ព័ត៌មាន

«ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់រាជបណ្ឌិត្យសភាកម្ពុជាដល់មន្ត្រីថ្មី»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារវិទ្យាសាស្ត្រ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានណែនាំមន្ត្រីថ្មីដែលទើបចូលបម្រើការងារនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិត្រូវគោរពវិន័យ ពេលវេលាការងារ និងខិតខំប្រឹងប្រែងបំពេញវិជ្ជាជីវៈការងារ ដើម្បីបង្ហាញ និងបន្សល់ស្នាដៃការងារជូនស្ថាប័ន និងសង្គមជាតិ។

នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់រាជបណ្ឌិត្យសភាកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់មន្ត្រីថ្មី និងបូកសរុបការងាររបស់អគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងបន្ទប់ប្រជុំ RAC 2-11 អគារឥន្ទ្រទេវីនៃរាជបណ្ឌិត្យសភាកម្ពុជា អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា រាជបណ្ឌិត្យសភាកម្ពុជាជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់របស់ជាតិដែលមានវិសាលភាពការងារស្រាវជ្រាវគ្របដណ្តប់លើគ្រប់វិស័យ សម្រាប់ផ្តល់ធាតុចូលជូនរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជាត្រូវការមន្ត្រីដែលមានចំណេះជំនាញសមត្ថភាពស្វាហាប់ជាមួយនឹងការងារ សហការបំពេញការងារ មានក្រមសីលធម៌ គោរពវិន័យ មានវិជ្ជាជីវៈការងារ និងការទទួលខុសត្រូវលើការបំពេញការងាររបស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍន៍ស្ថាប័ន និងសង្គមជាតិឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយនេះ ដើម្បីពង្រឹងពង្រីកសមត្ថភាពចំណេះជំនាញរបស់មន្ត្រីបន្ថែមទៀត ឯកឧត្តមបណ្ឌិត យង់ ពៅ បានលើកទឹកចិត្តមន្ត្រីទាំងអស់ត្រូវចេះអភិវឌ្ឍន៍ខ្លួនប្រចាំ ស្វែងយល់អំពីកិច្ចការងារវិទ្យាសាស្ត្រ និងសិក្សារៀនសូត្រស្វែងយល់ពីសហការីរួមការងារជាមួយគ្នាទៅវិញទៅមកក្នុងស្ថាប័នវិទ្យាសាស្រ្ត។

បន្ថែមលើសពីនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ចាត់ទុកមន្ត្រីថ្មីទាំងអស់គឺជាកម្លាំងចលករថ្មីដែលចូលរួមចំណែកជំរុញការអភិវឌ្ឍស្ថាប័ន និងសង្គមជាតិឱ្យកាន់តែមានកិត្តិយសល្បីល្បាញទាំងនៅក្នុងប្រទេសជាតិ និងលើឆាកអន្តរជាតិ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសង្ឃឹមជឿជាក់យ៉ាងមុតមាំថា មន្ត្រីទាំងអស់នឹងបំពេញការងារប្រកបដោយមានឆន្ទៈ មន សិការ ក្រមសីលធម៌ គោរពវិន័យ មានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន និងខិតខំប្រឹងប្រែងបំពេញការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនស្ថាប័ន និងសង្គមជាតិ។

សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media | រឿន ភារុន


2020-03-13 09:01:57   ថ្ងៃសុក្រ, 13 មីនា 2020 ម៉ោង 04:01 PM
គ្រោះរាំងស្ងួត៖ បញ្ហាប្រវត្តិសាស្ត្រដែលប្រឈមនឹងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

យោងតាមការសិក្សាស្រាវជ្រាវរបស់គណៈកម្មការទន្លេមេគង្គ នាពេលថ្មីៗនេះ គ្រោះរាំងស្ងួត តែងតែ កើតមានឡើងជាញឹកញាប់ នៅទូទាំងអាងទន្លេមេគង្គ និងមានការកើនឡើងឥតឈប់ឈរក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ផ្នែកខាងលើនៃទន្លេមេគង្គកំពុងបានបង្ហាញពីភាពមិនធ្លាប់មានសោះតាំងពីមុនមក ដែលកម្ពស់ទឹកមានកម្រិតទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រ ទោះបីជានៅរដូវវស្សាក៏ដោយ។ នៅផ្នែកខាងក្រោម ក៏មានការព្រួយបារម្ភថា លែងមាន​ទឹកជំនន់ទន្លេមេគង្គ ហើយទឹកប្រៃបានគំរាមកំហែងដល់ប្រទេសកម្ពុជា និងតំបន់ដីសណ្ដទន្លេមេគង្គនៃប្រទេស​វៀតណាម។

ក្នុងឆ្នាំ២០១៩ តាមតួលេខរបស់គណៈកម្មការទន្លេមេគង្គបានបង្ហាញថា ផ្នែកខាងលើនៃអាងទន្លេមេគង្គក្រោមនៅស្រុក​ឈៀងសែន (Chiang Saen) ខេត្តឈៀងរ៉ៃ (Chiang Rai) នៃប្រទេសថៃ ទៅហ្លួងព្រះបាង (Luang Prabang) និងវៀងច័ន្ទ (Vientiane) នៅប្រទេសឡាវ និងបន្តទៅខេត្តណងខាយ (Nong Khai) ប្រទេសថៃ និងអ្នកលឿងប្រទេសកម្ពុជា កម្ពស់ទឹកមានកម្រិតទាបជាងកម្ពស់ទឹកដែលត្រូវបាន វាស់កាលពីឆ្នាំ១៩៩២ និងជាឆ្នាំដែលត្រូវបានគេចាត់ទុកថា មានការធ្លាក់ចុះទាបបំផុត។ បឹងទន្លេសាបដែល ជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ គឺឬហៅថាអាងស្តុកទឹក “water bag” ដ៏ធំមួយ ដែលជាអាងស្តុក ទឹកនៅរដូវវស្សា និងជាប្រភពទឹកសម្រាប់ស្រោចស្រប់នៅភាគខាងក្រោមនៃដីសណ្ដទន្លេមេគង្គក្នុងប្រទេស វៀតណាមនារដូវប្រាំង។ ប៉ុន្តែ នៅឆ្នាំ២០១៩ អាងស្តុកទឹកនេះ ក៏កំពុងធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យបារម្មណ៍ ផងដែរ។ ប្រជាពលរដ្ឋជាច្រើននៅស្ថិតរស់នៅ ក្នុងភូមិអណ្តែតទឹក ត្រូវបានជាប់គាំងដោយសារទឹកបឹងមាន កម្រិតទាប និងមិនអាចធ្វើចរាចរបាន។

អាងទន្លេមេគង្គបែងចែកជាពីរផ្នែកគឺផ្នែកធំៗ ផ្នែកខាងលើ ហូរនៅក្នុងប្រទេសចិននិងផ្នែកខាងក្រោម ហូរចាប់ពីប្រទេស​ឡាវចុះទៅឆ្នេរសមុទ្រនៃដីសណ្ដទន្លេមេគង្គ។ នៅក្នុងតំបន់អាងទឹកភាគខាងលើ ប្រភពទឹក ភាគច្រើនបានមកពីការរលាយទឹកកក នៅតំបន់ខ្ពង់រាបទីបេ ហើយបានផ្តល់ប្រភពទឹកមកអាងទន្លេមេគង្គ ប្រមាណ១៦% និង​ពី​មីយ៉ាន់ម៉ាមានប្រមាណ២% ។

ប្រភពទឹកនៅសល់៨២% នៃទឹកទន្លេមេគង្គ គឺបានមកដោយសារភ្លៀងនៅប្រទេសឡាវ, ថៃ, កម្ពុជា និងនៅតំបន់​ដីសណ្តទន្លេមេគង្គ។ ក្នុងចំណោម៨២% ទឹកភ្លៀងនៅប្រទេសឡាវ រួមចំណែកដល់៣៥%។ ប្រទេសថៃ និងប្រទេស​កម្ពុជា បានចូលរួមចំណែកប្រមាណ១៨%។ ប៉ុន្តែជំនន់ទឹកភ្លៀងនៅអាងខាងក្រោម គឺពឹងផ្អែកភាគច្រើនទៅលើអាកាសធាតុ។

ក្រៅពីការប្រែប្រួលអាកាសធាតុ នៅតាមអាងទឹកមានការកើនឡើង ការប្រើប្រាស់ទឹកនៅ ខ្សែទឹកខាងលើក៏ជាមូលហេតុដែលបណ្តាលឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងកង្វះទឹកនៅខ្សែទឹកខាងក្រោមផងដែរ។ ថ្មីៗនេះ គណៈកម្មាធិការជាតិទន្លេមេគង្គឡាវ បានបញ្ជូនសំណើគម្រោងផែនការអនុវត្តគម្រោងវារីអគ្គីសនី នៅហ្លួងប្រាបាង (Luong-Phrabang​ Mainstream Hydropower Project) ទៅឱ្យលេខាធិការដ្ឋានគណៈ កម្មការទន្លេមេគង្គ។

នេះគឺជាសំណើសម្រាប់គម្រោងទំនប់វារីអគ្គិសនីទី៥ របស់ប្រទេសឡាវនៅលើដងទន្លេមេគង្គ បន្ទាប់ពី គម្រោង​សា​យ៉ាប៊ូរី (Xaynhabury) ដនសាហុង (Don Sahong) ផាក់ផែង (Pak Beng) និងផាក់ឡាយ (Pak Lay)។ ថ្មីៗនេះប្រទេសឡាវក៏បានផ្ញើសេចក្តីជូនដំណឹងអំពីគម្រោងវារីអគ្គិសនីសាណាខាម (Sanakham) ផងដែរ។ ប្រទេសឡាវបានធ្វើសំណើបន្តបន្តាប់សម្រាប់គម្រោង វារីអគ្គីសនីគម្រោងវារីអគ្គីសនី នៅមេគង្គក្រោម។ ក្រៅពីនេះនៅមានទំនប់​វារីអគ្គិសនីដែលកំពុងដំណើរការជាច្រើនទៀតនៅផ្នែកខាងលើ នៃទន្លេមេគង្គ ក្នុងប្រទេសចិន ហើយក៏នៅមានគម្រោង​​សាងសង់ថ្មីៗបន្ថែមទៀតផងដែរ។ គម្រោងផ្ទេរទឹកនៅភាគឥសាន្តនៃប្រទេសថៃកំពុងទាញយកផលប្រ​យោជន៍ ពីអាងទន្លេមេគង្គកាន់តែខ្លាំងឡើងៗ និងកំពុង បង្កើតបញ្ហាប្រឈមយ៉ាងខ្លាំងក្លាចំពោះសន្តិសុខទឹកនៃអាងទន្លេមេគង្គ ជាពិសេស សម្រាប់រដ្ឋនៅផ្នែកខាង ក្រោមដូចជា ប្រទេសកម្ពុជា និងវៀតណាម។

នៅរដូវប្រាំង យើងជួបប្រទះគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដោយសារទំនប់វារីអគ្គិសនីរបស់ប្រទេសចិន បានខ្ទប់ទឹករហូតដល់៥០%នៃទន្លេមេគង្គ។ ដូច្នេះផលប៉ះពាល់នៃទំនប់វារីអគ្គិសនី របស់ចិននៅខ្សែទឹកខាង លើ ជាមូលហេតុនៃការបង្កឱ្យមានគ្រោះរាំងស្ងួតនៅភាគខាងក្រោម ដែលមិនអាចប្រកែកបាន។ លើសពីនេះ ទៅទៀត ទំនប់វារីអគ្គីសនីដែលបានសាងសង់យ៉ាងច្រើនតំណាក់នេះបានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាង ខ្លាំង នៃផលនេសាទធម្មជាតិ សរុបរហូត​​ដល់ទៅ៥០% សម្រាប់ទាំង ប្រទេសវៀតណាម និងប្រទេសកម្ពុជា។

ទំនប់វារីអគ្គិសនី ដែលបានសាងសង់នៅលើដៃទន្លេ នឹងបន្ថែមការបាត់បង់ពូជន៍ត្រី និងចំនួនត្រីនៅ ក្នុងតំបន់។ ប្រការនេះនឹងជះឥទ្ធិពលមិនល្អដល់សន្តិសុខ ស្បៀង ការរស់នៅ សុខមាលភាពសង្គម និង សេដ្ឋកិច្ចរបស់ប្រជា​ជនភាគច្រើនដែលរស់នៅតំបន់ទំនាបលិចទឹកនៃប្រទេសកម្ពុជានិងវៀតណាម ដែលពឹង ផ្អែកដោយផ្ទាល់ឬដោយប្រយោលលើជលនេសាទ។

ជីវៈចម្រុះនៅក្នុងតំបន់ ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ រួមមាន ហានិភ័យនៃការបាត់បង់ ឬ ផុតពូជរហូតដល់​ទៅ១០%នៃប្រភេទត្រី។ ការកាត់បន្ថយចំនួនត្រីដែលធ្វើចំណាកស្រុកតាមរដូវ បាត់បង់ត្រី ផ្សោតទឹកសាបទន្លេមេគង្គ ការកាត់បន្ថយការចែកចាយ និងចំនួនសិប្បីសត្វទឹកសាប និងកាត់បន្ថយ ការចល័ត របស់សិប្បីសត្វផងដែរ។

អ្នកជំនាញមកពីគណៈកម្មការទន្លេមេគង្គ បានលើកឡើងថា មានមូលហេតុ៣យ៉ាង ដែលបណ្តាល ឱ្យកម្ពស់ទឹកទន្លេទាប ដែលមិនធ្លាប់មានពីមុនមកនៅក្នុងអាងទន្លេមេគង្គគឺ៖ ទី១-ទឹកភ្លៀងមានការធ្លាក់ចុះតិច ទី២-ទំនប់វារីអគ្គិសនីនៅជីងហុង(Jinghong) ក្នុងប្រទេសចិនបានកាត់បន្ថយការហូរទឹកទៅចាក់បំពេញតំបន់ អាង និងទី៣-អាកាសធាតុក្តៅជាងធម្មតា នៅបណ្តាប្រទេសមួយចំនួមនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១៩។

ថ្មីៗនេះបណ្តាញសារព័ត៌មានរបស់ថៃក៏បានលើកឡើងពីមូលហេតុបីយ៉ាងដែលបណ្តាលឱ្យមានការ ថយចុះកម្រិតទឹកក្នុងអាងទន្លេមេគង្គ ដែលបង្កឱ្យមានគ្រោះរាំងស្ងួតផងដែរ៖ ទឹកភ្លៀងប្រចាំឆ្នាំមានចំនួន តិចពេក និងការកាត់បន្ថយបរិមាណទឹកដែលបង្កដោយទំនប់វារីអគ្គិសនីជីងហុង ក្នុងខេត្តយូណាន នៃប្រទេស ចិន ដែលមានចម្ងាយប្រវែង​៣៤០​​​គីឡូម៉ែត្រ ស្ថិតនៅក្នុងតំបន់ព្រំដែន នៃប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវ។

គ្រោះរាំងស្ងួតបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនជាង៧០លាននាក់នៅក្នុង អាងទន្លេមេគង្គ។ មិនថាមានហេតុផលអ្វីក៏ដោយប្រទេសដែលស្ថិតនៅក្នុង អាងទន្លេមេគង្គចាំបាច់ត្រូវ រួមគ្នា ដើម្បីអាចដោះស្រាយបញ្ហា​នេះបាន។ ភាពខុសគ្នានៃភាពធន់នឹងគ្រោះរាំងស្ងួតរបស់ជាតិនីមួយ ក៏បង្ហាញពី តម្រូវការនៃការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងយន្តការសហប្រតិបត្តិការអន្តរជាតិ ដែលមាន ស្រាប់នៅក្នុងតំបន់មេគង្គ ជាពិសេស ការសម្របសម្រួលរវាងគណៈកម្មការទន្លេមេគង្គ (MRC) និងកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ត្រូវសម្របសម្រួល​​ធនធានដែលមានស្រាប់ដើម្បីឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសដ៏ធាតុធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។

បច្ចុប្បន្ន តួនាទី និងសមិទ្ធិផលរបស់គណៈកម្មការទន្លេមេគង្គដែលមានរយៈពេល ២៣ឆ្នាំកន្លងទៅនេះ ត្រូវតែជួយជ្រោមជ្រែងប្រទេសជាសមាជិកនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាជុំវិញពិភពលោក ដើម្បីដោះស្រាយបញ្ហានេះដោយមិនអាចប្រកែកបានឡើយ។

ដូច្នេះ ស្ថានភាពគ្រោះរាំងស្ងួតដែលកាន់មានភាពធ្ងន់ធ្ងរឡើងៗ នៅក្នុងតំបន់អាងទន្លេមេគង្គ ទាមទារ ឱ្យប្រទេសជាប់ពាក់ព័ន្ធចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីធានាការអភិវឌ្ឍទន្លេតាមដងទន្លេមេគង្គប្រកប ដោយនិរន្តរភាព។ ជាការបន្ទាន់​​និងចាំបាច់ នៅពេលអនាគត ត្រូវបង្កើនការចែករំលែកព័ត៌មាននិងទិន្នន័យ ជលសាស្ត្រ ទាំងរដូវភ្លៀង និងរដូវប្រាំង បង្កើតប្រព័ន្ធប្រកាសអាសន្ននិងយន្តការ សម្របសម្រួលនានាក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះមហន្តរាយផ្សេងៗ និងអនុវត្តគម្រោង រួមគ្នាដើម្បីគាំទ្រដល់ប្រជាជន ដើម្បីធានាដល់ជីវភាពរស់​នៅរបស់ពួកគេប្រឆាំង នឹងផលប៉ះពាល់ជាអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងសកម្មភាពសេដ្ឋកិច្ចនានានៅតាមដងទន្លេ៕

RAC Media

ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា



2020-03-12 07:31:12   ថ្ងៃព្រហស្បតិ៍, 12 មីនា 2020 ម៉ោង 02:31 PM
‌«ទីផ្សារកំពុងដាំក្បាលចុះ, វីរុសកូរ៉ូណាកំពុងរាតត្បាត ឯលោក Donald Trump កំពុងវាយប្រហារ​លោក Joe Biden និងប្រព័ន្ធផ្សព្វផ្សាយ» ប្រែសម្រួល៖ ដោយ លោក ជា ធារិទ្ធ នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

លោកប្រធានាធិបតី Donald Trump ដែលរដ្ឋបាលរបស់លោកកំពុងស្ថិតនៅក្រោមសម្ពាធ និងទទួលរងនូវការរិះគន់កាន់តែខ្លាំងចំពោះការឆ្លើយតបរបស់ខ្លួនទៅនឹងការរាលដាលមេរោគកូរ៉ូណា បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយធ្វីតធ័រកាលពីថ្ងៃទី៩ ខែមីនា ២០២០កន្លងទៅនេះ ស្របពេលដែលទីផ្សារសកលកំពុងតែដាំក្បាលចុះដោយសារការរាតត្បាតមេរោគកូរ៉ូណា ចំណែកឯលោក Joe Biden ហាក់ដូចជាកំពុងឈានក្លាយជាបេក្ខភាពរបស់បក្សប្រជាធិបតេយ្យ។

លោក Donald Trump បានស្ដីបន្តោសលើប្រព័ន្ធផ្សព្វផ្សាយ ដោយបានចោទប្រកាន់ថា ប្រព័ន្ធផ្សព្វផ្សាយបានឃុបឃិតជាមួយខាងគណបក្សប្រជាធិបតេយ្យចំពោះការព្យាយាម «ដុតកម្ដៅបន្ថែមលើស្ថានភាពមេរោគកូរ៉ូណា»។ លោកបានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថា កំពុងតែ «បង្ខូចកេរ្តិ៍ឈ្មោះ» សមាជិកព្រឹទ្ធសភា គឺលោក Bernie Sanders ដែលបានបាត់បង់ឋានៈជាបេក្ខភាពអ្នកនាំមុខលោក Biden នៅក្នុងកម្មវិធី Super Tuesday។ លោកប្រធានាធិបតីក៏បានវាយប្រហារទៅលើអ្នកកាន់តំណែងអាណត្តិមុនគាត់ថា៖ «រដ្ឋបាលរបស់លោក Obama/Biden គឺជារដ្ឋាបាលដែលពុករលួយជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស»។ រដ្ឋបាលរបស់លោក Donald Trump និងខ្លួនគាត់ផ្ទាល់ក្នុងនាមជាប្រធានាធិបតី កំពុងរងការរិះគន់ចំពោះអ្វីដែលត្រូវបានគេហៅថា ជាការឆ្លើយតបយឺតយ៉ាវនិងទន់ខ្សោយចំពោះការផ្ទុះឡើងដំបូងនៃមេរោគកូរ៉ូណា។

បទយកការណ៍ដែលបានធ្វើការរិះគន់ រួមមានសារព័ត៌មាន The Atlantic, The Washington Post និងNBC News បានគូររូបថ្លុករបស់សេតវិមានក្នុងស្ថានការណ៍វឹកវរមួយ។ យោងតាមរបាយណ៍ សមាជិកមួយចំនួននៃរដ្ឋបាលបានអំពាវនាវឱ្យមានការឆ្លើយតបឱ្យបានខ្លាំងជាងមុន ចាប់តាំងពីថ្ងៃដំបូងនៃការផ្ទុះឡើងមេរោគកូរ៉ូណាមកម៉្លេះ។ អ្នកផ្សេងទៀត រួមទាំងលោក Donald Trump និងទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់គាត់ គឺលោក Larry Kudlow បានព្យាយាមរកមធ្យោបាយបង្អាក់ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនេះ។

នៅព្រឹកថ្ងៃទី៩ ខែមីនា ២០២០ នៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមធ្វីតធ័រ លោកDonald Trump បានកោតសរសើរចំពោះការឆ្លើយតបរបស់រដ្ឋបាលរបស់លោកចំពោះជំងឺនេះ ដោយទទួលបានការសរសើរពីការជួយសង្គ្រោះ «ជីវិតមនុស្សជាច្រើននាក់» ហើយក៏បានកោតសរសើរផងដែរដល់ក្រុមការងារដែលដឹកនាំដោយលោកអនុប្រធានាធិបតី Mike Pence។ លោកបានបន្ថែមតាមក្រោយទៀតផងដែរ៖ «មានព័ត៌មានក្លែងក្លាយច្រើនណាស់!» (“So much FAKE NEWS!”)។

លោកប្រធានាធិតបីបានចំណាយពេលនាចុងសប្ដាហ៍របស់ខ្លួននៅរដ្ឋ Florida ហើយគាត់គ្រោងនឹងស្នាក់នៅបន្តរហូតដល់ព្រឹកថ្ងៃចន្ទដើម្បីចូលរួមកម្មវិធីរៃអង្គាសប្រាក់ និងជួបជជែកកំសាន្តជាមួយនឹងអ្នកគាំទ្រ មុនពេលត្រឡប់មកកាន់សេតវិមានវិញនៅពេលរសៀល។ សារព័ត៌មាន CNBC បានរាយការណ៍ថា ជម្រើសសេដ្ឋកិច្ច «ពេញលេញ» មួយ ត្រូវបានបង្ហាញជូនលោក Donald Trump ដើម្បីឆ្លើយតបទៅនឹងមេរោគនេះ លោក Donald Trump នឹងបង្ហាញ បន្ទាប់ពីលោកត្រឡប់មកដល់សេតវិមានវិញ។

បើយោងតាម លោក Johns Hopkins ចំនួនករណីឆ្លងមេរោគកូរ៉ូណានៅសហរដ្ឋុះអាម៉េរិកបានកើនឡើងដល់ ៥៦៤នាក់ កាលពីចុងសប្ដាហ៍ ខណៈដែលមនុស្សយ៉ាងហោចណាស់ ២២នាក់ បានស្លាប់ដោយសារជំងឺនេះនៅសហរដ្ឋអាម៉េរិក។ ទូទាំងពិភពលោក មានមនុស្សជាង ១១១ ០០០នាក់ បានឆ្លងមេរោគនេះ ហើយយ៉ាងហោចណាស់មានមនុស្ស ៣ ៨៥០ នាក់បានស្លាប់បាត់បង់ជីវិត។

ទីផ្សារស្ថិតនៅក្នុងភាពច្របូកច្របល់ដោយសារតែមួយផ្នែកធំទាក់ទងនឹងការរាលដាលជំងឺនេះ និងផលប៉ះពាល់របស់វាទៅលើពាណិជ្ជកម្ម និងតម្រូវការប្រើប្រាស់។ ក្រុមហ៊ុនឧស្សាហកម្ម Dow Jones ជាមធ្យមបានធ្លាក់ចុះជាង ១ ៨០០ពិន្ទុ ក្នុងពេលចាប់ផ្ដើមធ្វើពាណិជ្ជកម្មកាលពីថ្ងៃចន្ទ។ ទីផ្សារភាគហ៊ុនសកលមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយនាំឱ្យមានការបញ្ចប់យ៉ាងឆាប់រហ័សនៅក្នុងការជួញដូរភាគហ៊ុនភ្លាមៗបន្ទាប់ពីទីផ្សារបានបើកឡើង។

តម្លៃប្រេងបានធ្លាក់ចុះផងដែរ ដោយសារតែការភ័យខ្លាចចំពោះតម្រូវការរុញឱ្យកើតមានសង្រ្គាមតម្លៃប្រេងរវាងអារ៉ាប់ប៊ីសាអ៊ូឌីត និងរុស្សីដែលជាសមាជិករបស់ OPEC។ លោក Donald Trump បានលើកឡើងជាយូរមកហើយអំពីភាពជោគជ័យនៃទីផ្សារភាគហ៊ុននៅក្នុងអាណត្តិរបស់លោក ដែលវាជាការពិភាក្សាដ៏សំខាន់សម្រាប់គោលនយោបាយរបស់លោក។ សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលដែលអ្នកសារព័ត៌មានសួរអំពីចំណាត់ការរបស់រដ្ឋបាលចំពោះការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន។

លោក Joe Biden ដែលមានសម្លេងគាំទ្រច្រើនជាងលោក Sanders ក្នុងការរាប់ចំនួនប្រតិភូ បន្ទាប់ពីការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងកម្មវិធី Super Tuesday ហើយបានបំពេញលើសន្ទុះរបស់លោកជាមួយនឹងការគាំទ្រដ៏សំខាន់មួយដោយបានព្យាយាមពង្រឹងការនាំមុខរបស់ខ្លួននៅក្នុងការប្រកួតប្រជែងបឋមនៅជុំបន្ទាប់ទៀតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ ក្រសែភ្នែកទាំងអស់បានផ្ដោតលើរដ្ឋ Michigan ដែលជារដ្ឋមានសមាជិកប្រតិភូច្រើននាក់ ដែលក្នុងនោះ ការស្ទង់មតិបានបង្ហាញថា លោក Biden មានការនាំមុខទៅលើលោក Sanders ។

មួយសប្ដាហ៍មុនកម្មវិធី Super Tuesday យុទ្ធនាការរបស់លោក Biden បានបាត់បង់សន្ទុះស្ទើរតែទាំងស្រុងទៅលើលោក Sanders ដែលទទួលបានជោគជ័យនៅក្នុងការជួបប្រជុំនៅក្នុងរដ្ឋណាវ៉ាដា (Nevada) ហើយបានរីករាយជាមួយនឹងការនាំមុខប្រតិភូយ៉ាងងាយស្រួល។ ប៉ុន្តែលោក Biden ទទួលបានជោគជ័យដ៏ធំធេងមកវិញនៅក្នុងរដ្ឋការ៉ូលីណាភាគខាងត្បូង (South Corolina) នៅថ្ងៃទី២៩ ខែកុម្ភៈនៅក្នុងកម្មវិធី Super Tuesday នៅពេលដែលរដ្ឋចំនួន១៤ផ្សេងទៀតបានរៀបចំការប្រកួតប្រជែងក្នុងការជ្រើសតាំងពួកគេ។

លោក Joe Biden គឺជាគោលដៅចម្បងនៃប្រតិកម្មរបស់លោក Donald Trump ចាប់តាំងពីគាត់បានចូលរួមប្រកួតប្រជែងនៅក្នុងឆ្នាំ២០២០នេះ។ លោក Donald Trump បានស្នើឱ្យលោក Volodymr Zelenskiy ប្រធានាធិបតីប្រទេសអ៊ុយក្រែន ប្រកាសពីការស៊ើបអង្កេតចំពោះគារចោទប្រកាន់ទៅលើបទពុករលួយប្រឆាំងនឹងលោក Biden និង លោក Hunter ដែលជាកូនប្រុសរបស់គាត់តាមរយៈការតភ្ជាប់ទំនាក់ទំនងរបស់ពួកគេជាមួយនឹងក្រុមហ៊ុនឧស្ម័នធម្មជាតិអ៊ុយក្រែន។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានអ្នករិះគន់មើលឃើញថា ជាការប៉ុនប៉ងធ្វើឱ្យប៉ះពាល់ដល់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យតាមរយៈការចោទប្រកាន់ពីអំពើពុករលួយនិងបានជំរុញឱ្យសភាដែលដឹកនាំដោយបក្សប្រជាធិបតេយ្យចោទប្រកាន់ដកតំណែងលោក Trump ពីបទរំលោភអំណាចនិងរារាំងសភា។ លោកប្រធានាធិបតី បានរួចផុតពីការចោទប្រកាន់ទាំងពីរនៅក្នុងព្រឹទ្ធសភាដឹកនាំដោយគណបក្សសាធារណរដ្ឋ។ នៅពេលដែលលោក Biden ទទួលបានការគាំទ្រនាំមុខដាច់វិញ លោក Donald Trump បានផ្តោតមកលើរូបលោក Biden សារជាថ្មី។

លោក Trump បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយធ្វីតធ័រ កាលពីថ្ងៃសុក្រ ដែលជាការវាយប្រហារលើកដំបូងរបស់លោក ប្រឆាំងនឹងលោក Biden ចាប់តាំងពីកម្មវិធី Super Tuesday ថា «ខ្ញុំនឹងការពារសន្តិសុខសង្គម និងការថែទាំការព្យាបាល ដូចដែលខ្ញុំបានធ្វើកាលពី៣ឆ្នាំមុនដូចនោះដែរ។ លោក Joe Biden ដែលស្ពឹកស្រពន់នឹងបំផ្លាញគម្រោងទាំងពីរនេះនៅក្នុងពេលដ៏ខ្លីមួយ ហើយគាត់នឹងមិនដឹងថា គាត់កំពុងតែបំផ្លាញវានោះទេ!»។

យុទ្ធនាការរបស់លោក Biden បានបរិហារការវាយប្រហាររបស់លោកប្រធានាធិបតី។ អ្នកនាំពាក្យ លោក Andrew Bates បានលើកឡើងថា «ហេតុអ្វីបានជាលោក Donald Trump មកចំណាយពេលរបស់គាត់ សរសេរបែបរឿងភាគតាមសារព័ត៌មាន Breitbart នៅពេលដែលគាត់គួរតែនាំមុខគេក្នុងការឆ្លើយតបទៅនឹងមេរោគកូរ៉ូណា?»។ យុទ្ធនាការរបស់លោក Sanders មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ CNBC នៅឡើយទេ។

ទោះបីជា កូវីដ-១៩ បានលេចឡើងនៅក្នុងអាណត្តិរបស់លោក Trump នៅក្នុងតំណែងប្រធានាធិតបីក៏ដោយ ក៏លោកទទូចថា រដ្ឋបាលរបស់លោក Obama ត្រូវទទួលការស្តីបន្ទោសចំពោះការខ្វះខាតកញ្ចប់ឧបករណ៍តេស្តសុខភាពដែលអាចស្វែងរកបាននៅក្នុងសហរដ្ឋអាម៉េរិក។

លោក Trump បានអះអាងដោយគ្មានភស្តុតាងនៅក្នុងព្រឹត្តិការណ៍តុមូលមួយកាលពីថ្ងៃ៤ ខែមីនា ឆ្នាំ២០២០ នៅសេតវិមានថា «រដ្ឋបាលលោក Obama បានធ្វើសេចក្តីសម្រេចចិត្តមួយលើការតេស្តសុខភាពដែលបានធ្វើឱ្យខូចប្រយោជន៍ដល់អ្វីដែលយើងកំពុងតែធ្វើ ហើយយើងបានច្រានចោលសេចក្តីសម្រេចចិត្តនោះកាលពីប៉ុន្មានថ្ងៃមុន ដូច្នេះ ការធ្វើការតេស្តសុខភាពបានប្រព្រឹត្តទៅកាន់តែមានលក្ខណៈត្រឹមត្រូវ និងលឿនទាន់សម័យជាងមុន»។

បើតាមគេហទំព័រ FactCheck.org ការអះអាងរបស់លោក Trump ដែលថា លោក «បដិសេធ» នឹងច្បាប់ណាមួយលើកញ្ចប់តេស្តសុខភាពនៅសម័យលោក Obama គឺមិនត្រឹមត្រូវនោះទេ។ មួយថ្ងៃក្រោយមក លោក Trump បានបដិសេធថា លោកមិនបានស្ដីបន្ទោសលោក អូបាម៉ា ចំពោះភាពលំបាកលើកញ្ចប់តេស្តសុខភាពនោះទេ។

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីវាយប្រហារលើរដ្ឋបាលលោក Obama-Biden មក លោក Trump បានការពារការឆ្លើយតបរបស់ខ្លួនជាថ្មីម្ដងទៀតចំពោះការផ្ទុះឡើងនេះ។ លោក Trump បានសរសើរ លោក Pence ដែលត្រូវបានដាក់ឱ្យទទួលបន្ទុកលើការឆ្លើយតបរបស់សហរដ្ឋអាម៉េរិកចំពោះមេរោគកូរ៉ូណា។ ហើយគាត់ទទួលបានការកោតសរសើរចំពោះការជួយសង្រ្គោះ «ជីវិតមនុស្សជាច្រើននាក់» តាមរយៈការធានានិងការរឹតបន្ដឹងការធ្វើដំណើរនៅចុងខែមករានេះ។

កាលវិភាគរបស់លោក Donald Trump ដែលបង្ហាញជាសាធារណៈ បានឱ្យដឹថា គាត់ចំណាយពេលវេលារបស់គាត់ជាច្រើនថ្ងៃជាមួយព្រឹត្តិការណ៍រៃអង្គាសប្រាក់នៅរដ្ឋ Florida មុននឹងគាត់ធ្វើដំណើរត្រឡប់ទៅកាន់សេតវិមានវិញនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០៕



2020-03-11 10:12:51   ថ្ងៃពុធ, 11 មីនា 2020 ម៉ោង 05:12 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ លើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ បន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះក្នុងស្ថាប័ន និងសង្គមជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានលើកទឹកចិត្តមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវគោរពវិន័យ និងប្រឹងប្រែងបំពេញការងារ ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះនៅក្នុងស្ថាប័ន និងសង្គមជាតិ។

ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ នៅថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នាសាលប្រជុំ RAC 2-11 អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ក្រើនរមឹ្លកថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជាថា រាជបណ្ឌិត្យសភាកម្ពុជាគឺជាស្ថាប័នសិក្សាស្រាវជ្រាវវិទ្យា​សាស្រ្ត ដូចនេះមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវតែគោរពវិន័យ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ​របស់​ខ្លួនឱ្យបានខ្ជាប់ខ្ជួន ដើម្បីបន្សល់ស្នាដៃ និងកេរ្តិ៍ឈ្មោះនៅក្នុងស្ថាប័ន និងសង្គមជាតិ។

ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បន្ថែមថា ប្រសិនមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងឡាយណាដែលមានសមត្ថភាព ក្រមសីលធម៌ គោរពវិន័យ និងខិតខំប្រឹងប្រែងបំពេញការងារសកម្ម​ជូន​ស្ថាប័នខ្លួន ពួកគេនឹងទទួលបានកិត្តិយស ការសរសើរ ការតែងតាំងក្នុងមុខតំណែង និងលាភការផ្សេងៗទៀតរបស់ខ្លួន។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ក្រើនរម្លឹកបញ្ជាក់ផងដែរថា ប្រសិនមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជារូបណាពុំគោរពវិន័យ ពុំបានអនុវត្តសកម្មភាពការងារសកម្មនោះទេ ពួកគេនឹងត្រូវរងការពិន័យតាមវិធានវិន័យផ្ទៃក្នុង និងច្បាប់ជាធរមាន តាមរយៈក្រុមប្រឹក្សាវិន័យរបស់វិទ្យាស្ថាន និងអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាវិន័យរបស់រាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងគោលបំណងជំរុញលើកកម្ពស់ការងាររបស់ស្ថាប័នវិទ្យាសាស្រ្តឱ្យកាន់តែមានប្រសិទ្ធភាព, ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍បញ្ជាក់ថា៖ «ក្នុងនាមជាស្ថាប័នវិទ្យាសាស្រ្ត, រាជបណ្ឌិត្យសភាកម្ពុជាត្រូវធ្វើកំណែទម្រង់ការងារ បុគ្គលិកមន្ត្រីទាំងអស់ឱ្យមានគម្រូល្អក្នុងស្ថាប័ន និងសង្គមជាតិ។ ថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពរបស់យើងទាំងអស់ត្រូវចូលរួមជំរុញការងារនេះទាំងអស់ឱ្យបានកាន់តែល្អប្រសើរ ក្នុងគោល​បំណង​ជំរុញលើកកម្ពស់កេរ្តិ៍ឈ្មោះកិត្តិយសមុខមាត់ស្ថាប័នវិទ្យាសាស្ត្រ និងជាតិយើងទាំងអស់គ្នា»។

សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media| រឿន ភារុន


2020-03-11 06:29:20   ថ្ងៃពុធ, 11 មីនា 2020 ម៉ោង 01:29 PM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ មន្ត្រីរាជការដែលប្រឡងជាប់ថ្មី ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្តវេនជាអ្នកធានានូវសុចរិត តម្លាភាព និងយុត្តិធម៌

(រាជបណ្ឌិត្យសភាកម្ពុជា)៖ កាលពីព្រឹកថ្ងៃអង្គារ៍ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះ ក្នុងកិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានចាប់ផ្ដើមពីម៉ោង ៩:០០ នាទីព្រឹកនៅ​សាល​ប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់អនុសាសន៍និងណែនាំការប្រកាន់ឥរិយាបថក្នុងការបំពេញការងារ ដល់មន្ត្រីរាជការទាំង១៧រូប ដែលទើបប្រឡងជាប់នាពេលថ្មីៗកន្លងមក​នេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ដល់មន្ត្រីរាជការទាំង១៧រូបថា មន្ត្រីរាជការថ្មីដែលនឹងត្រូវចូលបំពេញការងារនាពេលខាងមុខនេះ ត្រូវប្រកាន់យកនូវឥរិយាបថភាតរភាពរវាងគ្នា ចេះផ្ដល់និងចែករំលែកព័ត៌មានដល់គ្នា និងបើកចំហបេះដូងចំពោះគ្នាទៅវិញទៅមកក្នុងនាមជាបញ្ញវន្តនិងជាមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ។ បន្ថែមពីនេះ មន្ត្រីថ្មីទាំង១៧រូបត្រូវមកបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវតាមការចាត់តាំង នៅតាមអង្គភាពដែលថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាប្រគល់ជូន។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា សូមឱ្យមន្ត្រីថ្មីទាំងអស់ ដែលទទួលឱកាសក្លាយជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការប្រឡងប្រជែងជ្រើសរើសប្រកបដោយតម្លាភាពនិងយុត្តិធម៌នេះត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្ត​វេន ជាអ្នកធានានូវសុចរិត តម្លាភាព និងយុត្តិធម៌។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា «ប្អូនៗដែលទទួលបានឱកាសក្លាយជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការប្រឡងប្រជែងជ្រើសរើសប្រកបដោយតម្លាភាពនិងយុត្តិធម៌នេះ ត្រូវធ្វើខ្លួនឱ្យក្លាយទៅជាអ្នកបន្តវេន គឺត្រូវធ្វើចរិតឱ្យដូចដែលខ្ញុំបានធ្វើចំពោះប្អូន ដោយនៅពេលខ្លួនឯងក្លាយជាមេដឹកនាំ ត្រូវជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាពនិងយុត្តិធម៌។ សូមប្អូនចងចាំ!»។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការចំនួន១៧នាក់ លើឯកទេសចំនួន ១១។ ការប្រឡងជ្រើសរើសនេះ ត្រូវបានធ្វើឡើងជា២ដំណាក់កាល ដោយដំណាក់កាលទីមួយជា ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ចំណែកដំណាក់កាលទីពីរ ដែលជាការប្រឡងវិញ្ញាសាផ្ទាល់មាត់ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ដោយលទ្ធផលនៃការប្រឡងត្រូវបានប្រកាសនៅល្ងាចថ្ងៃដដែល៕

RAC Media | លឹម សុវណ្ណរិទ្ធ


2020-03-11 06:23:56   ថ្ងៃពុធ, 11 មីនា 2020 ម៉ោង 01:23 PM
«ទំនាក់ទំនងត្រីកោណ តួកគី-រុស្ស៊ី-សហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមស៊ីវិលនៅស៊ីរី» ដោយ៖ លោក ហ៊ាន ស្រស់ នាយកដ្ឋានសិក្សាអឺរ៉ុបនិងរុស្ស៊ី នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

បញ្ហាទំនាក់ទំនងអន្តរជាតិរបស់ប្រទេសនីមួយៗ ពិតជាស្មុគស្មាញមិនថា ប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែប្រកាន់ជំហរការពារ​​អធិបតេយ្យភាពរបស់ជាតិរៀងៗខ្លួន និងចង់កសាងក៏ដូចជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់និងពិភពលោក។ ប្រទេស​​នីមួយៗបានកំណត់គោលដៅនៃគោលនយោបាយការបរទេសរបស់ខ្លួនច្បាស់លាស់ក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេស​ផ្សេងៗទៀត។ យ៉ាងណាមិញ ក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស មិនប្រាកដថា មិនមានបញ្ហានោះទេ ពោលគឺតែង​តែជួបបញ្ហាផ្អែមល្ហែម និងជូរចត់ចៀសមិនផុតឡើយ។ ប្រទេសមួយចំនួន ពេលខ្លះត្រូវបានគេមើលឃើញថា បានកំពុង​តែលូកលាន់កិច្ចការផ្ទៃក្នុង ឬគាំទ្រក្រុម ឬប្រទេសមួយដើម្បីវាយប្រហារក្រុម ឬប្រទេសមួយផ្សេងទៀត និងចង់បង្ហាញឥទ្ធិពលរបស់​ខ្លួន។ តួយ៉ាងដូចជា សង្គ្រាមស៊ីវិលដែលកំពុងតែបំផ្លិចបំផ្លាញនៅប្រទេសស៊ីរីបានអូសទាញបរទេសមួយចំនួន ជាពិសេសប្រទេស​រុស្ស៊ី តួកគី និងសហរដ្ឋអាម៉េរិកឱ្យចូលពាក់ព័ន្ធក្នុងសង្គ្រាមនេះ ចាប់តាំងពីឆ្នាំ២០១១មកម៉្លេះ ដែលរហូតដល់បច្ចុប្បន្ននៅ​មិន​ទាន់​ចប់​នៅឡើយ។ តើស្ថានភាពទំនាក់ទំនងប្រទេសតួកគី-រុស្ស៊ី-សហរដ្ឋអាម៉េរិក ក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីនឹងទៅជាយ៉ាងណា? ហើយប្រទេសទាំងបីចង់បានអ្វីក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីនេះ?

យោងតាមគេហទំព័របរទេសបានចុះផ្សាយថា ចាប់តាំងពីប្រទេសស៊ីរីមានជម្លោះក្នុងឆ្នាំ២០១១មក ប្រទេសតួកគីបានធ្វើអន្តរាគមន៍ផ្នែកការទូតនិងយោធា ដោយថ្កោលទោសរដ្ឋាភិបាលស៊ីរីនិងបានគាំទ្រក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរីថែមទៀត។ ជាមួយគ្នានេះដែរ សហរដ្ឋអាម៉េរិកក៏បានជួយគាំទ្រដល់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលបានធ្វើឱ្យទំនាក់ទំនងរវាង​​ប្រទេសតួកគី និងសហរដ្ឋអាម៉េរិកហាក់មានភាពល្អប្រសើរ ព្រោះបានដើរលើផ្លូវតែមួយជាមួយគ្នា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន​រួមគ្នាដោយប្រធានាធិបតីអូបាម៉ា និងលោកនាយករដ្ឋមន្រ្តីអ៊ឺដូហ្គែននៃប្រទេសតួកគីកាលពីឆ្នាំ២០១៣ នៅឯសេតវិមាន​នៃសហរដ្ឋអាម៉េរិក បានសង្កត់ធ្ងន់ពីសារសំខាន់នៃការសម្រេចបាននូវស្ថិរភាពនៅប្រទេសស៊ីរី។ ដោយឡែក លោក អូបាម៉ា បានថ្លែងថា «សហរដ្ឋអាម៉េរិកបានឈរជាមួយអ្នកក្នុងការស្វែងរកសន្តិសុខដ៏យូរអង្វែង យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹង​​ប្រែង​នៅក្នុងប្រទេសតួកគី ដើម្បីគាំទ្រដល់ច្បាប់ និងអភិបាលកិច្ចល្អនិងសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។ ទីបំផុតយើងបាន​​ចំណាយ​ពេល​វេលា​ជាច្រើនទៅលើបញ្ហាមួយ ដែលបានជះឥទ្ធិពលដល់តំបន់នោះ គឺបញ្ហានៅប្រទេសស៊ីរី។ សហរដ្ឋអាម៉េរិកនឹង​បន្តជួយដល់ប្រទេសក្នុងតំបន់រួមទាំងប្រទេសតួកគី ដោយចូលរួមចំណែកក្នុងនាមជាម្ចាស់ជំនួយដ៏ធំនៃជំនួយមនុស្សធម៌ដល់​ប្រជាជនស៊ីរីរួមទាំងជនភៀសខ្លួនទាំងនោះនៅក្នុងប្រទេសតួកគី ហើយយើងនឹងបន្តធ្វើការជាមួយដៃគូតួកគីដើម្បីផ្តល់ស្បៀង​អាហារជំរកនិងថ្នាំពេទ្យដែលត្រូវការដើម្បីជួយសង្គ្រោះអាយុជីវិត។ ក្នុងពេលជាមួយគ្នានេះ សហរដ្ឋអាម៉េរិកនឹងបន្តបង្កើន​សម្ពាធលើរបបអាសាដនិងធ្វើការជាមួយក្រុមប្រឆាំងស៊ីរី។ ប្រទេសតួកគីបានឈរនៅជួរមុខនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៅប្រទេសស៊ីរីដែលគ្មានប្រជាធិបតេយ្យ និងដោយគ្មានលោកបាសាអាល់អាសាដ។ សហរដ្ឋអាម៉េរិកនិងប្រទេសតួកគីបានឯកភាពថារបបអាសាដត្រូវតែចប់។

បើយើងក្រឡេកមើលអំពីទំនាក់ទំនងរវាងប្រទេសតួកគី និងរុស្ស៊ីវិញ តាមរយៈគេហទំព័រ Global security បានឱ្យដឹងថា ក្នុងឆ្នាំ២០១៣ ប្រទេសរុស្ស៊ី និងតួកគីមិនមែនមើលមុខគ្នាមិនចំនោះទេ ព្រោះប្រទេសទាំងពីរចង់ស្តារសន្តិភាពឡើងវិញនៅប្រទេស​ស៊ីរី។ ទំនាក់ទំនងប្រទេសទាំងពីរមានភាពជិតស្និទ្ធ ទាំងសេដ្ឋកិច្ច និងនយោបាយ។ រហូតមកដល់ឆ្នាំ២០១៥ ទំនាក់ទំនង​ប្រទេសទាំងពីរចាប់ផ្តើមល្អក់កករនឹងគ្នា បន្ទាប់ពីប្រទេសតួកគីបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ី។ បញ្ហានេះបានអូសបន្លាយរហូតដល់ឆ្នាំ២០១៧ ទើបទំនាក់ទំនងប្រទេសទាំងពីរបានវិលត្រឡប់មកជាធម្មតាឡើងវិញ និងបានធ្វើកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ព្រមទាំងថាមពលពីប្រទេសរុស្ស៊ីទៀតផង។

សូមបញ្ជាក់ថា ការសម្រេចិត្តទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី គឺបន្ទាប់ពីប្រទេសតួកគីខឹងនឹងសហរដ្ឋអាម៉េរិក ដែលមិនបានធ្វើបត្យាប័នបញ្ជូន អាចារ្យកាតូលិកម្នាក់ឈ្មោះ Fethullah Gulen ដែលត្រូវបាន លោក អ៊ឺដូហ្គែនចោទប្រកាន់ថាជាអ្នករៀបចំគម្រោងរដ្ឋប្រហារកាលពីឆ្នាំ២០១៦ និងដោយសារតែសហរដ្ឋអាម៉េរិកដកប្រព័ន្ធការពារដែនអាកាស​ប៉ាទ្រីយ៉ុត​ចេញពីប្រទេសតួកគី នេះបើយោងតាមលោក Mark Lowen ភ្នាក់ងារ BBC ប្រចាំនៅតួកគី។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេស​តួកគីបានជំទាស់នឹងសហរដ្ឋអាម៉េរិកដែលបានគាំទ្រផ្នែកយោធាដល់ក្រុមឧទ្ទាមឃឺដនៅប្រទេសស៊ីរី ដែលមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមឃឺដនៅប្រទេសតួកគី។ រីឯ សហរដ្ឋអាម៉េរិកក៏មិនសប្បាយចិត្តជាមួយនឹងតួកគីដែលបានទិញ S-400 ពីរុស្ស៊ី ដែលជាហេតុធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងប្រទេសតួកគីមានភាពរអាក់រអួល។

លើសពីនេះទៀត តាមរយៈការចេញផ្សាយរបស់គហទំព័រ RFE ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បានឱ្យដឹងថា លោកប្រធានា​ធិប​តី​តួកគី បានព្រមានសេតវិមានប្រឆាំងនឹងផែនការបំពាក់អាវុធដល់ក្រុមយុទ្ធជនសកម្មប្រយុទ្ធឃឺដនៅក្នុងប្រទេសស៊ីរី បើ​ទោះ​បីជាលោកបានប្រាប់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ថា លោកចង់ជួសជុលទំនាក់ទំនងដែលមានភាពតានតឹងរវាងសម្ព័ន្ធ​មិត្តណាតូទាំងពីរក៏ដោយ។

អ្វីដែលកើតឡើងគួរឱ្យកត់សម្គាល់នៅក្នុងទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាម៉េរិកនោះ គឺសហរដ្ឋអាម៉េរិកចង់ឱ្យប្រទេសតួកគីបោះបង់ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី។ ជាការឆ្លើយតប លោក Erdogan បានលើកឡើង​ថា​សម្ពាធ​របស់សហរដ្ឋអាម៉េរិកក្នុងការកម្ចាត់ S-400 គឺជាការរំលោភសិទ្ធិអធិបតេយ្យរបស់ប្រទេសតួកគី។ បញ្ហានេះ សហរដ្ឋអាម៉េរិក​ បានព្រមានពីការដាក់ទណ្ឌកម្មលើប្រទេសតួកគី។ លោក Trump បានប្រាប់លោក Erdogan ថា សហរដ្ឋអាម៉េរិកត្រៀម​លក់ប្រព័ន្ធមីស៊ីប៉ាទ្រីយ៉ូតរបស់សហរដ្ឋអាម៉េរិកឱ្យ ប្រសិនបើតួកគីទម្លាក់ប្រព័ន្ធ S-400 របស់រុស្ស៊ីចោល ពីព្រោះប្រព័ន្ធនេះមិនត្រូវគ្នានឹងប្រព័ន្ធការពារណាតូនិងបង្កការគំរាមកំហែងដល់យន្តហោះប្រយុទ្ធបំបាំងកាយ F-35 នេះបើយោងតាមគេហទំព័រ Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។

ថ្វីបើទំនាក់ទំនងរវាងប្រទេសតួកគី និងសហរដ្ឋអាម៉េរិកមិនទាន់បានល្អប្រសើរយ៉ាងក៏ដោយ ក៏ថ្មីៗនេះ ប្រទេសតួកគីហាក់មានភាពតានតឹងខ្លាំងឡើងជាមួយប្រទេសរុស្ស៊ីនៅក្នុងខេត្តអ៊ីដលីបនៃប្រទេសស៊ីរី។ ប៉ុន្តែ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងភាគីទាំងពីរ ភាគីទាំងពីរបានជំរុញឱ្យមានការចរចាជាច្រើនលើកច្រើនសារ ជាពិសេសកិច្ចពិភាក្សាគ្នារយៈពេលជិត៦ម៉ោង នៅទីក្រុងមូស្គូរវាងប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងប្រធានាធិបតីតួកគី លោក អ៊ឺដូហ្គែន នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានសម្រេចឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ បង្កើតច្រករបៀងសន្តិសុខរួមគ្នាដោយធ្វើល្បាតរួមគ្នារវាងប្រទេសរុស្ស៊ី-តួកគី។ សូមបញ្ជាក់ថា ប្រទេសរុស្ស៊ីនិងតួកគីបានព្រមព្រៀងលើបទឈប់បាញ់គ្នាមួយសម្រាប់ប្រទេសស៊ីរី ហើយប្រទេសរុស្ស៊ីបានស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគាំទ្របទឈប់បាញ់គ្នានេះ។ ផ្ទុយទៅវិញ សហរដ្ឋអាម៉េរិក ដែល​ជាប្រទេសមានសិទ្ធិវេតូបែរជាបដិសេធនិងបានហៅបទឈប់បាញ់នេះថា«មិនទាន់ពេញវ័យ»ទៅវិញ។

ដោយឡែកទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាម៉េរិកក្នុងជម្លោះស៊ីរីវិញ បើផ្អែកតាមគេហទំព័រ​​ Motherjone ចុះផ្សាយកាលពីឆ្នាំ​២០១៩នេះ បាននិយាយាថា ទាំងប្រទេសរុស្ស៊ី ទាំងសហរដ្ឋអាម៉េរិក សុទ្ធតែមានគំនិតផ្ទុយគ្នាអំពីជម្លោះនៅប្រទេសស៊ីរី ព្រោះប្រទេសរុស្ស៊ីមិនចង់ឱ្យមានការផ្លាស់ប្តូររបបលោកបាស្សា អាល់អាសាដ ដោយលោកខាងលិចទេ។ មិនតែប៉ុណ្ណោះ ប្រទេសរុស្ស៊ីថែមទាំងបានគាំទ្រយ៉ាងពេញទំហឹងជួយដល់រដ្ឋាភិបាលស៊ីរី ដែលដឹកនាំដោយលោកបាស្សា អាល់អាសាដទៀតផង រួមមាន នយោបាយ បច្ចេកទេស ហិរញ្ញវត្ថុ និងយោធា ដើម្បីទប់ទល់នឹងកងកម្លាំងឧទ្ទាមប្រឆាំងរបបលោកបាស្សា អាល់អាសាដ។ រីឯ សហរដ្ឋអាម៉េរិក ក៏បានជួយដល់ក្រុមឧទ្ទាមនៃកងទ័ពស៊ីរីសេរីនូវជំនួយដែលមិនបង្កគ្រោះថ្នាក់រួមមានរបបអាហារ និងរថយន្ត​ដឹក​ទំនិញ ផ្តល់ការបណ្តុះបណ្តាល ផ្តល់ហិរញ្ញវត្ថុ និងស៊ើបការណ៍សម្ងាត់ឱ្យក្រុមឧទ្ទាមស៊ីរីមួយចំនួនដែលខ្លួនបានជ្រើសរើស។ ប៉ុន្តែ​មហាអំណាចទាំងពីរមានគោលដៅរួមគ្នាមួយគឺជំរុញឱ្យមានដំណើរសន្តិភាព និងកម្ចាត់ ISIS (Islamic State of Iraq and Syria)។

នៅឆ្នាំ២០១៣ សហរដ្ឋអាម៉េរិក និងរុស្ស៊ីបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការប្រឆាំងនឹងអំពើភេរវកម្ម រួមមានការផ្លាស់ប្តូរព័ត៌មានរវាងស្ថាប័នស៊ើបការណ៍សម្ងាត់និងធ្វើប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា ក៏ដូចជា ការចុះហត្ថលេខា​លើកិច្ចព្រមព្រៀងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីកាត់បន្ថយ ហានិភ័យនៃជម្លោះនៅក្នុងពិភពអ៊ីនធឺណិតនិង​ការចុះហត្ថលេខាលើកម្មវិធីប្រឆាំងនឹងអំពើភេរវកម្ម។

នៅឆ្នាំ២០១៥ សហរដ្ឋអាម៉េរិកនិងប្រទេសរុស្ស៊ីក៏ចាប់ផ្តើមទំនាក់ទំនងយោធាឡើងវិញដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ។ ជាមួយគ្នានេះដែរ លោក អូបាម៉ា និងលោក ពូទីន បានជួបគ្នានៅទីក្រុងញូវយ៉កពិភាក្សាពីមធ្យោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម។ ប៉ុន្តែ សហរដ្ឋអាម៉េរិកបានច្រានចោលកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសរុស្ស៊ីនៅក្នុងសង្គ្រាមប្រទេសស៊ីរី។

បើយោងតាមគេហទំព័រ The guardian ចេញផ្សាយថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីមានការវាយប្រហារមីស៊ីលរបស់សហរដ្ឋអាម៉េរិកចំនួន៥៩គ្រាប់ទៅលើប្រទេសស៊ីរី លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក​និងប្រទេសរុស្សីអាចនឹងធ្លាក់ចុះគ្រប់ពេល។ វាចាំបាច់ត្រូវសងសឹកចំពោះការវាយប្រហារដោយអាវុធគីមី ដែលបានសម្លាប់​ជនស៊ីវិលរាប់សិបនាក់រួមទាំងកុមារផង។ នៅក្នុងខែកក្កដា ឆ្នាំ២០១៧ សហរដ្ឋអាម៉េរិកក៏បានប្រកាសផ្តាច់ជំនួយយោធា​ដល់ក្រុមឧទ្ទាមស៊ីរី។

តាមការចុះផ្សាយរបស់គេហទំព័រ USA Today ចេញផ្សាយថ្ងៃទី ១៩ ខែធ្នូ ២០១៨ បានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឱ្យដកទ័ពរបស់សហរដ្ឋអាម៉េរិកចេញពីប្រទេសស៊ីរី និងបានប្រកាសថា «យើងទទួលបានជ័យជំនះលើពួក ISIS ហើយ»។ ចំណែកឯប្រទេសរុស្ស៊ីវិញ អ្នកនាំពាក្យរដ្ឋមន្តី្រការបទេសរុស្ស៊ីបានសាទរចំពោះការសម្រេចចិត្តរបស់លោក ត្រាំ ហើយលោក បាននិយាយថា «ការសម្រេចចិត្តដកទ័ពសហរដ្ឋអាម៉េរិកចេញប្រទេសពីស៊ីរីនេះ អាចជួយបង្កើតទស្សនវិស័យពិតមួយ សម្រាប់ដំណោះស្រាយនយោបាយនៅប្រទេសស៊ីរីយ៉ាងពិតប្រាកដ។ រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិកបានដើរតួនាទីតិច​តួច​បំផុតនៅក្នុងជម្លោះនៅប្រទេសស៊ីរី ក្រៅពីការផ្តល់ជំនួយមនុស្សធម៌។

តើទាំងសហរដ្ឋអាម៉េរិក ទាំងប្រទេសតួកគី និងរុស្ស៊ី ដែលពាក់ព័ន្ធក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីគឺដើម្បីអ្វី?

យោងតាមការចេញផ្សាយរបស់គេហទំព័រ DW នៃប្រទេសអាល្លឺម៉ង់ បានឱ្យដឹងថា ការណ៍ដែលសហរដ្ឋអាម៉េរិកបើកប្រតិបត្កិការក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ព្រោះសហរដ្ឋអាម៉េរិកចង់បំផ្លាញ ISIS។ សហរដ្ឋអាម៉េរិកមានទំនាក់ទំនងតិចតួចជាមួយប្រទេសស៊ីរី ក្រៅពីការចង់សម្លាប់ក្រុម ISIS នោះទេ។ សហរដ្ឋអាម៉េរិកក៏ចង់ព្យាយាមរារាំងប្រទេសអ៊ីរ៉ង់និងកងជីវពល​ហេស​បូឡា​ហ៍​លីបង់ (The Lebanese Shiite militia Hezbollah) ពីការបង្កើតវត្តមានអចិន្រ្តៃយ៍នៅក្នុងប្រទេសស៊ីរី ដែលអាចគំរាមកំហែង​ដល់ប្រទេសអ៊ីស្រាអែលដែរ។

ចំពោះ ប្រទេសរុស្ស៊ីវិញ គឺចង់រក្សារដ្ឋាភិបាលរបស់លោកអាសាដ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួន និងរក្សាអំណាចនិងឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ានេះ ពោលគឺចង់ឱ្យសង្គា្រមស៊ីរីជាផ្នែកសំខាន់មួយនៃការបង្កើតប្រទេសរុស្ស៊ីជាមហាអំណាចនៅមជ្ឈិមបូព៌ា។ ព្រមទាំងចង់រក្សាមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយនៅខេត្តភាគខាងលិចនៃខេត្ត Latakia និងមូលដ្ឋានកងទ័ពជើងទឹកនៅទីក្រុងកំពង់ផែTartus នៃប្រទេសស៊ីរី។ ជាពិសេសប្រទេសរុស្ស៊ីមានបំណងប្រើសង្គ្រាមនៅប្រទេស​ស៊ីរីនេះ ដើម្បីបង្ហាញថាប្រទេសរុស្ស៊ីនៅតែអាចជារដ្ឋ ដែលមានឥទ្ធិពលនិងសំខាន់នៅក្នុងប្រព័ន្ធអន្តរជាតិ។

រីឯប្រទេសតួកគី ដែលខ្លួនជាប្រទេសមានកងកម្លាំងយោធាធំទី២របស់អង្គការណាតូ គឺចង់រារាំងការទទួលបានទឹកដីឃឺដរបស់ប្រទេសស៊ីរី និងរារាំងពួកគេពីការទទួលបានស្វ័យភាពក្នុងការតាំងទីលំនៅក្រោយសង្គ្រាម។ ប្រទេសតួកគី បង្ហាញថាយុទ្ធជន​ឃឺដ​ស៊ីរីត្រូវបានចងភ្ជាប់ទៅនឹងគណបក្សពលករឃឺដ ដែលបានប្រយុទ្ធក្នុងសង្គ្រាមជាង៣ទសវត្សរ៍នៅប្រទេសតួកគី ហើយដែលប្រទេសតួកគីក៏ដូចជាសហគមន៍អឺរ៉ុបនិងសហរដ្ឋអាម៉េរិក ចាត់ទុកថា ក្រុមនេះជាក្រុមភេរវកម្ម។ ប្រទេសតួកគីក៏ចង់បាន​តំបន់អ៊ីដលីប (Idlib) ដែលគេហៅថា តំបន់មានសុវត្ថិភាពស្របច្បាប់នៅភាគខាងជើងប្រទេសស៊ីរី ហើយបានជំរុញ​ឱ្យ​សហរដ្ឋ​អាម៉េរិករំសាយកងជីវពលឃឺដ។ លើសពីនេះទៀត តួកគីចង់ក្លាយជាប្រទេសមានឥទ្ធិពលក្នុងតំបន់នេះដែលគេមើល​ទៅ​មិនអាចទៅរួចក្រៅពីរុស្ស៊ីនិងអាម៉េរិក។

ជារួម ទំនាក់ទំនងគ្នារវាងប្រទេសទាំងបី ជាមួយសង្គ្រាមស៊ីវិលនៅស៊ីរីនេះ ទាំងតួកគី ក៏ដូចជា សហរដ្ឋអាម៉េរិក និងរុស្ស៊ី ទោះ​បីជា ពេលខ្លះមានការខ្វែងគំនិតគ្នានិងពេលខ្លះទៀតមានគោលដៅរួមគ្នា ក៏ព្រោះតែប្រទេសនីមួយៗគិតតែដើម្បីផលប្រយោជន៍​រៀងខ្លួន។ ជាអាទិ៍ដូចជា សហរដ្ឋអាម៉េរិក និងប្រទេសតួកគីមានទំនាក់ទំនងល្អជាមួយគ្នាដោយសារខ្លួនមានគោល​ដៅ​រួមគ្នាចំពោះរឿងប្រទេសស៊ីរី។ ចំពោះប្រទេសរុស្ស៊ី និងសហរដ្ឋអាម៉េរិក មានទំនាក់ទំនងល្អ ក៏ព្រោះតែប្រទេសទាំងពីរនេះមាន​គោលបំណងដូចគ្នាចង់កម្ទេច ISIS ថ្វីបើមានការខ្វែងគំនិតគ្នាដោយសហរដ្ឋអាម៉េរិកចង់ផ្លាស់ប្តូររបបអាសាដ និងប្រទេស​រុស្ស៊ីចង់រក្សារបបអាសាដក៏ដោយ។ ប្រទេសទាំងពីរនេះតែងតែដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកព្រោះតែជំហរផ្ទុយគ្នា។ ដោយ​ឡែកចំពោះទំនាក់ទំនងប្រទេសតួកគីនិងប្រទេសរុស្សីវិញពេលខ្លះមានទំនាក់ទំនងមិនល្អ ពេលខ្លះមានទំនាក់ទំនងល្អ។ ប្រទេស​តួកគីពេលមិនសប្បាយចិត្តជាមួយសហរដ្ឋអាម៉េរិកងាកទៅទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី និងពេលខ្លះមិនសប្បាយចិត្តនឹងប្រទេសរុស្ស៊ីងាកទៅទំនាក់ទំនងសហរដ្ឋអាម៉េរិកវិញ។

យ៉ាងណាក៏ដោយ ប្រទេសទាំងបីសុទ្ធតែមានគោលបំណងរបស់ខ្លួនច្បាស់លាស់ជាមួយសង្គ្រាមស៊ីវិលនៅស៊ីរី ទោះតិចក្តី ឬច្រើន​ក្តី ដើម្បីបង្ហាញថាប្រទេសរបស់ខ្លួនជាប្រទេសមហាអំណាច ឬ ប្រទេសរបស់ខ្លួនមានកម្លាំងយោធាខ្លាំង និងសេដ្ឋកិច្ចខ្លាំងក្នុងការ​ស្វែងរកតុល្យភាពអំណាចនៅតំបន់មជ្ឈិមបូព៌ានេះផងដែរ៕


2020-03-11 05:42:03   ថ្ងៃពុធ, 11 មីនា 2020 ម៉ោង 12:42 PM
«ស្ថានភាពនយោបាយនៅម៉ាឡេស៊ីក្រោយការចាកចេញរបស់មហាធៀរ មហាម៉ាត់» ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក មហាធៀរ មហាម៉ាត់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឱ្យស្ថានភាពនយោបាយនៅម៉ាឡេស៊ីមានភាពមិនច្បាស់លាស់។ វិបត្តិគ្មានគណៈរដ្ឋមន្ត្រីរយៈពេលខ្លីរបស់ម៉ាឡើស៊ីនេះនាំឱ្យមានការសង្ស័យថាវាជាយុទ្ធសាស្ត្ររបស់លោក មហាធៀរ មហាម៉ាត់ ក្នុងការរំលាយគណៈរដ្ឋមន្ត្រី ដើម្បីបំភ្លេចចោលនូវការសន្យារបស់ខ្លួនក្នុងការផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យលោក អានវ៉ា អ៊ីប្រាហ៊ីម ហើយខ្លួនលោកផ្ទាល់នឹងវិលត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត។ តែទីបំផុតទៅ ទាំងលោក មហាធៀរ មហាម៉ាត់ ទាំងលោក អានវ៉ា អ៊ីប្រាហ៊ីម មិនត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំងជានាយករដ្ឋមន្ត្រីថ្មីទេ។ លោក មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) ដែលគេស្គាល់ថា ធ្លាប់ជាមនុស្សស្និទ្ធនឹងលោក លោក មហាធៀរ មហាម៉ាត់ ដែរនោះ ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ីតែងតាំងជានាយករដ្ឋមន្ត្រីថ្មី។ តើស្ថានភាពនយោបាយនៅម៉ាឡេស៊ីនឹងទៅជាយ៉ាងណា? តើវិបត្តិគណៈរដ្ឋមន្ត្រីនេះនឹងនាំទៅដល់ការបោះឆ្នោតមុនអាណត្តិដែរឬទេ?

ប្រទេសម៉ាឡេស៊ី ជារាជាណាចក្រសហព័ន្ធអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រជាអ្នកជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តី ទៅតាមការស្នើរបស់គណបក្សនយោបាយនានាមុននឹងដាក់ឈ្មោះបេក្ខជននាយករដ្ឋមន្រ្តីនោះទៅឱ្យសភាជាអ្នកបោះឆ្នោតគាំទ្រ។ បេក្ខជនដែលបានទទួលសំឡេងគាំទ្រភាគច្រើនស្មើ្៥០%+១ ឬ ស្មើ១១២សំឡេង ក្នុងចំណោមសំឡេងសរុបនៅក្នុងសភាដែលមានអាសនៈចំនួន២២២ នោះទើបអាចក្លាយជានាយករដ្ឋមន្រ្តី។

តាមការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ លោក មហាធៀរ មហាម៉ាត់ បានលាលែងពីតំណែងនាយករដ្ឋមន្ត្រី ដែលលោកបានជាប់បោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៨។ ការទទួលបានតំណែងរបស់លោក មហាធៀរ ក៏ដោយសារតែមានការចាប់ដៃរួមគ្នាក្នុងសម្ព័ន្ធបក្សប្រឆាំងដែលហៅ «កតិកសញ្ញានៃក្តីសង្ឃឹម» រវាងលោក មហាធៀរ និងលោក អ៊ីប្រាហ៊ីម ទើប គាត់បានជ័យជម្នះធំធេងនាការបោះឆ្នោតសភាក្នុងខែឧសភា ឆ្នាំ២០១៨។ លោក មហាធៀរ បានសន្យាថា នឹងប្រគល់តំណែងនាយករដ្ឋមន្រ្តីទៅឱ្យលោក អ៊ីប្រាហ៊ីម ក្រោយពីលោកកាន់តំណែងនេះបាន ១ឆ្នាំ ឬ២ឆ្នាំ។ ការសន្យាប្រគល់តំណែងទៅឱ្យលោក អ៊ីប្រាហ៊ីម ត្រូវធ្វើនៅឆ្នាំ២០២០នេះ ប៉ុន្តែ ម៉ាឡេស៊ីបែរជាត្រូវធ្លាក់ក្នុងវិបត្តិនយោបាយ ដោយសារការប្រកាសចុះចេញពីតំណែងនាយករដ្ឋមន្រ្តីរបស់លោក មហាធៀរ មហាម៉ាត់ ក្រោយពីក្រុមសម្ព័ន្ធមិត្តក្នុងរដ្ឋាភិបាលចម្រុះ បានព្យាយាមរារាំង លោក មហាធៀរ មិនឱ្យទទួលយកលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាអ្នកស្នងតំណែង ដូចដែលលោក មហាធៀរបានសន្យា។ លោក អ៊ីប្រាហ៊ីម បានចាត់ទុកទង្វើរបស់ក្រុមសម្ព័ន្ធមិត្តជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលចម្រុះ និងបានលើកឡើងពីទង្វើក្បត់ពាក្យសន្យា។ យ៉ាងណាក៏ដោយ ក៏ការលាចុះពីតំណែងរបស់លោក មហាធៀរ កំពុងរុញច្រាននយោបាយម៉ាឡេស៊ីឱ្យធ្លាក់ក្នុងភាពស្រពិចស្រពិល និងត្រូវជាប់គាំង។ ប៉ុន្តែ លោក មហាធៀរ នៅតែត្រូវបានព្រះមហាក្សម៉ាឡេស៊ី ព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) សម្រេចឱ្យលោកធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិនទម្រាំជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មី ហើយការសម្រេចបែបនេះ គឺស្របទៅនឹងរដ្ឋធម្មនុញ្ញម៉ាឡេស៊ី មាត្រា៤៣ ដែលបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីស្តីទី ឬបណ្តោះអាសន្ន នឹងត្រូវកាន់តំណែងយ៉ាងយូរបំផុតរយៈពេល១០ថ្ងៃ រហូតដល់គណៈរដ្ឋមន្ត្រី ព្រមទាំងនាយករដ្ឋមន្ត្រីថ្មីត្រូវបានជ្រើសតាំង។

មួយថ្ងៃក្រោយការលាលែងពីតំណែងរបស់លោក មហាធៀ មហាម៉ាត់ ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក៏បានចាប់ផ្ដើម។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ មហាក្សត្រម៉ាឡេស៊ី បានកោះហៅសមាជិកសភាទាំងអស់ទៅកាន់រាជវាំងដើម្បីសាកសួរពីលទ្ធភាពក្នុងការបង្កើតរដ្ឋាភិបាលថ្មី។

ក្រោយជំនួបពិភាក្សាជាមួយសមាជិកសភាទាំង២២២រូប ដែលរួមមានទាំងលោក មហាធៀរ ផងនោះ ទីបំផុត ព្រះមហាក្សត្រម៉ាឡេស៊ី បានប្រកាសតែងតាំងលោក មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) ជានាយករដ្ឋមន្រ្តីថ្មីជំនួស លោក មហាធៀរ មហាម៉ាត់ ដែលបានលាចុះពីតំណែងកាលពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅ។

លោក មូយីដឌីន យ៉ាស៊ីន មានអាយុ៧២ឆ្នាំ និងជាអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២០។ ការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់លោក មូយីដឌីន យ៉ាស៊ីន ពេលនេះ មិនត្រឹមតែជាការបិទបញ្ចប់សករាជនៃការកាន់អំណាចរបស់លោក មហាធៀរ មហាម៉ាត់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបិទបញ្ចប់ទាំងស្រុងនូវសំណាងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលត្រូវស្នងតំណែងពី មហាធៀរ មហាម៉ាត់ តាមការសន្យាផងដែរ។

តាមបណ្តាញព័ត៌មាន Channel News Asia (CNA) បានបញ្ជាក់ថា ក្រោយការស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី កិច្ចប្រជុំ លើកដំបូងនៃសម័យប្រជុំលើកទី៣របស់រដ្ឋសភានីតិកាលទី១៤ ដែលដំបូងឡើយគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដើម្បីបោះឆ្នោតរកសំឡេងគំាទ្រភាគច្រើន ក្នុងការបញ្ជាក់ថា លោក មូយីដឌីន យ៉ាស៊ីន អាចអង្គុយលើកៅអីជានាយករដ្ឋមន្ត្រីដែរឬក៏បែបណា។ ប៉ុន្តែត្រូវបានពន្យាពេលរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វិញតាមការស្នើសុំពីសំណាក់នាយករដ្ឋមន្រ្តីថ្មី។ បើតាមច្បាប់រដ្ឋធម្មនុញ្ញម៉ាឡេស៊ី សមាជិកសភារូបណាដែលអាចប្រមូលសំឡេងគំទ្របានលើសពាក់កណ្ដាលនៃសមាជិកសភាទាំងអស់ (៥០%+១) ទើបអាចបង្កើតរដ្ឋាភិបាលបាន។

ដូច្នេះ ស្ថានភាពនយោបាយរបស់ម៉ាឡេស៊ីនឹងត្រូវអូសបន្លាយជាង២ខែទៅមុខទៀត ដើម្បីអាចឈាន ទៅបង្កើតរដ្ឋាភិបាលស្របច្បាប់មួយបាន។ លោក មូយីដឌីន យ៉ាស៊ីន ត្រូវរកសំឡេងគាំទ្រពីសមាជិកសភាទាំងអស់ឱ្យបានយ៉ាងហោចណាស់១១២សំឡេងគឺ៥០%+១ លើចំនួនសមាជិកសភាសរុប២២២រូប ទើបអាច បង្កើតរដ្ឋាភិបាលបាន។ ប៉ុន្តែ ប្រសិនបើលោកនាយករដ្ឋមន្រ្តី មូយីដឌីន យ៉ាស៊ីន មិនអាចទទួលបានសំឡេងគាំទ្រ ភាគច្រើននៅសភាទេ នោះការបោះឆ្នោតមុនកាលកំណត់នឹងត្រូវរៀបចំសាជាថ្មីនៅម៉ាឡេស៊ី។ ហេតុនេះ ជារួមស្ថានការណ៍វិវត្តខាងនយោបាយរបស់ម៉ាឡេស៊ី នៅបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ទាំងតំណែងនាយករដ្ឋមន្ត្រីថ្មី ទាំងគណៈបក្សដែលនឹងទទួលបានសំឡេងគាំទ្រភាគច្រើនដែលអាចឈានទៅរៀបចំរដ្ឋាភិបាលថ្មីបាន៕ 


2020-03-10 09:40:26   ថ្ងៃអង្គារ, 10 មីនា 2020 ម៉ោង 04:40 PM
«ស្ថានភាពនៃទំនាក់ទំនងអាស៊ាន-សហរដ្ឋអាម៉េរិក» ដោយ៖ បណ្ឌិត តឹក មេង នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី

សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូ​ចរចា​របស់អាស៊ាន​ចាប់តាំង​ពី​ឆ្នាំ​១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ាន​បានបង្កើត​បាន​១០ឆ្នាំ​មកម្ល៉េះ។ ទំនាក់ទំនង​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាស៊ាន​មានការ​អភិវឌ្ឍ​និង​ជិតស្និទ្ធ​ជាលំដាប់​រហូត​ក្លាយ​ជាដៃគូ​សហប្រតិបត្តិការដែល​មិនអាច​កាត់ផ្ដាច់​បាន។ នៅក្នុងបរិបទ​នៃកំណើន​ការប្រកួតប្រជែង​និងភាព​មិនប្រាកដ​ប្រជាខាង​ភូមិសាស្រ្តនយោបាយ ដែលបានបង្កឡើង​ដោយការប្រកួត​ប្រជែង​កាន់តែខ្លាំង​រវាងមហា​អំណាច សង្គ្រាម​ពាណិជ្ជកម្ម និន្នាការ​គាំពារនិយម​និង​ចរន្តប្រឆាំងនឹង​សាកលភាវូបនីយកម្ម សហរដ្ឋអាម៉េរិក រឹតតែត្រូវការ​អាស៊ាន។ ប៉ុន្តែ សហរដ្ឋអាម៉េរិក​ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេ​មើលឃើញ​ថាហាក់ដូចជា​មិនសូវ​ផ្តល់សារៈសំខាន់​ចំពោះ​អាស៊ាន​ដោយសារ​តែលោកមិន​ចូលរួមក្នុង​ជំនួប​កំពូល​អាស៊ាន​ចំនួន​ពីរលើក​ជាប់ៗគ្នា។ តើទំនាក់ទំនង​រវាងសហរដ្ឋ​អាម៉េរិក​និង​អាស៊ានពិត​ជាធ្លាក់ចុះឬ?

ទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាម៉េរិកបានបង្កើត​ឡើងតាំងពីឆ្នាំ១៩៧៧ ដោយសហរដ្ឋអាម៉េរិកស្ថិតនៅជាដៃគូសន្ទនារបស់អាស៊ាន។ ចាប់តាំងពីពេលនោះមក សហរដ្ឋអាម៉េរិកបានបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដោយ​បង្កើតឡើង​នូវកិច្ចប្រជុំនិងពិភាក្សា​ជាច្រើនកម្រិត ដើម្បីផ្លាស់ប្តូរមតិ​យោបល់គ្នាជុំវិញ​បញ្ហានយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ជាដើម។ រហូតដល់ដើម​ទសវត្សរ៍ឆ្នាំ​១៩៩០ ទើបភាគីទាំងពីរបានផ្តល់ អាទិភាពលើ​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន ធនធានមនុស្ស សន្តិសុខស្បៀង និងជំរុញការផ្ទេរបច្ចេកវិទ្យាជាមួយគ្នា ជាដើម។

នៅក្នុងឆ្នាំ២០០៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងសហរដ្ឋអាម៉េរិក​ត្រូវបានរៀបចំ​ធ្វើឡើង​នៅក្នុងទីក្រុងញូវយ៉ក ដោយ​ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលជាផែនទីចង្អុលផ្លូវសម្រាប់ពង្រឹងនិងពង្រីកភាពជា​ដៃ​គូរួមគ្នា។ នៅឆ្នាំ២០០៦ អាស៊ាននិងសហរដ្ឋអាម៉េរិក បានរួមគ្នាអនុម័តនូវផែនការសកម្មភាពសម្រាប់លើកកម្ពស់ភាពជាដៃគូ​និងការកែសម្រួលឡើងវិញនូវចំណុចអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការក្រោមភាពជាដៃគូអាស៊ាននិងសហរដ្ឋអាម៉េរិក ហើយពីរឆ្នាំក្រោយមក មានសេចក្តីថ្លែងការណ៍រួមមួយទៀតស្តីពី «ការពង្រីកភាពជាដៃគូសហរដ្ឋអាម៉េរិក-អាស៊ាន ដើម្បី​រក្សាសន្តិភាពនិងវិបុលភាព» ត្រូវបានភាគីទាំងពីរអនុម័តរួមគ្នា។ សេចក្តីថ្លែងការណ៍រួមនោះបានកំណត់យ៉ាងច្បាស់អំពីវិធានការ​សំខាន់ៗ​និងចំណុចអាទិភាពមួយចំនួន ដែលអាចពង្រឹងភាពជាដៃគូអាស៊ាននិងសហរដ្ឋអាម៉េរិកបានក្នុងទំនាក់ទំនងទាំងបួន គឺនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍផងដែរ។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាម៉េរិក នៅប្រទេសម៉ាឡេស៊ី ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមដើម្បីដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ ដែលមានន័យថា ទំនាក់ទំនងអាស៊ាន និងសហរដ្ឋអាម៉េរិក ឈានមកដល់កម្រិតថ្មី ដែលមានភាពរឹងមាំ និងកាន់តែស៊ីជម្រៅជាងពេលណាៗទាំងអស់។ ស្របពេលដែលអាស៊ានបានចាប់ផ្តើមដំណើរការសហគមន៍សេដ្ឋកិច្ចជាផ្លូវការ ភាពជាដៃគូយុទ្ធសាស្ត្រថ្មីអាស៊ាន និងសហរដ្ឋអាម៉េរិកនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការត្រួសត្រាយផ្លូវសម្រាប់ភាគីទាំងពីរ ពង្រឹងនិងពង្រីកចំណងមិត្តភាពឱ្យកាន់តែស្អិតរមួតជាមួយគ្នា។

សហរដ្ឋអាម៉េរិកជាទីផ្សារធំសម្រាប់ផលិតផលអាស៊ាន ចំណែកឯអាស៊ានវិញក៏ជាទីផ្សារធំសម្រាប់ផលិតសហរដ្ឋអាម៉រិកផងដែរ ព្រោះអាស៊ានមានប្រជាជនប្រហែល៦៦០លាននាក់ ហើយភាគច្រើនជាក្មេងៗ។ ចំណែកឯទំហំសេដ្ឋកិច្ចអាស៊ានវិញស្ថិតនៅលំដាប់ទី៧នៃពិភពលោក ហើយផលិតផលរបស់សហរដ្ឋអាម៉េរិកបានក្លាយជាផលិតផលដ៏ពេញនិយមនៅក្នុងទីផ្សារអាស៊ានផងដែរ។ បើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទីផ្សារអាស៊ានបានជួយគាំទ្រដល់ការងារប្រជាជនសហរដ្ឋអាម៉េរិកជាងកន្លះលាននាក់ឯណោះ។ សហរដ្ឋអាម៉េរិកជាដៃគូសេដ្ឋកិច្ចដ៏ធំមួយរបស់អាស៊ាន ហើយក៏ជាទីផ្សារធំទី៣សម្រាប់ផលិតផលអាស៊ាន ចំណែកឯអាស៊ានវិញ ក៏ជាទីផ្សារធំទី៤សម្រាប់ផលិតផលសហរដ្ឋអាម៉េរិកនៅក្នុងពិភពលោកផងដែរ។

ក្រៅពីវិស័យសេដ្ឋកិច្ច អាស៊ានក៏ជាតួអង្គសំខាន់ដែលសហរដ្ឋអាម៉េរិកអាចធ្វើកិច្ចសហការបានក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ជាច្រើន។ សហរដ្ឋអាម៉េរិកមិនអាចដោះស្រាយបញ្ហានានាបានឡើយ បើគ្មានកិច្ចសហការជាមួយអាស៊ានទេនោះ ដូចជា បញ្ហាសន្តិសុខ ភេរវកម្ម ហិង្សាជ្រុលនិយម ការប្រែប្រួលអាកាសធាតុ បញ្ហាបំពុលបរិស្ថាន ថាមពល សន្តិសុខអ៊ិនធឺណែត ការជួញដូរមនុស្ស ការជួញដូរសត្វព្រៃ ការជួញដូរព្រៃឈើខុសច្បាប់ ការជួញដូរអាវុធ ការនេសាទខុសច្បាប់ ការសាយភាយអាវុធមហាប្រល័យ និងចុងក្រោយបញ្ហាជម្លោះសមុទ្រចិនខាងត្បូង។

មកដល់ឆ្នាំ២០១៦ គេសង្កេតឃើញថា សហរដ្ឋអាម៉េរិក បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយរដ្ឋអាស៊ាននានា ព្រោះដើម្បីយកតំបន់អស៊ាន ជាខែលរក្សាតុល្យភាពអំណាចខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិ្រក។ ម្យ៉ាងទៀត សហរដ្ឋអាម៉េរិក ចង់ទប់ទល់នឹងការកើនឡើងនូវឥទ្ធិពលរបស់មហាយក្សចិន ជាពិសេសតាមរយៈយុទ្ធសាស្ត្រគម្រោងការមហិច្ឆតាប្រចាំសតវត្ស ខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលបានដាក់ចេញកាលពីឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៧ សហរដ្ឋអាម៉រិកបានដាក់ចេញនូវយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ។

ចាប់ពីឆ្នាំ២០១៨មក ទំនាក់ទំនងអាស៊ាននិងសហរដ្ឋអាម៉េរិក មើលទៅហាក់ដូចជាធ្លាក់ចុះបន្តិច ដោយសារតែអវត្តមានម្តងហើយម្តងទៀតនៃប្រធានាធិបតីសហរដ្ឋអាម៉េរិកក្នុងជំនួបកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកទាំងនៅសិង្ហបូរី ឆ្នាំ២០១៨និងនៅថៃ ឆ្នាំ២០១៩។ ក្នុងជំនួបកំពូលនាប្រទេសសិង្ហបុរី ឆ្នាំ២០១៨ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិកដែលជាតួអង្គដ៏សំខាន់ម្នាក់ បានលុបចោលការចូលរួមក្នុងជំនួបកំពូលនៅនាទីចុងក្រោយដោយគ្រាន់តែបញ្ជូនអនុប្រធានាធិបតីមកចូលរួមជំនួស។ នៅឆ្នាំ២០១៩ ប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយចាប់ផ្តើមពីថ្ងៃទី២-៤ ខែវិចិ្ឆកា ហើយនៅក្រៅពីកិច្ចប្រជុំកំពូលអាស៊ានក៏នៅមានគម្រោងជំនួបជាលក្ខណៈទ្វេភាគីឬត្រីភាគីជាច្រើនផ្សេងទៀតជាមួយសហរដ្ឋអាម៉េរិក តែនៅទីបំផុត លោក ដូណាល់ ត្រាំ មិនបានមកចូលក្នុងកិច្ចប្រជុំកំពូលនោះទេ ដោយបានបញ្ជូនត្រឹមទីប្រឹក្សាសន្តិសុខជាតិថ្មី គឺលោក Robert O’Brien និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Wilbur Ross ឱ្យមកចូលរួម។

ដើម្បីប៉ះប៉ូវការខកខានរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាម៉េរិកនៅប្រទេសថៃកាលពីចុងឆ្នាំ២០១៩ ដែលប្រទេសថៃជាប្រធានអាស៊ាននោះ ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំអាស៊ានទៅចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ានពិសេស ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្នុងទីក្រុងឡាវេហ្គាស (Las Vegas) រដ្ឋនេវ៉ាដា (Nevada)។ ក្នុងកិច្ចប្រជុំពីរថ្ងៃរបស់ខ្លួននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានរួមទាំងកម្ពុជាផង បានស្វាគមន៍ការអញ្ជើញរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ចំពោះមេដឹកនាំអាស៊ានដើម្បីចូលរួមកិច្ចប្រជុំកំពូលអាម៉េរិក-អាស៊ានពិសេសលើកទី៨។ ប៉ុន្តែ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សហរដ្ឋអាម៉េរិកបានលើកពេលប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងធ្វើនៅទីក្រុងឡាសវេហ្គាស (Las Vegas) នោះ ក្រោមហេតុផលការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) និងការបដិសេធមិនចូលរួមរបស់មេដឹកនាំនៃរដ្ឋជាសមាជិកអាស៊ានមួយចំនួន។

សរុបមក ទំនាក់ទំនងរវាងអាស៊ាននិងសហរដ្ឋអាម៉េរិក បានចាប់ផ្តើមដំបូងជាដៃគូសន្ទនា តែក្រោយមក បានប្រែក្លាយជាទំនាក់ទំនងសហប្រតិបត្តិការលើផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ព្រមទាំងជំរុញការអភិវឌ្ឍផងដែរ។ ហើយមកដល់ឆ្នាំ២០១៥ ភាគីទាំងពីរបានឈានមកដល់ទំនាក់ទំនងយុទ្ធសាស្រ្ត និងស៊ីជម្រៅលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល ការដឹកជញ្ជូន ធនធានមនុស្ស សន្តិសុខស្បៀង និងជំរុញការផ្ទេរបច្ចេកវិទ្យាជាមួយគ្នា។

មកដល់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ទំនាក់ទំនងរវាងអាស៊ាន​និងសហរដ្ឋអាម៉េរិក មើលទៅហាក់ដូចជាធ្លាក់ចុះ​បន្តិចដោយសារតែអវត្តមាន​របស់លោកចំនួនពីរលើក​ក្នុងជំនួបកំពូលអាស៊ាន-សហរដ្ឋអាម៉េរិក ដែលនាំឱ្យគេគិតថាលោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យតម្លៃមកលើអាស៊ានតិចពេក ជាពិសេសការលុបចោលនូវកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ដែលគ្រោងធ្វើនៅ​ខែមីនាឆ្នាំ២០២០ នៅទីក្រុងឡាវេហ្គាស (Las Vegas) នោះ។ ប៉ុន្តែ ក្នុងបរិបទបច្ចុប្បន្ន ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមិនអាចធ្លាក់ចុះបានទេ គឺរីកចម្រើនទ្វេឡើងនិងជាដៃគូដែលមិនអាចកាត់ផ្ដាច់បាន ទាំងក្របខណ្ឌនយោបាយ សន្តិសុខ យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ ជាពិសេស វិស័យសេដ្ឋកិច្ច ព្រោះសេដ្ឋកិច្ចសំខាន់របស់សហរដ្ឋអាម៉េរិក គឺពឹងលើពាណិជ្ជកម្មក្រៅប្រទេស ជាពិសេសនៅតំបន់អាស៊ាន ដែលសហរដ្ឋអាម៉េរិកគិតថា អាស៊ានគឺជាទីកន្លែងផលិតទំនិញរបស់ខ្លួនយ៉ាងសំខាន់នៅលើពិភពលោក។ ម៉្យាងវិញទៀត អាស៊ានក៏ជាទីផ្សារសំខាន់សម្រាប់សហរដ្ឋអាម៉េរិក ព្រោះប្រជាពលរដ្ឋអាស៊ាន មានប្រមាណដល់ទៅជាង៦០០លាននាក់៕


2020-03-10 09:20:55   ថ្ងៃអង្គារ, 10 មីនា 2020 ម៉ោង 04:20 PM
ឯកសារជំនួយស្មារតី ស្តីពី «ទំនាក់ទំនងប្រទេសកម្ពុជា-ប្រទេសជប៉ុន» ដោយ៖ ផាញ់ សារឿន មន្ត្រីខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា


2020-03-10 08:11:13   ថ្ងៃអង្គារ, 10 មីនា 2020 ម៉ោង 03:11 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដើម្បីពិនិត្យភារកិច្ចការងារ និងការស្រាវជ្រាវរបស់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យពិភាក្សាការបំពេញភារកិច្ចការងាររបស់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា និងការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា។

កិច្ចប្រជុំដែលត្រូវបានប្រព្រឹត្តទៅនៅសាលប្រជុំវិទ្យាស្ថានខុងជឺ មានរបៀបវារៈរួមមាន៖

១. ការបំពេញភារកិច្ចការងាររបស់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា

២. ដំណើរការស្រាវជ្រាវ

៣. បញ្ហាផ្សេងៗ។

សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ដូចតទៅ៖

- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ

- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា

- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស

- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ

- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា

- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស

- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ

- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ

- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌

- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ

- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់

- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕

RAC Media| រឿន ភារុន


2020-03-10 03:45:16   ថ្ងៃអង្គារ, 10 មីនា 2020 ម៉ោង 10:45 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក