយុទ្ធប្រឆាំងជាមួយវីរុសដ៏កាចសាហាវនេះ។
បើទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ គេសង្កេតឃើញថា មិនមែនមានតែប្រទេសចិននោះទេ ដែលជាអ្នកបានកំពុងតែផ្តល់ជំនួយទៅកាន់ប្រទេសផ្សេង ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ គឺមានប្រទេសវៀតណាមមួយទៀត ដែលជាអ្នកជិតខាងមិនសូវល្អជាមួយប្រទេសចិន ដែលបានកំពុងតែចែករំលែកធនធានរបស់ខ្លួនទៅកាន់បណ្តាប្រទេសដែលកំពុងតែត្រូវការជំនួយ។
នៅក្នុងវិស័យការទូត ឬនៅក្នុងជីវភាពនៃការរស់នៅប្រចាំថ្ងៃ អ្នកឱ្យ ឬអ្នកផ្តល់ជំនួយតែងតែបានទទួលការស្វាគមន៍ ការស្រលាញ់ និងការរាក់ទាក់ជាងអ្នកទទួលអំណោយ ឬអ្នកទទួលជំនួយ។ អ្វីដែលប្រទេសវៀតណាមកំពុងតែធ្វើនៅពេលនេះ គឺជារឿងមួយល្អណាស់ និងសំខាន់ណាស់ សម្រាប់វិស័យការទូត និង វិស័យជំនួញរបស់ខ្លួននៅថ្ងៃអនាគត។ ប្រទេសវៀតណាម គឺជាប្រទេសមួយដែលមានភាពឆ្លាតវៃក្នុងការប្រើប្រាស់គោលនយោបាយការទេស និងគោលនយោបាយការទូត ដោយប្រទេសនេះអាចរក្សាតុល្យភាពនៃទំនាក់ទំនងរបស់ខ្លួនជាមួយគ្រប់បណ្តាប្រទេសទាំងអស់ក្នុងពិភពលោក ហើយទំនិញរបស់វៀតណាមក៏ត្រូវបានលក់នៅគ្រប់ទីផ្សារសំខាន់ៗរបស់ពិភពលោកផងដែរ។
(បណ្ឌិត ស៊ឺន សម មន្ត្រីកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា)
RAC Media
ចេញផ្សាយថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២០
វ៉ាស៊ីនតោនឌីស៊ី៖ ជំងឺរាតត្បាតកំពុងតែរាលដាលនៅពេសពេញពិភពលោក ហើយកំពុងតែបង្កគ្រោះថ្នាក់ដល់ជីវិត និងជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ ចំណែកលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trupm កំពុងតែគិតអំពីមធ្យោបាយធ្វើយ៉ាងណាឱ្យមានអំណាចជាងប្រទេសចិន។
ប៉ុន្តែ ការគិតមមៃរបស់គាត់ក្នុងការយកឈ្នះការប្រកួតប្រជែងមហាអំណាចពិភពលោក ដែលស្ដែងឡើងតាមរយៈរដ្ឋបាលរបស់គាត់ ក្នុងការហៅមេរោគ COVID-19 ថាជា «មេរោគចិន» ឬ «មេរោគអូហាន» កំពុងតែធ្វើឱ្យជ័យជំនះរបស់គាត់ហាក់ថមថយជារៀងរាល់ថ្ងៃ។
មិនមាននរណាម្នាក់នៅមានមន្ទិលថា មេរោគកូរ៉ូណា COVID-19 បានលេចឡើងជាលើកដំបូងនៅក្នុងប្រទេសចិននោះទេ ហើយក៏មិនមាននរណាម្នាក់បដិសេធថា ការិយាល័យធិបតេយ្យរបស់ចិនបានធ្វើខុសចំពោះការទប់ស្កាត់ព័ត៌មានអំពីជំងឺនេះនៅពេលកើតឡើងដំបូង ជាជាងការចាត់វិធានការភ្លាមៗដើម្បីគ្រប់គ្រងមេរោគនោះដែរ។
ទោះយ៉ាងណា សម្រាប់មនុស្សភាគច្រើននៅលើពិភពលោក បញ្ហាចម្បងគឺមិនមែនកន្លែងដែលមេរោគបានផ្ទុះឡើងនោះទេ ប៉ុន្តែថាតើមេរោគនេះនឹងត្រូវបានបញ្ចប់ទៅវិញដោយរបៀបណា។ ជាតថភាព ចិនកំពុងតែធ្វើការងារកាន់តែច្រើនជាងអាម៉េរិកដើម្បីជួយបញ្ឈប់ការរាតត្បាតនៃជំងឺនេះ។
ការឆ្លើយតបចំពោះ COVID-19៖ ចិន ប្រកួតប្រជែងជាមួយ អាម៉េរិក
ទោះបីជាចិនបានធ្វើកំហុសមួយនៅពេលដំបូងក៏ដោយ ក៏មេដឹកនាំរបស់ចិនមិនបានចំណាយពេលយូរដែរចំពោះការទទួលស្គាល់កំហុសកាលពីគ្រាដំបូងរបស់ខ្លួន ហើយបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់។ រដ្ឋាភិបាលបានបិទតំបន់ដែលរងផលប៉ះពាល់ បិទការដើរហើររបស់ប្រជាជនក្នុងទ្រង់ទ្រាយធំ សាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺ COVID-19 ហើយបង្កើនការផលិតបរិក្ខាចាំបាច់ ដែលរួមមានកញ្ចប់ឧបករណ៍ធ្វើតេស្ត ម៉ាស និងម៉ាស៊ីនផលិតអុកស៊ីសែនដែរ។
ការបិទខេត្តក្រុងអាចមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែ យុទ្ធសាស្រ្តរបស់ចិនហាក់ដូចជាមានប្រសិទ្ធភាព។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ការចម្លងថ្មីៗបានថយចុះ ហើយការចម្លងក្នុងស្រុកត្រូវបានបញ្ឈប់។ វិធានការដែលត្រូវធ្វើនាពេលបច្ចុប្បន្ន គឺការបញ្ឈប់ការបិទទីក្រុងបានយ៉ាងងាយស្រួល។
ខុសពីប្រទេសចិន សហរដ្ឋអាម៉េរិកបានព្រមានជាច្រើនលើកច្រើនសារថា COVID-19 នឹងរាលដាលមកដល់អាម៉េរិក។ ប៉ុន្តែ លោក Trump មិនបានចាត់វិធានការភ្លាមៗទេ គាត់ថែមទាំងមើលស្រាលលើការគំរាមកំហែងនេះ ហើយមានភាពស្ទាក់ស្ទើរផងដែរ មុននឹងសម្រេចបំពេញតាមការសន្យារបស់គាត់ក្នុងការសម្រេចឱ្យប្រើច្បាប់ផលិតកម្មការពារជាតិ (Defense Production Act) ដើម្បីចាប់បង្ខំឱ្យក្រុមហ៊ុនឯកជនផលិតបរិក្ខាសំខាន់ៗ ហើយនៅតែបដិសេធមិនចេញបទបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនស្នាក់នៅក្នុងលំនៅដ្ឋានទូទៅប្រទេស។
លើសពីនេះទៅទៀត ដោយភ័យខ្លាចចំពោះបេក្ខភាពសម្រាប់ការបោះឆ្នោតប្រធានាធិបតីសារជាថ្មីរបស់គាត់ ស្របពេលកើតមានវិបត្តិសេដ្ឋកិច្ច លោក Trump បានប្រកាសពីចេតនារបស់ខ្លួនក្នុងការ «បើក» សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកឡើងវិញត្រឹមពេលបុណ្យអ៊ីស្ទើរ៍ (Easter) ដើម្បីដោះយករួចខ្លួន ខណៈដែលចំនួនករណីអ្នកឆ្លងនិងអ្នកស្លាប់ដោយមេរោគនេះបានកើនឡើង។
និយាយឱ្យចំទៅ Trump បានផ្តល់អាទិភាពដល់នយោបាយជាងសុខភាពសាធារណៈ ពោលគឺអ្វី ដែលគាត់បានរិះគន់មន្រ្តីចិនលើការងារដែលកំពុងធ្វើនៅពេលដែល COVID-19 បានផ្ទុះឡើង។ ការព្រមាននាពេលថ្មីៗរបស់អង្គការសុខភាពពិភពលោក ដែលថា សហរដ្ឋអាម៉េរិកអាចក្លាយជាចំណុចកណ្តាលនៃជំងឺរាតត្បាតថ្មី គឺហាក់ដូចជាមានភាពត្រឹមត្រូវ៖ ប្រទេសនេះមានករណីឆ្លងមេរោគនេះខ្ពស់ជាងគេនៅលើពិភពលោក។
មុខមាត់របស់ចិននៅលើឆាកអន្តរជាតិ
ទន្ទឹមនឹងនេះដែរ ផ្នែកខ្លះនៃទ្វីបអឺរ៉ុបកំពុងតស៊ូដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃមេរោគនេះ ដែលនៅក្នុងនោះដែរ អ៊ីតាលី និងអេស្ប៉ាញ មានចំនួនអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាងប្រទេសចិនទៅទៀត។
បូកផ្សំជាមួយនឹងបរាជ័យនៃការដឹកនាំរបស់លោក Trump កត្តានេះបានផ្ដល់នូវភាពជឿជាក់មួយថា គំរូនៃអភិបាលកិច្ចដឹកនាំរបស់ប្រទេសចិនមានភាពល្អប្រសើរជាងប្រព័ន្ធប្រជាធិបតេយ្យ ដែលជារឿយៗតែងជាប់គាំងនយោបាយនិងអសមត្ថភាពក្នុងការឆ្លើយទៅនឹង «black swans»(ភាពតក់ស្លុតដែលមិននឹកស្មានដល់)»។
សហរដ្ឋអាម៉េរិកអាចទទួលបានជោគជ័យក្នុងការប៉ុនប៉ងរារាំងសម្ព័ន្ធរបស់ខ្លួន ពីការទទួកយកបច្ចេកវិទ្យាទូរគមនាគមន៍របស់ចិន ប៉ុន្តែ អាម៉េរិកមិនអាចបញ្ឈប់ពិភពលោកមិនឱ្យទទួលយកគំរូតាមវិធីសាស្រ្តរបស់ប្រទេសចិនចំពោះសុខភាពសាធារណៈ ឬស្ថាប័នសង្គមបាននោះឡើយ ប្រសិនបើវាបង្ហាញថា វិធីសាស្រ្តរបស់ចិនមានប្រសិទ្ធភាពអំឡុងពេលមានកើតវិបត្តិជំងឺ COVID-19 នេះ ហើយ រហូតមកដល់ពេលនេះ កំណត់ត្រារបស់ចិនគឺគួរឱ្យជឿជាក់ខ្លាំងមែនទែន។
រូបថតយន្តហោះដឹកបរិក្ខាវេជ្ជសាស្រ្ត និងក្រុមវេជ្ជបណ្ឌិតរបស់ចិនបានទៅដល់ទីកន្លែងដូចជាទីក្រុងរ៉ូម និងទីក្រុង តេអេរ៉ង់ ដែលបានផ្សព្វផ្សាយពាសពេញបណ្ដាញសង្គមទូទាំងពិភពលោក បានលើកមុខមាត់របស់ចិននៅលើឆាកអន្តរជាតិបន្ថែមទៀត។
ឥឡូវនេះ ប្រទេសជាច្រើនកំពុងស្វែងរកជំនួយពីប្រទេសចិន។ បន្ទាប់ពីសហគមន៍អឺរ៉ុបបានកាត់បន្ថយការនាំចេញបរិក្ខាវេជ្ជសាស្រ្ត លោក Aleksandar Vucic ប្រធានាធិបតីរបស់ប្រទេស ស៊ែប៊ី បានអំពាវនាវដល់ «មិត្តភក្តិនិងជាបងប្រុស» គឺលោក Xi Jinping ប្រធានាធិបតីចិនឱ្យជួយផ្ដល់នូវទំនិញចាំបាច់មកដល់ខ្លួន។ ប៉ុន្មានថ្ងៃក្រោយមក ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen បានថ្លែងអំណរគុណជាសាធារណៈដល់ប្រទេសចិនដែលចូលរួមផ្ដល់ជាវិភាគទានជួយសង្គ្រោះ។
អាម៉េរិកទីមួយ
គ្មាននរណាម្នាក់បានស្នើសុំអ្វីមួយពីអាម៉េរិកនោះទេ(អរគុណតែម្នាក់ឯង) ហើយអាម៉េរិកក៏មិនទាន់បានផ្ដល់ជូនអ្វីនោះដែរ ក្រៅពីការបើកឡានត្រឡប់ទៅផ្ទះវិញជាមួយនឹងភាពខ្វះក្តីមេត្តានៃផ្នែកមួយនៃរដ្ឋបាល «អាម៉េរិកទីមួយ» របស់លោក Trump។
ជាក់ស្ដែង រដ្ឋបាលរបស់លោក Trump បានធ្វើឱ្យអន្តរាយដល់សមត្ថភាពរបស់ប្រទេសនានាក្នុងការឆ្លើយតបនឹងវិបត្តិមនុស្សធម៌។ អាម៉េរិកមិនត្រឹមតែបានបដិសេធចំពោះការបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសគុយបា អេរ៉ង់ និងវេណេហ្ស៊ុយអេឡាប៉ុណ្ណោះទេ អាម៉េរិកក៏ហាក់ដូចជាបានរួមចំណែកក្នុងការសម្រេចចិត្តរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលមិនព្រមផ្ដល់កម្ចីបន្ទាន់ចំនួន ៥ ពាន់លានដុល្លារដល់ប្រទេសវេណេហ្ស៊ុយអេឡាផងដែរ។
អ្វីដែលលោក Trump ហាក់ដូចជាមិនយល់នោះគឺថា ប្រទេសណាដែលបរាជ័យក្នុងការទប់ស្កាត់មេរោគ ប្រទេសនោះនឹងធ្វើឱ្យពិភពលោកទាំងមូលប្រឈមនឹងហានិភ័យ។ ការនៅរក្សាការដាក់ទណ្ឌកម្ម បានធ្វើឱ្យជាប់គាំងប្រព័ន្ធសុខាភិបាល ដូចជានៅប្រទេសអេរ៉ង់(ជាប្រទេសមានការចម្លងច្រើនជាងគេទី៣) វាមិនត្រឹមតែជាការគួរបន្ទោសលើផ្នែកសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញផលប្រយោជន៍ខ្លួនឯងផ្ទាល់របស់អាម៉េរិកផងដែរ ទាំងការជំរុញឱ្យមេរោគនៅតែបន្តរាតត្បាត ហើយក៏កំពុងធ្វើឱ្យមុខមាត់របស់អាម៉េរិកហាក់ក្លាយជាប្រទេសដែលគ្មានមនុស្សធម៌ផងដែរ។
ទន្ទឹមនឹងនេះដែរ ប្រទេសចិនរួមជាមួយប្រទេសរុស្សី បានជំរុញឱ្យសហរដ្ឋអាម៉េរិក ផ្លាស់ប្ដូរវិធីសាស្រ្តរបស់ខ្លួន។ ប៉ុន្តែ សហរដ្ឋអាម៉េរិកមិនត្រឹមតែព្រងើយកន្តើយចំពោះការរងគ្រោះនៃដៃគូប្រជែងរបស់ខ្លួននោះទេ អាម៉េរិកក៏មានការព្រួយបារម្ភតិចតួចទៅលើសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។ លើសពីការមិនផ្ដល់ជំនួយអ្វីទាំងអស់ដល់អឺរ៉ុបដែលជាដៃគូរបស់ខ្លួន រដ្ឋបាលរបស់លោក Trump បានហាមឃាត់យ៉ាងតក់ក្រហល់និងជាឯកតោភាគីចំពោះភ្ញៀវទេសចរជនជាតិអឺរ៉ុបមិនឱ្យចូលក្នុងទឹកដីអាម៉េរិកចំនួន៣០ថ្ងៃ ដែលទង្វើនេះបានធ្វើឱ្យមេដឹកនាំអឺរ៉ុបមានការភ្ញាក់ផ្អើល ហើយពួកគេបានធ្វើការថ្កោលទោសអាម៉េរិកយ៉ាងខ្លាំង។
លើសពីនេះទៀត ការធ្វើឱ្យកាន់តែខឹងសម្បារបន្ថែមទៀត គឺភាពគគ្លើននិងភាពកាចសាហាវរបស់លោក Trump ដែលត្រូវបានគេរាយការណ៍ថា លោកបានខិតខំការពារសិទ្ធិទទួលបាននូវវ៉ាក់សាំងការពារ COVID-19 ដែលបង្កើតឡើងដោយក្រុមហ៊ុន CureVac របស់អាល្លឺម៉ង់ (មន្រ្តីអាម៉េរិកហៅរបាយការណ៍នោះថាមាន «ការបំផ្លើសហួសហេតុ»។
មកទល់នឹងពេលនេះ អឺរ៉ុបទាំងមូលបានស៊ាំជាមួយនឹងទង្វើរបស់លោក Trump ទៅហើយ ប៉ុន្តែកាយវិការបែបនេះវាគឺជាស្ពានដ៏វែងអន្លាយមួយ ហើយវាក៏លែងមានមន្ទិលតទៅទៀតដែរ ដែលថាអឺរ៉ុបមិនអាចជឿទុកចិត្តលើអាម៉េរិកបានទៀតទេ គឺមានតែពឹងផ្អែកលើខ្លួនឯងនោះទើបជាការល្អ។ ទាំងចិន ទាំងរុស្សីបានសុបិនរួមគ្នាជាយូរណាស់មកហើយ ក្នុងការចង់ឃើញការប្រេះឆាក្នុងទ្វីបអាត្លង់ទិកបែបនេះ។
ខណៈដែលលោក Trump ប្រកាន់ខ្ជាប់នូវទស្សនៈក្នុងកិច្ចខិតខំប្រកបដោយការយកចិត្តទុកដាក់ និងដោយតម្លាភាព ដើម្បីគេចយករួចខ្លួនពីការស្ដីបន្ទោសទៅលើការដឹកនាំដែលគ្មានប្រសិទ្ធភាពរបស់ខ្លួន ប្រទេសចិនកំពុងតែសង្កត់គ្រឹះនៅតាមមូលដ្ឋានសម្រាប់ភាពជាអ្នកដឹកនាំពិភពលោកនៅក្នុងយុគសម័យក្រោយជំងឺ COVID-19 នេះ។ ជាការដឹងគុណចំពោះលោក Trump សហរដ្ឋអាម៉េរិកប្រាកដជានឹងបាត់បង់ការប្រកួតប្រជែងជាប្រទេសមហាអំណាច បូករួមទាំងអាយុជីវិតរបស់ប្រជាជនរាប់មិនអស់។
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
អស់រយៈពេលជាងមួយខែហើយចាប់តាំងពីប្រទេសរុស្ស៊ីបានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន និងបានហាមឃាត់ជនជាតិចិនមិនឱ្យចូលក្នុងប្រទេសរបស់ខ្លួន។ អ្វីៗកំពុងតែក្តៅគគុក នៅពេលដែលអាជ្ញាធររុស្ស៊ីរើសអើងពល រដ្ឋចិន ដែលមានភាពផ្ទុយស្រឡះពីសេចក្តីថ្លៃថ្នូររបស់លោក ពូទីន និងលោក ស៊ី ជីនពីង។ ទោះបីជាប្រទេសរុស្ស៊ី និងចិនបានធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនកាលពីឆ្នាំមុនក៏ដោយ ក៏ក្រុងម៉ូស្គូបានអនុម័តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដែលនាំឱ្យមានការប្រឆាំងនឹងជនជាតិចិនហួសហេតុពេក។
តើប្រទេសរុស្ស៊ីនិងចិនកំពុងតែរសាត់អណ្តែតចេញពីគ្នាដោយសារតែកូវីដ-១៩ ដែលជាជំងឺឆ្លងបណ្តាលមកពីវីរុសកូរ៉ូណា និងបានផ្ទុះឡើងជាលើកដំបូងនៅទីក្រុងអ៊ូហាន(Wuhan)កាលពីខែធ្នូដែរឬទេ? គោលបំណងសំខាន់ៗដែលនៅពីក្រោយភាពជាដៃគូរវាងរុស្ស៊ីនិងចិន, ការសម្របសម្រួលគ្នានាពេលកន្លងមករវាងប្រទេសទាំងពីរ, ផលប៉ះពាល់ដែលបណ្តាលមកពីមេរោគឆ្លងកូរ៉ូណាទៅលើសេដ្ឋកិច្ចរុស្ស៊ី គួរត្រូវបានពិចារណា។
ដំបូង ភាពជាដៃគូរវាងរុស្ស៊ីនិងចិន គឺជាលទ្ធផលនៃការមិនពេញចិត្តរួមគ្នារបស់ប្រទេសទាំងពីរជាមួយនឹងមហាអំណាចសហរដ្ឋអាម៉េរិក។ ទាំងរុស្ស៊ីនិងចិន ប្រឆាំងជំទាស់នឹងប្រទេសលោកសេរី ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក ព្រោះពួកនោះមិនបានគិតពីផលប្រយោជន៍ចំពោះខ្លួនទេ។ ថ្វីបើមានការប្រឆាំងជំទាស់យ៉ាងណាក៏ដោយ ក៏សហរដ្ឋអាម៉េរិកបានពង្រីកឥទ្ធិពលរបស់ខ្លួនចូលមកកាន់តែជិតប្រទេសទាំងពីរនេះដែរ ដែលមានទីតាំងភូមិសាស្ត្រជិតប្រទេសរុស្ស៊ីនិងចិន ដែលជារឿយៗស្ថិតនៅក្រោមហេតុផលនៃការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងបញ្ហាសិទ្ធិមនុស្ស។
ជាអាទិ៍ ដូចជាការពង្រីកឥទ្ធិពលឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូ និងសហភាពអឺរ៉ុប បានបណ្តាលឱ្យប្រទេស រុស្ស៊ីមើលឃើញពីការគំរាមកំហែងដែលនាំឱ្យមានសង្គ្រាមនៅហ្សកហ្ស៊ី(Geogia)និងវិបត្តិនៅអ៊ុយក្រែន។ ក្នុងខណៈនោះ រដ្ឋាភិបាលចិនបានស្តីបន្ទោសក្រុងវ៉ាស៊ីនតោនចំពោះការតវ៉ារបស់ហុងកុង និងមិនសប្បាយចិត្ត ចំពោះការណ៍ដែលក្រុងវ៉ាស៊ីនតោនបានធ្វើកិច្ចព្រមព្រៀងអាវុធឡើងវិញជាមួយកោះតៃវ៉ាន់។ រុស្ស៊ីនិងចិនក៏បានប្រឆាំងនឹងយុទ្ធនាការយោធាដឹកនាំដោយអាម៉េរិកប្រឆាំងនឹងស៊ែប៊ី, អ៊ីរ៉ាក់ និងលីប៊ី ផងដែរ។ ទាំងក្រុងមូស្គូនិងក្រុងប៉េកាំង ជឿជាក់ថា ឯកតោភាគីនិយមរបស់សហរដ្ឋអាម៉េរិកបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់អធិបតេយ្យភាពនិងផលប្រយោជន៍របស់ប្រទេសខ្លួន។
ក្រុងមូស្គូនិងប៉េកាំងនឹងស្វែងរកតុល្យភាពដើម្បីរក្សាសណ្តាប់ធ្នាប់ពិភពលោក ទោះបី ពិភពលោកនៅតែមានចក្ខុវិស័យផ្ទុយគ្នានាពេលអនាគតក៏ដោយ។ វិមានក្រឹមឡាំង មើលឃើញថា ពិភពលោកដែលមានពហុប៉ូល ដូចគ្នានឹងតុល្យភាពអំណាចរបស់សហភាពអឺរ៉ុបក្នុងអំឡុងសតវត្សរ៍ទី១៩ ខណៈដែលលោក Zhongnanhai ធ្លាប់បានរំពឹងថានឹងបង្កើតG-2 ជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែទីបំផុត គោលបំណងដ៏សំខាន់នៃភាពជាដៃគូរវាងរុស្ស៊ីនិងចិន នេះ នឹងបញ្ចប់ពិភពលោកឯកប៉ូលដែលមានតែសហរដ្ឋអាម៉េរិក។
ជាមួយនឹងគោលបំណងយុទ្ធសាស្ត្រនេះ នៅក្នុងចិត្តរបស់ រុស្ស៊ី និងចិន តែងតែធ្វើការសម្របសម្រួល និងការបង្រួមជម្លោះក្នុងទំនាក់ទំនងរបស់ពួកគេ។ ភ្លាមៗបន្ទាប់ពីវិបត្តិនៅអ៊ុយក្រែន រដ្ឋាភិបាលទាំងពីរបានបង្ខំឱ្យក្រុមហ៊ុនឧស្ម័ន Gazprom និងសាជីវកម្មប្រេងចិន(CNPC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នរយៈពេល៣០ឆ្នាំ ក្នុងតម្លៃ ៤០០ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះប្រើពេលចរចាអស់រយៈពេលជិតមួយទសវត្សរ៍ដោយសារតែបញ្ហាតម្លៃ ។
លើសពីនេះ វិមានក្រឹមឡាំង បានត្រឹមតែបង្ហាញការគាំទ្រចំពោះការរៀបចំឱ្យមានគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI)និងសហភាពសេដ្ឋកិច្ចអឺរ៉ុប(EAEU) ពីព្រោះដោយសារតែមិនមានវឌ្ឍនភាពឱ្យពិតប្រាកដ។ មួយផ្នែកនៃកម្លាំងពលកម្មបានធ្វើឱ្យអាស៊ីកណ្តាលរីចម្រើន ដែលប្រទេសរុស្ស៊ីនៅតែជាអ្នកផ្តល់សន្តិសុខដ៏សំខាន់ ខណៈដែលប្រទេសចិនជាអ្នកដឹកនាំឱ្យមានសមាហរណកម្មសេដ្ឋកិច្ចតំបន់។
ដោយសារតែភាពខុសគ្នាដាច់ស្រឡះក្នុងទំហំសេដ្ឋកិច្ច ធ្វើឱ្យអំណាចរបស់រុស្ស៊ី និងចិន ក៏រិតតែមានភាពខុសគ្នាខ្លាំងដែរ។ ប្រទេសរុស្ស៊ីប្រហែលជានឹងក្លាយជាដៃគូក្មេងខ្ចីនៅក្នុងភាពជាដៃគូនេះ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកយុទ្ធសាស្រ្តរបស់រុស្ស៊ី មិនចង់បង្ហាញពីកង្វល់នោះទេ ខណៈដែលពួកគេសំដៅទៅលើទិដ្ឋភាពសំខាន់នៃភូមិសាស្ត្រនយោបាយជាអាទិភាពជាង។ ចំណែកឯ ក្រុងប៉េកាំងក៏បានដឹងអំពីបញ្ហានេះដែរ ហើយក៏បានធ្វើឱ្យប្រាកដថា ភាពស្មើមុខស្មើមាត់ត្រូវបានផ្តល់ជូនមេដឹកនាំទាំងពីរនៅឯកិច្ចប្រជុំកំពូលរវាងលោកពូទីន និងលោកស៊ី ជីនពីង និងបានបង្ហាញកាន់ច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធរបស់មេដឹកនាំទាំងពីរ។
ចំពេលមានការផ្ទុះឡើងជំងឺឆ្លងកូវីដ-១៩ នេះ រដ្ឋាភិបាលទាំងពីរបានផ្តល់សំឡេងផ្សះផ្សាគ្នាក្នុងការឆ្លើយតបរបស់ខ្លួនចំពោះភាពចម្រូងចម្រាសដែលទាក់ទងនឹងវីរុសកូរ៉ណា។ ដោយសារតែការហាមឃាត់ចូលក្នងរុស្ស៊ីបានធ្វើឱ្យចិនមានការភ្ញាក់ផ្អើល រហូតដល់ថ្នាក់ក្រសួងការបរទេសចិនបាននិយាយថា វិធានការណ៍របស់រុស្ស៊ីគឺអាចយល់បាន និងបានសង្កត់ធ្ងន់ថា ក្រុងប៉េកាំងសូមកោតសរសើរចំពោះការគាំទ្ររបស់ក្រុងមូស្គូចំពោះប្រទេសចិន ដែលចូលរួមប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងនេះ។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា ការហាមឃាត់ចូលក្នុងប្រទេសរុស្ស៊ីនេះគឺជាវិធានការបណ្តោះអាសន្ន ហើយថា ក្រុងមូស្គូនឹងបន្តចេញទិដ្ឋាការពាណិជ្ជកម្មនិងឆ្លងដែនដល់ពលរដ្ឋចិន។ ពាក់ព័ន្ធនឹងជនជាតិ ចិន ដែលត្រូវបានរំលោភបំពានក្រោមវិធានការណ៍ដាក់ឱ្យនៅដាច់ដោយឡែករបស់រុស្ស៊ី ស្ថានទូតចិនបានច្រានចោលការចោទប្រកាន់នេះថា ជាពាក្យចចាមអារាម។ នោះគឺខុសគ្នាយ៉ាងពិតប្រាកដពីប្រតិកម្មរបស់ចិនចំពោះសហរដ្ឋអា ម៉េរិកនិងជប៉ុន។
កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីនិងចិនបានឈានដល់កម្រិតកំពូល គឺមានចំនួនរហូតដល់ ១១០ ពាន់លានដុល្លារ។ នៅពេលដែលប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មលំដាប់កំពូលរបស់ប្រទេសរុស្ស៊ីដូច្នេះ ការបិទព្រំដែននិងបម្រាមហាមចូលក្នុងប្រទេស វាប្រាកដជានឹងធ្វើប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ ការនាំចេញរបស់រុស្ស៊ីទៅកាន់ប្រទេសចិនបានថយចុះ៣០% ក្នុងរយៈពេលមួយខែកន្លះដំបូងនៃឆ្នាំ២០២០ នេះបើយោងតាមភ្នាក់ងារគយរបស់ប្រទេសរុស្ស៊ី។ ផលវិបាកសេដ្ឋកិច្ចដែលបណ្តាលមកវិធានការណ៍រឹតត្បិតរបស់រុស្ស៊ីនឹងត្រូវបានកំណត់ភ្លាមៗដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនអាចបណ្តាលឱ្យតម្រូវការប្រេងឥន្ធនៈរបស់រុស្ស៊ីថយចុះ។
ការហាមឃាត់ជនជាតិចិនចូលក្នុងប្រទេសរុស្ស៊ីបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍។ យោងតាមសមាគមប្រតិបត្តិករទេសចរណ៍នៃប្រទេសរុស្ស៊ីបានឱ្យដឹងថា ឧស្សាហកម្មនេះនឹងខាតបង់ទឹកប្រាក់ចំនួន ២.៨ ពាន់ លានរូប្ល(RUB) ដែលស្មើនឹង៣៨លានដុល្លារក្នុងរយៈពេល ២ខែ និង ៣០ពាន់លានរូប្ល (៤០៣ លានដុល្លារ) ប្រសិនបើបម្រាមនេះមិនត្រូវបានដកចេញមុនរដូវក្តៅនេះទេ។ សូមបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសរុស្ស៊ីបានទទួលភ្ញៀវទេសចរចិនចំនួន ១.៥ លាននាក់។
ការផ្ទុះឡើងនូវវីរុសកូរ៉ូណានៅប្រទេសចិន នឹងធ្វើឱ្យប៉ះពាល់ដល់គម្រោងកម្មវិធីថ្នាក់ជាតិរបស់លោកពូទីន។
កម្មវិធីរយៈពេល៦ឆ្នាំដែលពាក់ព័ន្ធនឹងការវិនិយោគមានចំនួនទឹកប្រាក់៤០០ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ច របស់រុស្ស៊ីនិងធ្វើឱ្យលោកពូទីនបានបន្តកាន់អំណាច់ប្រកបដោយភាពស្របច្បាប់លើសពីឆ្នាំ២០២៤។ សង្គ្រាមប្រេងនាពេលថ្មីៗនេះបានបង្កភាពស្មុគស្មាញថែមទៀតដល់ការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី។
បើគិតឱ្យវែងឆ្ងាយជាងនេះ វិធានការរឹតត្បិតជាបណ្តោះអាសន្នរបស់រុស្ស៊ី នឹងមិនធ្វើឱ្យភាពជាដៃគូរវាងរុស្ស៊ី និងចិនប្រេះឆាឡើយ ដរាបណា សហរដ្ឋអាម៉េរិកនៅតែជាសត្រូវរួមរបស់ពួកគេ។ ដោយមើលឃើញពីផលប៉ះពាល់ដ៏អា ក្រក់នៃជំងឺឆ្លងកូវីដ-១៩ចំពោះសេដ្ឋកិច្ចរុស្ស៊ីនោះ ជាការណ៍ពិត ក្រុងម៉ូស្គូកាន់តែមានឱកាសចូលកាន់តែជិតនិងឱបក្រសោបចិនដើម្បីជំរុញឱ្យសេដ្ឋកិច្ចរបស់ខ្លួនល្អឡើងវិញ។
ទីបំផុត ក្បាលម៉ាស៊ីនផ្សព្វផ្សាយរបស់រុស្ស៊ីក៏ដូចជាក្បាលម៉ាស៊ីនផ្សព្វផ្សាយរបស់ចិននឹងដើរតួនាទីយ៉ាងសំខាន់ ព្រមទាំងនឹងអាចបន្ទន់ចិត្តប្រជាពលរដ្ឋឱ្យនៅតែគាំទ្រមេដឹកនាំរបស់ពួកខ្លួនដដែល។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរនឹងយល់ច្បាស់ពីប្រព័ន្ធនយោបាយ(Realpolitik) ជាជាងយល់ពីមនោសញ្ចេតនាភាពជាបងប្អូន។
ប្រភព៖The Diplomat News
ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសេរីភាពខ្ពស់ក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែត ហើយពលរដ្ឋកម្ពុជាភាគច្រើន ជាពិសេសពលរដ្ឋនៅតាមទីជនបទ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីកំសាន្ត និងដើម្បីទទួលបានព័ត៌មានផងដែរ។
នៅក្នុងបណ្តាញសង្គម មានព័ត៌មានខ្លះមានប្រយោជន៍ និងមានវិជ្ជាជីវៈត្រឹមត្រូវ តែក៏មានព័ត៌មានខ្លះដែលមិនមានប្រយោជន៍សម្រាប់សង្គម ឬក៏អ្នកសារព័ត៌មានខ្លះមិនមានវិជ្ជាជីវៈសោះឡើយនៅក្នុងការបំពេញអាជីពជាអ្នកសារព័ត៌មាន។ ព័ត៌មានដែលពលរដ្ឋកម្ពុជាទទួលបានជារៀងរាល់ថ្ងៃគឺមានច្រើនប្រភេទនិងច្រើនប្រភព ដែលធ្វើឱ្យពលរដ្ឋដែលមិនសូវមានចំណេះដឹងពិបាកក្នុងការកំណត់ថា ព័ត៌មាន មួយពិតប្រាកដ និងព័ត៌មានណាមួយក្លែងក្លាយ។
ដោយសារតែសេរីភាពនៃសារព័ត៌មានកម្រិតខ្ពស់ និងងាយស្រួលផ្សព្វផ្សាយ ក៏ដូចជាងាយស្រួលទទួលបានព័ត៌មាននោះ គេសង្កេតឃើញជាទូទៅអំពីរឿងអាស្រូវរបស់ពលរដ្ឋធម្មតា រឿងអាស្រូវរបស់តារាចម្រៀង រឿងអាស្រូវរបស់ព្រះសង្ឃ រឿងអាស្រូវរបស់អ្នកដែលមានឋានៈខ្ពង់ខ្ពស់ និងរឿងអាស្រូវរបស់អ្នកដែលរៀនបានសញ្ញាបត្របណ្ឌិត(លោកបណ្ឌិត ឬលោកស្រីបណ្ឌិត)។
នៅក្នុងសង្គមកម្ពុជា ព្រះពុទ្ធសាសនា ត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋ ហើយព្រះសង្ឃត្រូវបានកំណត់ថា ជាសភាវៈល្អ ជាស្រែបុណ្យ ជាកន្លែងដែលបរិស័ទអាចបណ្តុះពូជបុណ្យ ឬអាចផ្ញើទានចំពោះព្រះសង្ឃបាន ដោយជំនឿថា ព្រះសង្ឃជាអ្នកចម្លងកុសល ឬផលបុណ្យជូនទៅអ្នកដែលស្លាប់ទៅបាន ឬម្យ៉ាងវិញទៀត ការបំពេញកុសលជាមួយព្រះសង្ឃនឹងបានជាបុណ្យកុសលសម្រាប់ទៅជាតិខាងមុខជាដើម។ ដោយសារតែជំនឿ និងការគោរពផ្សេងៗចំពោះព្រះសង្ឃ ព្រោះហេតុនោះ នៅពេលដែលមានភាពខុសឆ្គង ឬរឿងអាស្រូវណាមួយរបស់ព្រះសង្ឃ(បុគ្គលដែលបួសក្នុងសាសនា) ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកតៗគ្នា ហើយពេលខ្លះរឿងនោះជារឿងមិនពិតក៏មានដែរ តែដោយសារចិត្តស្អប់សាសនា ឬស្អប់ព្រះសង្ឃណាមួយ ក៏ចេះតែចែករំលែកតគ្នាទៅ ដើម្បីឱ្យព្រះពុទ្ធសាសនាអាប់ឱន ឬថយចុះ។
ជាការពិតណាស់ ការខុសឆ្គងរបស់បុគ្គលដែលបួសនៅក្នុងសាសនា មិនថានៅក្នុងព្រះពុទ្ធសាសនា ឬសាសនាផ្សេងនោះទេគឺតែងតែមានជាធម្មតា ព្រោះថាបុគ្គលខ្លះដែលបានបួសហើយ ក៏តាំងចិត្តសិក្សាព្រះធម៌ វិន័យបានត្រឹមត្រូវ ហើយក៏បដិបត្តិបានត្រឹមត្រូវទៅតាមពាក្យទូន្មានប្រៀនប្រដៅនៅក្នុងសាសនា តែក៏មានព្រះសង្ឃអង្គខ្លះដែលជាអ្នកសិក្សាធម៌របស់ព្រះពុទ្ធសាសនាបានជ្រៅជ្រះហើយបដិបត្តិមិនត្រឹមត្រូវ ដោយសារតែលាភសក្ការៈ ឬការគោរពបូជាផ្សេងៗ នាំឱ្យលោកប្រាសចាកអំពី សេចក្តីដែលលោកបានបានសិក្សាចេះដឹងហើយនោះ។
នៅត្រង់សេចក្តីខ្លះ យើងអាចបញ្ជាក់បានថា ភេទជាព្រះសង្ឃ (ការស្លៀកពាក់ស្បង់ចីពរ) មិនមែនសុទ្ធតែតំណាងឱ្យសេចក្តីល្អនោះទេ ព្រោះថាបើសិនជាលោកមិនបដិបត្តិទៅតាមចំណេះដឹងដែលលោកបានសិក្សាមកហើយនោះទេ ទង្វើអាក្រក់ដែលលោកបានប្រព្រឹត្តនោះ គឺជាសេចក្តីអាក្រក់ ឬជាអំពើបាបដែលលោកត្រូវទទួល។ ស្បង់ចីពរ គឺជាគ្រឿងសម្រាប់បិទបាំងសេចក្តីអៀនខ្មាស់របស់មនុស្ស ព្រោះថាមនុស្សមិនអាចស្រាតដើរនោះទេ។ ការគោរព ឬការបដិបត្តិទៅតាមចំណេះដឹង ឬធម៌ដែលខ្លួនបានសិក្សាហើយនោះ ទើបជាសេចក្តីល្អ។ នៅត្រង់ចំណុចនេះ អ្នកអានមួយចំនួនអាចសួរថា តើព្រះសង្ឃគួរតែមានស្លៀកពាក់ខោអាវធម្មតាវិញឬយ៉ាងណា? មិនមែនអីចឹងទេ! បុគ្គលដែលបានបួសក្នុងព្រះពុទ្ធសាសនាហើយត្រូវកោរសក់ ស្លៀកស្បង់ចីពរ ទៅតាមវិន័យដែលព្រះសម្មាសម្ពុទ្ធបានកំណត់មក។ ការសិក្សាបានចេះដឹងគឺជារឿងសំខាន់មួយ ហើយការបដិបត្តិតាម ឬការ គោរពតាមចំណេះដឹងដែលបានសិក្សាចេះហើយនោះ គឺរឹតតែសំខាន់ទៅទៀត។
ក្រៅអំពីការិះគន់ព្រះសង្ឃ ក៏នៅមានការរិះគន់អ្នកដែលសិក្សារហូតបានសញ្ញាបត្របណ្ឌិត ដោយពាក្យថា បណ្ឌិតតែសញ្ញាបត្រ បណ្ឌិតឥតប្រយោជន៍ បណ្ឌិតគ្មានបានការណ៍ បណ្ឌិតលក់ខួរ ជាដើម។ នៅតាមបណ្តាញសង្គម ភាគច្រើនអ្នកដែលរិះគន់បណ្ឌិត គឺជាមនុស្សដែលមិនបានសិក្សាជ្រៅជ្រះ តែដោយសារចិត្តស្រលាញ់ ឬចិត្តស្អប់ចំពោះរឿងណាមួយ ក៏ចេះតែដៀលអ្នកសិក្សាបានសញ្ញាបត្របណ្ឌិតទៅ។ អ្នកដែលដៀលបណ្ឌិត ភាគច្រើនរៀនមិនចប់បណ្ឌិតទេ ហើយអ្នកដែលដៀលព្រះសង្ឃ ភាគច្រើនមិនបានបួសជាព្រះសង្ឃទេ។ ការសិក្សារហូតបានសញ្ញាបត្របណ្ឌិតគឺជារឿងលំបាកណាស់ ជាពិសេសសម្រាប់កូនអ្នកស្រែចម្ការ ព្រោះត្រូវតស៊ូនឹងការខ្វះខាត ការប្រឹងប្រែងសិក្សាឯកសារផ្សេងៗ ការរស់នៅក្នុងសង្គម និងបញ្ហាផ្សេងៗទៀត។ ការបួសជាព្រះសង្ឃក៏ជារឿងលំបាកណាស់ដែរ ព្រោះត្រូវគោរពទៅតាមវិន័យ ឬការកំណត់ផ្សេងៗ ហើយត្រូវអត់ធន់ចំពោះសេចក្តីត្រូវការដែលមនុស្សលោកតែងត្រូវការជាធម្មតា។ អ្នកដែលមិនធ្លាប់បួសមិនបានយល់ការលំបាករបស់ព្រះសង្ឃទេ។ បរិបទសង្គមកំណត់អ្វីៗគ្រប់យ៉ាង។
បណ្ឌិតដែលរៀនបានខ្ពស់ ហើយអានសៀវភៅ និងឯកសារបានច្រើនក៏មិនអាចធ្វើតាមចំណេះដឹងដែលបានសិក្សាមកហើយទាំងអស់នោះទេ គឺប្រើប្រាស់តែចំណេះដឹងដែលចាំបាច់ណាមួយស្របទៅតាមពេលវេលា និងកាលៈទេសៈដែលតម្រូវ។ ដើម្បីបានទទួលសញ្ញាបត្របណ្ឌិត គឺអ្នកសិក្សាត្រូវស្រាវជ្រាវលើមុខជំនាញណាមួយដែលខ្លួនពេញចិត្ត ហើយធ្វើការស្រាវជ្រាវដោយមានការណែនាំអំពីសាស្ត្រាចារ្យផ្សេងៗ។ បុគ្គលដែលបួសជាសង្ឃ ទាល់តែគោរពបដិបត្តិទៅតាមសេចក្តីដែលខ្លួនបានសិក្សាមកហើយនោះ ទើបលោកអាចបំពេញសេចក្តីល្អបាន។
អ្នកខ្លះបានសញ្ញាបត្របណ្ឌិតដើម្បីមើលងាយ មើលថោកអ្នកផ្សេង ជាពិសេសអ្នកដែលរៀនចប់មកពីក្រៅប្រទេសមួយចំនួនក៏តាំងចិត្តថាអ្នកសិក្សាក្នុងប្រទេសមិនមានចំណេះដឹងដល់ខ្លួន។ អ្នកមានសញ្ញាបត្របណ្ឌិតខ្លះ ការនិយាយស្តី ឬសកម្មភាពនៃការរស់នៅប្រចាំថ្ងៃ ដូចជាអ្នកដែលមិនមានចំណេះដឹង ចូលចិត្តនិយាយរឿងអាក្រក់របស់អ្នកផ្សេង ចូលចិត្តចាក់រុកអ្នកផ្សេង ចូលចិត្តនិយាយមិនពិតអំពីអ្នកផ្សេងដើម្បីផលប្រយោជន៍ខ្លួន ហើយក៏មានបណ្ឌិតខ្លះចូលចិត្តរាយការណ៍អាក្រក់អំពីអ្នកផ្សេងដើម្បីខ្លួនបានទទួលការសរសើរជាដើម។
បុគ្គលជាសង្ឃខ្លះក៏ដូចគ្នាដែរ ចូលចិត្តនិយាយអាក្រក់អំពីអ្នកផ្សេង ចូលចិត្តនិយាយដើមគេ ចូលចិត្តបំផ្លើសការពិត ទាំងដែលខ្លួនជាសង្ឃក៏មានដែរ។
សរុបជាអ្នករួមមក មិនមែនអ្នកដែលមានសញ្ញាបត្របណ្ឌិត ឬភេទជាព្រះសង្ឃ សុទ្ធតែជាអ្នកតំណាងឱ្យភាពត្រឹមត្រូវនោះទេ ព្រោះថាសញ្ញាបត្របណ្ឌិត គ្រាន់តែការកំណត់កម្រិតនៃការសិក្សា ហើយភេទជាព្រះសង្ឃគ្រាន់តែការកំណត់ភាពផ្សេងគ្នាអំពីគ្រហស្ថ តែសេចក្តីល្អ ឬភាពត្រឹមត្រូវរបស់មនុស្ស គឺអាស្រ័យលើការគោរពទៅតាមចំណេះដឹង ឬធម៌វិន័យខ្លួនបានសិក្សាមកហើយនោះ។ មនុស្សដែលបានសិក្សារហូតចប់ថា្នក់បណ្ឌិត គឺជាមនុស្សដែលមានសេចក្តីអត់ធននឹងការប្រឹងប្រែងដែលគួរដល់ការគោរព។ បុគ្គលដែលបានបួសជាសង្ឃ បានសិក្សាស៊ីជម្រៅ ហើយបានបដិបត្តិតាមសេចក្តីដែលបានសិក្សាចេះដឹងហើយនោះ គឺរឹតតែជាបុគ្គលដែលគួរគោរពនៅក្នុងសង្គម។
(បណ្ឌិត ស៊ឺន សម មន្ត្រីទទួលបន្ទុកកិច្ចការសាធារណៈនៃរាជបណ្ឌិត្យសភាកម្ពុជា)
ក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងកាលៈទេសៈពិសេសនាបច្ចុប្បន្នមិនឱ្យជំងឺនេះរាលដាលឈានចេញពីដំណាក់កាលនៃការឆ្លងដោយសារការនាំចូលពីប្រភពខាងក្រៅទៅដល់ដំណាក់កាលនៃការឆ្លងរាលដាលរវាងប្រជាជនក្នុងសហគមន៍នៅក្នុងប្រទេសរាជរដ្ឋាភិបាលដាក់ចេញនូវបទបញ្ជាស្ដីពីការកំហិតលើការធ្វើដំណើរក្នុងប្រទេសក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ចាប់ពីម៉ោង២៤ៈ០០ ថ្ងៃទី៩ ដល់ម៉ោង២៤ៈ០០យប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដូចខាងក្រោម៖
តើអ្នកតែងតែជា«មនុស្សដែលមានលេខ» ប៉ុន្តែអ្នកចាប់អារម្មណ៍លើវិធីគណិតវិទ្យាដែលមានឥទ្ធិពលលើពិភពលោកជុំវិញយើងមែនទេ? តើអ្នកចង់ប្រើគណិតវិទ្យាដើម្បីបង្កើតគំនិតថ្មីៗ ស្វែងយល់កាន់តែច្បាស់អំពីពិភពលោកជុំវិញយើងនិងជួយអភិវឌ្ឍបច្ចេកទេសនិងបច្ចេកវិទ្យា ដែលអាចជំរុញការអភិវឌ្ឍមនុស្សលើវិស័យផ្សេងៗបានទេ? តើអ្នកចង់យកគណិតវិទ្យាចេញពីការកំណត់នៃទ្រឹស្តីទេ? ការសិក្សាគណិតវិទ្យាអនុវត្ត (Applied mathematics) នឹងដាក់អ្នកនៅចំណុចប្រសព្វគ្នានៃជំនាញពីរូបវិទ្យា វិស្វកម្មនិងគីមីវិទ្យាដល់អាជីវកម្មនិងហិរញ្ញវត្ថុ ហើយនឹងផ្តល់ឱ្យអ្នកនូវឧបករណ៍ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្នតាមរយៈគំរូគណិតវិទ្យាអនុវត្ត។ ឥឡូវនេះ យើងនឹងពណ៌នាអំពីប្រវត្តិសង្ខេបនៃគណិតវិទ្យាអនុវត្តជាដំបូងសិន។
សេចក្ដីលម្អិតនៃអត្ថបទសិក្សាខាងលើ អាចចូលអាន ឬ ទាញយកមកអានបានតាមរយៈ៖ http://rac.gov.kh/royal-academy/research/attachments/original/126.pdf?1586418625
(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់។
នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃ៧ ខែមេសា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិថ្មីជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលត្រូវដល់អាយុចូលនិវត្តន៍។ បេក្ខភាពចូលរួមប្រកួតប្រជែងមានចំនួន២រូប គឺលោកបណ្ឌិត មាឃ បូរ៉ា និងលោកបណ្ឌិត វង្ស ម៉េង។ ពិធីនេះបានប្រព្រឹត្តឡើងនៅសាលសន្និសីទអគារឥន្ទ្រទេវីក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំការវាយតម្លៃ ដែលមានការចូលរួមវាយតម្លៃពីគណៈកម្មការវាយតម្លៃ និងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិសរុបចំនួន ២៧រូប។
នៅក្នុងពិធីនេះ គណៈកម្មការវាយតម្លៃ និងមន្ត្រីវិទ្យាស្ថានភាសាជាតិបានផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជនយ៉ាងសម្ងាត់ សុក្រឹត តម្លាភាព សមធម៌ និងយុត្តិធម៌ បន្ទាប់ពីបានពិនិត្យមើល និងស្តាប់ការធ្វើបទបង្ហាញរបស់បេក្ខជនដែលមានរយៈពេលចំនួន១៥នាទី អំពី ផែនការសកម្មភាព ចក្ខុវិស័យ និងទស្សនៈវិស័យការដឹកនាំគ្រប់គ្រងរបស់បេក្ខជនយ៉ាងល្អិតល្អន់។ នៅក្នុងការផ្តល់ពិន្ទុវាយតម្លៃសមត្ថភាពបេក្ខជននេះ គណៈកម្មការវាយតម្លៃបានកំណត់យកលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៧ចំណុច រួមមាន៖
១. យុទ្ធសាស្រ្តក្នុងការដឹកនាំអង្គភាព
២. យុទ្ធសាស្រ្តគ្រប់គ្រងនិងដឹកនាំបុគ្គលិក
៣. គំនិតផ្តួចផ្តើមនិងច្នៃប្រឌិតការងារ
៤. សមត្ថភាពក្នុងការរៀបចំនិងទទួលបានគម្រោងស្រាវជ្រាវ
៥. ស្មារតីទទួលខុសត្រូវ
៦. ការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍អង្គភាព និង
៧. សីលធម៌។
ជាលទ្ធផល លោកបណ្ឌិត មាឃ បូរ៉ា បានពិន្ទុចំនួន ១១៦៣ពិន្ទុនិងលោកបណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិទទួលបានពិន្ទុចំនួន ១១០៤។ ដូចនេះ លោកបណ្ឌិត មាឃ បូរ៉ា បានជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ។
ក្រោយពីជាប់ជាប្រធានវិទ្យាស្ថានភាសាជាតិ លោកបណ្ឌិត មាឃ បូរ៉ា បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាដឹកនាំផ្អែកលើគោលការណ៍គ្រឹះចំនួន៦ ដើម្បីវាស់វែងកិច្ចប្រតិបត្តិការងារ ដូចជា៖
១. សមត្ថភាព គឺចំណេះដឹងនិងចំណេះធ្វើក្នុងវិស័យឯកទេសរបស់ខ្លួន
២. ទេពកោសល្យ គឺភាពប៉ិនប្រសប់និងភាពឆ្លាតវៃក្នុងការងារ
៣. នវានុវត្តន៍ គឺគំនិតច្នៃប្រឌិតក្នុងការបង្កើតនូវតម្លៃបន្ថែម
៤. សីលធម៌ គឺភាពជាពលរដ្ឋល្អក្នុងមជ្ឈដ្ឋានការងារនិងសង្គម
៥. ភាពអំណត់ គឺការតស៊ូក្រាញននៀលក្នុងការងារមិនថាលំបាកឬស្រណុក និង
៦. ភាពស្មោះត្រង់ គឺភក្តីភាពចំពោះការងារ អង្គភាព និងប្រទេសជាតិ និងគុណធម៌។
លើសពីនេះ លោកបណ្ឌិតបានប្រសាសន៍ថា លោកនឹងប្រកាន់ភ្ជាប់ជានិច្ចនូវទស្សនវិជ្ជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាត្រីវិស័យ នោះគឺ « ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ»៕
RAC Media | រឿន ភីរុន
បច្ចុប្បន្នវិទ្យាសាស្ត្រមានការរីកចម្រើនណាស់ គេអាចឡើងទៅហួសឋានព្រះចន្ទ, អាចមុជដល់បាតមហាសមុទ្រ, អាចចូលដល់ស្នូលផែនដី, អាចឆ្លុះមើលដល់អង្គធាតុតូចៗបំផុត ជាងនេះទៅទៀតវិទ្យាសាស្ត្រអាចផលិតអាវុធប្រល័យលោកបានថែមទៀផង។
ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅមិនទាន់ខ្លាំងដល់កូវីដ១៩នៅឡើយទេ ព្រោះថាគិតមកដល់ត្រឹមព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ អ្នវិទ្យាសាស្ត្រនៅលើលោក មិនទាន់អាចមានលទ្ធភាពយកឈ្នះកូវីដ១៩បាននោះទេ។
ក្រោយពេលបង្ហាញវត្តមានរបស់ខ្លួននៅលើផែនដី កូវីដ១៩ បានធ្វើឱ្យមនុស្សពេញពិភពលោកមានការខ្លាចរអារ និងតក់ស្លុតជាពន់ពេក។ តក់ស្លុតដោយហេតុថា ត្រឹមរយៈពេលជាង៤ខែសោះ ពោលគឺពីខែធ្នូ ឆ្នាំ២០១៩ មកទល់ដើមខែមេសា ឆ្នាំ២០២០នេះ កូវីដ ១៩បានធ្វើឱ្យមនុស្សឆ្លងចំនួន ១,២០២,៤៣៣ នាក់, ស្លាប់ចំនួន ៦៤,៧២៩ នាក់, ខណៈចំនួនអ្នកជាសះស្បើយមានចំនួន ២៤៦, ៦៣៨ នាក់។
កូវីដ១៩ ក៏បានបើកស្បៃឱ្យពិភពលោកបានឃើញនូវធាតុពិតជាក់ស្តែងមួយចំនួនផងដែរ ពីទំនាក់ទំនងរវាងប្រទេសមួយទៅប្រទេសមួយទៀតនៅក្នុងសហគមន៍ ក៏ដូចជារបៀបនៃការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេសក្នុងលោក។ ត្រង់នេះបើយើងមើលតែក្នុងបរិបថអាស៊ាន យើងច្បាស់ជាឃើញនូវអ្វីដែលស្ថិតនៅពីក្រោយនៃអ្វីដែលគេនាំគ្នាហៅកាលពីឆ្នាំ២០១៥មកថា «សហគមន៍ មួយជោគវាសនាតែមួយ» ពាក្យនេះហាក់មានតែនៅលើក្រដាស់ជាជាងការអនុវត្ត ព្រោះថាបើយើងសង្កេតអំឡុងដើមឆ្នាំ២០២០ ស្របពេលដែលកូវីដ១៩ ចូលមកទឹកដីអាស៊ាន សហគមន៍មួយនេះ ហាក់បង្ហាញផ្ទុយពីខ្លឹមសារខាងលើ។ យើងអាចមើលពីទល្ហីករមួយចំនួនដូចជា ការបិទព្រំដែនដោយមិនបានប្រាប់មុនរបស់វៀតណាម ជាមួយកម្ពុជា, ការមិនឱ្យនាវាទេសចរណ៍កម្ពុជាចូលក្នុងទឹកដីវៀតណាម។ ការចេញលទ្ធផលផ្ទុយគ្នានៃការធ្វើតេស្តរកកូវីដ១៩ ទៅលើស្ត្រីជនជាតិអាម៉េរិកម្នាក់អាយុ៨៣ឆ្នាំដែលបានចេញពីនាវា វ៉េស្ទើដាំ( Westerdam) ពីកម្ពុជារកមិនឃើញ តែអាជ្ញាធរនិងមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានរកឃើញថា អ្នកដំណើរម្នាក់តាមនាវា MS Westerdam ដែលបានចុះចតនៅកម្ពុជា មានផ្ទុកមេរោគកូរ៉ូណាវីរុស Covid-19 បន្ទាប់ពីស្រ្តីវ័យ ៨៣ឆ្នាំរូបនេះ បានធ្វើដំណើរតាមយន្តហោះពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី តែក្រោយមកក៏ថាឆ្លើយថាគ្មានផ្ទុកកូវីដ១៩ទៅវិញ។ ជាងនេះទៅទៀត, ពលករដែលបានចាកចេញពីប្រទេសថៃ បានរកឃើញមានផ្ទុកកូវីដ១៩ ក្រោយពេលពួកគេបានទៅដល់ឡាវ និងជនជាតិឥណ្ឌូនេស៊ី២នាក់ដែលផ្ទុកកូវីដ១៩ បានចេញពីថៃមកកម្ពុជាជាដើម។
បើយើងងាកឱ្យឆ្ងាយបន្តិច យើងឃើញថានៅចំពោះមុខស្ថានការណ៍នេះ នៅតំបន់អឺរ៉ុបហាក់មានសភាពដុនដាបខ្លាំង ព្រោះថាមេដឹកនាំប្រទេសទាំងនោះហាក់មានចំណាត់ការនៅខ្វះចន្លោះច្រើនដែលនាំឱ្យពលរដ្ឋខ្លួនស្លាប់យ៉ាងគំហុកតួរយ៉ាង អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ និងអាម៉េរិកជាដើម។ អ្វីដែលគេនឹកស្មានមិនដល់នោះ គឺអាម៉េរិក បានកញ្ឆក់យកម៉ាស់ពីបារាំង ដែលបារំាងបានបញ្ចាទិញពីចិន តែបែជាអាម៉េរិកឱ្យតម្លៃទ្វេរ ហើយយកម៉ាសទាំងអស់នោះទៅវិញ។ ត្រង់នេះ សរបញ្ជាក់ឱ្យឃើញថា តើតម្លៃនៃមនុស្សធម៌នៅឯណា? ឯណាទោកិច្ចព្រមព្រៀងច្បាប់ពាណិជ្ជកម្មដែលប្រទេសធំៗនិងជឿនលឿនទាំងនោះតែងតែលើកឡើង និងធ្លាប់បានណែនាំដល់ប្រទេសកំពុងអភិវឌ្ឍនោះ។
មួយវិញទៀតអឺរ៉ុប ក៏ធ្លាប់បានរិះគន់ចិនមិនតិចដែរ អំពីវិធានការណ៍នៃការបង្ឃាំងមនុស្សរបស់ចិននៅក្រុង អ៊ូហា(Wuhan) តែមកដល់ពេលនេះ ប្រទេសដែលធ្លាប់រិះគន់ និងគិតពីបញ្ហាសិទ្ធិមនុស្សសុទ្ធតែនាំគ្នាដាក់បម្រាមបែបនេះ ដើម្បីទប់ស្កាត់នៃការរីករាលដាលកូវីដ១៩។
ជាមួយគ្នានេះដែរ, នយោបាយការទូតក៏ស្តែងឡើងជាច្រើនដែរ តាមរយៈសម្ភារៈពេទ្យ និងអ្នកឯកទេសដើម្បីជួយបណ្តាប្រទេសដៃគូក្នុងពេលមានកូវីដ១៩ , ដូចជា ចិន រុស្ស៊ី និងគុយបាជាដើម ដែលបានបញ្ជូនគ្រូពេទ្យនិងសម្ភារៈពេទ្យរបស់ខ្លួនទៅកាន់បណ្តាប្រទេសជាច្រើនដូចជា អ៊ីតាលី, បារាំង, អេស្ប៉ាញ។
ជារួមមក យើងអាចនិយាយបានថា កូវីដ១៩ អង្រួនពិភពលោក ឱ្យរង្គើរ ដែលយើងគ្រប់គ្នាអាចមើលដឹងពីរបៀបគ្រប់គ្រង និងចរិតដឹកនាំរបស់មេដឹកនាំក្នុងលោកបាន។
RAC Media
ថ្មីៗនេះមានសាធារណជនមួយចំនួនតូចហាក់នៅមិនទាន់យល់ច្បាស់ពីតួនាទីនិងភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា ជាពិសេសចម្ងល់ចំពោះរាជបណ្ឌិត្យសភាកម្ពុជាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រុមការងារ RAC Media បានទាក់ទងសុំការបំភ្លឺពីឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា ពីតួនាទីនិងភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា និងទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជាចំពោះជំងឺកូវីដ-១៩ នេះ។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ឱ្យដឹងថា ក្នុងស្ថានភាពបច្ចុប្បន្នដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ទាំងនៅកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសនានាទូទាំងពិភពលោក រាជបណ្ឌិត្យសភាកម្ពុជា នៅតែបន្តភារកិច្ចរបស់ខ្លួនក្នុងនាមជាស្ថាប័នស្រាវជ្រាវរបស់ជាតិទៅតាមជំនាញរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ។ បច្ចុប្បន្ននេះរាជបណ្ឌិត្យសភាកម្ពុជាក៏កំពុងតែដំណើរការទាំងការស្រាវជ្រាវនិងការអនុវត្ត ដើម្បីរកធាតុចូលជូនរាជរដ្ឋាភិបាល ហើយកន្លងមករាជបណ្ឌិត្យសភាកម្ពុជា ក៏បានបង្ហាញនូវសមិទ្ធផលជាច្រើនរួចហើយដែរ។
ឯកឧត្តមអគ្គលេខាធិការក៏បានបញ្ជាក់ដែរថា រាល់ការឆ្លើយតបព័ត៌មានសម្រាប់សាធារណជនទាក់ទងទៅនឹងបច្ចុប្បន្នភាព ឬ វិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងការទប់ស្កាត់ជំងឺកូវីដ-១៩ គឺរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចនេះទៅក្រសួងសុខាភិបាល។ ដូច្នេះ រាជបណ្ឌិត្យសភាកម្ពុជាមិនមានសមត្ថកិច្ចក្នុងការឆ្លើយតបឬបំភ្លឺពីបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នេះទេ។
ទោះជាយ៉ាងណា ក្នុងនាមជាស្ថាប័នស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជាក៏កំពុងរួមចំណែកជួយដល់រាជរដ្ឋាភិបាល ធ្វើការតាមដាន និងចងក្រងអត្ថបទវិទ្យាសាស្ត្រយ៉ាងយកចិត្តទុកដាក់ សម្រាប់ជាចំណេះដឹង និងទុកជាបទពិសោធន៍ ដើម្បីរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺផ្សេងៗដែលអាចនឹងកើតមានជាយថាហេតុនៅពេលក្រោយ។
សូមបញ្ជាក់ដែរថា មន្ទីរពិសោធន៍វេជ្ជសាស្ត្រសម្រាប់ធ្វើតេស្តរកមេរោគជំងឺកូវីដ-១៩ គឺមានតែនៅវិទ្យាស្ថានប៉ាស្ទ័រតែប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលក៏មិនអនុញ្ញាតឱ្យមន្ទីរសម្រាកព្យាបាលឬគ្លីនិកឯកជនទទួលការព្យាបាលឬធ្វើតេស្តជំងឺកូវីដ-១៩នោះដែរដោយខ្លួនឯងនោះដែរ៕
RAC Media
នៅក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺបង្កដោយវីរុសកូវីដ១៩ដែលបានបណ្ដាលឱ្យមានមនុស្សឆ្លងកើនដល់ជាង ១លាននាក់ និងមានមនុស្សស្លាប់ដោយសារជំងឺនេះជាង ៥០ ០០០នាក់។ នៅកម្ពុជា អាជ្ញាធរបានសម្រេចបិទសាលារៀន កន្លែងកម្សាន្តដូចជា KTV បៀរហ្គាដិន រង្គសាល និងមានការណែនាំឱ្យផ្អាកពិធីចួបជុំនានាទាំងបែបសាសនា និងការចួបជុំគ្នាច្រើន។ សម្រាប់មន្ត្រីរាជការ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ្យបញ្ឈប់ការធ្វើដំណើរទៅក្រៅប្រទេស និងផ្អាកលែងអនុញ្ញាតឱ្យជំនួបឬកិច្ចប្រជុំទាំងក្នុងប្រទេសនិងក្រៅប្រទេស ហើយថ្នាក់ដឹកនាំនៅតាមក្រសួង/ស្ថាប័ននានារបស់រដ្ឋ បានចេញសេចក្ដីណែនាំឱ្យមន្ត្រីនិងបុគ្គលិករបស់ខ្លួនអាចបំពេញការងារតាមប្រព័ន្ធអ៊ីនធឺណិត និងតម្រូវឱ្យមកបំពេញការងារតែសម្រាប់មន្ត្រីនិងបុគ្គលិកដែលចាំបាច់ខកខានមិនបានប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងនេះក្ដី វិធានការពង្រឹងអនាម័យនិងការត្រួតពិនិត្យសីតុណ្ហភាពអ្នកដែលមកបំពេញការងារដោយផ្ទាល់ត្រូវបានអនុវត្តនៅគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋនិងឯកជន ដើម្បីសុវត្ថិភាពនិងបង្ការការឆ្លងរាលដាលនៃជំងឺនេះ។ ជាមួយគ្នានេះដែរ អាជ្ញាធរបានធ្វើការផ្សព្វផ្សាយតាមរូបភាពផ្សេងៗដូចជាការបិទនិងចងបដានៅតាមទីសាធារណៈនិងទីតាំងផ្សេងៗរបស់រដ្ឋ និងចាក់ខ្សែអាត់សំឡេងសារអប់រំដែលបានគូសបញ្ជាក់អំពីចំណុចចាំបាច់ទាំងឡាយដែលប្រជាពលរដ្ឋត្រូវអនុវត្តទាំងវិធានការអនាម័យនិងការបង្ការខ្លួនពីការឆ្លងរីករាលដាលផងដែរ។ គិតមកត្រឹមព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ សរុបចំនួន១១៤នាក់ ក្នុងនោះអ្នកដែលបានជាសះស្បើយមានចំនួន ៤៩នាក់ (ស្មើនឹង៤២,៩៨%នៃចំនួនអ្នកដែលបានឆ្លង) និងមាន៦៥នាក់កំពុងសម្រាកទទួលការព្យាបាលនៅតាមមន្ទីរពេទ្យេរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។
ជាការពិតណាស់ ការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់និងដែលបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលកម្ពុជា ហើយដែលរាជរដ្ឋាភិបាលបានចាត់វិធានការនានាដូចបានរៀបរាប់ខាងលើ តែការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ត្រូវតែមានការចូលរួមទាំងអស់គ្នា ទាំងពីសំណាក់ក្រសួងស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នា។ វិធានការចាំបាច់នានាដែលក្រសួងសុខាភិបាលបានណែនាំ ហើយដែលប្រជាពលរដ្ឋចាំបាច់ត្រូវតែអនុវត្តរួមមាន៖
- ធ្វើអនាម័យផ្ទាល់ខ្លួនតាមរយៈការលាងដៃដោយប្រើសាប៊ូនិងទឹកស្អាត ទឹកអាល់កុល ឬអាល់កុលហ្សែលឱ្យបានត្រឹមត្រូវនិងញឹកញាប់ ក្រោយពេលកាន់ឬប៉ះសម្ភារៈប្រើប្រាស់ឬវត្ថុដែលអាចមានការប៉ះនិងប្រើប្រាស់ពីមនុស្សច្រើនគ្នា
- ចៀសវាងការប៉ះភ្នែក ច្រមុះ និងមាត់របស់អ្នកជាមួយដៃកខ្វក់
- ចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកសង្ស័យថាអាចឆ្លងជំងឺកូវីដ១៩ ឬអ្នកដែលគ្រុនក្ដៅ ក្អក និងកណ្ដាស់
- កាត់បន្ថយការចួបជុំ ឬការធ្វើដំណើរទៅកាន់កន្លែងដែលមានមនុស្សប្រមូលផ្ដុំច្រើន
- បំពេញការងារដោយប្រយោលពីផ្ទះ តាមលទ្ធភាពដែលអាចធ្វើទៅបានក្នុងករណីមិនចាំបាច់ទៅកន្លែងធ្វើការផ្ទាល់
- ពេលក្អកឬកណ្ដាស់ ត្រូវប្រើកែងដៃខ្ទប់មាត់និងច្រមុះ កន្សែង ឬក្រដាសខ្ទប់ ចៀសវាងប្រើបាតដៃខ្ទប់
- សម្អាតនិងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃវត្ថុដែលប្រើប្រាស់ឱ្យបានញឹកញាប់
- រក្សាចម្ងាយពីគ្នាយ៉ាងតិច ១,៥ម៉ែត្រ និងគួរចៀសវាងការស្វាគមន៍គ្នាដោយចាប់ដៃឬឱប ដោយប្ដូរមកជាការសំពះ ជាដើម
- ប្រសិនបើមានរោគសញ្ញាគ្រុនក្ដៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការពិគ្រោះយោបល់ជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ
- បរិភោគតែអាហារដែលឆ្អិនល្អ និងចៀសវាងការប៉ះពាល់និងធ្វើដំណើរជាមួយសត្វដែលឈឺ
- មិនត្រូវខាកស្ដោះនៅទីសាធារណៈ
- សម្រាប់អ្នកដែលទើបវិលត្រឡប់ក្រៅប្រទេស ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេលយ៉ាងតិច១៤ថ្ងៃ
- ក្រៅពីវិធានការអនាម័យនិងបង្ការការឆ្លងរាលដាលខាងលើ ប្រជាពលរដ្ឋគប្បីតាមដានការជូនដំណឹងនិងវិធានការផ្សេងៗទៀតដែលប្រកាសដោយក្រសួងសុខាភិបាលកម្ពុជា (Facebook: https://www.facebook.com / MinistryofHealthofCambodia/) ឬនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) (https://www.facebook.com/cdcmohcam/) ដោយមិនត្រូវជឿតាមការផ្សព្វផ្សាយនិងពាក្យចចាមអារ៉ាមនានាដែលគ្មានប្រភពច្បាស់លាស់អំពីការបង្ការនិងការព្យាបាលជំងឺកូវីដ១៩នោះឡើយ។ កន្លងមក យើងឃើញមានការផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យចចាមអារ៉ាមផ្សេងៗដែលគ្មានប្រភពច្បាស់លាស់ និងគ្មានមូលដ្ឋានវេជ្ជសាស្ត្រត្រឹមត្រូវពីសំណាក់ជនទុច្ចរិតនិងជនឱកាសនិយមមួយចំនួនដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន បង្កឱ្យប្រជាពលរដ្ឋព្រួយបារម្ភនិងភ្ញាក់ផ្អើល ហើយលង់ជឿនិងអនុវត្តតាមដោយសារខ្វះព័ត៌មាននិងការស្វែងយល់ការណ៍ពិត ដូចជាករណីជំងឺកូវីដ១៩បានឆ្លងរាលដាលខ្លាំងរហូតដល់មានការបិទរាជធានីភ្នំពេញ មានអ្នកប្រកាច់ស្លាប់ដោយសារជំងឺកូវីដ១៩ ការដាំទឹកខ្ញីបង្ការការឆ្លងជំងឺកូវីត១៩ ខ្ទឹមសជួយបង្ការការឆ្លងវីរុសកូវីដ១៩ ជំនឿដុតភ្លើងបណ្ដេញជំងឺកូវីដ១៩ ការលាងឬខ្ពុលទឹកសម្អាតមាត់ និងការបរិភោគស៊ុតមាន់ឬទាដើម្បីបង្ការជាដើម ដែលប្រការទាំងអស់នេះសុទ្ធសឹងតែជារឿងរ៉ាវមិនពិត ហើយជំរុញឱ្យមានការយល់ឃើញមិនត្រឹមត្រូវ និងបានបំប៉ោងស្ថានការណ៍ឱ្យប្រជាពលរដ្ឋកាន់តែជ្រួលច្របល់។ ដូចដែលបានជម្រាបជូនខាងលើ ប្រភពដែលអាចផ្ដល់នូវព័ត៌មានពិត និងវិធានការត្រឹមត្រូវនិងពិតប្រាកដគឺមានតែក្រសួងសុខាភិបាលកម្ពុជា និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង(CDC)ដែលជាសេនាធិការក្រសួងតែប៉ុណ្ណោះ។ សូមប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពផ្ទាល់ខ្លួននិងគ្រួសារ ធ្វើលំហាត់ប្រាណឱ្យបានរៀងរាល់ថ្ងៃ សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីជំរុញឱ្យប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺរបស់ខ្លួនបានរឹងមាំ៕
RAC Media| លឹម សុវណ្ណរិទ្ធ
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM