Royal Academy of Cambodia
កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ៉េខាងជើងត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដ៏ធំនិងមានគោលបំណងអភិវឌ្ឍអាវុធដែលអាចវាយប្រហាររយៈចម្ងាយឆ្ងាយរហូតដល់សហរដ្ឋអាម៉េរិក។ កូរ៉េខាងជើងមានកម្មវិធីអភិវឌ្ឍន៍សព្វាវុធ នុយក្លេអ៊ែរជាច្រើនទសវត្សរ៍មកហើយ ហើយក៏បានសាកល្បងសព្វាវុធនេះជាច្រើនលើកច្រើនសារមកហើយដែរ ជួនកាលត្រូវនឹងថ្ងៃប្រារព្ធពិធីសំខាន់របស់ជាតិ ឬនៅក្នុងអំឡុងពេលនៃភាពតានតឹងក្នុងតំបន់។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនាញជាច្រើនយល់ឃើញថា កូរ៉េខាងជើងកំពុងមានភាពជឿនលឿនគួរឱ្យកត់សម្គាល់ ហើយដែលអាចឈានទៅសម្រេចបានដល់គោលដៅផលិតមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចបាញ់ដល់ផ្នែកខ្លះនៃសហរដ្ឋអាម៉េរិកបាន។
សូមរំឭកថា ការចរចាលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង គឺចាប់ផ្ដើមតាំងពីឆ្នាំ២០០៣មកម្ល៉េះ ដោយមាន៦ភាគី រួមមាន កូរ៉េខាងជើង កូរ៉េខាងត្បូង ជប៉ុន អាម៉េរិក ចិន និងរុស្ស៊ី ដើម្បីជំរុញឱ្យទីក្រុងព្យុងយ៉ាងបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយប្តូរយកមកវិញនូវជំនួយពីសហគមន៍អន្តរជាតិ ប៉ុន្តែ ក្រោយមក ការចរចាត្រូវជាប់គាំងដោយនៅខែមេសា ឆ្នាំ២០០៩ ក៏មានការខ្វែងគំនិតគ្នារហូតធ្វើឱ្យកូរ៉េខាងជើងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរម្ដងហើយម្ដងទៀត។ បញ្ហាការចរចានុយក្លេអ៊ែរនេះជាប់គាំងរហូតដល់ឆ្នាំ២០១៨ ទើបមានការចរចាដ៏សំខាន់មួយ គឺជំនួបរវាងលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនិងលោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរី ដោយបានពិភាក្សាលើប្រធានបទស្តីពីការរំសាយកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ការចុះសន្ធិសញ្ញាបញ្ចប់សង្គ្រាមនៅឧបទ្វីបកូរ៉េ ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ-សហរដ្ឋអាម៉េរិកទៅលើកូរ៉េខាងជើង ការធានាសន្តិសុខរបស់ប្រទេសកូរ៉ខាងជើង និងបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ ទីបំផុតជំនួបចរចា សម្រេចបានកិច្ចព្រមព្រៀងដែលមិនច្បាស់លាស់មួយ ពោលគឺជាកិច្ចព្រមព្រៀងដែលមានតែនៅលើក្រដាស។ បន្ទាប់ពីជំនួបដែលទទួលបានតែកិច្ចព្រមព្រៀងលើក្រដាស អាម៉េរិកក៏ដូចជាសហគមន៍អន្តរជាតិបានខិតខំជំរុញឱ្យមានជំនួបចរចាជាលើកទី២ ដែលបានធ្វើឡើងនៅក្នុងប្រទេសវៀតណាម ប៉ុន្តែ វាត្រូវបរាជ័យនិងបញ្ចប់ទៅដោយគ្មានសម្រេចបានកិច្ចព្រមព្រៀងណាមួយទាំងអស់។
អស់រយៈពេលជិត២ឆ្នាំ ដែលសហរដ្ឋអាម៉េរិកបានប្រើមធ្យោបាយខាងការទូតក្នុងការបញ្ចុះបញ្ចូលឱ្យ កូរ៉េខាងជើងបោះបង់មហិច្ឆតានុយក្លេអ៊ែរ ប៉ុន្តែ មកទល់ពេលនេះ ជំហររបស់ប្រទេសទាំងពីរនៅតែមិនផ្លាស់ប្ដូរ ជាហេតុនាំឱ្យមិនអាចសម្រេចបានកិច្ចព្រមព្រៀងអ្វីទាំងអស់។ ក្រោយមកប្រទេសស៊ុយអែត បានទទួលរៀបចំជំនួបចរចាទ្វេភាគី អាម៉េរិក កូរ៉េខាងជើង ក្នុងគោលដៅស្រោចស្រង់ឡើងវិញនូវការចរចាស្តីពីការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើង ដែលបានជាប់គាំងអស់៧ខែមកហើយ ពោលគឺចាប់តាំងពីការចរចាជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសវៀតណាម បានជួបបរាជ័យកាលពីខែកុម្ភៈ ឆ្នាំ២០១៩។ នៅក្នុងជំនួបលើកនេះភាគីកូរ៉េខាងជើងបានដើរចេញពីតុចរចា ដោយសំអាងថាមិនអាចទទួលយកសំណើរបស់សហរដ្ឋអាម៉េរិកបាន ដោយនិយាយថាអាម៉េរិកមិនបាននាំយកអ្វីថ្មីមកដាក់លើតុចរចា ក្រៅតែពីនយោបាយអរិភាពជាមួយកូរ៉េខាងជើង។ ហើយតាំងពីពេលនោះមក រដ្ឋបាលក្រុងព្យុងយ៉ាងក៏គ្មានឥរិយាបថចង់ជួបជាមួយតំណាងក្រុងវ៉ាស៊ីនតោនតទៅទៀតដែរ។ ទីបំផុតកិច្ចប្រឹងប្រែងទាំងឡាយប្រៀបដូចអំបិលត្រូវទឹក គឺទទេ។ ទើបតែថ្មីៗនេះ បេសកជនពិសេសទទួលបន្ទុកបញ្ហាកូរ៉េខាងជើងនៃក្រសួងការបរទេសអាម៉េរិក បាននិយាយថា សហរដ្ឋអាម៉េរិកតៀមខ្លួនជាស្រេចបន្តការចរចាអំពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងមានបំណងស្រដៀងគ្នា។
មែនទែនទៅ ទាំងរដ្ឋបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋបាលក្រុងព្យុងយ៉ាង សុទ្ធតែលេងល្បែងនយោបាយក្នុង ការចរចាជារហូត ខាងសហរដ្ឋអាម៉េរិក លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា អាម៉េរិកនៅតែរក្សាជំហរប្រឆាំងទៅនឹងកូរ៉េខាងជើង ហើយអាម៉េរិកនឹងយល់ព្រមធ្វើតាមសំណើរបស់កូរ៉េខាងជើង ដរាបណាមានការរំសាយអាវុធនុយក្លេអ៊ែរ និងត្រូវបានត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ត្រឹមត្រូវដោយសហគមន៍អន្តរជាតិជាមុន ហើយដូចជានៅក្នុងកិច្ចប្រ ជុំណាតូនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស លោក ត្រាំ បានលើកឡើងទាក់ទងនឹងកូរ៉េខាងជើងថា សហរដ្ឋអាម៉េរិកមាន «កងទ័ពដ៏មានអានុភាព» ហើយបើចាំបាច់ អាម៉េរិកនឹងប្រើកងទ័ពក្នុងការដោះស្រាយបញ្ហា។
តាមពិត អ្វីដែលអាម៉េរិកពិភាក្សាជាមួយកូរ៉េខាងជើង គ្រាន់តែវិធីពន្យារពេលដើម្បីឱ្យទីក្រុងព្យុងយ៉ាង ផ្អាកសកម្មភាពនុយក្លេអ៊ែរនិងទទួលបានប្រជាប្រិយភាពពីពលរដ្ឋអាម៉េរិកតែប៉ុណ្ណោះ។ ប៉ុន្តែ កូរ៉េខាងជើងមិនចាញ់ល្បិចរបស់អាម៉េរិកនោះឡើយ ដោយបន្តកម្មវិធីនុក្លេអ៊ែរនិងកាំជ្រួចដដែល។ ឯមេដឹកនាំនៅទីក្រុងព្យុងយ៉ាង ក៏ត្រូវការសហរដ្ឋអាម៉េរិកធ្វើជាសត្រូវ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនិងអង់អាចរបស់ខ្លួនក្នុងការដឹកនាំប្រទេស ហើយនឹងបន្តលេងល្បែងនយោបាយរបស់ពួកគេដែរ។ ម្យ៉ាងវិញទៀត កូរ៉េខាងជើងមិនអាចបោះបង់កម្មវិធីនុយក្លែអ៊ែររបស់ខ្លួនទេ ព្រោះវាជាឧបករណ៍តែមួយគត់សម្រាប់បន្តភាពរស់រាននៃរបបគ្រប់គ្រងដ៏ឯកោមួយនេះ។
ផ្អែកតាមស្ថានភាពជាក់ស្តែង របបដឹកនាំកូរ៉េខាងជើងមានសុទិដ្ឋិនិយមខ្ពស់ថា វាដល់ពេលខ្លួនអាចក្លាយជាសមាជិកក្លិបប្រទេសនុយក្លេអ៊ែរហើយ។ កូរ៉េខាងជើងអាចផលិតអាវុធនុយក្លេអ៊ែរនិងសាកល្បងបានជោគជ័យ ហើយវាក៏គ្មានឧបសគ្គអ្វីដែលរារាំងខ្លួនមិនឱ្យក្លាយជារដ្ឋនុយក្លេអ៊ែរស្មើមុខស្មើមាត់នឹងប្រទេសប្រាំបីផ្សេងទៀតដែរ។
ក្រៅពីមហាអំណាចប្រាំដែលឈ្នះសង្គ្រាមលោកលើកទីពីរ ដែលគេទទួលស្គាល់ជារដ្ឋនុយក្លេអ៊ែរស្របច្បាប់ ឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែល ជារដ្ឋនុយក្លេអ៊ែរមិនស្របច្បាប់ឡើយ។ មិនស្របច្បាប់ត្រង់ថា ក្រុមប្រទេសទាំងនេះព្យាយាមផលិតអាវុធនុយក្លេអ៊ែរក្រោយពេលសន្ធិសញ្ញាស្តីពីការហាមឃាត់ការសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បង្កើតឡើងឆ្នាំ១៩៦៨ និងចូលជាធរមានឆ្នាំ១៩៧០នោះ។ ប៉ុន្តែ ប្រទេសទាំងនេះមិនរងសម្ពាធឬទណ្ឌកម្មពី សហគមន៍អន្តរជាតិទេ ហើយវាក៏ត្រូវគេចាត់ទុករដ្ឋនុយក្លេអ៊ែរតាមស្ថានភាពជាក់ស្តែងដែរ (de facto)។ សហរដ្ឋអាម៉េរិកកាលនោះអះអាងថា ស្ថានភាពឥណ្ឌា ប៉ាគីស្ថាន និងអ៊ីស្រាអែលអាចគ្រប់គ្រងបាន ហើយវាមិនបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាពនិងស្ថិរភាពពិភពលោកឡើយ។
ចំណែកបញ្ហាកូរ៉េខាងជើងវិញ គឺខុសគ្នា។ ខុសគ្នាត្រង់ថា ប្រទេសកូរ៉េខាងជើងធ្លាប់ជាសមាជិកកិច្ចព្រមព្រៀង NPT។ ប៉ុន្តែ ប្រទេសនេះសម្រេចដើរចេញពីសន្ធិសញ្ញានេះនៅឆ្នាំ២០០៣ ដោយសម្ងំផលិតអាវុធទាំងខុសច្បាប់។ ឆ្នាំ ២០០៦ ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ីល កូរ៉េខាងជើងបានសម្រេចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូង ទាក់ទាញទណ្ឌកម្មច្រើនសន្ធឹកពីសហគមន៍អន្តរជាតិផងដែរ។ ទណ្ឌកម្មនេះត្រូវបានគេបន្ថែមរហូតមកដើម្បីដាក់គំនាបឱ្យក្រុងព្យុងយ៉ាងប្តូរជំហរ និងបោះបង់អាវុធរបស់ខ្លួននោះ។
ដូច្នេះ ភាគីទាំងពីរហាក់នៅឆ្ងាយពីគ្នា ពិបាកក្នុងការឈានទៅរកកិច្ចព្រមព្រៀងរួមគ្នាណាស់ លទ្ធផលជាដុំកំភួនជាដុំកំភួនណាមួយក៏ប្រហែលជាមិនអាចទៅរួចដែរ។ ស្ថានភាពនេះ បើផ្លូវការទូតមិនទទួលបានផល នោះអាចទៅរួចថា កូរ៉េខាងជើងនឹងងាកទៅចងសម្ព័ន្ធភាពកាន់តែស៊ីជម្រៅជាមួយចិននិងរុស្ស៊ី ហើយបន្តអភិវឌ្ឍកម្មវិធីអាវុធ នុយ ក្លេអ៊ែររបស់ខ្លួនជាហេតុនាំឱ្យមានការគំរាមកំហែងកាន់តែធំចំពោះសន្តិសុខនៅឧបទ្វីបកូរ៉េ៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
(ប្រទេសជប៉ុន)៖ ប្រជាជនជប៉ុនខេត្តអយតា (Ōita) ដែលជាខេត្តអនុវត្តគោលនយោបាយចលនាភូមិមួយផលិតផលមួយរបស់ជប៉ុនបានទិញកក់ខ្មែរពីខេត្តកំពង់ឆ្នាំង ដើម្បីកែច្នៃធ្វើជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើន។ នេះបើតាមប្រសាសន៍ឱ្យដឹងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។
ក្នុងអំឡុងធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីចលនាភូមិមួយផលិតផលមួយនៅខេត្តអយតាដែលជាខេត្តដែនកោះស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ផលិតប្រើប្រាស់ដែលផលិតអំពីកក់ទាំងនេះមាន៥ផ្សេងៗគ្នា រួមមាន ស្បែកជើង កន្ទេលគ្រឿងសង្ហារឹម សម្រាប់ជូតជើង និងទ្រនាប់សម្រាប់អង្គុយ។ ផលិតផលទាំងអស់សុទ្ធសឹងតែផលិតចេញអំពីកក់ ដោយមួយគូរមានតម្លៃ៥០ដុល្លារ។ ក្រៅពីផលិតផលិតផលអំពីកក់នេះ ប្រជាជនជប៉ុនខេត្តអយតា បានផលិតផលិតផលខ្សែអំពីក្រចៅដែលមានតម្លៃថ្លថែមទៀតផង។
ពីទឹកដីជប៉ុន ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍បញ្ជាក់ថា ប្រសិនខ្មែរយើងមានដើមក្រចៅនោះ ជប៉ុននឹងទិញពីខ្មែរយើងភ្លាម។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន រយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដើម្បីសិក្សាស្វែងយល់អំពីស្ថាប័នស្រាវជ្រាវជប៉ុន និងតាមស្ថាប័នរដ្ឋមួយចំនួនទៀត ជាពិសេសស្វែងយល់ពីចលនាភូមិមួយផលិតផលមួយនៅខេត្តអយតា៕
(លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ)
ឯកឧត្តមបណ្ឌិត យង់ ពៅ ក្នុងឱកាសប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ព្រឹកមិញនេះ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាតែងតែគាំទ្រសមាសភាពស្ត្រីដែលមានសមត្ថភាព សីលធម៌នៅក្នុងតំណែងគ្រប់គ្រងដឹកនាំ។
ជាមួយនេះដែរ លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ និងជាប្រធានគណៈកម្មការការពារផលប្រយោជន៍ស្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នេះ រាជបណ្ឌិត្យសភាកម្ពុជាមានមន្ដ្រីនិងបុគ្គលិកនារី ចំនួន៦១នាក់ ដែលមានសមាមាត្រប្រហាក់ប្រហែលនឹង២៣,៧៣% នៃមន្ដ្រីរាជការសរុបរបស់រាជបណ្ឌិត្យសភាកម្ពុជា។
លោកស្រី កែវ ខេមរ៉ា បានមានប្រសាសន៍ថា នារីនៅរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូប មានសមត្ថភាព សកម្មការងារ និងបានដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងសកម្មភាពដឹកនាំមួយចំនួននៅផងដែរ ដែលក្នុងនោះស្ត្រីជាច្រើនរូបកំពុងបំពេញតួនាទីក្នុងជួរអ្នកដឹកនាំ និងបំពេញតួនាទីភារកិច្ចគ្រប់គ្រងអង្គភាពចំណុះមួយចំនួននៃរាជបណ្ឌិត្យសភាកម្ពុជា។ កន្លងមក លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ក៏ធ្លាប់មានតួនាទីជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅអណត្តិទី២ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧ ផងដែរ។ ដូច្នេះ នារី មានសមត្ថភាពបំពេញភារកិច្ច និង ធ្វើកិច្ចការស្មើមុខស្មើមាត់ជាមួយបុស ឱ្យស័ក្ដិសមនឹងបរិបទនៃការលើកកម្ពស់សមភាពយេនឌ័រ របស់ព្រះរាជាណាចក្រកម្ពុជា៕
RAC Media | រឿន ភារុន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ការលើកឡើងជាទស្សនៈ ជាគំនិត ជាពាក្យស្លោក ជាសុភាសិតថា «ស្ត្រីបង្វិលជើងក្រានមិនជុំ» គប្បីត្រូវលុបបំបាត់ចេញពីសង្គមខ្មែរនាពេលបច្ចុប្បន្នហើយ ពីព្រោះបច្ចុប្បន្ននេះ ស្ត្រីមានសមត្ថភាពសិទ្ធិ សេរីភាពពេញលេញដូចបុរសដែរ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ នៅវិទ្យស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលឆ្នាំ២០២០នេះ ផ្តោតលើប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ»។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅក្នុងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថ្លែងថា បច្ចុប្បន្នភាព យើងមិនគួរលើកយកទស្សនៈ«ស្ត្រីបង្វិលជើងក្រានមិនជុំ» មកនិយាយដែលនាំឱ្យកើតមានគំនិតរើសអើងភេទ និងការបង្កហិង្សាផ្នែកគំនិត ការទាមទារសិទ្ធិ សេរីភាពរវាងបុរស និងស្ត្រីទៀតនោះទេ។
អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ន ស្ត្រីអាចសម្រេចកិច្ចការធំបាន ស្ត្រីអាចទទួលបានការសិក្សានៅគ្រប់កម្រិត ស្ត្រីមានសមត្ថភាព ស្ត្រីអាចយល់កាលៈទេសៈ ស្ត្រីរឹងមាំ ដើម្បីប្រឡូកចូលការងារនៅគ្រប់កម្រិតក្នុងសង្គម ដូចនេះទស្សនៈ«ស្ត្រីបង្វិល ជើងក្រានមិនជុំ» មិនកើតមាននៅក្នុងសង្គមខ្មែរបច្ចុប្បន្នទេ។
RAC Media | រឿន ភារុន
នៅព្រឹកថ្ងៃព្រហស្បតិ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសមាជិកសិក្សាស្រាវជ្រាវគម្រោង ស្ដីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ (Cambodia’s Vegetable: Production, Supply Chains, Challenge and Practical Resolutions) » ដែលមាន លោក ឈឿន សាវន លោក យិន ពោ និង លោក សាន ចេង ចុះសិក្សាស្វែងយល់ពីបច្ចេកទេសដាំបន្លែសរីរាង្គដោយប្រើសំណង់គ្របទំនើប (Green house) ស្វែងយល់ពីកសិកម្មស្មាត ទីផ្សារ ដើមទុន កម្លាំងពលកម្មដែលកំពុងរៀបចំដោយក្រុមហ៊ុនអាគ្រីសម្បត្តិខ្មែរ មានទីតាំងស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ សំណង់គ្រប (Green House) នេះ មានទំហំ ៨០ម. X ៧៦ម. ព្រមទាំងសំណង់គ្របមួយទៀត សម្រាប់បណ្ដុះកូនបន្លែត្រូវបានបំពាក់សម្រាប់ដាំបន្លែសរីរាង្គ (បន្លែសុវត្ថិភាព)។
សូមជម្រាបថា ដោយមានការណែនាំចង្អុលបង្ហាញនិងជួយសម្របសម្រួលពីឯកឧត្តម ម៉េត មករា នាយរងខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមសិក្សាស្រាវជ្រាវអភិវឌ្ឍន៍បន្លែកសិកម្មធម្មជាតិ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ទើបលោកបណ្ឌិតប្រធានស្ដីទី សុំការអនុញ្ញាតចុះមកសិក្សាស្រាវជ្រាវផ្ទាល់ដល់ទីតាំង និងបានជួបពិភាក្សាជាមួយលោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនអាគ្រីសម្បតិ្តខ្មែរ និងអ្នកបច្ចេកទេសកសិកម្មជនជាតិឥណ្ឌា ព្រមទាំងអ្នកជំនាញខ្មែរចំនួន៤រូបទៀតដែលទើបបញ្ចប់ការសិក្សាជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល។ ជាមួយគ្នានេះដែរ លោកបណ្ឌិតប្រធានស្តីទីបានបង្ហាញពីគម្រោងស្រាវជ្រាវរបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ស្ដីពីបន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» ដែលរៀបចំឡើងក្នុងគោលបំណងវិភាគទីផ្សារបន្លែនៅក្នុងប្រទេសកម្ពុជា និងរៀបចំយុទ្ធសាស្ត្រ ការផ្គត់ផ្គង់បន្លែក្នុងស្រុក ដើម្បីទប់ស្កាត់លំហូរចូលបន្លែមកពីបណ្តាប្រទេសជិតខាងដូចជា វៀតណាម ថៃ កូរ៉េ ដើម្បីធ្វើម៉េចជួយជម្រុញការដំាបន្លែរបស់ប្រជាកសិកខ្មែរ ក៏ដូចជាអនុសាស្ត្រសម្រាប់រៀបចំផែនការយុទ្ធសាស្រ្តជូនរដ្ឋាភិបាលផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាគ្រីសម្បតិ្តខ្មែរ គឺជាក្រុមហ៊ុនដែលបង្កើតកសិកម្មស្មាតលើកដំបូងក្នុងការដាំបន្លែសរីរាង្គ នៅកម្ពុជា ដោយសហការជាអ្នកជំនាញបច្ចេកទេសមកពីបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសឥណ្ឌា ប្រទេសចិន ប្រទេសសឹង្ហបូរី និងនិស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាជំនាញដាំបន្លែសរីរាង្គមកពីប្រទេសអ៊ីស្រាអ៊ែលជាដើម។ល។
បើតាមប្រសាន៍របស់លោក លោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន អាគ្រីសម្បតិ្តខ្មែរ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងសាងសង់រោងបន្លែកសិកម្មស្មាត(Green House) នេះលើផ្ទៃដីទំហំ៨៣២០ម៉ែតក្រឡា និងរោងសម្រាប់បណ្តុះបន្លែសរីរាង្គ (បន្លែសុវត្ថិភាព)ទៅតាមបច្ចេកទេស និងបទពិសោធន៍ពីបណ្តាប្រទេសដែលបានជោគជ័យកន្លងមក។
ជាចុងក្រោយ លោក គង់ វណ្ណៈ ប្រធានក្រុមប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុន អាគ្រីសម្បត្តិខ្មែរ សូមស្វាគមន៍ និងរីករាយធ្វើកិច្ចសហប្រតិ្តការជាមួយក្រុមស្រាវជាវទៅតាមស្ថានភាពជាក់ស្តែងនៃការងារ។
ឆ្លៀតពេលជាមួយគ្នានេះដែរ ក្រុមការងារក៏បានធ្វើការសិក្សាអង្កេតពីការដាំបន្លែរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកោះធំ ពិសេសនៅឃុំកោះខែល ដែលប្រជាពលរដ្ឋចូលចិត្តដាំស្ពៃក្ដោប ស្បៃក្រញាញ់ ខាត់ណា ខាត់ណាផ្កា ត្រសក់ ម្រេះ និងសាលាដ ម្ទេស ជាដើម។
ផលប៉ះពាល់ដែលមិនអាចប៉ាន់ប្រមាណបាន ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ពោលគឺសហរដ្ឋអាម៉េរិកនិងចិន ទៅលើសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ខ្លួន បានបង្ខំឱ្យមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ បានខិតជិតគ្នាបន្តិចវិញបន្ទាប់ពីសង្ក្រៀតធ្មេញដាក់គ្នាមួយរយៈតាមរយៈការដំឡើងពន្ធលើមុខទំនិញទៅវិញទៅមកតែរៀងៗខ្លួន។ ការខិតជិតគ្នានេះ បាននាំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅសេតវិមាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្រ្តីចិន លីវ ហឹ។ បន្ទាប់ពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ នេះ តើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិកមានស្ថានភាពយ៉ាងណា?
ទោះជាមិនទាំងស្រុង យ៉ាងហោចណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ បានបន្ថយភាពតានតឹងខ្លះៗនៅក្នុងជម្លោះពាណិជ្ជកម្មមួយដែលបានទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក ប៉ះពាល់ឧស្សាហករសហរដ្ឋអាម៉េរិក និងដាក់សម្ពាធលើសេដ្ឋកិច្ចចិន។ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ យល់ថា ការបន្ធូរបន្ថយភាពតានតឹងខាងពាណិជ្ជកម្មមានសារសំខាន់ណាស់ ដោយលោកបាននិយាយថា «ការណ៍ដែលទុកឱ្យមហាអំណាចទាំងពីរនេះសុខស្រួលជាមួយគ្នា វាមានសារសំខាន់ចំពោះពិភពលោកកំពុងសម្លឹងមើលពិធីនេះនៅថ្ងៃនេះ»។ កិច្ចព្រមព្រៀងនេះ មានបំណងសម្រាលទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកមកលើប្រទេសចិន ខណៈពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង នឹងបង្កើនការទិញកសិផលសហរដ្ឋអាម៉េរិកនិងទំនិញផ្សេងៗទៀត។
យោងតាមសារព័ត៌មានស៊ីអិនអិន (CNN News) ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានលើកឡើងថា ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ទាមទារឱ្យមានការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិនក្នុងវិស័យកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា កសិកម្ម សេវាកម្មហិរញ្ញវត្ថុ និងរូបិយប័ណ្ណនិងអត្រាប្តូរប្រាក់បរទេស។ វាជាការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការទិញទំនិញ និងសេវាកម្មរបស់សហរដ្ឋអាម៉េរិកចំនួន២០០ពាន់លានដុល្លារសហរដ្ឋអាម៉េរិកបន្ថែមទៀត និងអំពាវនាវឱ្យប្រទេសចិនទិញផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកចំនួន៣២ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ទោះយ៉ាងណាក៏ដោយ ក៏អ្នកទិញជនជាតិចិនបានបន្តការទិញសណ្តែកសៀងសហរដ្ឋអាម៉េរិកមួយចំនួន បន្ទាប់ពីមានពីមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ។ ទីក្រុងប៉េកាំងបានចេញប្រកាសបន្ថែមលើការលើកលែងពន្ធសម្រាប់ការដឹកជញ្ជូនទំនិញអាម៉េរិកមួយចំនួន ដើម្បីបង្ហាញកាយវិការសុច្ឆន្ទៈដល់ទីក្រុងវ៉ាស៊ីនតោន។
ពាក់ព័ន្ធនឹងរឿងពន្ធរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក ប្រទសចិនបានកាត់បន្ថយពន្ធលើទំនិញមួយចំនួនរបស់សហរដ្ឋអាម៉េរិកពី១០% ទៅ ៥% និងពី ៥% ទៅ ២,៥% លើទំនិញដទៃទៀត។ ការផ្លាស់ប្តូរនេះបានចូលជាធរមានចាប់ពីម៉ោង ១:០១ នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក។ តាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រទេសចិនបានប្រកាសថា ខ្លួននឹងកាត់បន្ថយពន្ធពាក់កណ្តាលទៅលើទំនិញរាប់រយមុខរបស់សហរដ្ឋអាម៉េរិក ដែលមានតម្លៃប្រហែល ៧៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាជំហានមួយដែលបង្ហាញពីចេតនារបស់ខ្លួនក្នុងការបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បើទោះបីជាមានវិបត្ដិមេរោគកូរ៉ូណាវីរុស២០១៩ (Covid-19) ឆ្លងរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ។ សង្គ្រាមពាណិជ្ជកម្មនេះអាចនឹងបញ្ចប់ឆាប់ៗ ប្រសិនបើប្រទេសចិនអនុវត្តតាមកិច្ចព្រមព្រៀងខាងលើ។
ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ សហរដ្ឋអាម៉េរិកបានកាត់បន្ថយអត្រាពន្ធ ១៥ ភាគរយ ដែលបានដាក់លើការនាំចូលរបស់ចិនចំនួន១២០ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ជាថ្នូរនឹងការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការទិញផលិតផលអាម៉េរិកបន្ថែមទៀត និងពង្រឹងការការពារកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ប៉ុន្តែ ដំណើរវិវឌ្ឍន៍ចុងក្រោយ នៅចំពេលដែលប្រទេសចិនកំពុងប្រយុទ្ធជាមួយនឹងការផ្ទុះឡើងនៃជំងឺបង្កដោយវីរុស COVID-19 ថ្មី ដែលបានជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិននិងនៅក្នុងតំបន់ ដែលក្នុងនោះបានបង្កើតឱ្យមានភាពមិនប្រាកដប្រជាថា តើទីក្រុងប៉េកាំងនឹងអាចទិញទំនិញនិងសេវាកម្មរបស់សហរដ្ឋអាម៉េរិកបន្ថែមទៀតដល់កម្រិតកំណត់ដែរឬទេ។
រួមសេចក្តីមក ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានធ្វើឱ្យប្រទេសទាំងពីរផ្តល់សម្បទានដល់គ្នាទៅវិញទៅមក រហូតដល់មានការចុះហត្ថលេខាជាផ្លូវការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ហើយប្រទេសមហាអំណាចទាំងពីរនេះបានព្យាយាមបន្ធូរបន្ថយពន្ធលើទំនិញនាំចេញចូលគ្នាទៅវិញទៅមក ប៉ុន្តែប្រទេសទាំងពីរកំពុងសម្លឹងមើលគ្នាថា តើប្រទេសនីមួយៗបានគោរពកិច្ចព្រមព្រៀងនោះបានកម្រិតណា។ ប្រទេសចិនបានប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ទោះបីជាមានវិបត្ដិនៃវីរុស COVID-19ឆ្នាំ២០១៩ ឆ្លងរាលដាល និងសម្លាប់ពលរដ្ឋរបស់ខ្លួនអស់រាប់ពាន់នាក់ក៏ដោយ។ ប៉ុន្តែ ដោយសារជំងឺឆ្លងរីករាលដាលនេះ បានធ្វើឱ្យប្រទេសចិនជួបវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស ដែលជាហេតុនាំឱ្យអ្នកជំនាញសេដ្ឋកិច្ច និងរដ្ឋបាលសហរដ្ឋអាម៉េរិកបានចោទសួរថា តើប្រទេសចិនអាចមានលទ្ធភាពទិញទំនិញនិងសេវាកម្មរាប់ពាន់លានដុល្លារដូចដែលបានកម្រិតដែរឬទេ។ នេះជាអាចបញ្ហាស្មុគស្មាញថ្មីមួយទៀតដែលរំខាន់ដល់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់ទី១រវាងមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ៕
ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថាន ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២០ របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា។
នៅក្នុងខែកុម្ភៈកន្លងទៅ វិទ្យាស្ថានបានតាមដាន, ប្រមូល, និងចងក្រងអត្ថបទព័ត៌មានដែលទាក់ទងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចអន្តរជាតិ និងបញ្ហាតំបន់សំខាន់ៗ បានចំនួន១៤៨ អត្ថបទ ក្នុងនោះ៖
១- នាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ មានចំនួន៤៤អត្ថបទ
២- នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ មានចំនួន៣៥អត្ថបទ
៣- នាយកដ្ឋានសិក្សាអាស៊ី អាហ្រ្វ៊ិក និងមជ្ឈិមបូព៌ា មានចំនួន១៩អត្ថបទ
៤- នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី មានចំនួន៣៧អត្ថបទ
៥- នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី មានចំនួន២៧អត្ថបទ។
ទន្ទឹមនឹងនេះដែរ វិទ្យាស្ថានក៏បានសរសេរអត្ថបទវិភាគខ្លីៗពាក់ព័ន្ធនឹងបញ្ហាថ្មីៗដែលកំពុងកើតមានឡើងនៅលើពិភពលោក ដោយបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងគេហទំព័រនិងភេជហ្វេសប៊ុកផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជា និងគេហទំព័រនិងភេជហ្វេសបុករបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានចំនួន១១អត្ថបទ ផងដែរ រួមមាន៖
១- តើមានអ្វីកើតឡើងចំពោះអង់គ្លេសនិងសហភាពអឺរ៉ុបបន្ទាប់ពី BREXIT?
២- មេរោគកូរ៉ូណាថ្មីនិងការឆ្លើយតបរបស់ពិភពលោក
៣- ការសម្លឹងមើលរបស់ពិភពលោកទៅលើចិនក្រោយការផ្ទុះមេរោគ Covid-19
៤- ផលប៉ះពាល់នៃមេរោគកូរ៉ូណាមកលើវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ពិភពលោក
៥- ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិក
៦- ទំនាក់ទំនងរវាងរុស្ស៊ីនិងតួកគីក្នុងបរិបទវិបត្តិនៅស៊ីរី
៧- ផែនការសន្តិភាពមជ្ឈឹមបូព៌ា
៨- ទស្សនវិស័យរបស់អាស៊ានលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក
៩- កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម
១០- ស្ថានភាពនិងពាណិជ្ជកម្មប្រេងឆៅក្នុងទីផ្សារពិភពលោក
១១- បច្ចុប្បន្នភាពសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក។
ក្រៅពីការងារខាងលើ ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានទំនាក់ទំនាក់អន្តរជាតិកម្ពុជា ក៏បានចូលរួមក្នុងការងារ និងកិច្ចប្រជុំនានាទាំងក្នុងនិងក្រៅរាជបណ្ឌិត្យសភាកម្ពុជា។
សម្រាប់ទិសដៅការងារខែមីនានេះ វិទ្យាស្ថាននឹងបន្តខិតខំប្រមូលនិង ចងក្រងឯកសារដែលពាក់ព័ន្ធតាមនាយកដ្ឋានជំនាញនីមួយៗឱ្យបានយ៉ាងតិចចំនួន២០០អត្ថបទ និងអត្ថបទវិភាគខ្លីៗឱ្យបានយ៉ាងតិចចំនួន១២ អត្ថបទដោយកំណត់ឱ្យមន្ត្រីម្នាក់ៗតាមដាន, ប្រមូល, និងចងក្រងឯកសារព័ត៌មានពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួនឱ្យបានយ៉ាង១៨អត្ថបទ និងអត្ថបទវិភាគខ្លីៗឱ្យបានយ៉ាងតិច២អត្ថបទ។ ទន្ទឹមនឹងនេះដែរ ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថាន បន្តចូលរួមក្នុងការងារនិងកិច្ចប្រជុំនានាទាំងក្នុងនិងក្រៅរាជបណ្ឌិត្យសភាកម្ពុជាតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាក៏ដូចជាការចាត់តាំងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថាន៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប ត្រូវបានបញ្ចប់ការចរចាតាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ហើយរហូតមកដល់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទើបបានចុះហត្ថលេខាជាផ្លូវការនៅក្នុងក្រុងហាណូយ ហើយសភាអឺរ៉ុបបានបោះឆ្នោតអនុម័តកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាកិច្ចព្រមព្រៀងទីពីររបស់សហភាពអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសសិង្ហបុរីត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ហើយសភាអ៊ឺរ៉ុបបានផ្តល់ការយល់ព្រមចំពោះកិច្ចព្រមព្រៀងនេះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុបនិងប្រទេសវៀតណាម ធ្វើឡើងក្នុងគោលបំណងដើម្បី បង្កើននូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងរបស់បណ្តាប្រទេសសហភាពអឺរ៉ុប និងប្រទេសវៀតណាម ដោយការកាត់បន្ថយពន្ធគយនាំចូលរហូត៩៩% រវាងសហភាពអឺរ៉ុបនិងប្រទេសវៀតណាម ដោយវៀតណាមនាំចេញនូវគ្រឿងសមុទ្រ វាយនភណ្ឌ និងផលិតផលធ្វើពីឈើទៅកាន់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបង្កើនការនាំចូលមកវៀតណាមវិញនូវភេសជ្ជៈ គ្រឿងម៉ាស៊ីន និងថ្នាំពេទ្យមកវៀតណាមវិញ។ ដើម្បីទទួលបានការបណ្តាក់ទុនពីបណ្តាប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប វៀតណាមត្រូវតែបង្កើនការគោរពសិទ្ធិមនុស្ស សិទ្ធិរបស់កម្មករ និង ការពារបរិស្ថាន។ យោងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍បានលើកឡើងថា ការចរចាពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម បានចាប់ផ្តើមកាលពី៧ឆ្នាំមុន ហើយសហភាពអឺរ៉ុបបានរងការរិះគន់ដោយសារមិនបានដាក់សម្ពាធវៀតណាម ឱ្យបានគ្រប់គ្រាន់ដើម្បីកែលម្អកំណត់ត្រាសិទ្ធិមនុស្សមិនល្អរបស់ខ្លួន។
ការបោះឆ្នោតអនុម័តរបស់សហភាពអឺរ៉ុប យល់ព្រមលើកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាមយ៉ាង ឆាប់រហ័សបែបនេះ ដោយសារតែសហភាពអឺរ៉ុបខ្លួនឯងមានការព្រួយបារម្ភថានឹងអាចមានការប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់ខ្លួន ក្រោយដៃគូពាណិជ្ជកម្មផ្សេងទៀតរបស់ខ្លួនដូចជា អង់គ្លេសបានចាកចេញ, សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន, ដោយសារការឆ្លងរាលដាលនៃមេរោគកូរ៉ូណាថ្មី ឬCOVID-19 និងការណ៍ដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានងាកមកយកពន្ធគយបន្ថែមលើទំនិញរបស់សហភាពអឺរ៉ុប ជាដើម។
យោងតាមសារព័ត៌មានរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០១៨ ប្រទេសវៀតណាមបាននាំចេញទៅអឺរ៉ុប មានទំហំទឹកប្រាក់សរុបប្រមាណ ៤២.៥ពាន់លានអឺរ៉ូ ហើយការនាំចូលពីអឺរ៉ុបមកវៀតណាមវិញមានទឹកប្រាក់ប្រមាណ ១៣.៨ពាន់លានអឺរ៉ូ។ ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ភាគីទាំងពីរសង្ឃឹមថា ទំហំនៃការនាំចេញនឹងមានការកើនឡើងទាំងសងខាង។
យោងតាមវិទ្យុសំឡេងវៀតណាម (VOV) ផ្សាយជាភាសាបរទេសបង្ហាញថា ក្នុងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមសម្រាប់ដំណាក់កាល ២០១៦-២០២០ វៀតណាមរក្សាបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងកម្រិតខ្ពស់គឺ ៦.៨៤% ដែលក្នុងនោះឆ្នាំ ២០១៨ សម្រេចបាន ៧.០៨% ហើយឆ្នាំ២០១៩ រំពឹងថានឹងឈានដល់ ៧.១% ហើយកំណើននេះនឹងរក្សាបាននូវស្ថិរភាពក្រោយទទួលបានបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។
ដូច្នេះ ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមពីសហភាពអឺរ៉ុបនេះ គឺជាឱកាស មាសរបស់វៀតណាមដើម្បីបង្កើនទីផ្សារការងារ បង្កើនការធ្វើពាណិជ្ជកម្ម ការគាំទ្រការងារ និងជួយគាំទ្រឱ្យមានកំណើនសេដ្ឋកិច្ចរបស់ភាគីទាំងពីរតាមរយៈការកាត់បន្ថយពន្ធរហូត៩៩% ទៅលើមុខទំនិញដ៏ច្រើន សន្ធឹកសន្ធាប់ ដោយគ្រាន់តែធ្វើការដោះដូរជាមួយនឹងលក្ខខណ្ឌមួយចំនួនដែលទាក់ទងនឹងការគោរពសិទ្ធិមនុស្ស សិទ្ធិ កម្មករ និងការការពារបរិស្ថាន៕
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM