Royal Academy of Cambodia
នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះមកមើលការងារស្រាវជ្រាវ និងធ្វើកំណាយដល់ទីតាំងកំណាយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប។
រហូតដល់ថ្ងៃនេះ ក្រុមការងារកំណាយឡស្លដែក បានបន្តការងារកំណាយនៅលើទួលសន្លុងលេខ៦ ដោយបានរកឃើញត្រឡែក បំណែកជញ្ជាំងឡ និងបំណែកកុលាលភាជន៍សម័យអង្គរ។
គួរបញ្ជាក់ដែរថា ទីតាំងកំណាយនេះ ពុំធ្លាប់ត្រូវបានគេជីកកកាយពីមុនមកទេ។
ដោយមានកិច្ចសហការជាមួយ វិទ្យាស្ថានបរិស្ថានកូរ៉េ (KEI) និង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (NCSD) រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីសិក្ខាសាលាមួយ ស្តីពី «បញ្ហាប្រឈមនៃបរិស្ថានរបស់កម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព»។
កម្មវិធីនេះ នឹងរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ។ ការរៀបចំកម្មវិធីនេះ នឹងមានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំសំខាន់នៃស្ថាប័នទាំងបី គឺ៖
១. ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញបើកកម្មវិធី
២. បណ្ឌិត Hoseok Kim តំណាងវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI)
៣. ឯកឧត្តមបណ្ឌិត ទិន ពន្លក អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍដោយចីរភាព (NCSD)
ក្រៅពីនេះ ក៏មានវាគ្មិនកិត្តិយសជាច្រើនទៀត ចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះដែរ។
RAC Media
កិច្ចប្រជុំប្រចាំសប្តាហ៍របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន និងមន្ត្រីក្រោមឱវាទចំនួន១១រូប កាលពីព្រឹកថ្ងៃពុធ ១៣ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានឯកភាពនិងសម្រេចបាន ដូចខាងក្រោម៖
I- ការរៀបចំវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុងសៀមរាប មានសមាជិកចូលរួមសរុបចំនួន៩០ នាក់ ដែលក្នុងនោះ ភាគីចិនចំនួន៤២នាក់ ភាគីកម្ពុជាចំនួន៤១នាក់ និងវាគ្មិនមកពីបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានចំនួន៧នាក់។
II- ក្នុងខែសីហា ឆ្នាំ២០១៩កន្លងទៅ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានរៀបចំនិងជ្រើសរើសសមាសភាពក្រុមប្រឹក្សាផ្តល់យោបល់អន្តរជាតិចំនួន១៥រូប ដែលបានជ្រើសចេញពីក្នុងចំណោមប្រធានស្ថាប័ន និងអ្នកស្រាវជ្រាវអន្តរជាតិជាន់ខ្ពស់ ទាំងក្នុងនិងក្រៅតំបន់។
III- ផែនការឆ្នាំ២០២០ ខាងមុខ របស់វិទ្យាស្ថាន មានដូចខាងក្រោម ៖
១- រៀបចំគម្រោងស្រាវជ្រាវ ស្តីពី «គោលនយោបាយការបរទេសកម្ពុជា» និង គម្រោងស្រាវជ្រាវ ស្តីពី «ស្ថានភាពអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិនៅកម្ពុជា»។
២- រៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធនឹងកិច្ចប្រជបុំកំពូលអាស៊ី-អឺរ៉ុប ។
៣- រៀបចំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាផ្តល់យោបល់អន្តរជាតិទាំង១៥រូប។
៤- រៀបចំវេទិកាស្រាវជ្រាវ ស្តីពី «ទំនាក់ទំនងអន្តរជាតិនិងគោលនយោបាយការបរទេស»។
៥- រៀបចំបាឋកថាជំនាញ។
៦- បោះពុម្ពស្សនាវដ្តី «Journal of International Relations»។
៧- រៀបចំវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើកទី២នៅ ប្រទេសចិន។
ដោយ៖ អ៊ុច លាង
ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យតុងហ័រ នៃសាធារណរដ្ឋប្រជាមានិតចិន។ ការចុះអនុស្សរណៈ យោគយល់នោះធ្វើនៅថ្ងៃចន្ទ១១កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ នៅក្នុងបន្ទប់ប្រជុំរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសូមឱ្យភាគីចិនជួយប្រទេសកម្ពុជាលើការអភិវឌ្ឍវិស័យបច្ចេកវិជ្ជា ព្រោះថាប្រទេសចិនក៏ជាប្រទេសមួយដែលមានបច្ចេកវិជ្ជាជឿនលឿន ហើយនៅពេលនេះប្រទេសកម្ពុជាកំពុងតែត្រូវការវិស័យបច្ចេកវិជ្ជានេះដើម្បីជួយដល់ការអភិវឌ្ឍប្រទេស។ យើងបានដឹងថានៅពេលនេះសហរដ្ឋអាម៉េរិក និងប្រទេសចិនកំពុងតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា ដែលមូលហេតុសំខាន់នៃសង្គ្រាមពាណិជ្ជកម្មនោះ ក៏ព្រោះតែភាពជឿនលឿននៃបច្ចេកវិជ្ជារបស់ចិនផងដែរ។
ឯកឧត្តមបណ្ឌិតក៏បានបន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះ ប្រទេសមហាអំណាចនានាក្នុងពិភពលោក ដែលមានដូចជាសហរដ្ឋអាម៉េរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន សុទ្ធតែបានមើលឃើញពីភាពចាំបាច់និងសារៈសំខាន់របស់អាស៊ាន ហើយប្រទេសមហាអំណាចទាំងនោះ បានប្រើគ្រប់មធ្យោបាយដើម្បីបញ្ច្រាបដែនអំណាច ឬឥទ្ធិពលរបស់ពួកគេមកលើតំបន់អាស៊ាន។ ចំណុចនេះបញ្ជាក់ថា ប្រទេសចិនត្រូវតែមានគោលការណ៍ច្បាស់លាស់ក្នុងការពង្រីកមិត្តភាព ឬដៃគូជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ព្រោះថា បើសិនជាចិនមិនមានគោលការណ៍ច្បាស់លាស់នោះទេ ប្រទេសនៅក្នុងតំបន់អាស៊ាន និងងាកទៅរកប្រទេសណាដែលមានភាពច្បាស់លាស់ហើយ។
ប្រតិភូសាកលវិទ្យាល័យតុងហ័រ បានកោតសរសើរ និងទទួលយកយោបល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អំពីសារៈសំខាន់របស់តំបន់អាស៊ាន ក៏ដូចជាសារៈសំខាន់របស់កម្ពុជា ហើយបានសន្យាថានឹងជួយឱ្យមានទំនាក់ទំនងជាមួយរាជបណ្ឌិត្យសភាកម្ពុជាឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។ នៅក្នុងជំនួបនៃពិធីចុះអនុស្សរណៈយោគយល់នោះ ភាគីចិនក៏បានលើកឡើងអំពីការប្រើប្រាស់ថាមពលស្អាត ដែលកើតចេញពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ប្រើប្រាស់នៅក្នុងការអភិវឌ្ឍប្រទេស ហើយសាកលវិទ្យាល័យតុងហ័រនឹងជួយជ្រោមជ្រែងរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការអញ្ជើញមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមក្នុងការបណ្តុះបណ្តាលនៅប្រទេសចិន ការជួយជាជំនួយបច្ចេកទេស និងការអនុវត្តគម្រោងជាក់ស្តែងដែលភាគីទាំងពីរបានព្រមព្រៀងគ្នាជាមុន ជាពិសេសភាគីចិនមានបំណងជួយទីជនបទនៃប្រទេសកម្ពុជាមានភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា។
RAC Media
ភ្នំពេញ៖ នៅព្រឹកថ្ងៃទីចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវី ដែលស្ថិតនៅមុខអគារឥន្ទ្រីទេវីនៃរាជ បណ្ឌិត្យសភាកម្ពុជាផ្ទាល់ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអមជាគណៈអធិបតីដោយ ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ឯកឧត្ដមបណ្ឌិតសភាចារ្យជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យនិងឯកឧត្ដមបណ្ឌិត ឯកឧត្ដម ជាអគ្គលេខាធិការ អគ្គលេខាធិការរង និងជាប្រធានវិទ្យាស្ថានទាំង៦ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀត។
ក្នុងពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនេះ មានការនិមន្ត/យាងសូត្រប្រោសព្រំប្រសិទ្ធពរជ័យ សិរីសួស្ដី ពីសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក និងព្រះតេជគុណជាសមាជិកគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាសរុប ៩ អង្គផងដែរ។
នៅមុនការចាប់ផ្ដើមកម្មវិធីផ្លូវការ នៅក្នុងពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនេះ មានការសែនក្រុងពាលីដោយអមជាមួយរបាំថ្វាយស្ដេចក្រុងពាលី ការច្រៀងចម្រៀងបទនគររាជ ការច្រៀង និងប្រគុំភ្លេងបុរាណថ្វាយ/ជូននិងយាង/អញ្ជើញបារមីទាំងឡាយតាមជំនឿខ្មែរដូចជា ជំទាវស្រីខ្មៅ និងព្រាយក្បាលប្រាំបីជាដើម។
គួរបញ្ជាក់ផងដែរថា រូបបដិមាព្រះនាងឥន្ទ្រទេវីមានកម្ពស់១.៥៧ម៉ែត្រ និងទំហំដងខ្លួន មានទំហំប៉ុនគ្នាទៅនឹងរូបចម្លាក់ព្រះនាងនៅជាប់នឹងប្រាសាទព្រះខ័ន ដែលស្ថិតនៅក្នុងខេត្តសៀមរាប ហើយត្រូវបានសាងសង់ឡើងនៅក្រោមសំណង់បុស្បុកដែលមានទំហំ ៩ម៉ែត្រ x ៩ម៉ែត្រ និងមានទីតាំងស្ថិតនៅខាងមុខអគារឥន្ទ្រីទេវី។ ការសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនេះ បានទទួលថវិកាឧបត្ថម្ភ ពីសំណាក់លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេងអភិវឌ្ឍន៍។
ចំណែកឯអគារឥន្ទ្រទេវី ដែលត្រូវបានកសាងឡើង ដោយទទួលបានការឧបត្ថម្ភជាថវិកាពីលោកឧកញ៉ា ពង្ស ខៀវសែ និងដែលជាអគារដែលនឹងបម្រើដល់ការបណ្ដុះបណ្ដាលធនធានបញ្ញវន្តនៅរាជបណ្ឌិត្យសភាកម្ពុជា នឹងត្រូវសម្ពោធជាផ្លូវការក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
RAC Media | លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ ក្នុងពិធីសិតរូបបដិមាព្រះនាងឥន្ទ្រទេវីនៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់និងរំឭកអំពីគុណបំណាច់យ៉ាងធំធេងក្នុងវិស័យអប់រំខ្មែរ របស់ព្រះនាងឥន្ទ្រទេវី ជាព្រះអគ្គមហេសីព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រដ៏ឆ្នើមរបស់ខ្មែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងនូវហេតុផលជាទស្សនវិជ្ជាចំនួន៥ ដែលព្រះនាងជានិមិត្តរូបនៃវិស័យអប់រំខ្មែរ គឺ៖
១. ព្រះនាងជាស្ត្រីខ្មែរទីមួយដែលបង្កើតវិស័យអប់រំ
២. ព្រះនាងជាស្ត្រីខ្មែរទីមួយដែលផ្លាស់ប្ដូរទូដាក់ចានស្រាក់ចាន ទៅជាទូសម្រាប់ដាក់សៀវភៅ ហើយព្រះនាងបានកែប្រែសាលាឆទានទៅជាបណ្ណាល័យសម្រាប់ការសិក្សា
៣. ព្រះនាងជាអ្នកផ្ដល់យោបល់និងចក្ខុវិស័យដល់ថ្នាក់ដឹកនាំជាតិ
៤. ព្រះនាងបានប្រែក្លាយទស្សនៈយល់ឃើញមួយរបស់ខ្មែរ ដែលមុនសម័យអង្គរ ខ្មែរតែងតែបានឱ្យតម្លៃនារីត្រឹមតែថា «ស្ត្រីនៅមិនឆ្ងាយពីចង្ក្រាន្ត»
៥. ព្រះនាងឥន្ទ្រទេវីបានធ្វើឱ្យមានសុខដុមនីយកម្មរវាងសាសនាព្រះពុទ្ធ និងព្រហ្មញ្ញសាសនា។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ នេះ រូបបដិមាព្រះនាងឥន្ទ្រទេវី នៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានប្រារព្ធពិធីសិត ក្រោមអធិបតីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាឧបនាយករដ្ឋមន្ត្រីជាស្ត្រីតែមួយរូបគត់ ក្នុងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចុះអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យត្រាវិញ ខេត្តត្រាវិញប្រទេសវៀតណាមដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា មានដូចខាងក្រោម៖
១. ការផ្លាស់ប្តូរនិស្សិត និងអ្នកសិក្សាស្រាវជ្រាវ។
២. សហការរៀបចំបង្កើតវចនានុក្រមកម្ពុជា វៀតណាម។
៣. សិក្សាស្រាវជ្រាវរួមគ្នាលើវិស័យកសិកម្ម ទេសចរណ៍ សេដ្ឋកិច្ចរវាងស្ថាប័នទាំងពីរ។
នៅពេលខាងមុខនេះ សាកលវិទ្យាល័យត្រាវិញ នឹងជួយសហការបណ្តុះបណ្តាលផ្នែកបង្កាត់ផ្កាដល់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ហើយអ្នកឯកទេសបង្កាត់ពូជផ្កាវៀតណាម នឹងមកសិក្សាស្វែងយល់បន្ថែមពីប្រភេទផ្កាដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប។
RAC Media
កាលពីរសៀល ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០១ពាក្យ៖
RAC Media
ជំំនួបជាមួយអនុប្រធានមន្ទីរទេសចរណ៍ក្រុងហូជីមិញ
នៅវេលាព្រឹក ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី NGUYEN Thi Anh Hoa អនុប្រធានមន្ទីរទេសចរណ៍ក្រុងហូជីមិញ ដើម្បីសិក្សាស្វែងយល់ពីវិស័យទេសចរណ៍នៅក្នុងក្រុងហូជីមិញ នៃប្រទេសវៀតណាម។
លុះដល់ពេលរសៀល ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច និងក្រុមការងារ បានអញ្ជើញទៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ក្រុងហូជីមិញ ដើម្បីស្វែងយល់ពីការបណ្តុះបណ្តាលក្នុងវិស័យទេសចរណ៍ក្នុងក្រុងហូជីមិញប្រទេសវៀតណាម របស់សាកលវិទ្យាល័យ។
លោកស្រី NGUYEN Thi Anh Hoa អនុប្រធានមន្ទីរទេសចរណ៍ក្រុងហូជីមិញ
សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គនិងមនុស្សសាស្ត្រ
RAC Media
តាងនាមឱ្យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយនាយក និងនាយិកាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យមើលការអនុវត្តការងាររបស់វិទ្យាស្ថាននាពេលកន្លងមក។
គោលបំណងសំខាន់ៗនៃជំនួបនោះរួមមាន៖
ទី ១. ដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថានខុងជឺ
ទី ២. អំពីកម្មវិធីជំនួបជាមួយគ្រូបង្រៀនជនជាតិចិនដែលមកថ្មី។
ក្រោយបញ្ចប់ជំនួបនោះ អគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានសូមឱ្យវិទ្យាស្ថានខុងជឺ ដែលជាវិទ្យាស្ថានចំណុះឱ្យរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់កិច្ចសហប្រតិបត្តិការកាន់ល្អបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងប្រារព្ធវកម្មវិធីខួប ១០ ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនេះ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៩ ហើយស្របពេលជាមួយគ្នានេះ វិទ្យាស្ថានក៏មានកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនដែលទើបតែអញ្ជើញមកដល់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៩ ផងដែរ។
សូមបញ្ជាក់ផងដែរថា វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៩ ហើយបានបណ្តុះបណ្តាលភាសាចិនដល់សិស្សានុសិស្សជាច្រើននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលជាសាខារបស់វិទ្យាស្ថានខុងជឺ។
ថ្ងៃ ពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩។
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM